អ្នកកោះកុង១៨នាក់តំណាងឲ្យ២៦គ្រួសារ នាំគ្នាលើកបដា ស្រែកតវ៉ាមុខស្ថានទូតចិន ឲ្យជួយអន្តរាគមន៍អំពីសំណងដល់ពួកគាត់ ក្នុងវិវាទដីធ្លីក្រុមហ៊ុនចិន យ៉ូញៀន ឌឹវិឡុបមិនគ្រុប (Union Development Group)។ នេះជាលើកទី៤ហើយ ដែលពលរដ្ឋមានជម្លោះដីធ្លីតវ៉ារកដំណោះស្រាយពីស្ថានទូតចិនប្រចាំក្រុងភ្នំពេញ ប៉ុន្តែពួកគាត់នៅតែមិនទាន់ទទួលដំណោះស្រាយណាមួយទេ ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ។
ក្រោយពីចូលជួបតំណាងមន្ត្រីស្ថានទូតចិន លោកស្រី សាំង ពុយ ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៣ សីហាថា ស្ថានទូតចិន គ្មានសមត្ថកិច្ចបង្គាប់ឲ្យក្រុមហ៊ុនចិនផ្ដល់សំណងឲ្យពលរដ្ឋដែលរងផលប៉ះពាល់ពីដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ទៅឲ្យក្រុមហ៊ុនចិននោះទេ។ លោក ស្រី សាំង ពុយ ឲ្យដឹងថា មន្ត្រីទូតចិន ឈ្មោះលោក លី ស្នើឲ្យពួកគាត់ទៅរកដំណោះស្រាយពីក្រសួងដែនដីវិញ។ ទោះបីជាយ៉ាងណា តំណាងពលរដ្ឋរូបនេះ ទទូចស្នើសុំដល់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងក្រសួងដែនដី ជួយពួកគាត់៖ «ខាងអគ្គរាជទូតចិន គួរតែទទួលខុសត្រូវ ដើម្បីជៀសវាងកុំឲ្យ ក្រុមហ៊ុនចិនចូលមកអភិវឌ្ឍន៍ សិទ្ធិមនុស្សរំលោភបំពាន សិទ្ធិរបស់ខ្មែរយើង។ បងបានសំណូមពរទៅចឹង។ ហើយខាងក្រសួងដែលពាក់ព័ន្ធ ជួយពន្លឿនដំណោះស្រាយឲ្យបានឆាប់ ព្រោះពន្យារពេលយូរៗទៅ ខាងក្រុមហ៊ុនមិនមែនខាតបង់ទេ គឺប្រជាពលរដ្ឋរបស់យើងជាអ្នកខាតបង់» ។
កាលពីម្សិលមិញថ្ងៃទី១២ សីហា ក្រុមស្រ្តីមានជម្លោះដីធ្លីមកពីខេត្តកោះកុង បានទៅដាក់សលាកបត្រដីធ្លី នៅក្រសួងដែនដី ទៅតាមតម្រូវការរបស់ក្រសួង។ ពលរដ្ឋ ថា មន្ត្រីតំណាងក្រសួង លោក អេ ប៊ុនធឿន មិនបានប្រាប់ អំពីពេលវេលាជាក់លាក់ដែលក្រសួងដែនដី ចុះទៅដោះស្រាយឲ្យពួកគាត់នោះទេ ។
ពលរដ្ឋ ស្នើដល់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី ជួយពន្លឿនដំណោះស្រាយឲ្យពួកគាត់បានឆាប់។ ពួកគាត់បញ្ជាក់ថា នឹងបន្តការតវ៉ាតទៅទៀត លុះត្រាតែមានដំណោះស្រាយសមរម្យណាមួយដែលអាចទទួលបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។