តុលាការខេត្តកោះកុង ចេញដីកាកោះហៅស្ត្រី ៤នាក់ តំណាងឱ្យពលរដ្ឋជិត ២រយគ្រួសារ ទាក់ទងនឹងបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ ដែលប្ដឹងពលរដ្ឋមានជម្លោះដីធ្លីជាមួយលោក ៣បទល្មើសផ្សេងគ្នា។ ពលរដ្ឋដែលរងការចោទប្រកាន់នេះថា ជារឿងអយុត្តិធម៌ចំពោះពួកគាត់ ដែលបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនរំលោភយកហើយ ថែមទាំងត្រូវរងបណ្ដឹងទៅតុលាការថែមទៀត។ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកោះកុង លោក រស់ សារាំ ចេញដីកាកោះហៅពលរដ្ឋ ៤នាក់ ឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅតុលាការ នៅថ្ងៃទី១៨ និងទី១៩ កញ្ញា តាមបណ្ដឹងរបស់លោក ហេង ហ៊ុយ ប្រធានក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍ។ អ្នកទាំងនោះ មានលោកស្រី អិន ធូ និងលោកស្រី កើត ដែលត្រូវចូលបំភ្លឺនៅថ្ងៃទី១៨ ហើយលោកស្រី ដេត ហួ និងលោកស្រី អើប វី ចូលខ្លួនបំភ្លឺនៅថ្ងៃទី១៩ កញ្ញា។
លោក ហេង ហ៊ុយ ប្ដឹងស្ត្រីទាំង ៤នាក់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្រោយពីពលរដ្ឋជិត ២រយគ្រួសារនាំគ្នាចេញតវ៉ារកដំណោះស្រាយដីធ្លីពី អាជ្ញាធរខេត្តកោះកុង និងក្រសួងដែនដី អស់ជាច្រើនលើកច្រើនសា។
តំណាងពលរដ្ឋ ១៩៧គ្រួសារ នៅភូមិតានី ស្រុកស្រែអំបិលខេត្តកោះកុង លោកស្រី ដេត ហួ ថ្លែងថា រូបគាត់គ្មានភិតភ័យ ចំពោះការកោះហៅនេះទេ ពីព្រោះពួកគាត់ គឺជាជនរងគ្រោះពិតប្រាកដក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍។
លោកស្រីយល់ថា បណ្ដឹងឧកញ៉ា ហេង ហ៊ុយ ដែលដាក់ទៅតុលាការនេះ អាចជាការដាក់សម្ពាធឱ្យពួកគាត់ឈប់ចេញតវ៉ារឿងដីធ្លីតទៅទៀត។ ប៉ុន្តែតំណាងពលរដ្ឋរូបនេះ បញ្ជាក់ថា ពួកគាត់នៅតែបន្តការតវ៉ារកដំណោះស្រាយដីធ្លីជាថ្មីទៀត លុះត្រាទទួលបានដំណោះស្រាយ៖ «ខ្ញុំនឹងចូលបំភ្លឺតាមការកោះហៅ ពីព្រោះលើកមុន ខ្ញុំបានដាក់ពន្យារដើម្បីរកមេធាវីម្ដងហើយ។ ឥឡូវរកបានហើយ មេធាវីលីកាដូ ហើយខ្ញុំរំពឹងថា លោកមេធាវី គាត់ជួយកាត់ក្ដីឱ្យខ្ញុំយ៉ាងត្រឹមត្រូវ ពីព្រោះខ្ញុំអត់បានបរិហារកេរ្តិ៍លោកឧកញ៉ា ហេង ហ៊ុយ ទេ។ ខ្ញុំមិនបានញុះញង់បងប្អូនណាទេ។ គាត់ទៅស្រេចចិត្តគាត់។ ខ្ញុំទាមទារតវ៉ាស្រេចចិត្តរបស់ខ្ញុំ ដីខ្ញុំបាត់ពិតប្រាកដមែន។ ហើយខ្ញុំក៏មិនបញ្ឈប់ការតវ៉ា ទោះជាខ្ញុំឡើងតុលាការហើយ ចូលបំភ្លឺហើយ ក៏ខ្ញុំមិនបញ្ឈប់ការតវ៉ាទេ។ ខ្ញុំតវ៉ាទាល់តែមានដំណោះស្រាយ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ឱ្យដឹងថា អង្គការ លីកាដូ បានផ្ដល់មេធាវីជួយការពារផ្នែកច្បាប់ជូនពលរដ្ឋទាំង ៤នាក់ តាមការស្នើសុំហើយ។ លោកសង្កេតឃើញថា រាល់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍នៅទីណា តែងមានការគំរាមកំហែង បំភិតបំភ័យ និងឈានដល់ការប្ដឹងផ្ដល់ពលរដ្ឋទៅតុលាការ។ លោក អំ សំអាត យល់ថា ក្រសួងដែនដីគួរប្រើសិទ្ធិអំណាចរបស់ខ្លួនដោះស្រាយបញ្ចប់វិវាទមួយនេះ ដើម្បីចៀសវាងការរុញច្រានរឿងនេះ បន្តទៅស្ថាប័នតុលាការ៖ «ខ្ញុំគិតថា នេះបង្កជារឿងឱ្យកាន់តែវែងឆ្ងាយ។ អ្វីដែលសំខាន់ គឺត្រូវរង់ចាំមើលខាងក្រសួងដែនដី ដំណើរការនីតិវិធីក្នុងការដោះស្រាយ វាល្អជាងការដែលដំណើរការនីតិវិធីផ្លូវច្បាប់ វាបង្កបញ្ហាវែងឆ្ងាយទៀតទេ ពីព្រោះយើងគួរស្វែងរកដំណោះស្រាយណាមួយដែលទទួលយកបានទាំងអស់គ្នា។ វាជាការល្អ»។
ទាក់ទងនឹងជម្លោះដីធ្លីនេះ ក្រុមការងារក្រសួងដែនដី ធ្លាប់ប្រាប់ពលរដ្ឋទាំងនោះថា នឹងចុះទៅពិនិត្យមើលជម្លោះដីធ្លីក្នុងខេត្តកោះកុង នៅខែវិច្ឆិកា ដើម្បីធ្វើអត្តសញ្ញាណកម្មដីក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខលឈ័រ គ្រុប (Heng Huy Agriculture Group) និងដីពលរដ្ឋជិត ២គ្រួសារ ស្ថិតនៅឃុំជីខលើ និងឃុំជីក្រោម ក្នុងស្រុកស្រែអំបិល។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២២ សីហា ក្រសួងដែនដីបញ្ជាក់ថា ការចុះពិនិត្យនេះ មិនមែនដោះស្រាយដីជូនពលរដ្ឋនោះទេ។ ប្រសិនបើក្រសួងដែនដីពិនិត្យឃើញថា ទីតាំងវិវាទនោះស្ថិតនៅលើដីប័ណ្ណកម្មសិទ្ធិរបស់ក្រុមហ៊ុន ឬបុគ្គលផ្សេង គឺត្រូវទៅដោះស្រាយនៅតុលាការ។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រសួងដែនដីមិនទាន់បានទៅពិនិត្យទេ ហើយក៏មិនបានកំណត់កាលបរិច្ឆេទច្បាស់លាស់ថា នឹងចុះទៅនៅថ្ងៃណានោះទេ។
លោកស្រី ដេត ហួ ឱ្យដឹងថា ពួកគាត់ដែលជាប្រជាពលរដ្ឋក្រក្រី រស់នៅទីតាំងនោះចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ លោកស្រីថា ស្រាប់តែនៅឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៣ ទើបលេចឈ្មោះក្រុមហ៊ុន ហេង ហ៊ុយ ចូលមកឈូសឆាយដីស្រែចម្ការពួកគាត់ ដោយអះអាងថា ដីពលរដ្ឋដែលអាស្រ័យផល គឺជាដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋផ្ដល់ឱ្យក្រុមហ៊ុនទៅវិញ។
អង្គការស៊ីវិលដែលតាមជម្លោះដីធ្លី ឆ្ងល់អំពីការវិវត្តដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលផ្ដល់ឱ្យក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ទំហំជិត ៨រយហិកតារ (៧៧៩) កាលពីឆ្នាំ២០០៧ បែរជាប្រែក្លាយទៅជាដីមានប្លង់កម្មសិទ្ធិរបស់ក្រុមហ៊ុន នៅឆ្នាំ២០១៩ ទៅវិញ។
ទោះបីជាយ៉ាងណា អង្គការសង្គមស៊ីវិល នៅតែទទូចស្នើដល់ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកោះកុង ឱ្យចុះស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ និងរិះរកដំណោះស្រាយឱ្យប្រជាពលរដ្ឋ នៅនៅស្រុកស្រែអំបិល ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ និងមនុស្សធម៌ ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។