ក្រុមប្រជាពលរដ្ឋមានជម្លោះដែលធ្វើដំណើរពីខេត្តកោះកុង ទៅរកដំណោះស្រាយដីធ្លីនៅរាជធានីភ្នំពេញ កំពុងប្រឈមភាពខ្វះខាតអាហារបរិភោគប្រចាំ ក្រោយពីចេញតវ៉ានៅមុខក្រសួងរៀបចំដែនដី ៣ថ្ងៃមកហើយ នៅតែមិនទទួលបានការសន្យាណាមួយពីខាងក្រសួង។ ប៉ុន្តែពួកគាត់នៅតែប្រកាន់ជំហរ ថានឹងនៅតវ៉ាតទៅមុខទៀត ដរាបណាមានការឆ្លើយតបពីក្រសួងរៀបចំដែនដី ករណីវិវាទដីធ្លីរបស់ពួកគាត់។
ពលរដ្ឋមានជម្លោះដីធ្លី លោក ឆាន់ ឈឿន ឱ្យដឹងថា ពួកគាត់កំពុងប្រឈមខ្វះអាហារបរិភោគ។ បច្ចុប្បន្នព្រះចៅអធិការវត្តសាមគ្គីរង្សី ជួយផ្ដល់ជាអង្ករខ្លះ មីកញ្ចប់ខ្លះ និងអ្នកនៅជុំវិញវត្តផ្ដល់អាហារឱ្យ ពួកគាត់ត្រូវលៃលកស្បៀងទាំងនោះ ចែកគ្នាហូប ទោះបីតិចក្ដីច្រើនក្ដី។
នៅពេលចែកបាយគ្នាហូបក្នុងវត្តម្ដងៗ ធ្វើឱ្យតំណាងពលរដ្ឋរូបនេះ នឹកឃើញរបបអាហារក្នុងរបបខ្មែរក្រហម ដែលមនុស្សម្នាក់ៗ ត្រូវឈរតម្រង់ជួរគ្នាចាំទទួលយកចំណែកអាហាររៀងៗខ្លួន៖ «គឺមានការខ្វះខាតបង គឺមិនបានឆ្អែតគ្រប់គ្នាទេ ដោយសារគ្នាច្រើន។ យើងរៃលុយគ្នាម្នាក់១ពាន់រៀល ហើយ១ពាន់រៀលហ្នឹង ទៅទិញអង្ករខ្លះទៅម្ហូបខ្លះអ៊ីចឹងទៅ។ និយាយអ៊ីចឹងម្នាក់មួយចានៗទៅ។ ដូចថាចាស់ៗហូបដូចទៅនឹងជំនាន់ ៣ឆ្នាំ គឺវាល់ចែកគ្នាអ៊ីចឹងទៅ។ មួយចានៗ ហើយហូបឆ្អែតមិនឆ្អែត យើងគិតទៅតាមហ្នឹង អ៊ីចឹងទៀតទៅ។ បើថាស្ពៃស្ងោរអ៊ីចឹងទៅ ធ្វើមិចឱ្យបានហូបជាមួយបាយ ឱ្យបានគ្រប់គ្នា បន្លែតិចឬច្រើនអ៊ីចឹងទៅ លាយឱ្យបានសើមៗបាយអ៊ីចឹងទៅ»។
ចំណែកការស្នាក់នៅវិញ លោក ឆាន់ ឈឿន ថា ពួកគាត់ដេកតម្រៀបគ្នា ក្នុងសាលាឆាន់៖ «និយាយទៅគឺដេកនៅលើឥដ្ឋការ៉ូ។ ឥដ្ឋការ៉ូ ក្នុងសាលាឆាន់លោក គ្មានអ្វីទេ។ និយាយទៅគឺថាតាមតែបងប្អូនដេកបានអ៊ីចឹង។ អត់អីទេ ដូចជាមុងភួយ អីក៏អត់មានដែរ»។
តំណាងពលរដ្ឋម្នាក់ទៀត គឺលោកស្រី អិន ធូ ថ្លែងថា ថ្វីបើពួកគាត់ប្រឈមរឿងអាហារខ្វះខាតបែបនេះក្ដី តែទឹកចិត្តនៃការតស៊ូព្យាយាម ស្វែងរកដំណោះស្រាយរឿងដីធ្លីនេះ នៅតែមានជានិច្ច។ តំណាងពលរដ្ឋដែលកូន ៩នាក់ក្នុងបន្ទុកគ្រួសាររូបនេះ អំពាវនាវដល់សប្បុរសជនទាំងអស់ជួយផ្ដល់ជាស្បៀងអាហារ ដល់ពួកគាត់ដើម្បីបន្តការតវ៉ារកដំណោះស្រាយក្នុងរឿងដីធ្លីនេះ ទាល់តែទទួលបានការសន្យាណាមួយពីក្រសួងរៀបចំដែនដី៖ «ចង់បងប្អូន ឯកឧត្ដម ឧកញ៉ាជួយជាអាហារ ឬជាលុយជាកាក់អី ដើម្បីទិញឱ្យបងប្អូនប្រជាពលរដ្ឋយើងខ្ញុំជាអ្នករងគ្រោះ គាត់បានហូបចុកបន្តជីវិតទៅមុខទៀត ដើម្បីរកដំណោះស្រាយឱ្យបានយុត្តិធម៌»។
លោកស្រី អិន ធូ ឱ្យដឹងថា ពួកគាត់ម្នាក់ៗត្រូវចំណាយប្រាក់ដែលរកបានពីកាប់ផ្ដៅ និងចាប់ត្រីលក់ នៅពេលចេញស្វែងរកដំណោះស្រាយនៅក្រុងភ្នំពេញម្ដងៗ ។ ចំណែកអ្នកភូមិខ្លះទៀត ក៏ទៅខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ ចន្លោះពី២០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀល ដើម្បីផ្គត់ផ្គង់ការចំណាយរបស់ខ្លួន ក្នុងពេលចេញតវ៉ានៅភ្នំពេញ។ ចំពោះថ្លៃរថយន្តឈ្នួលធ្វើដំណើរទៅមក ពួកគាត់ត្រូវចំណាយប្រាក់អស់៣ម៉ឺនរៀលក្នុងមនុស្សម្នាក់។
ក្នុងកំឡុងពេលតវ៉ាអស់រយៈពេល ៣ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋ ១៥០រយនាក់ មានទាំងចាស់ទាំងក្មេង នាំគ្នាដើរពីវត្តសាមគ្គីរង្សី ឬហៅវត្តខ្មែរកម្ពុជាក្រោម ទៅក្រសួងរៀបចំដែនដី លើចម្ងាយផ្លូវជិត៧គីឡូម៉ែត្រ ដោយប្រើពេលអស់ជាង ២ម៉ោង។ ក្នុងពេលតវ៉ានៅមុខក្រសួង មួយលើកៗ ពួកគាត់រងការប្រើហិង្សាពីសំណាក់ក្រុមសន្តិសុខខណ្ឌចំការមន ដែលបណ្ដាលឱ្យបុរសម្នាក់បែកជើងដោយសាររុញច្រានគ្នា និងស្ត្រី៧នាក់ផ្សេងទៀតដួលសន្លប់។
រឿងរ៉ាវដែលធ្វើឱ្យពួកគាត់នាំគ្នាចេញតវ៉ាជាលើកទី២នេះ ដោយសារតែ ក្រសួងរៀបចំដែនដី និងសាលាខេត្តកោះកុង ចេញលិខិតរៀងៗខ្លួន កាលពីដើមខែកក្កដា សម្រេចមិនទទួលយកសំណើពួកគាត់ទៅដោះស្រាយ។ បើទោះបីជា ពួកគាត់នៅរក្សាជំហរតវ៉ា ក្រោមដំណក់ទឹកភ្លៀង នៅមុខក្រសួងរៀបចំដែនដី ចាប់ពីថ្ងៃទី៣ កក្កដា រហូតមកដល់ពេលនេះយ៉ាងណាក្ដី ក៏ពួកគាត់នៅតែមិនឃើញមានមន្ត្រីណាម្នាក់ ចេញមកជួប ឬហៅតំណាងពលរដ្ឋឱ្យចូលទៅជជែកគ្នាឡើយ។
រដ្ឋបាលខេត្តកោះកុង បានចេញលិខិតមួយ កាលពីថ្ងៃទី១ កក្កដា បដិសេធសំណើពលរដ្ឋដែលសុំកាត់ឆ្វៀលដីទំហំ ៤២១ហិកតារ ចេញពីគម្រោងរបស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ គ្រុប (Heng Huy Agriculture Group) ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល។ ក្នុងលិខិតនោះ អាជ្ញាធរខេត្តកោះកុង អះអាងថា ទីតាំងដែលពលរដ្ឋស្នើសុំកាត់ឆ្វៀលនោះ គឺស្ថិតលើដីដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ របស់ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរបញ្ជាក់ថា ការដោះស្រាយគឺសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
នៅថ្ងៃជាមួយនោះ ក្រសួងរៀបចំដែនដី អះអាងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន ថា ពលរដ្ឋ១៩៧គ្រួសារ មិនមានជាប់ពាក់ព័ន្ធនឹងករណីវិវាទដីសម្បទានដាំដំណាំអំពៅផលិតស្ករសនាំចេញ ក្នុងភូមិសាស្ត្រខេត្តកោះកុងទេ។ ក្រសួងបញ្ជាក់ថា មានពលរដ្ឋតែ ៩៨៧គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ នៅក្នុងខេត្តកោះកុង ហើយថា ពួកគេទទួលបានដំណោះស្រាយអស់ហើយ។ ក្រសួងរៀបចំដែនដី ក៏ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមប្រជាពលរដ្ឋជិត២០០រយគ្រួសារ ប្រសិនបើមានការប្រមូលផ្ដុំគ្នា តវ៉ារកដំណោះស្រាយនៅមុខក្រសួងជាថ្មីទៀត។
លោក ឆាន់ ឈឿន លើកឡើងថា បើសិនជាពេលនេះ មានមន្ត្រីក្រសួងរៀបចំដែនដីណាម្នាក់ហ៊ានចេញមកប្រាក់ពួកគាត់ថា ក្រសួងនឹងចុះទៅដោះស្រាយឱ្យពលរដ្ឋនៅពេលណាមួយ ពួកគាត់នឹងនាំគ្នាត្រឡប់ទៅផ្ទះវិញ៖ « បើគាត់ប្រាប់ថា នឹងរកដំណោះស្រាយឱ្យ មួយម៉ាត់អីអត់មានប្រាប់សោះ ស្ងាត់សូន្យ។ គ្រាន់តែខាងក្រសួងចុះមកប្រាប់ផ្ទាល់ថា បងប្អូនកុំទាល់អាលតវ៉ាអ៊ីចឹង ខ្ញុំនឹងរកដំណោះស្រាយ ខែណាៗ ពួកខ្ញុំអត់ប្រឆាំងដែរ។ ចង់ដឹងថា ឱ្យតែខាងក្រសួងប្រាប់ពួកខ្ញុំថា ឥឡូវបងប្អូនទាំងអស់គ្នា កុំតវ៉ាអី ខ្ញុំនឹងរកដំណោះស្រាយឱ្យ។ ពួកខ្ញុំអត់មានកំណត់ថា ខាងគេហ្នឹងដោះស្រាយឱ្យពួកខ្ញុំឆាប់ៗទេ រយៈពេលប៉ុន្មានថ្ងៃ ខែ ឆ្នាំអីក៏ដោយ សំខាន់គឺឱ្យរកដំណោះស្រាយឱ្យពួកខ្ញុំ។ ពួកខ្ញុំអស់ចិត្ត ហើយនឹងត្រឡប់ទៅវិញ»។
អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុង លោក មាន ព្រហ្មមុនី ដែលតាមដានជម្លោះដីធ្លីនេះ យល់ថាដំណោះស្រាយនឹងមាន ប្រសិនបើក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកោះកុង មានឆន្ទៈពិតប្រាកដក្នុងដោះស្រាយបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ៖ «បើយើងមានដំណោះស្រាយ សំណងណាមួយ ដែលសមស្របអាចទទួលយកបាន ហើយព្រមព្រៀងគ្នាដោយស្ម័គ្រចិត្ត ហៅថាសមរម្យនិងយុត្តិធម៌ ខ្ញុំគិតថារឿងហ្នឹងមានដំណោះស្រាយ។ យើងកុំទុកគ្នាឱ្យនៅអ៊ីចឹង។ ហើយគាត់តវ៉ាសង្ឃឹមថា មានដំណោះស្រាយ។ ដូច្នេះ ខ្ញុំចង់ឱ្យខាងក្រសួងជាអាជ្ញាធរមានសមត្ថកិច្ចហ្នឹង ចុះទៅកំណត់អត្តសញ្ញាណដោះស្រាយឱ្យពួកគាត់ ឱ្យបានឆាប់ទៅ ព្រោះបើទុកទៀត ប៉ះពាល់គាត់កាន់តែធ្ងន់ធ្ងរ។ ហើយគាត់ត្រូវធ្វើចម្ការ ដើម្បីចិញ្ចឹមជីវិតជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋឡើងវិញ»។
របបក្រុងភ្នំពេញបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ជាង៤ពាន់ហិកតារ ដើម្បីវិនិយោគដំណាំអំពៅ កាលពីឆ្នាំ២០០៧។ នៅឆ្នាំ២០១០ ពលរដ្ឋចោទក្រុមហ៊ុន ហេង ហ៊ុយ ថា បានយកគ្រឿងចក្រទៅឈូសឆាយដីលំនៅប្រជាពលរដ្ឋ និងគំរាមចាប់ខ្លួនប្រជាពលរដ្ឋណាដែលហ៊ានតវ៉ាចំពោះការឈូសឆាយវាតទីយកដីរបស់ក្រុមហ៊ុន។ ពួកគាត់ អះអាងថា បានចូលកាន់កាប់ និងអាស្រ័យផលលើដីធ្លីចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដោយមានប័ណ្ណកាន់កាប់ដីធ្លីទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពលរដ្ឋថា ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ គ្រុប ដែលប្ដូរឈ្មោះទៅជា ហេង ហ៊ុយ អភិវឌ្ឍន៍ បានឈប់ដាំដំណាំអំពៅ ចំណែករោងចក្រផលិតចេញស្ករស ក៏មិនឃើញមានសកម្មភាពមមាញឹកនោះដែរ។
គិតដល់ពេលនេះ លោក ឆាន់ ឈឿន ឱ្យដឹងថា មានពលរដ្ឋប្រមាណ៦០នាក់ បានវិលត្រឡប់ទៅផ្ទះវិញ ដោយសារកូនរបស់ពួកគាត់ មានកើតជំងឺគ្រុនឈាម។ ទោះបីជាយ៉ាងណា តំណាងពលរដ្ឋរូបនេះ បញ្ជាក់ថា ពួកគាត់នឹងវិលត្រឡប់មករាជធានីភ្នំពេញ វិញ នៅថ្ងៃអាទិត្យ ទី៧ កក្កដា ដើម្បីបន្តដើរស្វែងរកដំណោះស្រាយដីធ្លី នៅតាមស្ថាប័នរដ្ឋផ្សេងទៀត នៅដើមសប្ដាហ៍ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។