ជនជាតិដើមភាគតិចជាង ២០០គ្រួសារនៅខេត្តក្រចេះ បានស្រែកតវ៉ាប្រឆាំងអាជ្ញាធរដកហូតដីចម្ការវិលជុំ ដែលពួកគាត់អាស្រ័យផលចិញ្ចឹមជីវិត។ អ្នកភូមិថា មន្ត្រីរដ្ឋបាលព្រៃឈើ បានប្តឹងពលរដ្ឋជាង ១០នាក់ ទៅតុលាការ ដើម្បីគំរាមមិនឱ្យតវ៉ា។
ពលរដ្ឋទាំងនោះ ភាគច្រើនជាជនជាតិដើមភាគតិចក្រោល និងជនជាតិដើមភាគតិចមិល រស់នៅឃុំស្រែជិះ និងឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពុងកើតទុក្ខមិនសុខចិត្ត ករណីអាជ្ញាធរគ្រោងដកហូតដីចម្ការវិលជុំ និងហាមឃាត់ពួកគាត់ មិនឱ្យបង្កបង្កើនផលលើដីរបស់ខ្លួន ដែលអាស្រ័យផលបែបប្រពៃណីជិត ៤០ឆ្នាំមកហើយ។
ជនជាតិដើមភាគតិចរស់នៅភូមិរលួស ឃុំរលួសមានជ័យ លោក ឃន់ គន់ ថ្លែងក្នុងពេលតវ៉ាថា ដីចម្ការរបស់អ្នកភូមិ ដែលអាជ្ញាធរគ្រោងដកហូត មានទំហំសរុបជាង ១០០ ហិកតារ ដែលពួកលោកបានដាំដុះ និងអាស្រ័យផល ជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៨៦ ដោយធ្វើចម្ការវិលជុំ សម្រាប់ចិញ្ចឹមជីវិត។
លោកបន្តថា មន្ត្រីរដ្ឋបាលព្រៃឈើបានហាមឃាត់អ្នកភូមិ មិនឱ្យអាស្រ័យផលលើដីរបស់ខ្លួន ហើយគ្រោងនឹងដកហូតដីទាំងនោះ ទុកជាតំបន់អភិរក្សសហគមន៍ព្រៃរលួស។
លោក ឃន់ គន់៖ « ដីខ្ញុំធ្វើតាំងពីឆ្នាំ១៩៨៦ មិនមែនធ្វើឥលូវទេ តាំងពីនៅខ្មែរក្រហម ដល់ឥលូវដកហូតដីសហគមន៍ពលរដ្ឋបានដីណាធ្វើ » ។
កាលពីថ្ងៃទី២៩ ធ្នូ ជនជាតិដើមភាគតិចក្រោល និងជនជាតិមិល ជាង ២០០នាក់ រស់នៅឃុំស្រែជិះ និងឃុំរលួសមានជ័យ បានលើកគ្នាទៅតវ៉ា នៅសាលាខេត្តក្រចេះ ដើម្បីឲ្យអាជ្ញាធរខេត្តនេះ ជួយដោះស្រាយករណីនេះ។ ក៏ប៉ុន្តែនៅពេលធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ ត្រូវបានអាជ្ញាធរស្រុក ហាមឃាត់ពួកគាត់ មិនឱ្យបន្តដំណើរទៅមុខទៀត ដោយលើកហេតុផលថា អាជ្ញាធរនឹងដោះស្រាយជូនពលរដ្ឋ នៅពេលបុណ្យឆ្លងឆ្នាំសកលរួច គឺក្នុងអំឡុងខែមករានេះ ។
អ្នកភូមិអះអាងថា មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តក្រចេះ មិនត្រឹមតែគំរាមដកហូតដីចម្ការវិលជុំរបស់ពួកគាត់នោះទេ ថែមទាំងប្ដឹងអ្នកភូមិ ១៣នាក់ ទៅតុលាការ ដោយចោទពីបទកាប់រានព្រៃ ឈូសឆាយដីព្រៃ។
ឆ្លើយតបការលើកឡើងនេះ អភិបាលស្រុកអូរគ្រៀងសែនជ័យ លោក ឈា ផល្លី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ មករាថា អាជ្ញាធរមិនបានដកហូតដីដែលពលរដ្ឋអាស្រ័យផលនោះទេ គ្រាន់តែមន្ត្រីជំនាញចុះទៅស្រង់ស្ថិតិចំនួនពលរដ្ឋ ដែលអាស្រ័យផលជាក់ស្ដែង ក្នុងតំបន់សហគមន៍ព្រៃឈើ។
លោកបញ្ជាក់ថា ពលរដ្ឋខ្លះបានកាប់ទន្ទ្រានដីព្រៃសហគមន៍រលួស ដើម្បីពង្រីកផ្ទៃដីកសិកម្ម ធ្វើឱ្យប៉ះពាល់តំបន់អភិរក្ស និងសត្វព្រៃ។
លោក ឈា ផល្លី៖ «ពួកគាត់ចង់ពង្រីកបន្ថែម គាត់អត់ព្រមអាស្រ័យផលដីដែលគាត់មានស្រាប់ គាត់ពង្រីកបន្ថែមធ្វើឱ្យបងប្អូនពលរដ្ឋខ្លះចេះតែចូលទន្ទ្រានបន្ថែម។ រដ្ឋបាលព្រៃឈើគេគ្រប់គ្រងដីសហគមន៍គេព្យាយាមគេទប់ស្កាត់។ ខ្ញុំឱ្យក្រុមការងារពន្យល់ណែនាំពួកគាត់ ឱ្យពួកគាត់នៅស្ងៀមសិនទៅ ក្រុមការងារស្រុកគេ សម្របសម្រួលដោះស្រាយឱ្យ »។
ជុំវិញការលើកឡើងនេះ មន្ត្រីសម្របសម្រួលសមាគមអាហុក ខេត្តក្រចេះ លោក យ៉ុន អ៊ាមសង្កេតឃើញថា ជីវភាពជនជាតិដើមភាគតិចពឹងផ្អែកលើចម្ការវិលជុំចិញ្ចឹមជីវិតបែបប្រពៃណី ក៏ប៉ុន្តែអាជ្ញាធរបានហាមពួកគាត់មិនឱ្យកាន់កាប់ដីធ្លីបន្តទៀត ធ្វើឱ្យអ្នកភូមិមិនសប្បាយចិត្ត។
លោកថា៖ «ការតវ៉ាទាមទារ គាត់ចង់បានតែដីរបស់ពួកគាត់មកវិញទេ ដើម្បីបង្កបង្កើនផលចិញ្ចឹមជីវិត។ ជនជាតិដើមភាគតិចរស់នៅ អាស្រ័យផលចម្ការវិលជុំ ឥឡូវនេះអាជ្ញាធរហាមពួកគាត់ មិនឱ្យអាស្រ័យផល លើដីដែលពួកគាត់កាន់កាប់តាំងដូនតាមក »។
ពលរដ្ឋព្រមានថា ប្រសិនបើអាជ្ញាធរមិនពន្លឿនដោះស្រាយបញ្ហានេះជូនពលរដ្ឋ ដូចការសន្យានោះទេ ពួកគាត់នឹងលើកគ្នាតវ៉ាទ្រង់ទ្រាយធំ នៅសាលាខេត្តក្រចេះ។ ពួកគាត់បន្ថែមថា ដីដែលអាជ្ញាធរគ្រោងដកហូត គឺជាប្រភពសេដ្ឋកិច្ច និងជាកន្លែងប្រតិបត្តិជំនឿ វប្បធម៌របស់ជនជាតិដើមភាគតិច ហើយប្រសិនបើអាជ្ញាធរដកហូតជារបស់រដ្ឋ បញ្ហានោះនឹងប៉ះពាល់ជីវភាពពួកគាត់ធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។