អ្នកភូមិជាច្រើនគ្រួសារ រស់នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ បានរត់ភៀសខ្លួនរកកន្លែងសុវត្ថិភាព ក្រោយពីសមត្ថកិច្ចខេត្តនេះនៅតែតាមដាន និងចុះឆែកឆេរផ្ទះពួកគេ ក្នុងន័យគំរាមកំហែងមិនឲ្យងើបតវ៉ា។ អ្នកភូមិថា ពលរដ្ឋ ៥០គ្រួសារ បានទៅសម្ងំ រត់ពួនក្នុងព្រៃក្បែរភូមិ ក៏ត្រូវសមត្ថកិច្ចប្រដាប់អាវុធ យកកាំភ្លើងបាញ់ឡើងលើ ដើម្បីដេញពួកគាត់ឲ្យចេញពីព្រៃ។
ពលរដ្ឋ ៥០គ្រួសារក្នុងចំណោមពលរដ្ឋ ៤៧០គ្រួសារ រស់នៅក្នុងភូមិចំនួន ៤ នៃឃុំដូង ស្រុកប្រាសាទបល្ល័ង្ក កំពុងភ័យព្រួយពីសុវត្ថិភាព ក្រោយពីសមត្ថកិច្ចខេត្តនេះ នៅតែតាមដាន និងដាក់កម្លាំងគំរាមកំហែងពួកគេដល់លំនៅឋាន។ អ្នកភូមិថា ពលរដ្ឋជាច្រើនគ្រួសារបានរត់ពូន ខ្លះសម្ងំនៅផ្ទះ និងខ្លះទៀតរត់ភៀសខ្លួនមួយរយៈ ព្រោះតែភ័យខ្លាចអាជ្ញាធរចាប់ខ្លួន។
តំណាងពលរដ្ឋ លោកស្រី ម៉ុង ហេង ឲ្យដឹងនៅថ្ងៃទី៣ មិថុនាថា ពលរដ្ឋ ៥០គ្រួសារ បានសម្ងំលាក់ខ្លួនក្នុងព្រៃខ្មោចជាង ១សប្តាហ៍មកហើយ ដោយសារភ័យខ្លាចសមត្ថកិច្ចចាប់ខ្លួន។ ចំណែកសមត្ថកិច្ចប្រដាប់អាវុធ បានដាក់ពង្រាយ ឆែកឆេរលំនៅឋានពលរដ្ឋ និងឃ្លាំមើលពួកគេជាប្រចាំធ្វើឲ្យអ្នកភូមិខ្លះភ័យព្រួយពីសុវត្ថិភាព។ រីឯអាជ្ញាធរឃុំ បែរជាគេចវេះមិនចេញមុខសម្របសម្រួលដោះស្រាយបញ្ហានេះជាមួយពលរដ្ឋនោះទេ៖ «ពួកគាត់នៅតែគំរាមតាមចាប់ សូម្បីតែ ថាឡេថង ( គោយន្ត ) ហើយក៏ នាំគ្នាភ័យគេចខ្លួនទាំងអស់គ្នា ជ្រួលច្របល់ពេញស្រុកភូមិហ្នឹងណាស់ពូ។ ពិបាកចិត្ត ពួកគាត់ធ្វើបែបហ្នឹង ការទាមទាររបស់ពលរដ្ឋទាំងខ្ញុំ និងពួកគាត់ទាំងអស់ គ្មានអ្វីដែលទាមទារចង់ឲ្យប្រធានឃុំហ្នឹងចូលមកដោះស្រាយថា រឿងនេះ ជារឿងអីឲ្យពិតប្រាកដ ហើយដីហ្នឹង យកទៅធ្វើអីឲ្យពិតប្រាកដ តែអាជ្ញាធរឃុំគាត់បែរជាគេចខ្លួនមិនឆ្លើយតបមកពលរដ្ឋទេ » ។
តំណាងពលរដ្ឋម្នាក់ទៀត លោកស្រី ប៊ី គុណ ឲ្យដឹងថា សមត្ថកិច្ចប្រដាប់អាវុធបានរារាំង អ្នកភូមិរាប់រយគ្រួសារ (៤៧០គ្រួសារ) មិនឲ្យចូលអាស្រ័យផលដីស្រែរបស់ខ្លួនជាង ២សប្តាហ៍មកហើយ។ លោកស្រីរំឭកថា កាលពីយប់ថ្ងៃទី២ មិថុនា សមត្ថកិច្ចបានប្រើកាំភ្លើងបាញ់រះឡើងលើក្នុងព្រៃ ដើម្បីបន្លាចអ្នកភូមិឲ្យចេញពីព្រៃទីនោះ ខណៈដែលពលរដ្ឋជាច្រើនគ្រួសារ កំពុងតែពូនសម្ងំក្នុងព្រៃ ដើម្បីគេចខ្លួន៖ «មូសខាំ ហើយដេកក៏លំបាក ភ្លៀងផ្គរ លំបាកគ្រប់សព្វទាំងអស់ ម្ហូបអាហារ ហើយមិនហ៊ានចាប់ភ្លើងទេ ខ្លាចគេឃើញ។ ពីម្សិលមិញបាញ់នៅក្នុងព្រៃវាលខាងជើង បីគ្រាប់ » ។
កាលពីចុងខែឧសភា ស្ត្រីមានជម្លោះដីធ្លីម្នាក់ឈ្មោះ អ៊ាង សុម៉េង វ័យ ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដល់ផ្ទះ នៅគ្រាដែលកំពុងបញ្ចុកបាយឪពុកចាស់ជរា ដែលដេកឈឺនៅផ្ទះ ហើយមកទល់ពេលនេះស្ត្រីនោះ កំពុងឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ។
ស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល បដិសេធមិនផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធករណីនគរបាលខេត្តនេះប្រើកាំភ្លើងបាញ់ គំរាមកំហែងពលរដ្ឋរឿងជម្លោះដីនេះទេ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា កំពុងជាប់រវល់ធ្វើដំណើរ៖ «កំពុងនៅតាមផ្លូវនៅឡើយ » ។
ចំណែកមេឃុំដូង លោក ជុត ចេន និងអភិបាលខេត្តកំពង់ធំ លោក សុខ លូ មិនទទួលទូរស័ព្ទនៅថ្ងៃទី៣ មិថុនា។
តែយ៉ាងណា អភិបាលខេត្តរូបនេះបានអះអាងប្រាប់អាស៊ីសេរី កាលពីចុងខែឧសភាថា ដីដែលអាជ្ញាធរបំប្លែងជាដីសម្បទានសង្គមកិច្ច ជាដីព្រៃសាធារណៈរបស់រដ្ឋ ពុំមែនជាដីកម្មសិទ្ធិរបស់ពលរដ្ឋនោះទេ៖ «ពីដើមមកតំបន់នោះ ជាដីរបស់រដ្ឋ ពុំមែនដីកម្មសិទ្ធិរបស់បងប្អូនពលរដ្ឋទេ។ ចុងក្រោយមេខ្លោងតែប៉ុន្មាននាក់ទេ អត់មានពីណាច្រើនទេដីហ្នឹង ហើយទៅកៀរគរពលរដ្ឋមិនដឹងរឿងសោះ ចូលរួមដែរ ហើយកន្លងមកសូមជម្រាបថា ដីនេះ យើងបានកាត់ផលប៉ះពាល់ ដែលមានដីរបស់បងប្អូនចេញអស់ហើយ ហើយបើបងប្អូនអះអាងថា ដីរបស់គាត់សូមឲ្យគាត់ចូលខ្លួនមកដោះស្រាយ » ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត យល់ថា ការចាប់ខ្លួនពលរដ្ឋមានជម្លោះដីធ្លី និងការយកកាំភ្លើងបាញ់គំរាមបំភ័យពលរដ្ឋ គឺជាទង្វើរំលោភសិទ្ធិមនុស្ស៖ «ទិដ្ឋភាពនេះជារឿងមួយអាក្រក់ ហើយវាប៉ះពាល់ដល់សិទ្ធិរស់នៅរបស់ពលរដ្ឋ ដូចជា ការបាញ់បោះ វាធ្វើឲ្យមានការភ្ញាក់ផ្អើលភ័យព្រួយបារម្ភពលរដ្ឋ ព្រោះលោកនាយករដ្ឋមន្ត្រី លោកលើកឡើង សន្តិភាព ហើយការបាញ់បោះ ពុំមែនអនុញ្ញាតដោយសេរីអីចឹងទេ។ ករណីនេះគួរតែមានការស្រាវជ្រាវ និងសិក្សាឲ្យច្បាស់លាស់ ដើម្បីចៀសវាងមានការចោទប្រកាន់ថា រំលោភសេរីភាព និងដីធ្លីពលរដ្ឋ » ។
អាជ្ញាធរខេត្តកំពង់ធំថ្លែងថា គម្រោងផ្ដល់ដីសម្បទានសង្គមកិច្ច ដែលមានជម្លោះនេះ សម្រាប់ចែកជូនពលរដ្ឋក្រីក្ររស់នៅឃុំដូង មានទំហំ ៣.០០០ហិកតារ និងបានកាត់ឆ្វៀលផលប៉ះពាល់រួចរាល់នៅសល់ត្រឹម ១ពាន់ ៩រយហិកតារ (១.៩០០)។ ប៉ុន្តែអ្នកភូមិអះអាងថា គម្រោងផ្ដល់ដីសម្បទានសង្គមកិច្ចនេះ ត្រួតស៊ីគ្នានឹងដីអ្នកភូមិជិត ៥រយគ្រួសារ (៤៧០) រស់នៅភូមិចំនួន ៤ ដែលអាជ្ញាធរមិនទាន់ដោះស្រាយឲ្យដាច់ស្រឡះនៅឡើយទេជាច្រើនឆ្នាំមកហើយ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តកំពង់ធំ លោក សុក រដ្ឋា យល់ថា ការប្រើកាំភ្លើងគំរាមកំហែងពលរដ្ឋ និងការចុះឆែកឆែរលំនៅឋានពលរដ្ឋដោយគ្មានដីកាពីតុលាការ ជាទង្វើល្មើសច្បាប់ និងរំលោភសិទ្ធិលំនៅឋានពលរដ្ឋធ្ងន់ធ្ងរ។ លោកបញ្ជាក់ថា សមត្ថកិច្ចដែលល្មើសច្បាប់ត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ និងវិន័យរដ្ឋបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។