ពលរដ្ឋមានវិបត្តិដីធ្លី ៥០គ្រួសារក្នុងចំណោមពលរដ្ឋជាង ៤៧០គ្រួសារ រស់នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ អះអាងថា មកទល់ពេលនេះ ពួកគេមិនទាន់ហ៊ានវិលទៅរស់នៅភូមិកំណើតវិញទេ ដោយសារភ័យខ្លាចអាជ្ញាធរចាប់ខ្លួន។ ក្រុមពលរដ្ឋអំពាវនាវអាជ្ញាធរខេត្តនេះ បញ្ឈប់យកកម្លាំងប្រកាប់អាវុធគំរាមកំហែង ឆែកឆេរលំនៅឋាន និងចាប់ខ្លួនពួកគេ ហើយត្រូវផ្ដល់ឱកាសឲ្យពលរដ្ឋមានសិទ្ធិតវ៉ាទាមទារដីធ្លីបានពេញលេញ។
ក្រុមពលរដ្ឋប្រមាណ ៥០គ្រួសារ ក្នុងចំណោមពលរដ្ឋជាង ៤រយគ្រួសារ រស់នៅក្នុងភូមិចំនួន ៥ ក្នុងឃុំដូង ហាក់ស្ទាក់ស្ទើរមិនហ៊ានវិលទៅរស់នៅស្រុកកំណើតវិញទេ ព្រោះមិនទុកចិត្តអាជ្ញាធរថា នឹងមិនចាប់ខ្លួនពួកគេបន្ថែមទៀត។ អ្នកភូមិថា ដីស្រែចម្ការរបស់ពួកគាត់ជាច្រើនហិកតារ កំពុងត្រូវបានអាជ្ញាធរយកគ្រឿងចក្រឈូសឆាយ ពុះចែកជាដីសម្បទានសង្គមកិច្ច ដោយគ្មានការឯកភាពពីម្ចាស់ដី។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀត រស់នៅភូមិដងតាឯក លោកស្រី ប៊ី គុណ ឲ្យដឹងនៅថ្ងៃទី២៤ មិថុនាថា គ្រួសារលោកស្រីមានដីស្រែ ៦ហិកតារ ជាដីកេរដូនតា ត្រូវបានអាជ្ញាធរច្បាមយកទាំងអស់ ដោយមិនផ្ដល់សំណងអ្វីទាំងអស់ ហើយពួកគេបានបង្ខំចិត្តតវ៉ា និងប្ដឹងទាមទារច្រើនលើកមកហើយ តែគ្មានដំណោះស្រាយ។ លើសពីនេះ លោកស្រីក៏មិនហ៊ានវិលទៅផ្ទះវិញទេ ដោយខ្លាចក្រែងអាជ្ញាធរចាប់ខ្លួន។ លោកស្រីត្អូញត្អែរថា គ្រួសារលោកស្រី នឹងជួបការលំបាកផ្នែកជីវភាពកាន់តែធ្ងន់ធ្ងរ និងខ្វះស្បៀងអាហារ ប្រសិនបើអាជ្ញាធរមិនប្រគល់ដីជូនពួកគេបង្កបង្កើនផលវិញទេ៖ «តាំងពីយាយតារហូតមកដល់ឪពុកខ្ញុំ ឪពុកខ្ញុំរហូតដល់អស់បុណ្យហើយ សុទ្ធតែដីដូនតាទាំងអស់ពលរដ្ឋទាំងអស់គ្នា តែអាជ្ញាធរថាដីព្រៃ តែប្រជាពលរដ្ឋ ដែលអាស្រ័យផលអត់មានព្រៃទេ រស់ដោយសារដីស្រែហ្នឹង បើគេយកទៅអស់ខ្ញុំបានអីរស់ទៀត » ។
ពលរដ្ឋម្នាក់ទៀត គឺលោកស្រី ម៉ុង ហេង រៀបរាប់ថា ក្រុមគ្រួសារលោកស្រីមានដី ១៨ហិកតារ ជាដីកេរដូនតា បន្សល់ច្រើនជំនាន់មកហើយ។ លើសពីនេះ ដីស្រែជិត ២០ហិកតារទាំងនេះ បងប្អូនលោកស្រី ៦នាក់ បានបង្កបង្កើនផលចិញ្ចឹមជីវិតជាច្រើនឆ្នាំមកហើយដែរ។ លោកស្រីថា អាជ្ញាធរបានយកគ្រឿងចក្រឈូសឆាយរំលោភយកដីទាំងអស់ ដើម្បីបម្លែងជាដីសម្បទានសង្គមកិច្ច ចែកជូនពលរដ្ឋផ្សេង ដោយគ្មានសំណង។ រីឯគ្រួសារលោកស្រីបានស្រែកតវ៉ា និងពឹងអាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយជាច្រើនដង ក៏ប៉ុន្តែគ្មានលទ្ធផល។ លោកស្រីចោទថា អាជ្ញាធរតែងតែប្រើកម្លាំងប្រដាប់អាវុធគំរាមកំហែង ពលរដ្ឋ ក្នុងន័យបំភិតបំភ័យមិនឲ្យពួកគេងើបតវ៉ាទាមទារដីធ្លី៖ «ដោយសារតែការគំរាម នៅតែតាមចាប់ និងតាមប្រមាញ់ ខ្ញុំមិនដឹងថា ចូលស្រុកយ៉ាងទេ។ ណាមួយខ្ញុំនឹកកូន កូនខ្ញុំតូចទើបតែអាយុ ១ឆ្នាំគត់។ ខ្ញុំពិបាកក្នុងការធ្វើចិត្តណាស់។ ដីខ្ញុំគេឈូសឆាយអស់ហើយ ហើយក៏ចែកចាយឲ្យអ្នកស្រុកអស់ហើយដែរ។ បើដេញខ្ញុំពីផ្ទះ ហើយដីខ្ញុំមិនទាន់ដោះស្រាយផង បែរជាយកទៅចែកអ្នកស្រុក ចំពោះខ្ញុំជាម្ចាស់ តើគិតយ៉ាងណា ពួកគាត់ធ្វើបែបនេះ គឺខុសច្បាប់ទាំងស្រុង » ។
កាលពីចុងខែឧសភា ឆ្នាំ២០១៩ ស្ត្រីមានជម្លោះដីធ្លីម្នាក់ឈ្មោះ អ៊ាង សុម៉េង វ័យ ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដល់ផ្ទះ នៅគ្រាដែលកំពុងបញ្ចុកបាយឪពុកចាស់ជរា ដែលដេកឈឺនៅផ្ទះ ហើយមកទល់ពេលនេះស្ត្រីនោះ កំពុងឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ។ អាជ្ញាធរអះអាងថា ការចាប់ខ្លួននេះ ពុំមែនពាក់ព័ន្ធរឿងតវ៉ាដីធ្លីទេ គឺចោទពីបទ បង្ករបួសស្នាមដោយចេតនា លើតៃកុងត្រាក់ទ័រ ៣នាក់ ដែលកំពុងប្រើគ្រឿងចក្របំផ្លាញដីធ្លីពលរដ្ឋ។
អាជ្ញាធរខេត្តកំពង់ធំបង្ហាញថា គម្រោងផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ សម្រាប់ចែកជូនពលរដ្ឋក្រីក្ររស់នៅឃុំដួង មានទំហំ ៣.០០០ហិកតារ និងបានកាត់ឆ្វៀលផលប៉ះពាល់រួចនៅសល់ត្រឹម ១.៩០០ហិកតារ។ មកទល់ពេលនេះ ពលរដ្ឋក្រីក្រ ដែលចុះឈ្មោះ វាយតម្លៃទទួលបានដីសម្បទានសង្គមកិច្ចមានជាង ៥៣០គ្រួសារ ដោយទទួលបានដីលំនៅឋាន ទទឹង ៣០ម៉ែត្របណ្ដោយ ៤០ម៉ែត្រ និងដីកសិកម្មទំហំ ២ហិកតារស្មើៗ គ្នា។ គម្រោងនេះ ឧបត្ថម្ភថវិកាដោយធនាគារពិភពលោក (World Bank) ដែលចុះសិក្សា និងវាយតម្លៃផលប៉ះពាល់តាំងពីឆ្នាំ២០០៩ ហើយបច្ចុប្បន្នកំពុងឈូសឆាយស្ថាបនាសាលារៀន មណ្ឌលសុខភាព ផ្លូវ ផ្តល់ជំនាញកសិកម្ម និងផ្តល់ស័ង្កសីជាដើម។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងតំណាងធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា ដើម្បីសុំការបំភ្លឺទាក់ទិនជំនួយផ្ដល់ដីសម្បទានសង្គមកិច្ចនេះបានថា យ៉ាងណានៅឡើយទេ នៅថ្ងៃទី២៤ មិថុនា។
អភិបាលខេត្តកំពង់ធំ លោក សុខ លូ បដិសេធថា អាជ្ញាធរ និងសមត្ថកិច្ច ពុំបានតាមដាន ឃ្លាំមើល និងចាប់ខ្លួនពលរដ្ឋមានជម្លោះដីធ្លីទេ។ លោកបញ្ជាក់ថា សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋម្នាក់កន្លងទៅ ពុំមែនរឿងវិវាទដីធ្លីទេ គឺពាក់ព័ន្ធប្រើហិង្សា ទៅលើអ្នកបើកបរគ្រឿងយន្ត ហើយជនរងគ្រោះ បានប្ដឹងទៅតុលាការ។ លោកថា អាជ្ញាធរនឹងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ជូនពលរដ្ឋ ប្រសិនបើពលរដ្ឋសហការ និងពិតជាមានដីនៅតំបន់នោះមែន៖ «ការចាប់ខ្លួនកន្លងមកនេះ ពុំមែនពាក់ព័ន្ធរឿងដីធ្លីទេ គឺពាក់ព័ន្ធគាត់ប្រើអំពើហិង្សា ទៅលើអ្នកបើកបរគ្រឿងយន្តផ្សេងៗ នេះជាបទល្មើសព្រហ្មទណ្ឌ ដែលខាងជនរងគ្រោះគេប្ដឹងមក ចំណាត់ការរបស់តុលាការ ពុំមានពាក់ព័ន្ធបញ្ហាដីធ្លីទេ » ។
អភិបាលខេត្តរូបនេះអះអាងបន្ថែមថា អាជ្ញាធរខេត្តបានបង្កើតគណៈកម្មការដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ ដោយបានពិនិត្យលទ្ធភាពជាក់ស្ដែងថា តើពលរដ្ឋមានដីពិតប្រាកដ ឬអត់ ហើយបច្ចុប្បន្ននៅសល់ពលរដ្ឋតិចតូចប៉ុណ្ណោះ ដែលមិនទាន់ដោះស្រាយរួច។ តែយ៉ាងណា លោកមិនបញ្ជាក់លម្អិតថា នៅសល់ពលរដ្ឋប៉ុន្មានគ្រួសារទេ៖ «ការនិយាយថា ដីធ្វើតាំងពីដូនតាមក គឺមិនពិតទេ ហើយការនិយាយថា ធ្វើតាំងពី ៧៩ និង ៨០ គ្មានពីណាទៅដល់ទេ ហើយប្រសិនជាបងប្អូនធ្វើមានស្នាមស្រែ ជញ្ជ្រាំងស្រូវអីហ្នឹង គឺក្រុមការងារនឹងដោះស្រាយជូន ប៉ុន្តែធាតុពិតវាអត់មាន។ ពិនិត្យមើល បើគាត់មានដីនៅកន្លែងហ្នឹងមែន យើងនឹងកាត់ឆ្វៀលជូនគាត់ និងសូមឲ្យគាត់ដូរទីតាំង » ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត សង្កេតឃើញថា ក្រុមការងារលោក បានចុះស្រាវជ្រាវជម្លោះដីធ្លីនេះ រកឃើញបញ្ហាមួយចំនួន រួមមាន ពលរដ្ឋមួយចំនួនបានកាន់កាប់ និងប្រើប្រាស់ដីនៅតំបន់នោះ ជាយូរមកហើយ ពោលគឺក្រោយពីសម័យខ្មែរក្រហម។ លោកថា ដីនៅតំបន់នោះមានផ្នែកខ្លះជាដីព្រៃ និងផ្នែកខ្លះជាដីស្រែពលរដ្ឋដែលអាស្រ័យផលមុនពេលមានគម្រោងផ្ដល់ដីសម្បទានសង្គមកិច្ច។ ហេតុនេះ អាជ្ញាធរខេត្តត្រូវសិក្សា ស្រាវជ្រាវរឿងនេះឲ្យស៊ីជម្រៅ និងជាក់លាក់ ដើម្បីដោះស្រាយជូនពលរដ្ឋឲ្យបានត្រឹមត្រូវ៖ «យើងចង់ឲ្យមានការស៊ើបអង្កេតឲ្យច្បាស់លាស់ជាពិសេស សម្បទានដីសង្គមកិច្ចហ្នឹង ត្រូវធានាថា ជាដីទំនេរ និងប្រើប្រាស់ និងគ្រប់គ្រងដោយរដ្ឋបាលខេត្ត ប្រាកដ ដើម្បីកុំឲ្យប៉ះពាល់ដល់ដីពលរដ្ឋផ្សេង ហើយមានបាតុភាពតវ៉ា និងទាមទារកើតឡើង » ។
មន្ត្រីនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា យល់ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ ប៉ះចំដីកសិកម្មពលរដ្ឋ អាជ្ញាធរខេត្តនេះ គួរតែផ្អាកគម្រោងនេះ ដោយត្រូវចុះសិក្សាឲ្យគ្រប់ជ្រុងជ្រោយ និងត្រូវដោះស្រាយជូនពលរដ្ឋឲ្យដាច់ស្រឡះសិន ទើបចាប់ផ្ដើមអនុវត្តបន្តទៀត។ លោកថា ការដាក់កម្លាំងប្រដាប់អាវុធគំរាមកំហែងរឿងជម្លោះដីធ្លីនេះ ពុំមែនជាដំណោះស្រាយត្រឹមត្រូវតាមច្បាប់ទេ ផ្ទុយទៅវិញនឹងធ្វើឲ្យពលរដ្ឋកាន់តែងើបការតវ៉ា ហើយរឿងរាវកាន់តែវែងឆ្ងាយ៖ «យើងគួរតែមើលហេតុផល នៃការប្រើប្រាស់ដីរបស់គាត់ផង ជាជាងយើងចេះតែធ្វើការអនុវត្តទៅ ហើយទៅប៉ះទង្គិចប្រជាពលរដ្ឋ។ ពលរដ្ឋការពារដីធ្លីរបស់គាត់ ហើយបែរជារឿងទុក្ខទោស ការចោទប្រកាន់ ជារឿងអយុត្តិធម៌សម្រាប់គាត់ ព្រោះយើងជាអាជ្ញាធរ ហើយពួកគាត់ការពារទ្រព្យ របស់ពលរដ្ឋ ដែលប្រើប្រាស់ហ្នឹង » ។
មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញឲ្យអាជ្ញាធរខេត្តអន្តរាគមន៍ដោះលែងពលរដ្ឋមានជម្លោះដីធ្លីនេះ និងត្រូវបញ្ឈប់ការគំរាមកំហែង និងយកកម្លាំងប្រដាប់អាវុធឃ្លាំមើលពលរដ្ឋ ដែលលោកចាត់ទុកថា ជាអំពើរំលោភសិទ្ធិពលរដ្ឋ។
កាលពីដើមខែមិថុនា ពលរដ្ឋ ៥០គ្រួសារ បានទៅសម្ងំ រត់ពួនក្នុងព្រៃក្បែរភូមិដោយសារភ័យខ្លាចអាជ្ញាធរចាប់ខ្លួនរឿងជម្លោះដីធ្លីនេះ ក៏ត្រូវសមត្ថកិច្ចប្រដាប់អាវុធ យកកាំភ្លើងបាញ់ឡើងលើ ដើម្បីដេញពួកគាត់ឲ្យចេញពីព្រៃវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។