ក្រុមពលរដ្ឋមានជម្លោះដីធ្លី ចំនួន ៥សហគមន៍ មកពីខេត្តកោះកុង និងខេត្តព្រះសីហនុ បាននាំគ្នាមកដាក់ញត្តិទាមទាររកដំណោះស្រាយដីធ្លីរ៉ាំរ៉ៃ នៅក្រសួងមហាផ្ទៃ និងក្រសួងដែនដី នៅថ្ងៃទី២៥ វិច្ឆិកា។ មន្ត្រីក្រសួងទាំងពីរបានទទួលញត្តិ និងកោះហៅអ្នកមានជម្លោះដីធ្លីប្រជុំ តែមិនអនុម័តបែបណាទេ។ សង្គមស៊ីវិលចង់ឲ្យមានការដំណោះស្រាយឲ្យបានឆាប់ៗ ដើម្បីបញ្ចប់ជម្លោះ។
អ្នកមានជម្លោះដីធ្លី អះអាងថា ពួកគាត់មានគ្នាប្រមាណជាង ៣០០នាក់ ជាតំណាងពលរដ្ឋមានជម្លោះដីធ្លីតាមសហគមន៍ ដែលមានទំនាស់ជាមួយឈ្មួញជាឧកញ៉ាម្នាក់ ឈ្មោះ ហេង ហ៊ុយ ជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ និងជម្លោះជាមួយក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវីឡុបមែន (Union Development Group Co., Ltd) ឬហៅកាត់ថា យូឌីជី (UDG)។
តំណាងពលរដ្ឋមកពីស្រុកស្រែអំបិល ខេត្តកោះកុងម្នាក់ លោកស្រី យី គន្ធា ប្រាប់ថា មន្ត្រីក្រសួងមហាផ្ទៃ បានចេញមកទទួលញត្តិពីពលរដ្ឋ ខាងក្រៅរបងក្រសួង នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា។ ចំណែកនៅពេលរសៀលក្រុមពលរដ្ឋបានបន្តយកញត្តិ ទៅដាក់នៅក្រសួងដែនដី ហើយមន្ត្រីរដ្ឋបាលបានហៅពលរដ្ឋចូលទៅប្រជុំសួរពីក្ដីកង្វល់។
អ្នកស្រីឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ មន្ត្រីក្រសួងដែនដី បានប្រាប់ឲ្យពលរដ្ឋទៅរកដំណោះស្រាយជាមួយរដ្ឋបាលខេត្តរៀងៗ ខ្លួនវិញ ទាំងជម្លោះដីធ្លីនៅខេត្តកោះកុង និងខេត្តព្រះសីហនុ ព្រោះមន្ត្រីបានប្រគល់កិច្ចការងារនេះ ទៅថ្នាក់ខេត្តហើយ។ ចំណែកក្រុម ១៥គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ នៅស្រុកស្រែអំបិល អ្នកស្រីបន្តថា មន្ត្រីក្រសួងដែនដីប្រាប់ថា ក្រសួងនឹងចុះស្រាវជ្រាវ ដើម្បីចេញប្លង់ជាប្រព័ន្ធឲ្យ។ ក្រោយកិច្ចប្រជុំនេះចប់ ពលរដ្ឋមិនទាន់ពិភាក្សាគ្នាបែបណាបន្តទៀតទេ ដោយរង់ចាំជួបជុំគ្នាជាមុនសិនថា គួរត្រឡប់ទៅរកដំណោះស្រាយនៅខេត្តវិញ ឬបន្តទាមទារនៅថ្នាក់ជាតិ៖ «ខាង ( ជម្លោះជាមួយ ) យូញៀន ហ្នឹង ខាងក្រសួង ( ដែនដី ) គេចេញក្រដាសឲ្យទៅធ្វើការជាមួយខេត្ត។ ( ជម្លោះ ) ជាមួយ លោក ហេង ហ៊ុយ ១៩៧ ( គ្រួសារ ) ហ្នឹង ក៏ចេញក្រដាសមួយឲ្យទៅធ្វើការជាមួយខេត្តដែរបង ទាំង២។ រឿង ( ជម្លោះ ) ១៥គ្រួសារជាមួយ លោក ហេង ហ៊ុយ ហ្នឹង គាត់ ( មន្ត្រីក្រសួងដែនដី ) ថា គាត់នឹងចុះស្រាវជ្រាវទិន្នន័យ ដើម្បីចេញប្លង់ជាប្រព័ន្ធ ជាមួយ ១៥គ្រួសារ ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកជីកហ្នឹងតែម្ដង ដើម្បីរកយាមកាថ្មី ម្ដេចទៀតហើយបង ខ្ញុំអត់យល់ពីន័យគាត់ដែរ»។
តំណាងពលរដ្ឋរូបនេះ ឲ្យដឹងថា ការណ៍ដែលពួកគាត់ចងក្រងគ្នាច្រើនសហគមន៍ ហើយនាំគ្នាឡើងមកភ្នំពេញព្រមៗ គ្នា ដាក់ញត្តិពេលនេះ ដើម្បីជំរុញដោយសង្ឃឹមថា នឹងមានដំណោះស្រាយ ព្រោះកន្លងមក ពួកគាត់ឡើងមកជាក្រុមតូចៗ មិនទទួលបានដំណោះស្រាយទេ ហើយរងការរារាំង រុញច្រាន ធ្វើបាបពីអាជ្ញាធរ។ ជុំវិញការដាក់ញត្តិរបស់ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុង និងខេត្តព្រះសីហនុ អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងដែនដី នគរោបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេ នៅថ្ងៃទី២៥ វិច្ឆិកា ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន យល់ថា ការរុញច្រានពលរដ្ឋឲ្យត្រឡប់ទៅរកដំណោះស្រាយនៅថ្នាក់ខេត្តវិញ គឺជារឿងចាស់ដដែលៗ និងមិនអាចរកដំណោះស្រាយបានទេ។ លោកចង់ឃើញអាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តបង្ហាញឆន្ទៈក្នុងរកដំណោះស្រាយពិតប្រាកដ ទើបពលរដ្ឋអាចជឿជាក់បាន។ លោក យល់ថា ការរុញច្រានការទទួលខុសត្រូវដាក់គ្នា ហើយមិនព្រមរកដំណោះស្រាយឲ្យពលរដ្ឋបែបនេះ នឹងមិនអាចបញ្ចប់រឿងរ៉ាវជម្លោះបានទេ ហើយជាការបន្ថែមការឈឺចាប់ ដល់អ្នកមានជម្លោះដីធ្លីទៅវិញទេ៖ « ការរុញដាក់គ្នា ការរារាំងប្រជាពលរដ្ឋ មិនឲ្យឡើងទៅតវ៉ា រឿងទំនាស់ដីធ្លី ដែលអូសបន្លាយជិត ១០ឆ្នាំមកនេះ វាមិនអាចបញ្ចប់ការតវ៉ារបស់ប្រជាពលរដ្ឋទេ។ វាជាការបន្ថែមការឈឺចាប់ទៅលើប្រជាពលរដ្ឋរងគ្រោះថែមទៀត។ អ៊ីចឹង គួរតែបង្ហាញឆន្ទៈ និងមានគោលការណ៍ឲ្យបានច្បាស់លាស់ ឲ្យបានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ទើបជម្លោះហ្នឹង វាអាចដោះស្រាយបានបញ្ចប់។ វា ១០ឆ្នាំហើយ ពេលវេលាហ្នឹង គួរតែអាជ្ញាធរ ក៏ដូចជាក្រសួងដែនដីហ្នឹង ត្រូវខិតខំប្រឹងប្រែងកុំឲ្យប្រជាពលរដ្ឋ នៅតែបន្តរងគ្រោះបែបហ្នឹងតទៅទៀត»។
ជម្លោះដីធ្លីរ៉ាំរ៉ៃរបស់ពលរដ្ឋនៅខេត្តកោះកុង និងខេត្តព្រះសីហនុ ត្រូវបានតំណាងអះអាងថា អូសបន្លាយខ្ទង់ ១០ឆ្នាំហើយ នៅតែគ្មានដំណោះស្រាយ។ ពួកគេធ្លាប់បានរកដំណោះស្រាយច្រើនកន្លែងហើយ តាំងពីថ្នាក់ភូមិ ឃុំ ខេត្ត រហូតដល់ថ្នាក់ជាតិ។ ក្រុមអ្នកមានជម្លោះដីធ្លី និងសង្គមស៊ីវិល យល់ថា បើអាជ្ញាធរគ្មានឆន្ទៈរកដំណោះស្រាយទេ ជម្លោះដីធ្លីនេះ នឹងមិនចប់ទេ ហើយពលរដ្ឋនៅតែបន្តស្វែងរកដំណោះស្រាយបន្តទៀត៕