ប្រជាពលរដ្ឋប្រមាណ ៩៨០នាក់ តំណាងឲ្យពលរដ្ឋជាង ៧ពាន់គ្រួសារ ដែលមានជម្លោះដីធ្លីក្នុងខេត្តចំនួន៥ ជួបជុំគ្នានៅសួនច្បារវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ដាក់ញត្តិស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទៅក្រសួងដែនដី និងអាជ្ញាធរថ្នាក់ក្រោម ពន្លឿនដំណោះស្រាយដល់ពួកគាត់។ សង្គមស៊ីវិលយល់ថា ប្រសិនបើរដ្ឋាភិបាលពិតមានឆន្ទៈ ចង់ដោះស្រាយបញ្ចប់ជម្លោះដីធ្លីនៅទូទាំងប្រទេស គួរតែហ៊ានអារកាត់ ដោយអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះមន្ត្រីខិលខូច អ្នកមានអំណាច ឧកញ៉ា ឬក្រុមហ៊ុនណាក៏ដោយ ដែលឃុបឃិតគ្នាដណ្ដើមយកដីធ្លីពីពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋដែលមកពីខេត្តព្រះសីហនុ កំពង់ស្ពឺ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តកណ្ដាល ត្រូវក្រុមសន្តិសុខខណ្ឌដូនពេញ រារាំងមិនឲ្យដើរចេញសួនច្បារវត្តបទុមវតី ទៅក្រសួងរៀបចំដែនដី ក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច ខណៈពលរដ្ឋរង់ចាំអស់ពេលមួយព្រឹក មិនឃើញមានមន្ត្រីណាម្នាក់ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីចេញមកជួបពួកគាត់។ ការរារាំងពីសំណាក់អាជ្ញាធរខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២២ កក្កដា បង្កឲ្យមានការប៉ះទង្គិចគ្នាមួយប្រាវ បណ្ដាលឲ្យបុរសម្នាក់ វ័យ ៦០ឆ្នាំ មកពីខេត្តស្វាយរៀង សន្លប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
អគ្គលេខាធិការរង នៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ម៉ឺន រតនា ឲ្យដឹងថា ដីធ្លីរបស់ពលរដ្ឋទាំង ៥ខេត្តនេះ ភាគច្រើនត្រូវក្រុមហ៊ុនឯកជន អ្នកមានអំណាច ឈ្មួញ ដែលឃុបឃិតគ្នាជាមួយអាជ្ញាធររំលោភយកសម្រាប់ធ្វើការអភិវឌ្ឍ មានជាដីសម្បទានសេដ្ឋកិច្ច ដីសម្បទានសង្គមកិច្ច និងគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ដូចជាប្រព័ន្ធធារាសាស្ត្រ និងអាងស្ដុកទឹក ជាដើម។ លោក ម៉ឺន រតនា បន្តថា ជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃមួយនេះ បង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរស់របស់ប្រជាកសិករក្នុងការប្រើប្រាស់ដីធ្លីប្រកបរបរចិញ្ចឹមជីវិត។
លោក ម៉ឺន រតនា លើកឡើងថា ប្រជាពលរដ្ឋ ដែលសម្រេចនាំគ្នា ឡើងមកតវ៉ារកដំណោះស្រាយដីធ្លីជាថ្មី នៅភ្នំពេញ ដោយសារតែពួកគាត់រង់ចាំដំណោះស្រាយជាង ១០ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរថ្នាក់ខេត្ត នៅតែមិនអាចដោះស្រាយបាន ទោះបីជាមានលិខិតអន្តរាគមន៍ជាច្រើនលើកច្រើនសារ ពីស្ថាប័នជាតិកំពូលៗ ក៏ដោយ។ លោក ម៉ឺន រតនា ឲ្យដឹងថា ក្នុងវិវាទដីធ្លីក្នុងខេត្តទាំងបួននេះ មានតំណាងពលរដ្ឋ ៧១នាក់ហើយ ដែលជាប់បណ្ដឹងនៅតុលាការ។
លោក ម៉ឺ រតនា យល់ថា មានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអាចបញ្ជាទៅមន្ត្រីក្រោមឱវាទ ឲ្យពន្លឿនការដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋបាន៖ «យើងមើលទៅឃើញតែមួយ ដែលអាចនិយាយទៅអាជ្ញាធរមូលដ្ឋានស្ដាប់ គឺមានតែសម្ដេចតេជោ ចេញមុខក្នុងការដោះស្រាយ។ ពីព្រោះមានហើយ គាត់បង្កើតគណៈកម្មការឲ្យដោះស្រាយដីធ្លី មាននៅខុទ្ទកាល័យ ហើយមាននៅក្នុងក្រសួងដែនដី។ តែការដោះស្រាយហ្នឹង វាអត់មានប្រសិទ្ធភាព ហើយរាល់ថ្ងៃត្រឹមថ្នាក់ក្រោម ត្រឹមក្រសួងស្រែកទេ គាត់អត់ត្រង់ជើង តែបើសម្ដេចស្រែក នៅតាមខេត្តណាក៏ដោយ ឲ្យតែសម្ដេចស្រែក រឿងដីធ្លី រឿងអី ដោះស្រាយបានលឿនបំផុត ហើយខ្ញុំសូមឲ្យសម្ដេច ពិនិត្យមើលឡើងវិញ ហើយជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋ»។
អាស៊ីសេរី មិនអាចទាក់ទងលោក គង់ ចំរើន មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ដែលតែងតែចេញមុខទទួលញត្តិពីពលរដ្ឋបានទេ នៅរសៀលថ្ងៃទី២២ កក្កដា។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា បញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជា បន្តអូសបន្លាយដល់បច្ចុប្បន្ននេះ ភាគច្រើនជាដីសម្បទានដីសេដ្ឋកិច្ច ដែលរដ្ឋាភិបាលផ្ដល់ទៅឲ្យក្រុមហ៊ុនឯកជន និងឧកញ៉ាមួយចំនួន។ លោក អំ សំអាត យល់ថា ដំណោះស្រាយរឿវិវាទដីធ្លីនេះ នឹងដោះស្រាយបញ្ចប់ទៅបាន ប្រសិនបើរដ្ឋាភិបាលពិតមានឆន្ទៈ និងយន្តការច្បាស់លាស់៖ «ការដោះស្រាយទាល់តែមានឆន្ទៈពិតប្រាកដ។ មិនមែនការដោះស្រាយហ្នឹង ស្ថិតនៅលើលិខិតស្នាម ដែលថាចេញទៅ ឲ្យតែថាបានចេញ។ អ៊ីចឹង ! កាលណាថ្នាក់ជាតិ ឬក៏រដ្ឋាភិបាលដែលចេញទៅហើយ ត្រូវតែតាមដានទៅដល់អាជ្ញាធរមូលដ្ឋាន ហ្នឹង បានដោះស្រាយហើយ ឬក៏អត់ទេ ឬមួយក៏បង្កើតគណៈកម្មការដោះស្រាយ ដូចនៅកោះកុង អីពីមុន យើងឃើញថាបង្កើតគណៈកម្មការដើម្បីដោះស្រាយ វាមានលទ្ធផលដែរ។ អ៊ីចឹង ! សំខាន់បំផុត ទៅលើឆន្ទៈ ហើយដោះស្រាយឲ្យប្រាកដប្រជា អ៊ីចឹងបានអាចដោះស្រាយទៅបាន»។
កាលពីខែមិថុនា ឆ្នាំ២១០៨ ពលរដ្ឋទាំង ៥ខេត្ត ធ្លាប់បាននាំគ្នាឡើងមករកដំណោះស្រាយពីខុទ្ទកាល័យលោក ហ៊ុន សែន និងបណ្ដាក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បីជួយអន្តរាគមន៍ផ្ដល់ដំណោះស្រាយ។ ដំណោះស្រាយដែលពលរដ្ឋចង់បាននោះ គឺការគិតគូរផ្ដល់សំណងឲ្យពួកគាត់ជាទឹកប្រាក់ទៅតាមតម្លៃទីផ្សារ ចំពោះដីធ្លីដែលក្រុមហ៊ុន ឬរដ្ឋ ត្រូវការយកទៅអភិវឌ្ឍន៍។
ប៉ុន្តែគិតមកដល់ពេលនេះ ពួកគាត់នៅមិនទាន់ទទួលដំណោះស្រាយណាមួយ ដែលអាចទទួលយកបាន ពីអាជ្ញាធរនៅឡើយ។ ក្រុមប្រជាពលរដ្ឋទាំង ៥ខេត្ត បញ្ជាក់ថា ពួកគាត់នឹងបន្តការតវ៉ាជាថ្មីទៀត ទាល់តែមានបានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។