ក្រុមតំណាងពលរដ្ឋជិត ២០០គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ នៅស្រុកស្រែអំបិល ខេត្តកោះកុង ថា ករណីក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្ត សម្រេចមិនព្រមដោះស្រាយវិវាទដីធ្លីឲ្យពួកគាត់ ជារឿងអយុត្តិធម៌។ ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់នឹងធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីបន្តស្វែងរកដំណោះស្រាយពីមេដឹកនាំរបបក្រុងភ្នំពេញ និងស្ថាប័នរដ្ឋផ្សេងទៀត លុះត្រាតែទទួលបានដំណោះស្រាយក្នុងដីធ្លីនេះ។
តំណាងពលរដ្ឋម្នាក់ក្នុងចំណោមតំណាង ៦នាក់ លោកស្រី អិន ធូ ហៅថា ការសម្រេចរបស់ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកោះកុង ដែលមិនដោះស្រាយតាមសំណើពលរដ្ឋ ១៩៧គ្រួសារថា រឿងអយុត្តិធម៌ ចំពោះពួកគាត់ជាអ្នកមានបញ្ហាពិតប្រាកដ ដែលបាត់បង់ដីធ្លី ដោយសារតែអ្នកមានអំណាចរឹបអូសយក៖ «ខ្ញុំអត់យល់ព្រមទេ។ ខ្ញុំនឹងតស៊ូទៅមុខទៀត នឹងរកដំណោះស្រាយ ឲ្យរដ្ឋាភិបាល និងឯកឧត្ដម ជា សុផារ៉ា ជួយប្រាប់ខ្ញុំផង បើសិនជាថា ឧកញ៉ា ហេង ហ៊ុយ នេះ គាត់ប្លង់ជាកម្មសិទ្ធិរបស់គាត់ ព្រោះគាត់យកដីពួកខ្ញុំជាប្រជាពលរដ្ឋជាង ១៩៧នាក់ យកលួចទៅធ្វើប្លង់។ ចុះ ប្រជាពលរដ្ឋរបស់ពួកខ្ញុំអត់មានប្លង់ ព្រោះរាជរដ្ឋាភិបាលមិនចេញធ្វើប្លង់ឲ្យខ្ញុំផង។ ខ្ញុំនឹងរកដំណោះស្រាយទៅមុខទៀត។ ខ្ញុំអត់ឈប់ទេ។ ខ្ញុំត្រូវតែតស៊ូ អយុត្តិធម៌ណាស់ ពីព្រោះគាត់ជាន់ទូកលម្អៀង»។
តំណាងពលរដ្ឋម្នាក់ទៀត លោក ហេង ជៃ លើកឡើងថា ទាំងក្រសួងទាំងអាជ្ញាធរខេត្ត គួរចាត់មន្ត្រីជំនាញចុះមកសិក្សាស្រាវជ្រាវករណីពួកគាត់ រកឲ្យឃើញការពិតសិន មុននឹងសម្រេចថាមិនដោះស្រាយឲ្យពលរដ្ឋ៖ «ចំពោះប្រជាពលរដ្ឋពួកខ្ញុំ ជារឿងអយុត្តិធម៌សម្រាប់ពួកខ្ញុំណាស់។ ទាំងមន្ត្រីនៅសាលាខេត្ត ទាំងមន្ត្រីនៅក្រសួង គាត់ធ្វើបែបហ្នឹង គឺមិនត្រឹមត្រូវទេ ព្រោះពួកខ្ញុំបាត់បង់ដី។ បើគាត់មិនជឿថា ពួកខ្ញុំបាត់បង់ដីទេ សូមឲ្យគាត់ដាក់ភ្នាក់ងារ ចុះមកពិនិត្យមើលផង។ ដល់គាត់ច្រានចោលភ្លាមៗ ចឹង ដូចអយុត្តិធម៌ពេក»។
លោកស្រី អិន ធូ ឲ្យដឹងថា សំណងដែលប្រជាពលរដ្ឋជិត ២០០គ្រួសារ ចង់ឲ្យអាជ្ញាធរជួយអន្តរាគមន៍ទៅក្រុមហ៊ុនស្ករអំពៅនោះ គឺប្រគល់សងដីធ្លីឲ្យពួកគាត់វិញ ក្នុងគ្រួសារ ២ហិតការ និងប្រាក់ ៧ពាន់ដុល្លារ។ តំណាងពលរដ្ឋដែលមានកូន ៩នាក់ក្នុងបន្ទុករូបនេះ អះអាងថា ប្រជាពលរដ្ឋទាំង ១៩៧គ្រួសារ នឹងបន្តដើររកដំណោះស្រាយពីស្ថាប័នរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បើទោះបីជាត្រូវប្រឈមបញ្ហាអ្វីក៏ដោយ៖ «ខ្ញុំអត់ខ្លាចទេបង។ ប្រជាពលរដ្ឋរបស់ពួកខ្ញុំទាំងអស់គ្នា ត្រូវតែចេញតវ៉ា និងតស៊ូ។ បើសិនជាថា គាត់អត់រកយុត្តិធម៌ឲ្យពួកខ្ញុំទេ ខ្ញុំនឹងឡើងដល់សម្ដេច ហ៊ុន សែន ផ្ទាល់ ឲ្យគាត់រកយុត្តិធម៌ឲ្យពួកខ្ញុំ។ តើគាត់អាចរកយុត្តិធម៌ឲ្យកូនចៅបានឬអត់»។
ការប្រកាន់ជំហរនេះ គឺបន្ទាប់ពីពលរដ្ឋដឹងថាក្រសួងរៀបចំដែនដី និងអាជ្ញាធរបានច្រានចោលសំណើរបស់ពួកគេ តាមរយៈការចេញលិខិតពីស្ថាប័ននីមួយៗ កាលពីថ្ងៃទី១ កក្កដា។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១ ខែកក្កដា ក្រសួងរៀបចំដែនដីអះអាងថា ពលរដ្ឋ ១៩៧គ្រួសារ មិនមានជាប់ពាក់ព័ន្ធនឹងករណីវិវាទដីសម្បទានដាំដំណាំអំពៅផលិតស្ករសនាំចេញ ក្នុងភូមិសាស្ត្រខេត្តកោះកុងទេ។ ក្រសួងបញ្ជាក់ថា មានពលរដ្ឋតែ ៩៨៧គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ នៅក្នុងខេត្តកោះកុង ហើយថា ពួកគេទទួលបានដំណោះស្រាយអស់ហើយ។ នៅក្នុងលិខិតដដែលនោះ ក្រសួងរៀបចំដែនដី ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមប្រជាពលរដ្ឋជិត ២០០រយគ្រួសារ ប្រសិនបើមានការប្រមូលផ្ដុំគ្នា តវ៉ារកដំណោះស្រាយនៅមុខក្រសួងជាថ្មីទៀត។
ចំណែក រដ្ឋបាលខេត្តកោះកុង ក៏បានចេញលិខិតមួយច្បាប់ កាលពីថ្ងៃទី១ កក្កដា ផ្ញើជូនតំណាងពលរដ្ឋ ដោយបដិសេធសំណើពលរដ្ឋដែលសុំកាត់ឆ្វៀលដីទំហំ ៤២១ហិកតារ ចេញពីគម្រោងរបស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខលល័រ គ្រុប (Heng Huy Agri Color Group) ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល។ ក្នុងលិខិតនោះ អាជ្ញាធរខេត្តកោះកុង អះអាងថា ទីតាំងដែលពលរដ្ឋស្នើសុំកាត់ឆ្វៀលនោះ គឺស្ថិតលើដីដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ របស់ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរបញ្ជាក់ថា ការដោះស្រាយគឺសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
ក្រុមប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី ចាប់ផ្ដើមចេញតវ៉ារកដំណោះស្រាយពីអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ចាប់ពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១៩ ក្រោយពីពួកគាត់រស់នៅក្នុងភាពភ័យខ្លាច និងរងគំរាមកំហែងផ្សេងៗ ពីសំណាក់ក្រុមហ៊ុន ហេង ហ៊ុយ អស់ជាច្រើនឆ្នាំមកនេះ។
អ្នកសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តកោះកុង លោក មាន ព្រហ្មមុនី ហាក់មានការភ្ញាក់ផ្អើល បន្ទាប់ខាងអាជ្ញាធរខេត្តចេញលិខិតបញ្ជាក់ថា លោក ហេង ហ៊ុយ មានប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីជាច្រើនហិកតារ។ លោក មាន ព្រហ្មមុនី ដាក់ចេញជាសំនួរថា បើលោក ហេង ហ៊ុយ មានប្លង់កាន់កាប់ដីធ្លី នៅទីតាំងមានជម្លោះយូរឆ្នាំមកហើយ ហេតុអ្វីអាជ្ញាធរមិនប្រកាសរឿងនេះជាសាធារណៈឲ្យប្រជាពលរដ្ឋបានដឹង។
មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្ស យល់ថា អាជ្ញាធរពាក់ព័ន្ធ គួរពិចារណាឡើងវិញ រឿងផ្ដល់ដំណោះស្រាយនិងបញ្ចប់វិវាទជូនប្រជាពលរដ្ឋ មិនគួររុញបញ្ហានេះបន្តទៅស្ថាប័នតុលាការទេ៖ «ចំពោះគាត់ម្នាក់មានច្រើនម្ល៉េះ ហើយធ្វើប្លង់បាន។ អ៊ីចឹង ! មុនដំបូង ខ្ញុំថាអាហ្នឹងវាជាគម្រោងដីសម្បទានសេដ្ឋកិច្ច។ ឥឡូវ វាមានប្លង់ទៅទៀត។ រឿងធ្វើប្លង់ ខ្ញុំដឹងហើយ អ្នកណាមានលទ្ធភាពបង់ពន្ធបង់អីចូលរដ្ឋ ខ្ញុំអត់ដឹងទេ។ ក៏ប៉ុន្តែ សំខាន់ប៉ះពាល់ដល់របស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋត្រូវតែតវ៉ា។ បើគាត់ដោះស្រាយឲ្យគេ គេឈប់តវ៉ាហើយ។ ដើមចម គឺយើងប៉ះពាល់ដីប្រជាពលរដ្ឋ ហើយបើពលរដ្ឋ គាត់នៅតវ៉ា ត្រូវរកដំណោះស្រាយឲ្យគាត់ ទោះតាមរូបភាពណាក៏ដោយ» ។
របបក្រុងភ្នំពេញបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនហេង ហ៊ុយ អភិវឌ្ឍន៍ ជាង ៤ពាន់ហិកតារ ដើម្បីវិនិយោគដំណាំស្ករអំពៅ កាលពីឆ្នាំ២០០៧។ នៅឆ្នាំ២០១០ ពលរដ្ឋចោទ ក្រុមហ៊ុន ហេង ហ៊ុយ ថា បានយកគ្រឿងចក្រទៅឈូសឆាយដីលំនៅប្រជាពលរដ្ឋ និងគំរាមចាប់ខ្លួនប្រជាពលរដ្ឋណា ដែលហ៊ានតវ៉ាចំពោះការឈូសឆាយវាទយកដីរបស់ក្រុមហ៊ុន។ ពួកគាត់អះអាងថា បានចូលកាន់កាប់ និងអាស្រ័យផលលើដីធ្លីចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ដោយមានប័ណ្ណកាន់កាប់ដីធ្លីទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពលរដ្ឋឲ្យដឹងថា ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី ខលល័រ គ្រុប (Heng Huy Agri Color Group) ដែលប្ដូរឈ្មោះទៅជា ហេង ហ៊ុយ អភិវឌ្ឍន៍ បានឈប់ដាំដំណាំអំពៅ ចំណែករោងចក្រផលិតចេញស្ករស ក៏មិនឃើញមានសកម្មភាពមមាញឹកនោះដែរ។
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុង អំពាវនាវដល់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ជួយអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្ដល់សំណងជាដីធ្លី និងថវិកាដល់ពួកគាត់ផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។