គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ចុះ​វាស់​ដី​ទំនាស់​នៅ​ខេត្ត​កំពង់ស្ពឺ

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង ៤០០​គ្រួសារ ដែល​កំពុង​តាំង​លំនៅ​ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ រង​នូវ​ការ​ចោទ​ប្រកាន់​ថា រស់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​ដទៃ ហើយ​អាជ្ញាធរ​មិន​បាន​ចុះ​បញ្ជី​ដីធ្លី​ឲ្យ​នោះ​ទេ។ ក្នុង​ករណី​នេះ អ្នក​ភូមិ​ខ្លះ​ត្រូវ​សមាគម​កសិករ​ប្ដឹង​ឡើង​តុលាការ​ទាំង ៣​ថ្នាក់ តែ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​ជាង ៤០០​គ្រួសារ បាន​ប្ដឹង​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ពី​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់។

គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ចុះ​វាស់​ដី​ទំនាស់​ច្រើន​ភូមិ នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥ ត​ទៅ។

ការ​ចុះ​វាស់​ដី​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​ភូមិ​ជាង ៤០០​គ្រួសារ បាន​ដាក់​ញត្តិ​ទៅ​ស្ទើរ​គ្រប់​ស្ថាប័ន ទាមទារ​យុត្តិធម៌​រឿង​ដីធ្លី​ពួក​គាត់​ដែល​កំពុង​អាស្រ័យ​ផល បាន​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​រហូត​មាន​ការ​ប្ដឹង​អ្នក​ភូមិ​ទៅ​តុលាការ​ច្រើន​ថ្នាក់​ទៀត​ផង។

ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ លោក អ៊ុំ វុធី ថ្លែង​ថា ការ​ចុះ​វាស់​ដី​នេះ គឺ​តាម​បញ្ជា​ពី​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី ក្រោយ​ពី​បាន​ទទួល​បណ្ដឹង​ពី​អ្នក​ភូមិ ស្នើសុំ​ដោះស្រាយ​ដី​កំពុង​ស្នាក់នៅ និង​អាស្រ័យ​ផល​តាម​ផ្លូវ​ជាតិ​លេខ​៤ បែរ​ជា​ស្ថិត​នៅ​ក្នុង​ប្លង់​កម្មសិទ្ធិ​ជនជាតិ​ចិន​តៃវ៉ាន់ និង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។ លោក​ថា បញ្ហា​កម្មសិទ្ធិ​ដី​ហាក់​មិន​ប្រក្រតី​នេះ ទើប​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី បង្កើត​គណៈកម្មការ​មួយ​នៅ​ថ្នាក់​ខេត្ត ឲ្យ​ចុះ​វាស់​ដី​ជម្លោះ​នៅ​ក្នុង​ឃុំ​ត្រែងត្រយឹង ដែល​មាន​ពលរដ្ឋ​ចំនួន ៤៤៧​គ្រួសារ រស់នៅ​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​ចម្ការចេក ភូមិ​៣ និង​ភូមិ​៦ ឲ្យ​ដឹង​ចំនួន​ពិត​ថា​ប៉ុន្មាន​គ្រួសារ​រស់នៅ​លើ​ប្លង់​កម្មសិទ្ធិ​របស់​ជន​ណា ឬ​អង្គការ​ណា?៖ «ប្រជាពលរដ្ឋ​យើង ៤៤៧​គ្រួសារ​ហ្នឹង គាត់​រស់នៅ​លើ​ដី​របៀប​ម៉េច ហើយ​ពាក់ព័ន្ធ​ជាមួយ​នឹង​ដី​គេ​ហ្នឹង​របៀប​ម៉េច? ឧទាហរណ៍​ថា ក្នុង​ដី​មួយ​ប្លង់​របស់​គេ ដែល​មាន​ប័ណ្ណ​ចាស់ តើ​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ដែល​រស់នៅ​លើ​ដី​ហ្នឹង»

មេ​ឃុំ​ត្រែងត្រយឹង អ្នកស្រី កែវ សុផាត ថ្លែង​ថា ការ​ចុះ​វាស់​ដី​ជម្លោះ​នៅ​ក្នុង​ឃុំ​នេះ ទើប​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា។ អ្នកស្រី​ថា អ្នក​ភូមិ​ច្រើន​រយ​គ្រួសារ​បារម្ភ​ខ្លាំង​ពី​ការ​បាត់បង់​ដី និង​ផ្ទះ ដែល​ពាក់ព័ន្ធ​កម្មសិទ្ធិ​អ្នក​ដទៃ​នោះ។

ដូច​គ្នា​ដែរ មេ​ភូមិ​ចម្ការចេក លោក ងឹម សុផល ឲ្យ​ដឹង​ថា ការ​តាំង​លំនៅ​របស់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​នេះ មាន​ខ្លះ​ចាប់​ផ្តើម​ពី​ឆ្នាំ​១៩៧៩ មក ខ្លះ​ក៏​មក​នៅ​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ។ ចំណែក​បញ្ហា​ជម្លោះ​ដី​វិញ បាន​កើត​ឡើង​អំឡុង​ឆ្នាំ​២០០៦ ទៅ​ដល់​ឆ្នាំ​២០១១ ដែល​កាល​នោះ​ភូមិ​ចម្ការចេក ចំណុះ​ឲ្យ​ភូមិ​៣។ លោក​ថា បច្ចុប្បន្ន​ភូមិ​ចម្ការចេក ក៏​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ នៅ​ឡើយ ប៉ុន្តែ​មាន​អ្នក​ភូមិ​រស់នៅ ៣២៣​គ្រួសារ ដែល​បាន​ផ្ដិត​មេដៃ​ប្ដឹង​តវ៉ា​ដីធ្លី​ទៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី ដើម្បី​បាន​រស់នៅ​លើ​ដី​របស់​ខ្លួន។ លោក​បន្ត​ថា ការ​ចុះ​វាស់​ដី​នៅ​ក្នុង​ភូមិ​ចម្ការចេក នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ទើប​បាន ១០​គ្រួសារ​ទេ។

ចំណែក​តំណាង​ពលរដ្ឋ​ភូមិ​ចម្ការចេក លោក ឌួង ស៊ីប៊ុនថុល លោកស្រី ប៉ូ វីរ៉ា និង​លោកស្រី សុខ គង់ អះអាង​ថា ដី​ភូមិ​៣ បាន​ពាក់ព័ន្ធ​កម្មសិទ្ធិ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ​សមាគម​កសិករ ដែល​បាន​ប្ដឹង​អ្នក​ភូមិ​ពី​ឆ្នាំ​២០០៦ ថា​បាន​តាំង​លំនៅ​លើ​ដី​ពួក​គេ ហើយ​តុលាការ ៣​ថ្នាក់ បាន​ផ្ទេរ​មក​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​វិញ។ បន្ទាប់​មក​នៅ​ឆ្នាំ​២០១១ មាន​ជនជាតិ​ចិន ២​នាក់ ចោទ​អ្នក​ភូមិ​ចំនួន​៣ គឺ​ភូមិ​ចម្ការចេក ភូមិ​៣ និង​ភូមិ​៦ រស់នៅ​ក្នុង​ប្លង់​កម្មសិទ្ធិ​របស់​ពួក​គេ ទើប​អ្នក​ភូមិ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ប្ដឹង​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប្ដឹង​ទៅ​រដ្ឋសភា ប្ដឹង​ទៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី ស្នើសុំ​រក​ដំណោះស្រាយ៖ «ព្រោះ​អ្នក​ខ្លះ​រហូត​ដល់​អត់​ហ៊ាន​ដាំ​ដំណាំ​លើ​ដី​របស់​ខ្លួន ខ្លាច​ដាំ​ទៅ​បាន​ទៅ​លើ​គេ​ទៅ​ទៀត»

លោក សំ តាំង តំណាង​ពលរដ្ឋ​ភូមិ​៦ អះអាង​ថា អ្នក​ភូមិ ៦៧​គ្រួសារ​បាន​ផ្ដិត​មេដៃ​ប្ដឹង​ជនជាតិ​ចិន ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​ពួក​គាត់ ទើប​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ចុះ​វាស់​ដី ប៉ុន្តែ​មិន​ទាន់​វាស់​មក​ដល់​ភូមិ​៦ នេះ​នៅ​ឡើយ។

មន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្រុក​ភ្នំស្រួច លោក អ៊ុំ វុធី ឲ្យ​ដឹង​ថា គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​នឹង​វាស់​ដី​ជម្លោះ​រហូត​ចប់​ចំនួន​អ្នក​ប្ដឹង ៤៤៧​គ្រួសារ​នោះ ដើម្បី​សិក្សា​ពី​ទំហំ​ប៉ះពាល់ ហើយ​ដាក់​របាយការណ៍​វាស់វែង​ជូន​អាជ្ញាធរ​ជាតិ​ដោះស្រាយ។ លោក​ថា ការ​ចុះ​វាស់​ដី​នៅ​ថ្ងៃ​នេះ​មិន​ទាន់​មាន​អ្នក​ជំទាស់​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។