ពលរដ្ឋ និងអ្នកសិទ្ធិមនុស្សនៅតែទទូចឱ្យអាជ្ញាធរ និងក្រុមហ៊ុនOCIC របស់លោកឧកញ៉ា ពុង ឃាវសែ ផ្ដល់សំណងសមរម្យដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ សាងសង់ព្រលានយន្ដហោះថ្មី។ អ្នកសិទ្ធិមនុស្សមើលឃើញថា ក្រុមហ៊ុនគួរតែសម្របសម្រួលជាមួយពលរដ្ឋ ជាជាងការបណ្ដេញពលរដ្ឋដោយបង្ខំ ដ្បិតក្រុមហ៊ុនប្រាកដជាមានលទ្ធភាពផ្ដល់សំណងដល់ពលរដ្ឋ។ ចំណែកមន្រ្តីបក្សប្រឆាំងវិញ ព្រមានថា ការអភិវឌ្ឍន៍ ដែលរំលោភបំពានសិទ្ធិពលរដ្ឋបែបនេះ ម្ចាស់ក្រុមហ៊ុន OCIC ប្រឈមមុខនឹងទណ្ឌកម្មនានា នៅពេលខាងមុខ ក្រោយពេលគណបក្សនេះបានដាក់បណ្ដឹងទៅប្រទេសកាណាដា(Canada)ពីអាជីវកម្មរបស់ក្រុមហ៊ុននេះ។
គម្រោងព្រលានយន្ដហោះថ្មី ដែលជាគម្រោងខ្នាតយក្សអាចនឹងឱ្យក្រុមហ៊ុនរកប្រាក់ចំណេញច្រើននៅក្រោយពេលគម្រោងនេះបញ្ចប់ បង្ហាញថា ក្រុមហ៊ុនOCICពិតជាមានលទ្ធភាព អាចផ្ដល់សំណងសមរម្យដល់ពលរដ្ឋបាន។
មន្រ្តីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត បានសាកល្បងគណនាតម្លៃដីដែលក្រុមហ៊ុនយល់ព្រមផ្ដល់ឱ្យពលរដ្ឋ ប្រៀបធៀបគ្នានឹងតម្លៃទីផ្សារថា៖ «ប្រសិនបើនៅសរុប ៣៣០ គ្រួសារហ្នឹង សរុបដីរបស់គាត់ហ្នុងជាង ១៦៨ ហិកតារ បើគិតជាទឹកប្រាក់ទៅចំនួន៨ដុល្លារមែន គឺក្រុមហ៊ុនត្រូវចំណាយតែជាង ១លានដុល្លារទេ ។ ប្រសិនបើ ៨០ ដុល្លារ តាមការទាមទារ របស់ពលរដ្ឋវិញ ក្រុមហ៊ុនត្រូវចំណាយ ជាង ១១៣ លានដូល្លារបើគិតពីប្រាក់វិនិយោគគឺ ១៥០០ លានដូល្លារ ដែលជាប្រាក់ត្រឹមតែជំហ៊ានដំបូងប៉ុណ្ណោះ យើងដឹងថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន មាន៣ដំណាក់កាល»។
លោក វណ្ណ សូផាត អះអាងថា គម្រោងព្រលានយន្តហោះអន្តរជាតិនេះ ក្រុមហ៊ុនអាចនឹងបានប្រាក់ចំណេញច្រើនលើសលប់នៅក្រោយពេលសាងសង់រួច។ លោកថា ប្រសិនបើក្រុមហ៊ុននៅតែប្រកាន់ជំហរផ្ដល់សំណងតម្លៃ ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ នោះក្រុមហ៊ុនអាចចំណេញលើពលរដ្ឋរហូតដល់ទៅជិត ១០ ដងយ៉ាងតិចនូវអ្វីដែលក្រុមហ៊ុនផ្ដល់ឱ្យ៖ «គ្រាន់តែដោះស្រាយបញ្ចប់ ត្រូវប្រើលុយត្រឹមតែជាង៨ % នៃដំណាក់កាលទី១ របស់ក្រុមហ៊ុន គឺអាចបញ្ចប់ហើយ អត់ចាំបាច់មានរឿងរ៉ាវមកដល់ពេលបច្ចុប្បន្នទេ។ សួរថា ក្រុមហ៊ុន មានលទ្ធភាពទេ? គឺមាន ប៉ុន្តែបើក្រុមហ៊ុននៅតែប្រើប្រាស់យន្តការ ឬតាក់តិចក្នុងការបណ្ដេញចេញដោយបង្ខំហ្នឹងក្រុមហ៊ុនត្រូវចំណេញប៉ុន្មាន ? ក្រុមហ៊ុនចំណេញជាង ១១៩ ដុល្លារ គឺរហូតដល់ទៅជិត ៩០ភាគរយ ។ ចុះប្រជាពលរដ្ឋវិញ បើគាត់ទទួលយកលុយហ្នឹង តើគាត់អាចយកលុយហ្នឹងទៅទិញដីទំហំប៉ុនគ្នា នៅតំបន់ទីតាំងហ្នុង ឬជុំវិញហ្នុងបានទេ ? អត់បានទេ គឺត្រូវថែម៩០ % ទៀត»។
ប្រជាពលរដ្ឋនៅស្រុកកណ្ដាលស្ទឹងលោកស្រី ឃឹម ម៉ាលី ប្រាប់វិទ្យុអាស៊ីសេរីថា ពលរដ្ឋត្រេកអរ និងយល់ស្របនឹងការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ប៉ុន្តែសុំត្រឹមសំណងសមរម្យ៖ « ខ្ញុំយល់ថា នៅស្រុកខ្មែរខ្ញុំនេះអយុត្តិធម៌ណាស់ អ្នកមានធ្វើបាបតែអ្នកក្រ អ្នកល្អក៏ប្រែទៅជាអាក្រក់ ដូចជាពួកខ្ញុំជាជនរងគ្រោះ៣៣០គ្រួសារមិនដែលប្រាថ្នាចង់បានរបស់នរណាទេ សូមត្រឹមតែម៉ារស់ ធម្មតាដូចគេដូចឯង មិនដែលចង់បានអ្វីពីអស់លោក អ្នកធំ អ្នកមានទេ លោកអើយ ។ ខ្ញុំគិតថាខ្ញុំរស់នៅរាល់ថ្ងៃនេះអយុត្តិធម៌បំផុត ។ ពួកខ្ញុំំចង់ស្រែករកអ្នកជួយណាស់ តែមិនដឹងទៅរកនរណាទេ ។ ខ្ញុំឆ្អែតនឹងអាជ្ញាធរណាស់ ពួកខ្ញុំឈឺចាប់ស្រែកទ្រហោយំយ៉ាងណាក៏គ្មានដែរ តែចំណែកគេមានលុយវិញ គេថាតែបន្តិចគេចុះម៉ោភ្លាម »។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីតំណាងក្រុមហ៊ុន OCIC លោក ជូ កុក បានទេកាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ដោយទូរស័ព្ទតែគ្មានអ្នកទទួល។
ទាក់ទងនឹងរឿងនេះ អនុប្រធានគណបក្សសង្រ្គោះជាតិអ្នកស្រី មូរ សុខហួរ អះអាងថា អ្នកស្រីបានដាក់បណ្ដឹងទៅរដ្ឋាភិបាលប្រទេសកាណាដា ដើម្បីឱ្យមានចំណាត់ការលើម្ចាស់ក្រុមហ៊ុន OCIC លោកឧកញ៉ា ពុង ឃាវសែ ដែលលោកមានសញ្ជាតិកាណាដា។ អ្នកស្រីព្រមានថា ម្ចាស់ក្រុមហ៊ុន OCIC ប្រឈមនឹងទណ្ឌកម្មនានាតាមច្បាប់របស់ប្រទេសកាណាដាទាក់ទងនឹងអាជីកម្មដែលមានការរំលោភសិទ្ធិមនុស្សរបស់ក្រុមហ៊ុននេះ៖ «យើងត្រូវតែនិយាយពីការអភិវឌ្ឍមួយ ដែលកាណាដាគេឯកភាពដែរ គឺមិនអាចប៉ះពាល់ជាដាច់ខាតទៅលើសិទ្ធិមនុស្ស ការអភិវឌ្ឍ ដែលគ្មានចីរភាព ។ ខ្ញុំសុំឱ្យរដ្ឋាភិបាលកាណាដា មើលទៅចូលរួមផងករណីក្រុមហ៊ុន OCIC មិនមែនតែនៅក្នុងគម្រោងសាងសង់ ព្រលានយន្តហោះថ្មីនេះទេ គឺតាំងពីនៅកោះពេជ្រ និងកន្លែងជាច្រើនទៀត»។
ទាក់ទងនឹងការដាក់ទណ្ឌកម្មអ្នកជំនូញនិងក្រុមហ៊ុនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនេះ សហរដ្ឋអាមេរិកបានឈានមុខគេដោយបានប្រើប្រាស់ច្បាប់ដាក់ទណ្ឌកម្ម ម៉េណិតស្គី (Magnet Sky Act) ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមេឈ្មួញឈើលោក ទ្រី ភាព និងក្រុមហ៊ុនពាក់ព័ន្ធរបស់លោក ក្រុមហ៊ុនចិន យូញៀនគ្រុប (UDG) រួមនឹងក្រុមហ៊ុនជាច្រើនពាក់ព័ន្ធនឹងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលលោក គន់ គីម ដែលត្រូវបង្កកទ្រព្យសម្បត្តិដែរនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។