អ្នកស្រុកគីរីសាគរប្រមាណ ១រយនាក់ អស់ជំនឿនឹងអាជ្ញាធរខេត្តកោះកុង ដែលឲ្យពួកគេបន្តរង់ចាំដំណោះស្រាយក្នុងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន។
ពលរដ្ឋប្រមាណ ១រយនាក់ តំណាងឲ្យជាង ២០០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនយូញៀន (Union Development Group) នៅស្រុកគីរីសាគរ ប្រមូលផ្ដុំគ្នាមុខសាលាខេត្តកោះកុង ស្នើសុំអភិបាលខេត្តពន្លឿនដំណោះស្រាយឲ្យពួកគេ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស យល់ថា អាជ្ញាធរ និងភាគីក្រុមហ៊ុន គួរគិតគូរផ្ដល់ដំណោះស្រាយសមរម្យណាមួយដែលពលរដ្ឋអាចទទួលបាន ប្រសើរជាងពន្យារពេលហើយអូសបន្លាយបញ្ហាបន្តទៅទៀត។
តំណាងពលរដ្ឋ១០នាក់ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ បានចូលជួបអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង តាមលិខិតកោះហៅពីអាជ្ញាធរ ដើម្បីពិភាក្សារកដំណោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន (Union) ។
ក្រោយបញ្ចប់ជំនួបនោះ តំណាងសហគមន៍ឃុំកោះស្ដេច លោកស្រី សាំង ពុយ ប្រាប់អាស៊ីសេរីថា លោកស្រី អស់សង្ឃឹមនឹងចំណាត់ការរបស់អាជ្ញាធរខេត្ត ដែលមិនអាចដោះស្រាយបញ្ហាដីធ្លីរ៉ាំរ៉ៃជាង ១០ឆ្នាំមកនេះ ឲ្យពលរដ្ឋបាន ហើយឲ្យពួកគាត់បន្តរង់ចាំការសម្រេចពីអន្តរក្រសួង ដែលមានក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី ប្រជុំអំពីរឿងនេះ នៅថ្ងៃទី២៧ ខែកុម្ភៈ។
លោកស្រី ថ្លែងថា ពួកគាត់ សរុប ២៧គ្រួសារចំណាយពេលរង់ចាំដំណោះស្រាយពីជម្លោះដីធ្លីមួយនេះ ជាង ១០ឆ្នាំមកហើយ ក៏មិនដឹងថានៅពេលនឹងអាចទទួលដំណោះស្រាយដែរ។
លោកស្រី លើកឡើងថា ពេលពលរដ្ឋឡើងទៅរកដំណោះស្រាយពីក្រសួងបរិស្ថាន និងក្រសួងដែនដី ក្រសួងទាំងពីរ តម្រូវឲ្យពលរដ្ឋទៅរកដំណោះស្រាយពីខាងខេត្ត រីឯអាជ្ញាធរខេត្ត បែរជាថាត្រង់រង់ការសម្រេចពីរក្រសួងទៅវិញ។
លោកស្រី បញ្ជាក់ថា ដំណោះស្រាយដែលសហគមន៍ចង់បាន គឺការផ្ដល់សំណងទៅតាមតម្លៃទីផ្សារឲ្យពលរដ្ឋ បើក្រុមហ៊ុនត្រូវការដីធ្លីរបស់ពលរដ្ឋ បើមិនដូច្នោះទេ អាជ្ញាធរត្រូវកាត់ឆ្វៀលដីចេញតំបន់ក្រុមហ៊ុន មកឲ្យប្រជាពលរដ្ឋវិញ។ ពលរដ្ឋបដិសេធមិនទទួលយកការដោះដូរដីទៅរស់នៅទីតាំងថ្មីដែលអាជ្ញាធរផ្ដល់ឲ្យនោះទេ។
តំណាងពលរដ្ឋរូបនេះ ស្នើប្រមុខរដ្ឋាភិបាល គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍បញ្ចប់ជម្លោះដីធ្លីនៅឃុំកោះស្ដេច ដើម្បីឲ្យពលរដ្ឋមានវេលាប្រកបរបរចិញ្ចឹមជីវិត ហើយបញ្ឈប់ការចេញតវ៉ាតទៀត៖ « ខ្ញុំសំណូមពរសូមឲ្យធ្វើការឲ្យបានលឿន ដោះស្រាយឲ្យបានចប់ ឲ្យបានច្បាស់លាស់ ឲ្យប្រជាពលរដ្ឋ។ ពួកយើងរងគ្រោះជាង១០ឆ្នាំ ពួកយើងមិនចង់ធ្វើអ៊ីចឹងទេ។ យើងចង់មានជីវិត មានពេលរកស៊ីដូចគេដូចឯង។ យើងមានការអន់ចិត្តខ្លាំងណាស់ដែលថា ការធ្វើការរបស់គាត់មានពេលយឺតយ៉ាវ។ ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាល គាត់ជួយជំរុញឲ្យក្រុមហ៊ុន យូញៀនដោះស្រាយឲ្យបានបញ្ចប់ទៅ។ ឆ្នាំ២០២០ ហើយ សូមឲ្យវាចប់ឆ្នាំ ហ្នឹងទៅ កុំឲ្យអូសពេលវេលាតទៅមុខទៀត»។
តំណាងពលរដ្ឋម្នាក់ទៀតមក ពីសហគមន៍ព្រែកខ្សាច់ លោកស្រី ផា ភួង ថ្លែងថា ពលរដ្ឋទាំងអស់១៨៤គ្រួសារ នៅតែស្នើដល់អាជ្ញាធរកាត់ឆ្វៀលដីស្ថិតនៅក្នុងភូមិសំរោងតាកែវ ឃុំព្រែកខ្សាច់ ចេញពីតំបន់របស់ក្រុមហ៊ុន ពីព្រោះពួកគាត់មិនចង់ផ្លាស់ប្ដូរទៅនៅទីតាំងថ្មីនោះទេ។
តំណាងពលរដ្ឋរូបនេះ បញ្ជាក់ថា បើមិនមានដំណោះស្រាយកាលឆ្វៀលដីឲ្យពលរដ្ឋទេ ពួកគាត់ប្ដេជ្ញាបន្តការតស៊ូរួមគ្នា ដើម្បីតតាំងជាមួយភាគីក្រុមហ៊ុន និងអាជ្ញាធរ បើសិនជាមានការដាក់កម្លាំងបង្ខំឲ្យពលរដ្ឋចាកចេញពីផ្ទះសម្បែង និងដីចម្ការរបស់ពួកគាត់៖ «បើសិនជាគេដាក់វិធានការមកថា ដាក់អាអ៊ិច ដាក់អាប៊ុល ឬមួយកម្លាំងសន្តិសុខ ប៉េអឹមអី មកប្រើអំពើហិង្សាដាក់ប្រជាពលរដ្ឋពួកយើងខ្ញុំហ្នឹង ពួកខ្ញុំនឹងស៊ូទៅវិញហើយ ព្រោះអីពួកខ្ញុំបានប្រើធម៌ត្រជាក់មកយូរដែរហើយ។ គាត់ហាម គាត់ថា កុំឲ្យប្រជាពលរដ្ឋក្នុងភូមិហ្នឹង សូមឲ្យស្ងប់ស្ងាត់ មិនឲ្យតវ៉ា មិនឲ្យចេញដើររញ៉េរញ៉ៃ។ គាត់ប្រាប់ឲ្យពលរដ្ឋរង់ចាំ និងស្ងប់ស្ងាត់ តែខាងក្រុមហ៊ុន គាត់អត់បានហាមទេ។ ខាងក្រុមហ៊ុន គាត់អុកឡុកមករហូត។ សូម្បីតែអាឈើយកធ្វើផ្ទះ ក៏បរិស្ថានឡប់មើលរាល់ថ្ងៃដែរ។ អ្នកមានសមត្ថភាព គាត់អាចធ្វើផ្ទះថ្មបាន ធ្វើអត់បានទេ ធ្វើបានត្រឹមចាក់គ្រឹះ សន្តិសុខចិន និងបរិស្ថានមកហាមឃាត់»។
លោកស្រី ផា ភួង ឲ្យដឹងថា ខាងក្រុមហ៊ុនចិន យូញៀន នៅតែបន្តប្រើគ្រឿងចក្រជាច្រើនគ្រឿង ឈូសបំផ្លាញដីចម្ការរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើផ្លូវចេញពីឃុំកោះស្ដេចទៅឃុំព្រែកខ្សាច់៖ «អ្នកនៅក្នុងភូមិ គាត់ឡើងទៅស៊ើប ឃើញអាអ៊ិក អាប៊ុលវាកំពុងតែឈូស។ របៀបថាវាឈូសផ្លូវវាងមិនហត់ធ្វើស្ពាន ដើម្បីឆ្លងមកដល់ភូមិរបស់ពួកខ្ញុំហ្នឹង។ ពីរបីឆ្នាំ មុនហ្នឹង វាបានធ្វើស្ពាន ហើយវាក៏បានចូលមកដល់ភូមិសំរោងតាកែវហ្នឹង មិនទាន់ដល់ភូមិទេ លក្ខណៈថាឆ្ងាយពីភូមិដែរ តែវាបានឈូសដំណាំពលរដ្ឋអស់៨គ្រួសារ។ ពេលកំពុងតែឈូសដំណាំហ្នឹង ប្រជាពលរដ្ឋក្នុងភូមិ ប្រមូលគ្នាទៅ តែមានអ្នកក្នុងភូមិឲ្យការណ៍ ដល់ពេលយើងទៅដល់កន្លែងឈូសហ្នឹង»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះ ពីអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង និងអភិបាលរងខេត្តទទួលបន្ទុកដោះស្រាយជម្លោះដីធ្លី លោក សុខ សុធី មកដល់ល្ងាចថ្ងៃទី២៥ កុម្ភៈ បាននៅឡើយ ដោយគ្មានអ្នកទទួលទូរស័ព្ទ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ ប្រចាំកោះកុង លោក ហួរ អ៊ីន ដែលតាមដានវិវាទដីធ្លីរ៉ាំរ៉ៃមួយនេះ ថ្លែងថា បញ្ហាដែលមិនអាចដោះស្រាយបាន ហើយចេះតែបន្តអូសបន្លាយពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារខាងអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ គ្មានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយបញ្ចប់ជម្លោះដីធ្លីមួយនេះ ក្រៅពីរុញច្រានដាក់គ្នាទៅវិញមក។
លោកសង្កេតឃើញថា ក្រុមហ៊ុនចិន យូញៀន សហការជាមួយអាជ្ញាធរ បានដោះស្រាយឲ្យពលរដ្ឋជាច្រើនគ្រួសារហើយ។ លោក បញ្ជាក់ថា ដំណោះស្រាយដែលក្រុមហ៊ុនផ្ដល់ឲ្យពលរដ្ឋភាគច្រើន គឺជាប្រាក់សំណង ផ្ទះ និងដីចម្ការនៅទីតាំងថ្មី ចំណែកការកាត់ឆ្វៀលដីឲ្យពលរដ្ឋ គឺមិនមានទេ ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ យល់ថា ជាង១០ឆ្នាំមកនេះ គឺសមល្មមដល់ពេលវេលា ដែលអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រសួងដែនដី ក្រសួងបរិស្ថាន រួមទាំងភាគីក្រុមហ៊ុនចិន គិតផ្ដល់ដំណោះស្រាយណាមួយដែលពលរដ្ឋអាចទទួលយកបាន៖ «ប្រជាពលរដ្ឋភាគច្រើនដីគាត់ គឺដីចម្ការ។ ដីចម្ការដែលគាត់ប្រាប់ ភាគច្រើនមានដូង ផ្លែឈើផ្សេងៗទៀត។ ហើយបើសិនដោះដូរដីឲ្យគាត់ទៅទីតាំងថ្មីមួយទៀត ចុះទម្រាំគាត់បង្កបង្កើនផលបាន តើគាត់ត្រូវចំណាយពេលប៉ុន្មានឆ្នាំ។ អ៊ីចឹង ! ខាងក្រុមហ៊ុន គួរតែគិតគូរផ្ដល់ជាសំណង ឬទូទាត់ទៅតាមតម្លៃទីផ្សារនៃដីរបស់ពួកគាត់ទៅ។ វាអាស្រ័យលើប្រជាពលរដ្ឋនិងអាជ្ញាធរដែរ តើព្រមព្រៀងគ្នាយ៉ាងក្នុងករណីហ្នឹង»។
ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) បានទទួលដីសម្បទានសេដ្ឋកិច្ច នៅចំកណ្ដាលឧទ្យានជាតិបទុមសាគរ ក្នុងខេត្តកោះកុង សរុបចំនួនជាង ៤ម៉ឺន៥ពាន់ហិកតារ (៤៥.១០០) ពីរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីឆ្នាំ២០០៨ ដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់ជិត៤ពាន់លានដុល្លារ (៣,៨ពាន់លានដុល្លារ)។
គម្រោងអភិវឌ្ឍនេះ បានបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរជាង ១ពាន់គ្រួសារ ត្រូវចាកចេញពីលំនៅឋានរបស់ពួកគេ ប៉ុន្តែនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅមិនទាន់ទទួលបានដំណោះនៅឡើយ គិតមកដល់ពេលនេះ។
កាលពីឆ្នាំ២០១៨ កន្លងទៅ ទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយច្បាប់ដែលមានចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅសាលាខេត្តកោះកុង ដោយបញ្ជាឲ្យ ក្រសួងបរិស្ថានត្រូវសិក្សាការកាត់ឆ្វៀលដីនៅទីតាំងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ និងទីតាំងកៀនទឹក ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង ចេញពីតំបន់វិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ»។
ក្នុងលិខិតនោះ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវេឡុបមិន គ្រុប ( Union Development Group Co.,Ltd) ត្រូវរក្សាទុកព្រៃកោងកាង ព្រៃលិចទឹក តំបន់ព្រៃស្រោង តំបន់ទីជម្រាលភ្នំ ជាតំបន់អភិរក្ស នៅក្នុងប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍របស់ខ្លួនផងដែរ។ ក្រោយមក ក្រសួងបរិស្ថានក៏បាននិរាករណ៍លិខិតដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រីនោះចោលវិញ ដោយគ្មានបញ្ជាក់ពីមូលហេតុច្បាស់លាស់ណាមួយទេ។
អាស៊ីសេរីមិនអាចសុំការបកស្រាយចំណុចនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភ័ក្ត្រា បានទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយសារលោកមិនលើកទូរស័ព្ទ។
ទោះបីជាយ៉ាងណា សង្គមស៊ីវិលឃ្លាំមើលផ្នែកសិទ្ធិមនុស្ស ទទូចដល់រដ្ឋាភិបាល ដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យពលរដ្ឋមានពេលវេលាប្រកបរបរចិញ្ចឹមជីវិត និងចៀសវាងចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។