អ្នក​ខេត្ត​ត្បូង​ឃ្មុំ​ជិត ២០០គ្រួសារ ស្នើសុំ​ក្រសួង​ដែនដី ឱ្យ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន

0:00 / 0:00

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ ខេត្ត​ត្បូងឃ្មុំ​ប្រមាណ​៤០​នាក់ តំណាង​ឲ្យ​ជិត ២០០គ្រួសារ នាំ​គ្នា​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​រៀប​ចំ​ដែនដី នៅ​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ រឿង​កាត់​ដី​ព្រៃ​សហគមន៍​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ខណៈ​ពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​។ អ្នក​ឃ្លាំមើល​រឿង​នេះ ស្នើ​ឲ្យ​ក្រសួង​រៀប​ចំ​ដែនដី ចាត់​មន្ត្រី​ជំនាញ​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់ និង​ដោះស្រាយ​បញ្ចប់​ទំនាស់​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន។

តំណាង​សហគមន៍​ត្រពាំងព្រីង​ លោក ថា លីដា ឲ្យ​ដឹង​ថា​ វិវាទ​ដីធ្លី​នេះ ​កើត​មាន​តាំង​ពី​ឆ្នាំ២០១៦ រហូត​មក​ដល់​បច្ចុប្បន្ន។ អ្នក​ភូមិ​ស្រែ​ប្រាំង និង​ភូមិ​បុស្ស​ស្នោរ នៅ​មិន​ទាន់​ទទួល​បាន​សំណង ពី​ក្រុមហ៊ុន​ចិន ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) និង​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ។

លោក​ បន្ត​ថា ក្នុងរយៈពេល​១​សប្ដាហ៍​មក​នេះ ភាគី​ក្រុមហ៊ុន​ នៅ​តែ​បន្ត​ប្រើ​គ្រឿង​ចក្រ​ ឈូស​ឆាយ​បំផ្លាញ​ដី​ចម្ការ ដំឡូងមី ​ស្វាយ​ចន្ទី​របស់​អ្នក​ភូមិ​ ដោយ​សំអាង​ថា មន្ទីរ​សុរិយោដី​ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​កាត់​ដី​ព្រៃ​សហគមន៍​ទំហំ​ជាង​៤រយ​ហិកតារ (៤២១.៧០) ​ឲ្យ​ក្រុមហ៊ុន​រួច​ហើយ ។

តំណាង​ពលរដ្ឋ​រូប​នេះ ​ស្នើ​ដល់​ក្រសួង​ដែន​ដី​ចាត់​វិធានការ​ផ្អាក​សកម្មភាព​របស់​ក្រុមហ៊ុន​ជា​​បណ្ដោះអាសន្ន និង​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ដែល​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ​រក​ការ​ពិត​ក្នុង​រឿង​នេះ៖ « ជា​ចុង​ក្រោយ​ ខ្ញុំ​សំណូមពរ​ទៅ​សម្ដេច​ក៏​ដូច​ជា ក្រសួង​គ្រប់​ជាន់​ថ្នាក់ មេត្តា​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ ហើយ​និង​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​លាស់ រឿង​ការ​ទិញ​លក់​រវាង​ក្រុមហ៊ុន​ចិន និង​ប្រជាពលរដ្ឋ។ រឿង​ជម្លោះ​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ វា​យូរ​ឆ្នាំ​មក​ហើយ។ អ៊ីចឹង ! សំណូមពរ​ដោះស្រាយ​រឿង​ហ្នឹង​ ឲ្យ​បាន​ឆាប់​រហ័ស។ ឥលូវ​ក្រុមហ៊ុន​ចិន នៅ​តែ​សំអាង​ថា​ជា​កម្មសិទ្ធិ​របស់​ខ្លួន នៅ​តែ​យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​ដំណាំ​ប្រជា​ពលរដ្ឋ»។

លោក ថា លីដា ឲ្យ​ដឹង​ដែរ​ថា ខាង​មន្ត្រី​តំណាង​ក្រសួង​រៀប​ចំ​ដែនដី ទទួល​យក​សំណើ​ពលរដ្ឋ​ហើយ ប៉ុន្តែ​មិន​បញ្ជាក់​ថា ក្រសួង​នឹង​ចុះ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ នៅ​ពេល​ណា​នោះ​ទេ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី លោក សេង ឡូត និង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​ត្បូងឃ្មុំ លោក ប៉ូច សុធារិទ្ធ បាន​​ទេ ដោយ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កំពង់ចាម លោក វ៉ន សេងធុយ​ ដែល​តាម​ដាន​រឿង​នេះ ឲ្យ​ដឹង​ថា ដី​ជាង​៤០០​ហិកតារ​នេះ គឺ​ជា​ចំណែក​ដី​ដែល​អាជ្ញាធរ​កាត់​ចេញ​ពី​ដី​ព្រៃ​សហគមន៍​ត្រពាំង​ព្រីង​ជាង​១​ពាន់​២​រយ​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន។ លោក​បញ្ជាក់​ថា ​ខាង​ក្រុមហ៊ុន​ ដែល​​អះអាង​ថា ​ខ្លួន​បាន​ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​រួច​ហើយ ប៉ុន្តែ​គិត​មក​ដល់​ពេលនេះ គ្មាន​ពលរដ្ឋ​មួយ​គ្រួសារ​ណា បាន​ទទួល​សំណង​ ពី​វិវាទ​ដីធ្លី​នេះ​នៅ​ឡើយ​ទេ។

លោក​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ យល់ថា​ ក្រសួង​រៀប​ចំ​ដែន​ដី គួរ​ចុះ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​ ទើប​អាច​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​បាន៖ «ការ​សម្រេច​របស់​ខ្លួន យើង​ស្នើ​សុំ​ឲ្យ​មាន​ការ​ចុះ​ទៅ​ដល់​មូលដ្ឋាន​តែ​ម្ដង ចុះ​ស្រាវជ្រាវ​ឯកសារ​ដែល​ពាក់​ព័ន្ធ មុន​នឹង​សម្រេច ហើយ​ជួប​ជាមួយ​នឹង​ពលរដ្ឋ និង​រក​ឯកសារ​ច្បាស់លាស់​ដើម្បី​ឲ្យ​មាន​តម្លាភាព​រវាង​ក្រុមហ៊ុន​ និង​ពលរដ្ឋ។ យើង​ស្នើ​ឲ្យ​ក្រសួង​សម្រេច​ដោយ​គោរព​គោលការណ៍​សមភាព​ផង ដែល​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​បាន ហើយ​ខាង​ក្រុមហ៊ុន​ក៏​ទទួល​យក​បាន​ដែរ។ នៅ​ពេល​មិន​គាត់​ព្រម​ទទួល​យក​ គាត់​ប្រាកដ​ជា​ទាមទារ​ផលប្រយោជន៍​របស់​គាត់​ហើយ»។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩ ក្រសួង​ដែនដី សម្រេច​ច្រាល​ចោល​សំណើ​ពលរដ្ឋ​ម្ដង​រួច​មក​ហើយ​ ដែល​ស្នើ​សុំ​ទាមទារ​ដី​ព្រៃ​សហគមន៍ យក​មក​កាន់​កាប់​វិញ​ ដែល​ស្ថិត​នៅ​​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។ ក្រសួង​អះអាង ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ ថា ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមព្រៀងគ្នា​លក់​ដី​ឱ្យ​ទៅ​ក្រុមហ៊ុន​ ហា​មី​នី​វី​ង​អ៊ី​ន​វេស​មេន ខូ​អិ​ល​ធី​ឌី តាំង​ពី​ឆ្នាំ​២០១១​មក ហើយ​ក្រុមហ៊ុន​ក៏​បាន​ចុះបញ្ជី​រួចរាល់​ដែរ។ នៅ​ពេល​នោះ ក្រសួង​ក៏​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​មេខ្លោង ដែល​ញុះញង់​បោកប្រាស់​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​ក្នុង​ចលនា​ទាមទារ​នេះ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​។

ពលរដ្ឋ​បដិសេធ​ការ​លើក​ឡើង​នេះ។ ពួកគាត់​ស្នើ​ឲ្យ​ក្រសួង​ដែនដី ​ចុះ​ស៊ើបអង្កេត​ករណី​នេះ ឲ្យបាន​ច្បាស់លាស់ ​ដោយ​មិន​គួរ​ផ្អែក​តែ​លើ​របាយការណ៍​ថ្នាក់​ឃុំ ស្រុក និង​ខេត្ត​នោះ​ឡើយ​។

ក្នុង​វិវាទ​ដីធ្លី​មួយ​នេះ តុលាការ​ខេត្ត​ត្បូងឃ្មុំ នៅ​មិន​ទាន់​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក​ សែម សាង នៅ​ឡើយ​ទេ ក្រោយ​ពី​សមត្ថកិច្ច​ស្រុក​តំបែរ ចាប់​ខ្លួន​លោក ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៩ កន្លង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។