ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បឹង​តាមោក​ដេក​យាម​តូប​លក់ដូរ ខណៈ​អាជ្ញាធរ​នៅតែ​ឃ្លាំមើល​ពួកគាត់

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ក្បែរ​បឹង​តាមោក​ប្រមាណ​២០​នាក់​នៅ​ថ្ងៃទី​២៤ ធ្នូ នាំគ្នា​ដេក​យាម​ការពារ​តូប​លក់​អីវ៉ាន់​ពីព្រោះ​ខ្លាច​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ចុះ​រុះរើ​តូប​របស់​ពួកគាត់​ម្ដងទៀត។ ពួកគាត់​អះអាង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​គឺជា​ការ​រំខាន​ដល់​ការ​ប្រកប​មុខ​របរ​ចិញ្ចឹមជីវិត​របស់​ពួកគាត់​ហើយ​អ្នកខ្លះ​មិន​ហ៊ាន​ចេញ​ទៅ​រក​ប្រាក់​ចំណូល​ឆ្ងាយ​ពី​លំនៅឋាន​ឡើយ។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​បឹងតាមោក ស្ថិត​ក្នុង​សង្កាត់​សំរោងត្បូង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ​លើកឡើង​ថា ពួកគាត់​កំពុង​មាន​ជីវភាព​ខ្វះខាត និង​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វ័ណ្ឌក​ដោយសារតែ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ នៅ​តែ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួកគាត់។

ពលរដ្ឋ​រស់នៅ​ក្បែរ​បឹងតាមោក លោកស្រី គង់ តឿ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ថា​ស្ថានភាព​ជីវភាព​លោកស្រី​កាន់តែ​ក្រលំបាក បន្ទាប់ពី​អាជ្ញាធរ​ចុះ​មក​រុះរើ​តូប និង​បំផ្លាញ​អីវ៉ាន់​លោកស្រី​អស់​ដែល​គិត​ជា​ថវិកា​ជាង ៣​លាន​រៀល ធ្វើ​ឱ្យ​លោកស្រី​គ្មាន​ប្រាក់​សងបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ លោកស្រី​បន្ត​ថា ទង្វើ​របស់​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ គឺ​មាន​ចេតនា​បង្ខំ​ឱ្យ​លោកស្រី​ចាកចេញ​ពី​លំនៅឋាន​ដើម្បី​យក​ដី​ឱ្យ​ទៅ​អ្នក​មាន​លុយ​មាន​អំណាច​សាងសង់​បុរី​លក់។

លោកស្រី គង់ តឿ៖ «សព្វថ្ងៃ​ខ្ញុំ​តូចចិត្ត ខ្ញុំ​តូចចិត្ត​ត្រង់​ថា ជនជាតិ​ឯង​ខ្មែរ​សុទ្ធ​ហេតុអ្វី​អត់​មាន​អី​សព្វគ្រប់​ដូច​ជនជាតិ​ចិន ជនជាតិ​វៀតណាម​គេ​មាន​គ្រប់​ហើយ​គេ​មាន​មេ​គេ​ការពារ បើ​ឯង​អត់​សោះ​មានតែ​ប្ដឹង​កូនចៅ​ឯង​យក​ទៅ​តុលាការ​សុទ្ធតែ​ច្បាប់​ព្រហ្មទណ្ឌ ចង់ឱ្យ​កូនចៅ​ឯង​ជាប់គុក»។

កាល​ពី​ថ្ងៃទី១៩ ខែ​ធ្នូ អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ជិត ២០​នាក់​បាន​ចុះ​រុះរើ​ផ្ទះ​និង​តូប​អីវ៉ាន់​ព្រម​ទាំង​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​បណ្ដាល​ឱ្យ​ពួកគាត់​មួយ​ចំនួន​រង​របួស​ស្រាល​ដោយ​គ្រាន់តែ​ពួកគាត់​លក់ដូរ​អីវ៉ាន់​បន្តិចបន្តួច​នៅ​តាម​ដង​ថ្នល់​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​លុប​បឹង​តាមោក ម្នាក់ទៀត​គឺ លោកស្រី ស៊ា ដាវី ថ្លែង​ថា តូចចិត្ត​ដែល​លោកស្រី​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប ប៉ុន្តែ​គ្មាន​សិទ្ធិ​រស់នៅ​លើ​ដី​លំនៅឋាន​របស់​ខ្លួន​ផ្ទុយ​ពី​ជន​ជាតិចិន និង​ជនជាតិ​វៀតណាម​មួយចំនួន​ដែល​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​កម្ពុជា។លោកស្រី​បន្ត​ថា បច្ចុប្បន្ន​លោកស្រី​មិន​ហ៊ាន​ចេញ​ទៅ​រក​ប្រាក់​ចំណូល​ឆ្ងាយ​ពី​លំនៅឋាន​នោះ​ទេ​ពីព្រោះ​ខ្លាច​អាជ្ញាធរ​ចុះ​រុះរើ​ផ្ទះ​លោកស្រី។

លោកស្រី ស៊ា ដាវី៖ «ព្រោះ​អី​ដី​កម្មសិទ្ធិ​របស់​ពួក​បង​រស់នៅ​ម្នាក់ៗ​ឆ្នាំ​២០ ៣០​ឆ្នាំ​ហើយ​យើង​មាន​ប្លង់​ភូមិ​ឃុំ ខ្លះ​មាន​ខ្លះ​ក៏​ភូមិ​ឃុំ​អត់​ធ្វើ​ឱ្យ​អ៊ីចឹង​សួរ​ថា គ្រាន់តែ​ធ្វើ​រោង​បន្លែ លើ​ដី​ខ្លួនឯង​មិនមែន​លើ​ដី​របស់​ម៉ែឪ​អាជ្ញាធរ​ទេ ហេតុអ្វី​ក៏​អាជ្ញាធរ​ក៏​ក្ដៅក្រហាយ​ជាមួយ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ម្ល៉េះ​មិនបាន​ផ្ដល់​ដើម​ទុន​ឱ្យ​មិន​បាន​បង្រៀន​ប្រជាពលរដ្ឋ​ពី​ការ​រកស៊ី​ចិញ្ចឹមជីវិត​ហើយ​បែរ​ជា​មក​ធ្វើ​ទុក្ខបុកម្នេញ​មក​ក្ដៅក្រហាយ​ជាមួយ​ឆ្នាំង​បាយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខណ្ឌ​ព្រែកព្នៅ លោក ធឹម សំអាន និង​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​២០ ខែ​ធ្នូ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​បាន​ចេញ​លិខិត​ឱ្យ​លោកស្រី គង់ តឿ និង​លោក ឡុង គឹមយន រុះរើ​តូប​របស់​ពួកគាត់​ក្នុង​រយៈពេល​បី​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ជូន​ដំណឹង​ដោយ​អាជ្ញាធរ​សំអាង​ថា តូប​លក់​អីវ៉ាន់​របស់​ពួកគាត់​សាងសង់​លើ​ចំណី​ផ្លូវ និង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​។​ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា តូប​លក់ដូរ​របស់​ពួកគាត់​សាងសង់​ឆ្ងាយ​ពី​ចំណី​ថ្នល់​ប្រមាណ ៣​ម៉ែត្រ និង​ចាត់ទុក​វិធានការ​របស់​អាជ្ញាធរ​គឺ​ការ​បំបិទ​សេដ្ឋកិច្ច​ពួកគាត់។

ជុំវិញ​បញ្ហា​នេះ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ដូច្នេះ​អាជ្ញាធរ​គួរតែ​រក​ដំណោះស្រាយ​ជូន​ពួកគាត់។ លោក​បារម្ភ​ថា ការ​បាត់បង់​ដីធ្លី​និង​មុខរបរ​របស់​ពលរដ្ឋ​អាច​ធ្វើ​មាន​អំពើ​ហិង្សា​រវាង​ពលរដ្ឋ និង​អាជ្ញាធរ​កាន់តែ​ធ្ងន់ធ្ងរ។

លោក ស៊ឹង សែនករុណា៖ «ដើម្បី​បញ្ចប់​ភាព​ចម្រូងចម្រាស​គួរតែ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ហ្នឹង​គួរតែ​សិក្សា​ស្រាវជ្រាវ​ថា​ទំហំ​ដី​ត្រឹម ៤​ហិកតារ​ហ្នឹង អាច​មាន​លទ្ធភាព​កាត់​ឆ្វៀល ឬក៏​រក​ដំណោះស្រាយ​ណាមួយ​ដែល​ពួកគាត់​ព្រមព្រៀង​ទទួល​យក​បាន​អាហ្នឹង​គឺជា​រឿង​ប្រសើរ​ជាជាង ទៅ​ប្រើ​ប្រាស់​នូវ​វិធានការ​បណ្ដេញ​ចេញ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ​ទៅ​លើ​ពួកគាត់»។

ការប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បឹងតាមោក​នេះ មិនមែន​ជា​លើក​ទី​១ នោះ​ទេ។ជាក់ស្ដែង​កាល​ពី​ថ្ងៃទី​៩ ខែ​ឧសភា កន្លង​ទៅ​អាជ្ញាធរ​ប្រមាណ ៤០​នាក់​បាន​យក​រណា​យន្ត​កាត់​រុះរើ​ស្ពាន​ឫស្សី ប្រវែង​៨០​ម៉ែត្រ របស់​ប្រជាពលរដ្ឋ​ដែល​សាងសង់​សម្រាប់​ធ្វើដំណើរ និង​បាន​ប្រើ​ហិង្សា​រុញច្រាន​ធ្វើ​ឱ្យ​ស្ត្រី ១០​នាក់​រង​របួស។ ពលរដ្ឋ​រស់នៅ​ក្បែរ​បឹង​តាមោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​ចំនួន ៤​ហិកតារ ជូន​ដល់​ពួកគាត់ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ស្លូតត្រង់​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។