ក្រុមហ៊ុនស្ករអំពៅចិនហេងហ្វូ (Hengfu Group Sugar Industry) ផ្អាកដំណើរការសង្វាក់ផលិតកម្មជាង២ឆ្នាំហើយ ប៉ុន្តែជនជាតិ ដើមភាគតិចកួយ រស់នៅក្នុងស្រុកចំនួន៣ រាប់ពាន់គ្រួសារ នៅមិនទាន់ទទួលបានដំណោះស្រាយសមរម្យពីអាជ្ញាធររដ្ឋនៅឡើយ។ អ្នកភូមិថា មូលដ្ឋានសំខាន់បណ្តាលឱ្យជម្លោះដីធ្លីនៅបន្តរ៉ាំរ៉ៃនេះ ដោយសារអាជ្ញាធរឃុបឃិតជាមួយក្រុមហ៊ុនចិន ជួលដីដែលកំពុងមានជម្លោះឱ្យពលរដ្ឋចំណាក ស្រុកធ្វើស្រែអស់ជាច្រើនពាន់ហិកតារ។
ជនជាតិដើមភាគតិចរស់នៅស្រុកចំនួនបី គឺស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុកឆែប នៅតែដង្ហោយស្រែករកយុត្តិធម៌ ទាមទារដីស្រែដែលពួកគាត់បាត់បង់ឱ្យត្រឡប់មកវិញ ដើម្បីពួកគាត់មានដីស្រែចម្ការដាំដុះ បង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិត។ អ្នកភូមិ សោកស្តាយអាជ្ញាធរពន្យារពេលដោះស្រាយជម្លោះដីធ្លីនេះ ធ្វើឱ្យពួកគាត់ជួបការលំបាកខ្លាំង ផ្នែកជីវភាព និងគ្មានដីដាំដុះជិត១០ ឆ្នាំមកហើយ។
ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ លោកស្រី ហួត ម៉ាលី អស់សង្ឃឹមយ៉ាងខ្លាំងលើអាជ្ញាធរដែលមិនយកចិត្តទុកដាក់ ដោះស្រាយក្តីកង្វល់របស់អ្នកភូមិ ដែលរង់ទុក្ខវេទនាជាច្រើនឆ្នាំមកហើយ ដោយសារក្រុមហ៊ុនចិនរំលោភបំពានយកដីស្រែចម្ការតាំងពីឆ្នាំ២០១៣ រហូតមកទល់ពេលនេះគ្មានដំណោះស្រាយទាល់តែសោះ។ លោកស្រីបញ្ជាក់ថា ដីស្រែកេរឪពុកម្ដាយរបស់គ្រួសារស្រីទំហំ ៣០ហិកតារ ដែលបង្កបង្កើនផលជាច្រើនជំនាន់ ត្រូវបានក្រុមហ៊ុនចិនឈូសឆាយរំលោភយកដី ដាំអំពៅជិត ១០ ឆ្នាំមកហើយ។
ស្ត្រីវ័យ ៤៨ឆ្នាំរូបនេះ បន្ថែមថា អាជ្ញាធរមូលដ្ឋានតែងតែកាងការពារក្រុមហ៊ុនចិន និងឃុបឃិតគ្នា ជួលដីកំពុងមានទំនាស់នេះឱ្យទៅពលរដ្ឋចំណូលថ្មីដែលមានតម្លៃ ៣០ម៉ឺនរៀលក្នុងមួយហិកតារ៖ «ទោះបីមិនមានព្រៃក៏ដោយ ឱ្យតែមានដីដកចេញពីក្រុមហ៊ុនមួយចំនួនវិញខ្ញុំអាចដាំដើមឈើឡើងវិញទុកឃ្វាលគោ។ ពេលពួកខ្ញុំប្តឹងទៅអាជ្ញាធរគាត់ស្រែកថាបើយើងធ្វើលើដីចិន បើចិនធ្វើបាប គាត់មិនទទួលខុសត្រូវទេ ព្រោះប្រជាជនធ្វើលើដីគេដោយអនាធិបតេយ្យអត់ជួលគេ»។
ប្រធានសមាគមន៍ភូមិប្រើសក្អក ឃុំម្លូព្រៃ២ ស្រុកឆែប លោក សឿន ថា ទាមទារយ៉ាងទទូចឱ្យអាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិជួយអន្តរាគមន៍ រកដំណោះស្រាយជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព។ លោកបន្តថា ប្រសិនបើអាជ្ញាធរនៅតែមិនព្រមដោះស្រាយជម្លោះដីធ្លីនេះទេ ជនជាតិដើមភាគតិចនៅតែស្រែកទាមទារដដែល និងលាតត្រដាងរឿងអយុត្តធម៌ គ្មានទីបញ្ចប់។ លើសពីនេះ រាល់សកម្មភាពពលរដ្ឋដែលហ៊ានងើបតវ៉ា ទោះបីជាលោកដឹងថា អាជ្ញាធរធ្វើទុក្ខបុកម្នេញ គំរាមកំហែងពលរដ្ឋស្លូតត្រង់ ក៏អ្នកភូមិមិនចុះញ៉មដែរ។ លោកចាត់ទុកដីស្រែ ដែលក្រុមហ៊ុនចិនរំលោភយកទាំងនោះជាអាយុជីវិតរបស់ពួកគាត់៖ «ពេលពួកខ្ញុំទៅបង្កបង្កើនផលក្រុមហ៊ុនគំរាមកំហែង ថាចាប់យើងគុក ហើយអាជ្ញាធរមិនឱ្យធ្វើទេ ព្រោះគាត់ថាដីនេះជាដីក្រុមហ៊ុនធ្វើហើយ បើកន្លងមកពួកខ្ញុំបានដីនេះហើយបង្កបង្កើនផងរួចមានក្រុមហ៊ុនគេមកឈូសយក»។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យសាលាខេត្តព្រះវិហារលោក យ៉ុង គឹមហឿង និងអ្នកនាំពាក្យក្រសួងកសិកម្មលោក ស្រី វុឌ្ឍី តែទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
ចំណែកអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន វិញ លោក បែរជាមានប្រសាសន៍ថា ទាំងគ្មានមូលដ្ឋានថា ជម្លោះដីធ្លីនេះជារឿងនយោបាយ ហើយលោកចោទប្រកាន់ជនជាតិដើមភាគតិចទាំងនោះ ជាក្រុមបះបោរប្រឆាំងនឹងអាជ្ញាធរមូលដ្ឋាន។ លោកបន្តថា ប្រសិនបើមានបញ្ហាជម្លោះដីធ្លីនេះមែន អាជ្ញាធរថ្នាក់ខេត្តនឹងមិនឈរឱបដៃ មើលពលរដ្ឋទាំងនេះរងទុក្ខវេទនាឡើយ ព្រោះអាជ្ញាធរមានតួនាទីបម្រើរាស្ត្រ៖ « អាជ្ញាធរជារបស់រដ្ឋ និងប្រជាជន បើអាជ្ញាធរមិនដោះស្រាយជូនប្រជាជន លោកមានហេតុផលគេត្រឹមត្រូវហើយ ជាពិសេសរឿងដីព្រៃអីហ្នឹងប្រជាជនមិនសុទ្ធតែល្អទាំងអស់នោះទេ»។
ជុំវិញរឿងនេះ សង្គមស៊ីវិល មើលឃើញថា ការលើកឡើង របស់លោក សុខ ឥសាន ពុំមែនជាយន្តការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋនោះទេ។ ពួកគេសង្កេតឃើញថា ជនជាតិដើមភាគតិចកួយ ដែលមានជម្លោះដីធ្លីនេះ តែងតែលើកគ្នាតវ៉ាដោយអហិង្សា ដើម្បីទាមទារដីស្រែដែល ក្រុមហ៊ុនស្ករអំពៅចិនបានរំលោភបំពានយក តែអាជ្ញាធររដ្ឋាភិបាល តែងតែចោទពួកគាត់ផ្សារភ្ជាប់ជាមួយបក្សប្រឆាំងទៅវិញ។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ មានប្រសាសន៍ថា អាជ្ញាធរគ្មានឆន្ទៈដោះស្រាយជម្លោះដីធ្លីនេះឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញឱ្យរដ្ឋាភិបាល ប្រញាប់ដោះអាណិតអាសូរពលរដ្ឋក្រីក្រ ដែលកំពុងជួបទុក្ខលំបាកនេះ ជាច្រើនឆ្នាំមកហើយ ធ្វើយ៉ាងណាស្វែងរកដំណោះស្រាយជម្លោះរ៉ាំរ៉ៃនេះដោយយុត្តិធម៌ជូនពលរដ្ឋខ្លួនដើម្បីឱ្យពួកគាត់មានលទ្ធផលភាព ចូលទៅធ្វើកសិកម្មលើដីរបស់ខ្លួនដូចមុនវិញ ព្រោះដីដែលមានជម្លោះនោះ ក្រុមហ៊ុនបានផ្អាកដំណើរការហើយ។ លោកបញ្ជាក់ថា លេសឆ្លើយដោះសា និងចោទប្រកាន់រឿងជម្លោះដីធ្លីនេះ ជារឿងនយោបាយ ពុំមែនជាយន្តការស្វែងរកដំណោះស្រាយជូនពលរដ្ឋស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលនោះទេ៖ « រឿងនេះមានទំនាស់ផលប្រយោជន៍ ព្រោះអាជ្ញាធរទទួលបានសំណូកពីក្រុមហ៊ុនយក្សហ្នឹងដែរ ទោះបីជាក្រុមហ៊ុនមិនប្រតិបត្តិការ ក៏ប៉ុន្តែអាជ្ញាធរមួយចំនួនក៏មានចំណែកដីក្នុងហ្នឹងដែរ។ ដូច្នេះ ទើបអត់អាចដោះស្រាយជម្លោះដីធ្លីពលរដ្ឋ ប្រគល់ប្រជាសហគមន៍រស់នៅជុំវិញនោះបានទេ»។
ជាមួយគ្នានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់មានប្រសាសន៍ថា វិវាទដីធ្លីនេះ អាជ្ញាធរមិនត្រឹមតែមិនបានរកយុត្តិធម៌ជូនប្រជាពលរដ្ឋទេ តែបែរជាគំរាមកំហែង ធ្វើទុក្ខបុកម្នេញ លើពលរដ្ឋដែលប្រើសិទ្ធិទាមទារដីធ្លីរបស់គាត់ថែមទៀត។ លោកថា ដីមានជម្លោះនោះ មានផ្នែកខ្លះអាជ្ញាធរលួចធ្វើប្លង់រឹង លក់ឱ្យឈ្មួញធ្វើឱ្យពលរដ្ឋខឹងសម្បារ។ ហេតុនេះ លោកអំពាវនាវឱ្យប្រមុខរដ្ឋាភិបាល ពន្លឿនដោះស្រាយរឿងនេះឱ្យត្រឹមត្រូវ ប្រសិនបើអូសបន្លាយពេល នឹងបង្កើនភាពស្មុគស្មាញ ហើយពលរដ្ឋនឹងកាន់តែវេទនា៖ « ករណីវិវាទដីធ្លីនេះ មានតែរដ្ឋាភិបាលទេ ដែលអាចដកហូតដីទាំងអស់នេះ ប្រគល់ជូនពលរដ្ឋដែររងគ្រោះពិតប្រាកដ ព្រោះខ្ញុំគ្មានជំនឿលើអាជ្ញាធរថ្នាក់ក្រោមជាតិមានឆន្ទៈដោះស្រាយជូនពលរដ្ឋទេ។ បើគាត់មានមែន គាត់មិនអូសបន្លាយពេលចូល១០ឆ្នាំហើយ»។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហេងហ្វូ (Hengfu Group Sugar Industry) ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤ម៉ឺនហិកតារ (៤២.០០០) តាំងពីឆ្នាំ២០១១ វិនិយោគដំណាំអំពៅ និងកៅស៊ូ។ ក្រុមហ៊ុននេះជាក្រុមហ៊ុនមេ និងមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន៥ ទៀត។ ការវិនិយោគរបស់ក្រុមហ៊ុននេះ ធ្វើឲ្យប៉ះពាល់ដល់ជនជាតិដើមភាគតិចប្រមាណ ២ពាន់គ្រួសារ ដែលមានប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់ ស្ថិតនៅក្នុងភូមិចំនួន២៥ ឃុំចំនួន១០ និងស្រុកចំនួន៣ គឺស្រុកជ័យសែន ស្រុកឆែប និងស្រុកត្បែងមានជ័យ។ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា និងអង្គការដៃគូមួយចំនួនទៀត បានរកឃើញថា ក្រុមហ៊ុនចិនមួយបានឈូសឆាយប៉ះពាល់ដីស្រែពលរដ្ឋ ឈូសឆាយលុបប្រភពទឹក ដែលជាផ្លូវទឹកធម្មជាតិសម្បូរដោយមច្ឆាជាតិរស់នៅ និងបានឈូសឆាយទៅលើដីទួលប្រាសាទបុរាណ ៤កន្លែង និងស្ថានីយបុរាណផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។