ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ខេត្ត​ព្រះវិហារ ថា អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចិន

0:00 / 0:00

ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ហេងហ្វូ (Hengfu Group Sugar Industry) ផ្អាក​ដំណើរការ​សង្វាក់​ផលិតកម្ម​ជាង​២​ឆ្នាំ​ហើយ ប៉ុន្តែ​ជនជាតិ ដើម​ភាគតិច​កួយ រស់នៅ​ក្នុង​ស្រុក​ចំនួន​៣ រាប់ពាន់​គ្រួសារ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ពី​អាជ្ញាធរ​រដ្ឋ​នៅ​ឡើយ​។ អ្នកភូមិ​ថា មូលដ្ឋាន​សំខាន់​បណ្តាល​ឱ្យ​ជម្លោះ​ដីធ្លី​នៅ​បន្ត​រ៉ាំរ៉ៃ​នេះ ដោយសារ​អាជ្ញាធរ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ចិន ជួល​ដី​ដែល​កំពុង​មាន​ជម្លោះ​ឱ្យ​ពលរដ្ឋ​ចំណាក ស្រុក​ធ្វើស្រែ​អស់​ជាច្រើន​ពាន់​ហិកតារ។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ស្រុក​ចំនួន​បី គឺ​ស្រុក​ត្បែង​មានជ័យ ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប នៅតែ​ដង្ហោយ​ស្រែក​រក​យុត្តិធម៌ ទាមទារ​ដីស្រែ​ដែល​ពួកគាត់​បាត់បង់​ឱ្យ​ត្រឡប់​មក​វិញ ដើម្បី​ពួកគាត់​មាន​ដីស្រែ​ចម្ការ​ដាំ​ដុះ បង្កបង្កើនផល​សម្រាប់​ចិញ្ចឹមជីវិត​។ អ្នកភូមិ សោកស្តាយ​អាជ្ញាធរ​ពន្យារ​ពេល​ដោះស្រាយ​ជម្លោះដីធ្លី​នេះ ធ្វើ​ឱ្យ​ពួកគាត់​ជួប​ការ​លំបាក​ខ្លាំង ផ្នែក​ជីវភាព និង​គ្មាន​ដី​ដាំ​ដុះ​ជិត​១០ ឆ្នាំ​មក​ហើយ។

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ លោកស្រី ហួត ម៉ាលី អស់​សង្ឃឹម​យ៉ាង​ខ្លាំង​លើ​អាជ្ញាធរ​ដែល​មិន​យក​ចិត្តទុកដាក់ ដោះស្រាយ​ក្តី​កង្វល់​របស់​អ្នកភូមិ ដែល​រង់​ទុក្ខ​វេទនា​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​ក្រុមហ៊ុន​ចិន​រំលោភបំពាន​យក​ដីស្រែ​ចម្ការ​តាំងពី​ឆ្នាំ​២០១៣ រហូត​មក​ទល់​ពេលនេះ​គ្មាន​ដំណោះស្រាយ​ទាល់តែសោះ​។ លោកស្រី​បញ្ជាក់​ថា ដីស្រែ​កេរ​ឪពុកម្ដាយ​របស់​គ្រួសារ​ស្រី​ទំហំ ៣០​ហិកតារ ដែល​បង្កបង្កើនផល​ជាច្រើន​ជំនាន់ ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ​រំលោភ​យក​ដី ដាំ​អំពៅ​ជិត ១០ ឆ្នាំ​មក​ហើយ។

ស្ត្រី​វ័យ ៤៨​ឆ្នាំ​រូប​នេះ បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​តែងតែ​កាង​ការពារ​ក្រុមហ៊ុន​ចិន និង​ឃុបឃិត​គ្នា ជួល​ដី​កំពុង​មាន​ទំនាស់​នេះ​ឱ្យទៅ​ពលរដ្ឋ​ចំណូល​ថ្មី​ដែល​មាន​តម្លៃ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ហិកតារ៖ «ទោះបី​មិន​មាន​ព្រៃ​ក៏​ដោយ ឱ្យ​តែ​មាន​ដី​ដក​ចេញពី​ក្រុមហ៊ុន​មួយចំនួន​វិញ​ខ្ញុំ​អាច​ដាំ​ដើមឈើ​ឡើងវិញ​ទុក​ឃ្វាលគោ​។ ពេល​ពួក​ខ្ញុំ​ប្តឹង​ទៅ​អាជ្ញាធរ​គាត់​ស្រែក​ថាបើ​យើង​ធ្វើ​លើ​ដី​ចិន បើ​ចិន​ធ្វើបាប គាត់​មិន​ទទួល​ខុសត្រូវ​ទេ ព្រោះ​ប្រជាជន​ធ្វើ​លើ​ដី​គេ​ដោយ​អនាធិបតេយ្យ​អត់​ជួល​គេ»។

ប្រធាន​សមាគមន៍​ភូមិ​ប្រើស​ក្អក ឃុំ​ម្លូព្រៃ​២ ស្រុក​ឆែប លោក សឿន ថា ទាមទារ​យ៉ាង​ទទូច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់​ជាតិ​ជួយ​អន្តរាគមន៍ រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​។ លោក​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ​នៅតែ​មិន​ព្រម​ដោះស្រាយ​ជម្លោះដីធ្លី​នេះ​ទេ ជនជាតិ​ដើម​ភាគតិច​នៅតែ​ស្រែក​ទាមទារ​ដដែល និង​លាតត្រដាង​រឿង​អយុត្តធម៌ គ្មាន​ទី​បញ្ចប់​។ លើស​ពី​នេះ រាល់​សកម្មភាព​ពលរដ្ឋ​ដែល​ហ៊ាន​ងើប​តវ៉ា ទោះបីជា​លោក​ដឹង​ថា អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ គំរាម​កំហែង​ពលរដ្ឋ​ស្លូតត្រង់ ក៏​អ្នកភូមិ​មិន​ចុះ​ញ៉ម​ដែរ​។ លោក​ចាត់ទុក​ដីស្រែ ដែល​ក្រុមហ៊ុន​ចិន​រំលោភ​យក​ទាំងនោះ​ជា​អាយុជីវិត​របស់​ពួកគាត់៖ «​ពេល​ពួក​ខ្ញុំ​ទៅ​បង្កបង្កើនផល​ក្រុមហ៊ុន​គំរាម​កំហែង ថា​ចាប់​យើង​គុក ហើយ​អាជ្ញាធរ​មិន​ឱ្យ​ធ្វើ​ទេ ព្រោះ​គាត់​ថា​ដី​នេះ​ជា​ដី​ក្រុមហ៊ុន​ធ្វើ​ហើយ បើ​កន្លងមក​ពួក​ខ្ញុំ​បាន​ដី​នេះ​ហើយ​បង្កបង្កើន​ផង​រួច​មាន​ក្រុមហ៊ុន​គេ​មក​ឈូស​យក»។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ​លោក យ៉ុង គឹមហឿង និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​លោក ស្រី វុឌ្ឍី តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល។

ចំណែក​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥសាន វិញ លោក បែរជា​មានប្រសាសន៍ថា ទាំង​គ្មាន​មូលដ្ឋាន​ថា ជម្លោះដីធ្លី​នេះ​ជា​រឿង​នយោបាយ ហើយ​លោក​ចោទប្រកាន់​ជនជាតិ​ដើម​ភាគ​តិច​ទាំងនោះ ជា​ក្រុម​បះបោរ​ប្រឆាំង​នឹង​អាជ្ញាធរ​មូលដ្ឋាន​។ លោក​បន្ត​ថា ប្រសិនបើ​មាន​បញ្ហា​ជម្លោះដីធ្លី​នេះ​មែន អាជ្ញាធរ​ថ្នាក់​ខេត្ត​នឹង​មិន​ឈរ​ឱបដៃ មើល​ពលរដ្ឋ​ទាំងនេះ​រង​ទុក្ខវេទនា​ឡើយ ព្រោះ​អាជ្ញា​ធរមាន​តួនាទី​បម្រើ​រាស្ត្រ​៖ « អាជ្ញាធរ​ជា​របស់​រដ្ឋ និង​ប្រជាជន បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ជូន​ប្រជាជន លោក​មាន​ហេតុផល​គេ​ត្រឹមត្រូវ​ហើយ ជាពិសេស​រឿង​ដី​ព្រៃ​អីហ្នឹង​ប្រជាជន​មិន​សុទ្ធតែ​ល្អ​ទាំងអស់​នោះ​ទេ»។

ជុំវិញ​រឿង​នេះ សង្គម​ស៊ីវិល មើល​ឃើញ​ថា ការ​លើក​ឡើង របស់​លោក សុខ ឥសាន ពុំ​មែន​ជា​យន្តការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​នោះ​ទេ​។ ពួកគេ​សង្កេត​ឃើញ​ថា ជនជាតិ​ដើម​ភាគតិច​កួយ ដែល​មាន​ជម្លោះដីធ្លី​នេះ តែងតែ​លើកគ្នា​តវ៉ា​ដោយ​អហិង្សា ដើម្បី​ទាមទារ​ដីស្រែ​ដែល ក្រុមហ៊ុន​ស្ករអំពៅ​ចិន​បាន​រំលោភបំពាន​យក តែ​អាជ្ញាធរ​រដ្ឋាភិបាល តែងតែ​ចោទ​ពួកគាត់​ផ្សារភ្ជាប់​ជាមួយ​បក្ស​ប្រឆាំង​ទៅវិញ។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ មាន​ប្រសាសន៍​ថា អាជ្ញាធរ​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះដីធ្លី​នេះ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល ប្រញាប់​ដោះ​អាណិតអាសូរ​ពលរដ្ឋ​ក្រីក្រ ដែល​កំពុង​ជួប​ទុក្ខ​លំបាក​នេះ ជាច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​យ៉ាងណា​ស្វែង​រក​ដំណោះស្រាយ​ជម្លោះ​រ៉ាំរ៉ៃ​នេះ​ដោយ​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្លួន​ដើម្បី​ឱ្យ​ពួកគាត់​មាន​លទ្ធផល​ភាព ចូល​ទៅ​ធ្វើ​កសិកម្ម​លើ​ដី​របស់​ខ្លួន​ដូច​មុន​វិញ ព្រោះ​ដី​ដែល​មាន​ជម្លោះ​នោះ ក្រុមហ៊ុន​បាន​ផ្អាក​ដំណើរការ​ហើយ​។ លោក​បញ្ជាក់​ថា លេស​ឆ្លើយ​ដោះសា និង​ចោទប្រកាន់​រឿង​ជម្លោះដីធ្លី​នេះ ជា​រឿង​នយោបាយ ពុំ​មែន​ជា​យន្តការ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​នោះ​ទេ៖ « រឿង​នេះ​មាន​ទំនាស់​ផលប្រយោជន៍ ព្រោះ​អាជ្ញាធរ​ទទួល​បាន​សំណូក​ពី​ក្រុមហ៊ុន​យក្ស​ហ្នឹង​ដែរ ទោះបីជា​ក្រុមហ៊ុន​មិន​ប្រតិបត្តិការ ក៏​ប៉ុន្តែ​អាជ្ញាធរ​មួយចំនួន​ក៏​មាន​ចំណែក​ដី​ក្នុង​ហ្នឹង​ដែរ​។ ដូច្នេះ ទើប​អត់​អាច​ដោះស្រាយ​ជម្លោះដីធ្លី​ពលរដ្ឋ ប្រគល់​ប្រជា​សហគមន៍​រស់នៅ​ជុំវិញ​នោះ​បាន​ទេ»។

ជាមួយ​គ្នា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់​មាន​ប្រសាសន៍ថា វិវាទ​ដីធ្លី​នេះ អាជ្ញាធរ​មិន​ត្រឹមតែ​មិនបាន​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ទេ តែ​បែរជា​គំរាម​កំហែង ធ្វើទុក្ខបុកម្នេញ លើ​ពលរដ្ឋ​ដែល​ប្រើ​សិទ្ធិ​ទាមទារ​ដីធ្លី​របស់​គាត់​ថែមទៀត​។ លោក​ថា ដី​មាន​ជម្លោះ​នោះ មាន​ផ្នែក​ខ្លះ​អាជ្ញាធរ​លួច​ធ្វើ​ប្លង់​រឹង លក់​ឱ្យ​ឈ្មួញ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខឹង​សម្បារ​។ ហេតុនេះ លោក​អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល ពន្លឿន​ដោះស្រាយ​រឿង​នេះ​ឱ្យ​ត្រឹមត្រូវ ប្រសិនបើ​អូស​បន្លាយ​ពេល នឹង​បង្កើន​ភាពស្មុគស្មាញ ហើយ​ពលរដ្ឋ​នឹង​កាន់តែ​វេទនា៖ « ករណី​វិវាទ​ដីធ្លី​នេះ មានតែ​រដ្ឋាភិបាល​ទេ ដែល​អាច​ដកហូត​ដី​ទាំងអស់​នេះ ប្រគល់​ជូន​ពលរដ្ឋ​ដែរ​រងគ្រោះ​ពិតប្រាកដ ព្រោះ​ខ្ញុំ​គ្មាន​ជំនឿ​លើ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​មាន​ឆន្ទៈ​ដោះស្រាយ​ជូន​ពលរដ្ឋ​ទេ​។ បើ​គាត់​មាន​មែន គាត់​មិន​អូស​បន្លាយ​ពេល​ចូល​១០​ឆ្នាំ​ហើយ»។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេងហ្វូ (Hengfu Group Sugar Industry) ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤​ម៉ឺន​ហិកតារ (៤២.០០០) តាំងពី​ឆ្នាំ​២០១១ វិនិយោគ​ដំណាំ​អំពៅ និង​កៅស៊ូ​។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុនមេ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន​៥ ទៀត​។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជនជាតិ​ដើម​ភាគតិច​ប្រមាណ ២​ពាន់​គ្រួសារ ដែល​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ ១​ម៉ឺន​នាក់ ស្ថិតនៅ​ក្នុងភូមិ​ចំនួន​២៥ ឃុំ​ចំនួន​១០ និង​ស្រុក​ចំនួន​៣ គឺ​ស្រុក​ជ័យ​សែន ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ​។ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា និង​អង្គការ​ដៃគូ​មួយ​ចំនួន​ទៀត បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ចិន​មួយ​បាន​ឈូស​ឆាយ​ប៉ះពាល់​ដីស្រែ​ពលរដ្ឋ ឈូស​ឆាយ​លុប​ប្រភព​ទឹក ដែល​ជា​ផ្លូវទឹក​ធម្មជាតិ​សម្បូរ​ដោយ​មច្ឆា​ជាតិ​រស់នៅ និង​បាន​ឈូស​ឆាយ​ទៅលើ​ដី​ទួល​ប្រាសាទ​បុរាណ ៤​កន្លែង និង​ស្ថានីយ​បុរាណ​ផ្សេងៗ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។