ពលរដ្ឋរងគ្រោះពីការដុតបំផ្លាញផ្ទះថា អាជ្ញាធរខេត្តក្រចេះជួយកាងឱ្យក្រុមហ៊ុនវៀតណាម

0:00 / 0:00

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី និង​រង​ការ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង ពី​សំណាក់​ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ខេត្ត​ក្រចេះ លើក​ឡើង​ថា អាជ្ញាធរ​ស្រុក​សំបូរ ខេត្ត​ក្រចេះ កំពុង​ឆ្លើយ​ដោះសា​គេច​វេះ និង​មិនទទួល​ខុស​ត្រូវ​នូវ​ទង្វើ​របស់​ខ្លួន​ដែល​បាន​ធ្វើ​ដាក់​ប្រជាពលរដ្ឋ​កន្លង​មក។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​រដ្ឋបាល​ស្រុក​សំបូរ បាន​ចេញ​លិខិត​បដិសេធ​ជាថ្មី​ថា ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ មិន​បាន​ដុត​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ ដូច​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នោះ​ទេ។

ពលរដ្ឋ​រងគ្រោះ​ដី​ធ្លី និង​រង​ការ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង ក្នុង​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ ឆ្លើយ​តប​នឹង​លិខិត​បំភ្លឺ​របស់​អាជ្ញាធរ​ស្រុក​សំបូរ​ថា អាជ្ញាធរ​កំពុង​គេច​វេះ​មិន​ទទួល​ខុស និង​កាង​ការពារ​ក្រុមហ៊ុន​វៀតណាម ដែល​បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ​ ដុត​ផ្ទះ​សម្បែង និង​គំរាមកំហែង​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ។ ពលរដ្ឋ​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​នៅ​តែ​មិន​ព្រម​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​ដដែល ហើយ​ថែម​ទាំង​ព្យាយាម​ទម្លាក់​កំហុស​ថា​ប្រជាពលរដ្ឋ​ទាំង​នោះ​ជា​អ្នក​ដណ្ដើម​យក​ដីធ្លី​ពី​ក្រុមហ៊ុន​វៀតណាម។

តំណាង​ប្រជាពលរដ្ឋ​១​រូប​ក្នុង​ចំណោម​៥​រូប នៅ​ឃុំ​កោះខ្ញែរ លោក ហុន សុខហេង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា​ថា អាជ្ញាធរ​ស្រុក​សំបូរ​នៅ​តែ​គេចវេះ​មិន​ទទួល​ខុសត្រូវ និង​ចោទ​ពលរដ្ឋ​ ថា​បាន​ចូល​ទៅ​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត(Kamdhenu Ventures Cambodia Limited KVCL) និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង។ លោក​បន្ថែម​ថា ក្រុមហ៊ុន​វៀតណាម បាន​ឈូស​ឆាយ​ផល​ដំណាំ និង​កាយ​កប់​វត្ថុ​តាង​ផ្សេង​ៗ ដែល​អាច​បញ្ជាក់​ថា​ ពលរដ្ឋ​រស់​នៅ​តំបន់​នោះ​មុន​ក្រុមហ៊ុន​មួយ​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ ហើយ​អាជ្ញាធរ​មិន​បាន​ចុះ​ត្រួតពិនិត្យ​ជាក់​ស្ដែង និង​ស្វែង​រក​ដំណោះស្រាយ​នោះ​ទេ។ លើស​ពី​នោះ លោក​ថា អាជ្ញាធរ​បាន​គំរាមកំហែង​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ថែម​ទៀត។

លោក ហុន សុខហេង៖ «សូម​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ អង្គការ​គ្រប់​ស្ថាប័ន​ទាំង​អស់ ជួយ​ដល់​ប្រជាពលរដ្ឋ​ផង​ប្រជាពលរដ្ឋ​៥​ភូមិ​នឹង រង​ទុក្ខ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន ដែល​ប៉ះពាល់​ដំណាំ​ដំឡូង ស្រូវ ជា​ពិសេស​ភ្ជូរ​លើ​ស្រូវ​គ្នា​ហើយ​យក​សណ្ដែក​ខ្មោច​មក​បាច​ពី​លើ​ទៀត ដើម្បី​បំបាត់​ភស្តុតាង​គ្នា​ទៀត ហើយ​មួយ​យប់​ៗ​បង្ហោះ​ដ្រូន​លើ​ដី​នឹង​ខ្លាច​ប្រជាពលរដ្ឋ​យក​ស្រូវ​ទៅ​ព្រោះ​ពេល​យប់ ក្រុមហ៊ុន​វិនិយោគ​មិន​មក​វិនិយោគ​ទេ​គឺ​មក​ឈ្លោះ​ជាមួយ​ប្រជាពលរដ្ឋ»។

ពលរដ្ឋ​ព្រមាន វេចបង្វេច ចានឆ្នាំង មុង​ភួយ ខ្នើយ​កន្ទេល លើកគ្នា​មក​បោះ​ជុំរុំ​តវ៉ា​នៅ​រាជធានី​ភ្នំ​ពេញ​ម្ដង​ទៀត ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍ និង​ស្វែង​រក​ដំណោះស្រាយ​ ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មួយ​នេះ​មិន​ព្រម​ដោះស្រាយ​ឲ្យ​ពួកគេ។

ជុំ​វិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​រង​ស្រុក​សំបូរ លោក ចេង គឺមជប់ និង​អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន បាន​ទេ​នៅ​ថ្ងៃ​ទី០៦ ខែ​កក្កដា។

កាល​ពីថ្ងៃទី០៣ ខែ​កក្កដា រដ្ឋបាល​ស្រុក​សំបូរ បាន​ចេញ​លិខិត​បដិសេធ​មួយ ដោយ​អះអាង​ថា ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ មិន​បាន​ដុត​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​មាន​ទទឹង​៤​ម៉ែត្រ​និង​បណ្ដោយ​៦​ម៉ែត្រ ដំបូល​ប្រក់​ពី​ស្បូវ​ជញ្ជាំង​ស្លឹង​ឆាបឆេះ​នោះ បណ្ដា​មក​ពី​ឪពុក​ម្ដាយ​មិន​នៅផ្ទះ កូន​ៗ​របស់​ពួកគេ​ដាំ​បាយ​មិន​ប្រយ័ត្ន​ទើប​ឆាបឆេះ​តែ​ម្ដង។

បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អាជ្ញាធរ​ខេត្ត​ក្រចេះ ចេញ​លិខិត​បដិសេធ​រាល់​ការ​រាយការណ៍ និង​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា អាជ្ញាធរ​បដិសេធ​ថា​មិន​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ច្រើន​គ្រួសារ​នោះ​ទេ និង​ចោទ​ពលរដ្ឋ​ទាំង​នោះ​រំលោភ​យក​ដី​ក្រុមហ៊ុន​ថែម​ទៀត។

ផ្ទុយ​ពី​ការ​អះអាង​របស់​អាជ្ញាធរ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា​កន្លង​ទៅ ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជិត​៥០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ជាង​៣០០​គ្រួសារ បាន​នាំ​គ្នា​ឡើង​មក​ភ្នំពេញ ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍ និង​ស្វែង​រក​ដំណោះស្រាយ ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​វៀតណាម បញ្ឈប់​ការ​ឈូស​ឆាយ ដំណាំ​កសិកម្ម និង​ឈប់​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ គំរាមកំហែង​ទៅ​លើ​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​ខេត្ត​ក៏បាន​តាម​លួងលោម និង​បាន​សន្យា​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ពេល​ពួកគាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​ចុះ​ពិនិត្យ​ជាក់​ស្ដែង ដើម្បី​ស្វែង​រក​ការ​ពិត និង​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​រឿង​ជម្លោះ​ដីធ្លី​កាន់​តែ​រីក​រាល់​ធំ​ឡើង។

លោក យិន ម៉េងលី៖ «ខ្ញុំ​នៅ​តែ​ទទូច​ឲ្យ​ក្រសួង​ចុះ​ទៅ​ដល់​ទី​កន្លែង​ស្វែង​រក​ការ​ពិត​មួយ ប្រសិន​បើ​មាន​ភាព​ខុស​គ្នា​អ៊ីចឹង​ថា​វា​មាន​មែន​ឬ​អត់ ហើយ​សូម​ឲ្យ​មាន​វិធានការ​ផង​ប្រសិន​បើ​រក​ឃើញ​មាន​បញ្ហា​មែន​ត្រូវ​តែ​មាន​វិធានការ»។

ប្រជាពលរដ្ឋ​​នៅ​ឃុំ​កោះខ្ញែរ អះអាង​ទៀត​ថា នៅ​ចុង​ខែ​មិថុនា ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លាញ​ផល​​ដំណាំ​កសិកម្ម ដុត​ផ្ទះ​សម្បែង​ពលរដ្ឋ​អស់​៧​ខ្នង និង​ព្យាយាម​តាម​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ ដែល​ប្រមូល​គ្នា​ឡើង​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។