ប្រជាពលរដ្ឋ កំពុងតវ៉ារឿងដីធ្លីនៅតំបន់២ ដែលជាដីអាចអាស្រ័យផល តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ នៅខេត្តបន្ទាយមានជ័យ កំពុងកើតទុក្ខមិនសុខចិត្ត ក្រោយអាជ្ញាធរខេត្តនេះ បានគំរាមកំហែង និងប្រើប្រាស់ឧបាយកល បង្ខំឱ្យពួកគាត់ផ្ដិតមេដៃទទួលយកក្បាលដី តាមយន្តការចាប់ឆ្នោតដោះដូរ។ វិធានការដ៏ឆេវឆាវរបស់អាជ្ញាធរនេះ បានធ្វើឱ្យពលរដ្ឋខ្លះ បាត់បង់ដីស្រែ និងខ្លះទៀត បាត់បង់ដីលំនៅឋាន។
ពលរដ្ឋនៅឃុំភ្នំលៀប សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៧ ខែកញ្ញា ថា អាជ្ញាធរបានឱ្យពលរដ្ឋផ្ដិតមេដៃកាលពីថ្ងៃទី៥ ខែកញ្ញា នៅពេលប្រជុំក្នុងបរិវេណវត្តក្របៅ ដោយសន្យាថា នឹងស្នើទៅរដ្ឋាភិបាល សុំផ្ដល់កម្មសិទ្ធិឱ្យពលរដ្ឋកាន់កាប់ដីតំបន់២ នៅទីតាំងចាស់វិញ។ ពលរដ្ឋរូបនេះ អះអាងថា ការពិតអាជ្ញាធរបានយកស្នាមមេដៃនោះ ធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ដោយអះអាងថា ជាការយល់ព្រមរបស់ប្រជាពលរដ្ឋ ព្រមទទួលយប្រជាពលរដ្ឋ កំពុងតវ៉ារឿងដីធ្លីនៅតំបន់២ ដែលជាដីអាចអាស្រ័យផល តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ នៅខេត្តបន្ទាយមានជ័យ កំពុងកើតទុក្ខមិនសុខចិត្ត ក្រោយអាជ្ញាធរខេត្តនេះ បានគំរាមកំហែង និងប្រើប្រាស់ឧបាយកល បង្ខំឱ្យពួកគាត់ផ្ដិតមេដៃទទួលយកក្បាលដី តាមយន្តការចាប់ឆ្នោតដោះដូរ។ វិធានការដ៏ឆេវឆាវរបស់អាជ្ញាធរនេះ បានធ្វើឱ្យពលរដ្ឋខ្លះ បាត់បង់ដីស្រែ និងខ្លះទៀត បាត់បង់ដីលំនៅឋាន។កយន្តការបោះឆ្នោតចាប់ដីទៅវិញ។
ពលរដ្ឋលាក់ឈ្មោះ៖«ប្រជាជនគាត់មិនបានសុំអីច្រើនទេ សុំតែអាស្រ័យផលលើទីតាំងចាស់តែប៉ុណ្ណោះ ហើយទំហំដីប៉ុណ្ណា ក៏សុំតែប៉ុណ្ណឹង។ កាត់ចុះកាត់តិចតួច មួយល្មមអាចទទួលយកបាន ២០ភាគរយ ១០ភាគរយ យ៉ាងច្រើនបំផុត ៣០ភាគរយ គឺអាចទទួលយកបាន។ តែនេះគឺលើស ជាក់ស្ដែងដីខ្ញុំមាន១៥ហិកតារ គឺខ្ញុំទទួលបានតែ៥ហិកតារ ហើយនៅទីតាំងផ្សេង។ ដីខ្ញុំស្រឡះស្រាប់ តែឱ្យខ្ញុំនៅដីព្រៃ»។
បន្ទាប់ពីចាញ់ឧបាយកល និងរងការគំរាមកំហែងពីសំណាក់អាជ្ញាធរផ្ទួនៗ ពេលនេះ មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងគណៈកម្មការបោះបង្គោល បានចុះកំណត់ព្រំប្រទល់តំបន់អភិរក្សបឹងទន្លេសាបបណ្ដើរៗហើយ ខណៈប្រជាពលរដ្ឋដែលជាម្ចាស់ដីចាស់ បានត្រឹមឈរសម្រក់ទឹកភ្នែក មើលទៅកាន់ដីដែលខ្លួនធ្លាប់អាស្រ័យផល ត្រូវបានគេពុះចែកទៅឱ្យអ្នកផ្សេង។
ដោយឡែក ប្រជាពលរដ្ឋមួយចំនួន នៅឃុំភ្នំលៀប និងឃុំប្រាសាទ នៃខេត្តបន្ទាយមានជ័យ និងខ្លះទៀត មកពីស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលអាជ្ញាធរមិនទាន់ចុះវាស់វែង បានប្រមូលផ្ដុំគ្នា ប្រមាណជិត ១០០នាក់ ធ្វើការថតវីដេអូ ស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ។ ពួកគាត់ទាំងនោះ បានលុតជង្គង់ និងលើកដៃសំពះ ដោយកាន់រូបថតគ្រួសារមេដឹកនាំ រួមមានរូបថតលោក ហ៊ុន សែន ប្រពន្ធ និងកូន ហើយខ្លះទៀត បានយំសោករៀបរាប់ពីទុក្ខលំបាក និងបកអាក្រាតរឿងរ៉ាវថា បញ្ហានេះ គឺបណ្ដាលមកពីអាជ្ញាធរធ្វើរបាយការណ៍កុហកថ្នាក់ដឹកនាំ។
ពលរដ្ឋនៅឃុំភ្នំលៀប ម្នាក់ទៀត ថ្លែងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានសរសេរប្រាប់វិទ្យុអាស៊ីសេរី តាមបណ្ដាញតេឡេក្រាម ថា ដីលំនៅឋានរបស់ខ្លួន ដែលធ្លាប់រស់នៅអស់ជាច្រើនជំនាន់ ត្រូវអាជ្ញាធរកាត់ទៅឱ្យអ្នកមកអាស្រ័យផលថ្មី ដែលធ្វើឱ្យខ្លួន ត្រូវបាត់បង់ទាំងដីបង្កបង្កើនផល និងដីលំនៅឋាន។ ពលរដ្ឋរូបនេះ ប្រាប់ថា ខ្លួនពិតជាឈឺចាប់ និងគ្រាំគ្រាចិត្តរហូតធ្លាក់ខ្លួនឈឺ ដោយសារអាជ្ញាធរបានប្រើប្រាស់ទាំងឧបាយកល និងអំណាច កាត់ឆ្វៀលដីរបស់ពលរដ្ឋតាមអំពើចិត្ត ហើយថែមទាំងគំរាមមិនឱ្យតវ៉ា និងបង្ខំឱ្យថតវីដេអូ បំភ្លៃការពិតកុហកដល់ថ្នាក់ដឹកនាំថែមទៀត។
មូលហេតុដែលបង្កឱ្យមានភាពច្របូកច្របល់នេះ គឺដោយសាររដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីខែកក្កដា បានប្រមូលដីប្រជាពលរដ្ឋអាស្រ័យផលនៅតំបន់២ ទាំងអស់ ដាក់ផ្ដុំគ្នា និងឱ្យប្រជាពលរដ្ឋធ្វើការចាប់ឆ្នោត យកក្បាលដីសាជាថ្មី ដើម្បីដំណើរការកំណត់ព្រំប្រទល់តំបន់២។ ក៏ប៉ុន្តែ ការចាប់ឆ្នោតនេះ បានធ្វើឱ្យពលរដ្ឋមិនសប្បាយចិត្ត ព្រោះថាដីដែលពួកគាត់ចាប់ឆ្នោតបាន មានទីតាំងដាច់ស្រយាល គ្មានប្រឡាយទឹក និងមានទំហំតូចជាងដីអាស្រ័យផលចាស់។ ក្នុងនោះ មានប្រជាពលរដ្ឋខ្លះ បានប្រទូសរ៉ាយគ្នា ដោយសារម្ចាស់ដីចាស់ មិនព្រមប្រគល់ដីទៅឱ្យម្ចាស់ថ្មី។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងមេឃុំភ្នំលៀប លោក សួន សំផុង ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី៧ ខែកញ្ញា។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត មានប្រសាសន៍ថា វិធានការរបស់អាជ្ញាធរ មិនឆ្លុះបញ្ចាំងពីសមធម៌នោះទេ ព្រោះការវាស់វែងដោយបង្ខំបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋខាតបង់ដីបង្កបង្កើនផល និងមួយចំនួនទៀត ត្រូវបាត់បង់ដីលំនៅឋាន ថែមទៀត។ លោកស្នើឱ្យអាជ្ញាធរ គួរកាត់ឆ្វៀលដីជូនពលរដ្ឋ ដោយគិតគូរទៅលើផលប៉ះពាល់នៃមុខរបរ និងការរស់នៅរបស់ប្រជាពលរដ្ឋជាធំ។
លោក អ៊ិន គង់ជិត៖«ពេលនេះអត់ទាន់ហួសពេលទេ។ ក្នុងនាមសង្គមស៊ីវិល យើងទទូចស្នើសុំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ មេត្តាគិតគូរដកថយរៀបចំការបែងចែក និងចាប់ឆ្នោតដីហ្នឹងឡើងវិញ ដោយបង្កើតវេទិកាពិគ្រោះយោបល់ អញ្ជើញពួកគាត់មកចរចាមកពិភាក្សាគ្នា ដើម្បីរករូបមន្តមួយដែលអាចឱ្យគាត់ទទួលយកបាន»។
រដ្ឋាភិបាលកម្ពុជា បានបែងចែកដីបឹងទន្លេសាបជា ៣តំបន់ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង។ ក្នុងនោះដីតំបន់៣ ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ។ ចំណែកតំបន់២ ជាដីដែលអាចអាស្រ័យផល តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ និងតំបន់១ ជាដីដែលអាចអាស្រ័យផល និងអាចធ្វើជាម្ចាស់កម្មសិទ្ធិបានផងដែរ។
កាលពីឆ្នាំ២០២២ នៅមុនពេលរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរនៅតាមខេត្តជាប់បឹងទន្លេសាប កាត់ឆ្វៀលដីតំបន់២ ដែលប្រជាពលរដ្ឋអាស្រ័យផលលើសពី ១០ឆ្នាំ ត្រូវផ្ដល់កម្មសិទ្ធិ ឱ្យពួកគាត់កាន់កាប់។
ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់នឹងប្រមូលផ្ដុំគ្នា ដើម្បីតវ៉ាជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីបកអាក្រាតឱ្យថ្នាក់ដឹកនាំដឹងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានគំរាមកំហែង និងប្រើឧបាយកល បង្ខំប្រជាពលរដ្ឋ ឱ្យទទួលយកដំណោះស្រាយ ទាំងដែលពួកគាត់មិនពេញចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។