ពលរដ្ឋ​មួយចំនួន​គ្មាន​កន្លែង​ជ្រក ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង ឈូស​ឆាយ​ផ្ទះ​ពួកគេ

ពលរដ្ឋ​នៅ​ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង​មួយ​ចំនួន​គ្មាន​ទីជម្រក ក្រោយ​ពី​អាជ្ញាធរ បាន​ឈូស​ឆាយ​ផ្ទះសម្បែង​របស់​ពួកគេ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរតែ​ដោះស្រាយ​បញ្ហា​នេះ ដោយ​សន្តិវិធី និង​ប្រកប​ដោយ​មនុស្សធម៌ ប្រសើរ​ជាង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​ការ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ​ឯកជន​ពួកគេ។

ពលរដ្ឋ​២២៩​គ្រួសារ​នៅ​ស្រុក​សំឡូត​ខេត្តបាត់ដំបង កំពុង​រស់នៅ​គ្មាន​ទីជម្រក​សម្រាប់​បាំង​ថ្ងៃ​បាំង​ភ្លៀង​នោះ​ទេ ក្រោយ​ពី​អាជ្ញាធរ​ឈូស​ឆាយ​ផ្ទះសម្បែង​ពួកគេ​អស់​គ្មាន​សល់​កាលពី​ថ្ងៃទី​២៨ មិថុនា។

ពលរដ្ឋ​មួយ​ចំនួន បង្ខំចិត្ត​ក្រាល​កន្ទេល​ដេក​តាម​ចិញ្ចឹម​ផ្លូវ ដុត​ភ្លើង​ដេញ​មូស ហាល​ទឹកសន្សើម​ខាងមុខ​ផ្លូវ​ចូល​ក្រុមហ៊ុន​រ័ត្នសម្បត្តិ បាន​ក្រោម​ស្លាក​ការ​អភិវឌ្ឍ​ជឿនលឿន​របស់​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន។

ពលរដ្ឋ​មួយចំនួន អះអាង​ថា រហូត​ដល់​កណ្ដាល​ថ្ងៃត្រង់​ទី​២៩ មិថុនា ពួកគេ​មិន​ទាន់​បាន​បាយ​ចូល​ពោះ​មួយ​គ្រាប់​នោះ​ទេ ស្រប​ពេល​លុយកាក់​គ្មាន​សូម្បី​មួយ​រៀល​សម្រាប់​ទិញ​របស់​ហូប។ អ្នក​ខ្លះ​ទៀត ដោយ​អត់ទ្រាំ​នឹង​ការ​ស្រេកឃ្លាន ក៏​ដាច់ចិត្ត​លើកដៃ​សំពះ​អ្នក​ជិះ​ម៉ូតូ​តាមផ្លូវ ដើម្បី​បាន​ប្រាក់​ខ្លះ​ធ្វើ​សោហ៊ុយ និង​ទិញ​បាយ​ទឹក​ឲ្យ​កូនចៅ​តូចៗ​ហូប ខណៈ​ក្មេង​តូចៗ​ទាំងនោះ នៅ​ហាលវាល​ហាល​ក្ដៅ​ជាមួយ​ម្ដាយ​ឪពុក​លើ​គោយន្ត​ដឹក​ទំនិញ។ ពួកគាត់​បន្ថែម​ថា ពួកគាត់ បាន​បាត់បង់​របស់​របរ​ប្រើប្រាស់ និង​សត្វ​ចិញ្ចឹម​មួយចំនួន ព្រោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​ប្រមូល​នោះ​ទេ ដោយ​បិទ​បញ្ចប់​ការ​ចូល​ទៅ​ប្រមូល​អីវ៉ាន់​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៨ មិថុនា។ អាជ្ញាធរ​បាន​ពង្រាយ​គ្នា​ជាច្រើន​នាក់​នៅ​ផ្លូវ​ចូល ក្រុមហ៊ុន រ័ត្ន សម្បត្តិ ដើម្បី​ហាមឃាត់​ពលរដ្ឋ ចូល​ទៅ​ទីតាំង​លំនៅឋាន​របស់​ពួកគេ។

ពលរដ្ឋ​រស់នៅ​ឃុំ​តាតោក​លោក យឹម ផល ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គាត់​ក្រាលកន្ទេល​សម្រាក​ជាមួយ​ប្រពន្ធ និង​កូន តាម​ចិញ្ចើម​ផ្លូវ គ្មាន​ដំបូល​នោះ​ទេ កាលពី​យប់​ថ្ងៃទី​២៨ មិថុនា​។ លោក​បន្ត​ថា ពេលនេះ​គាត់ កំពុងតែ​ដាច់​ទឹក​ដាច់​បាយ ព្រោះ​អស់​អង្ករ​គ្មានអ្វី​ដាំ​ស្ល​ហូប​នោះ​ទេ ដោយសារ​អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ប្រមូល​របស់របរ​ដែល​នៅសល់​។ លោក​បន្តទៀត​ថា គាត់​មិន​មាន​កន្លែង​សម្រាប់​ស្នាក់នៅ​នោះ​ទេ ហើយ កំពុងតែ​សុំ​ដី​អ្នកភូមិ​ស្នាក់នៅ​បណ្ដោះអាសន្ន។

លោក យឹម ផល៖ «នេះ​ខ្ញុំ​សុំ​ដី​គេ​នៅក្នុង​ព្រៃ​ចេក​គេ​បង ប្រហែលជា​ម្ភៃ​គ្រួសារ ព្រៃ​ចេក ព្រៃ​ក្នុង​ស្បូវ​ហើយ​ស្វាយ ចំការ​ចន្ទី​គេ​បង​សុំ​គេ​។ អា​ខ្លះ​ដាច់​បាយ​ដាច់​ទឹក​មុខ​ខ្ម​ ប៉ែ​ហ្នឹង​ហា​បង​អ្ហើយ អត់​មាន​អ្វី​ហូប​ទេ ម្ភៃ​គ្រួសារ ហ្នឹង​សុទ្ធតែ​អ្នក​អត់​ដី​នៅ​ពិត​ប្រាកដ​ហើយ​បង»។

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​ម្នាក់ទៀត​លោកស្រី ខាត់ ចាប ថ្លែង​ថា ទ្រព្យសម្បត្តិ របស់​គាត់​នៅ​សេសសល់ មិនអាច​ប្រមូល​ចេញ​ពី​ផ្ទះ​បាន ដោយសារ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​យក​វិញ​នោះ​ទេ។ លោកស្រី​បន្ថែម​ថា មកដល់ពេលនេះ​គាត់​មិន​មានផ្ទះ​សម្រាប់​ជ្រក​នោះ​ទេ។

លោកស្រី ខាត់ ចាច៖ «ពូ​ឯង​មើល​មក​ឈូស​ឆាយ​ឈូស​អី​អស់ ខ្ទេចខ្ទី​អស់ហើយ​ខ្ញុំ​ថត​អី​អត់​ឲ្យ​ខ្ញុំ​ថត​ទេ​ចាប់​យក​ទូរស័ព្ទ​។ ហើយ​គាត់​ព័ត៌មាន​ខ្លួនឯង​សុទ្ធតែ​ថា ពួក​ខ្ញុំ​ហ្នឹង​ដេញ​កាប់​ដេញ​អី​គាត់ ព័ត៌មាន​ខ្លួនឯង​ថា​ខ្លួនឯង​លោកពូ​ឯង​មើល។ ហើយ​ឈូស​ឆាយ​ហើយ​យក យក​ស័ង្កសី​យក​អីៗ​ៗ​ហ្នឹង អត់​ឲ្យ​ខ្ញុំ​យក​ទាំងអស់​។ គាត់​ឈូស​ឆាយ​ចោល​របស់ខ្ញុំ​ទាំងអស់ ឆ្នាំង​ចាន​ក៏​មិន​ឲ្យ​យក​កន្ទេល​មុង​ក៏​មិន​ឲ្យ​យក មាន់​ទា​ក៏​មិន​ឲ្យ​ចាប់​ឲ្យ​អី​ទាំងអស់ គាត់​ថា ហ៊ាន​ចាប់ ដាក់​ខ្នោះ»។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អភិបាល​ស្រុក​សំឡូត លោក សើ សាម៉េត អធិការ​នគរបាល​ស្រុក​សំឡូត លោក ម៉ែន រីម ស្នងការ​ខេត្ត​បាត់ដំបង លោក សាត គឹមសាន និង​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៩ មិថុនា។

ដោយឡែក​មេឃុំ​តាតោក ស្រុក​សំឡូត លោក អ៊ុន ខែម ថ្លែង​ថា គាត់​មិន​បាន​គិត​ដល់​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន សម្រាប់​ពលរដ្ឋ​២២៩​គ្រួសារ​នោះ​ទេ ព្រោះ​ផ្ទះ​របស់​លោក​គឺ​នៅ​ឆ្ងាយ​ពី​ទីនោះ ហើយ​លោក​មិន​ធ្លាប់​ទៅ​ទីតាំង​តំបន់​នោះ និង​ពុំ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​២២៩​គ្រួសារ​ដែរ។

លោក អ៊ុន ខែម៖ «អាហ្នឹង​គាត់​ទៅ​នៅ គេ​ឲ្យ​ទៅ​តាម​ផ្ទះ​តាម​ដី តាម​ធ្លី​របស់​គាត់​រៀងៗ​ខ្លួន​ហ្នឹង​ទៅ​តាម​មើល ខ្ញុំ​អត់ វា​ផុត​ពី​ការ ខ្ញុំ​ដោះស្រាយ​ហើយ​អា​រឿង​ហ្នឹង ខ្ញុំ​អត់​សូវ​ដឹង​ដែរ​ហ្នឹង​ហា វា​នៅ​ខាងលើ​វិញ​ទេ ខាង​តុលាការ ខាង​អី​គេ បាន​គេ​យល់​ជ្រៅ​ជាង​ពី​បញ្ហា​ហ្នឹង​។ ហើយ​ប្រជាជន​ក៏​មិនមែន​អ្នក​នៅ​ខាង​ខ្ញុំ​ដែរ ប្រជាជន​នៅ​ខាង​ខ្ញុំ ក៏​វា​តិចតួច គាត់​ទៅ​រស់​នៅ​តាម​ផ្ទះ​តាម​សម្បែង​គាត់​ទៅ បី បួន ដប់​គ្រួសារ​អ៊ីចឹង​ទៅ»។

ទោះជា​យ៉ាងណា អ្នកសម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ (Licadho) ខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ ថា ប្រតិបត្តិការ​វាយ​កម្ទេច​ផ្ទះ​ពលរដ្ឋ និង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ហើយ​មិន​ទុក​ពេល​សមរម្យ​ឲ្យ​ពលរដ្ឋ សម្រាប់​ប្រមូល​សម្ភារៈ​របស់​ពួកគេ​នោះ ជា​ការ​រំលោភសិទ្ធិ​ធ្ងន់ធ្ងរ និង​គ្មាន​ភាព​មនុស្សធម៌។

លោក អ៊ិន គង់ជិត៖ «ក្នុងនាម​អង្គការ​សង្គម​ស៊ីវិល យើងខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ គិតគូរ​ទៅលើ​មនុស្សធម៌ អំពើ​មនុស្សធម៌ ដែល​ជួយ​បង្ក​លក្ខណៈ​អនុគ្រោះ​ឲ្យ​គាត់​បាន​រស់នៅ​ជា​បណ្ដោះអាសន្ន​។ យើង​គិតថា កន្លងមក​ឃើញ​អាជ្ញាធរ មាន​សកម្ម​ភាពល្អ​ដូចជា​ចែក​ជំនួយ​ចែក​អំណោយ​ដល់​ជន​ក្រីក្រ​នៅ​តាម​ភូមិ អ្នក​ពិការ ស្ត្រី​ទុរគត ជនពិការ មនុស្ស​ចាស់ជរា អ្នកជំងឺ​អ្វី​ហ្នឹង គឺ​ឃើញ​មាន​ទឹក​ចិត្តល្អ​ក្នុង​ការ​ឧបត្ថម្ភ​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​។ ចុះ​ចំណែក​ពួកគាត់ ដែល​គាត់​អស់​ផ្ទះសម្បែង​ហើយ អស់​ទី​ជង្រុក​អស់​ទីជម្រក​ហើយ អស់​ទី​ស្នាក់នៅ​ហើយ គ្រាន់តែ​បង្ក​លក្ខណៈ ឬក៏​សម្រួល​ឬក៏​រក​ទីកន្លែង​សមរម្យ​ណាមួយ​សម្រាប់​ឲ្យ​ពួកគាត់​រស់នៅ​បណ្ដោះអាសន្ន»។

អាជ្ញាធរ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​២៨ មិថុនា​កន្លង​ទៅ បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ អស់​ជាច្រើន​គ្រួសារ ក្រោម​ហេតុផល​ថា ពលរដ្ឋ​ទាំងនោះ សង់ផ្ទះ​រំលោភ​លើ​ដី​របស់​ក្រសួងកសិកម្ម ហើយ​បាន​ហាមឃាត់ មិន​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​ប្រមូល​យក​ទ្រព្យសម្បតិ្ត និង​សត្វ​ចិញ្ចឹម​ពួកគេ​ចេញ​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ទង្វើ​របស់​អាជ្ញាធរ​នេះ ជា​រឿង​អមនុស្សធម៌ និង​រំលោភ​លើ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ អាជ្ញាធរ ស្វែងរក​ទីតាំង​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ​បណ្ដោះអាសន្ន និង​ទុក​រយៈពេល​ឲ្យ​ពលរដ្ឋ​ឲ្យ​បាន​សមរម្យ​ដើម្បី​ឲ្យ​ពួកគេ ប្រមូល​យក​ទ្រព្យសម្បត្តិ និង​សត្វ​ចិញ្ចឹម​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។