ប្រជាពលរដ្ឋជិត ៨៤៣គ្រួសារ នៅស្រុកស្រែអំបិល ស្រុកបទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាង ១០ឆ្នាំ ជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ នៅតែ ទាមទារឲ្យអាជ្ញាធររកដំណោះស្រាយដល់ពួកគាត់។ ពលរដ្ឋថា ក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានរំលោភយកដីរបស់ពួកគាត់ និងមិនបានសងជាសំណងឲ្យបានសមរម្យ ដែលអាចឲ្យពួកគាត់ទទួលយកបាននោះទេ។
ប្រជាពលរដ្ឋថា នឹងស្វែងរកដំណោះស្រាយទៅថ្នាក់ស្រុក ខេត្តបន្តទៀត បន្ទាប់ពីសាលាឃុំកណ្ដោលមិនព្រមទទួលយកញត្តិពួកគាត់ កាលពីថ្ងៃទី២ខែសីហា។
ខ្លឹមសារញត្តិនោះគឺ ស្នើសុំឲ្យមេឃុំដែលទើបជាប់ឆ្នោតថ្មី ជួយធ្វើអន្តរាគមន៍វិវាទដីធ្លីរបស់ពួកគាត់ ជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ ដែលបានយកដីពលរដ្ឋទៅអភិវឌ្ឍន៍ជាង ១០ឆ្នាំហើយ។
ពលរដ្ឋ រងគ្រោះដីធ្លីនៅឃុំកណ្ដោល ស្រុកបទុមសាគរ កញ្ញា រុន ភាព ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែសីហាថា កញ្ញាបានបាត់បង់ដី ២ហិកតារ ដោយសារក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ រំលោភយកកាលពីឆ្នាំ២០០៦ តែមិនបានសងសំណងដល់គ្រួសាររបស់កញ្ញាឲ្យបានត្រឹមត្រូវទេ។ កញ្ញាបន្ថែមថា កាលពីថ្ងៃទី២ ខែសីហា ពលរដ្ឋប្រមាណ ១០៨នាក់ បាននាំគ្នាយកញត្តិទៅដាក់នៅសាលាឃុំកណ្ដោល ដើម្បីឲ្យលោកមេឃុំជួយរកដំណោះស្រាយដល់ពលរដ្ឋ តែលោកមេឃុំមិនព្រមទទួលយកញត្តិរបស់ពលរដ្ឋទេ ដោយអាងថា ក្រសួងរៀបចំដែនដីបានដោះស្រាយជូនពលរដ្ឋរួចរាល់អស់ហើយ។
កញ្ញាបញ្ជាក់ថា ការអះអាងរបស់មេឃុំកណ្ដោលមិនត្រឹមត្រូវទេ ព្រោះប្រជាពលរដ្ឋនៅខេត្តកោះកុង មិនទាន់ទទួលបានសំណងសមរម្យពីក្រុមហ៊ុនស្ករអំពៅមួយនេះនៅឡើយទេ៖ « ខ្ញុំគ្រាន់តែចង់សំណូមពរទៅដល់ខាងរាជរដ្ឋាភិបាលជួយពន្លឿនការដោះស្រាយដីធ្លីឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុងឲ្យបានឆាប់បំផុត។ កុំឲ្យដូចជាពាក្យខាងខេត្តគេចោទប្រកាន់ថា បានដោះស្រាយអ៊ីចឹងទៅណា តាមពិតទៅ គឺមិនទាន់បានដោះស្រាយឲ្យរួចរាល់អស់ទេ » ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការស្រាយបំភ្លឺជុំវិញបញ្ហានេះ ពីមេឃុំកណ្ដោល ស្រុកបទុមសាគរ លោក ឆឹង ង៉ែ បានទេ នៅថ្ងៃទី៤ ខែសីហា ដោយទូរស័ព្ទហៅចូល តែពុំមានអ្នកទទួល។
ជុំវិញរឿងនេះដែរ អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន លើកឡើងថា មន្ត្រីឃុំ សង្កាត់ គួរតែទទួលយកសំណើរបស់ប្រជាពលរដ្ឋមកដោះស្រាយ មិនមែនបដិសេធមិនទទួលយក ដោយហេតុផលថា មន្ត្រីថ្នាក់ខេត្តបានទូទាត់រកដំណោះស្រាយឲ្យពលរដ្ឋរួចហើយដូច្នេះទេ៖ « ទទួលខុសត្រូវដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំ។ ទោះបីថា រឿងនេះលើសពីសមត្ថភាពក្នុងការដោះស្រាយក៏ដោយ តែក្នុងនាមជាអាជ្ញាធរឃុំត្រូវតែទទួលយកបណ្ដឹង ឬក៏ពាក្យសំណើស្នើសុំផ្សេងៗ ដើម្បីជម្រាបទៅថ្នាក់ស្រុក ឬខេត្តបន្តទៀត មិនអាចបដិសេធបែបនេះទេ ព្រោះថា ឃុំបានជាប់ឆ្នោត ដោយសារប្រជាពលរដ្ឋជាអ្នកបោះឆ្នោតគាំទ្រពួកគាត់ដែរ ហើយអ៊ីចឹងកាលណាមិនទទួលបណ្ដឹងប្រជាពលរដ្ឋ ខ្ញុំយល់ថា អាជ្ញាធរមិនបានគិតគូរទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលនៅមូលដ្ឋានទេ » ។
ពលរដ្ឋប្រមាណមួយរយនាក់ ដែលតំណាងឲ្យពលរដ្ឋ ៨៤៣គ្រួសារ អះអាងថា ដីស្រែ ដីចម្ការរបស់ពួកគាត់ ត្រូវបានក្រុមហ៊ុន កោះកុងស៊ូហ្គើរ (Koh Kong Sugar) និង ក្រុមហ៊ុន កោះកុងផ្លេនថេសិន (Koh Kong Plantation) របស់លោក លី យ៉ុងផាត់ បានយកគ្រឿងចក្រមកឈូសឆាយរឹបអូសយកដីពលរដ្ឋតាំងពីឆ្នាំ២០០៦ សរុប ១.៧២៧,៦ហិកតារតែមកទល់ពេលនេះពលរដ្ឋមិនទាន់បានទទួលសំណងសមរម្យពីក្រុមហ៊ុនទាំងពីរនោះទេ។
កន្លងមកពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានដាក់បណ្ដឹងទៅសាលាខេត្តកោះកុង ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ឲ្យពួកគាត់ ប៉ុន្តែបែរជាត្រូវមន្ត្រីអាជ្ញាធរខេត្តប្ដឹងបកមកប្រជាពលរដ្ឋវិញ ក្នុងនោះមានពលរដ្ឋទាំងអស់ ១៦នាក់ ដែលត្រូវជាប់បណ្ដឹងក្នុងតុលាការ ក្រោមបទចោទ «បង្កចលាចល និងធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ» ការចោទប្រកាន់នេះ ធ្វើឲ្យពលរដ្ឋយល់ថា ពួកគាត់បានរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។