ប្រជាពលរដ្ឋប្រមាណ៧០នាក់ តំណាងឲ្យពលរដ្ឋជាងមួយរយគ្រួសារក្នុងឃុំចំនួនបីនៃស្រុកគីរីសាគរ នាំគ្នាដាក់ញត្តិនៅសាលាខេត្តកោះកុង ស្នើសុំអាជ្ញាធរផ្ដល់ដំណោះស្រាយសារជាថ្មី ក្រោយពីពួកគាត់មិនព្រមទទួលយកគោលនយោបាយរដ្ឋាភិបាលដីធ្លី កាលពីពេលកន្លងទៅ។ សង្គមស៊ីវិលសង្ឃឹមថា អាជ្ញាធរខេត្តនិងក្រសួងដែនដី នឹងពិនិត្យមើលសំណើរបស់ពលរដ្ឋ ដោយយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅដល់ការដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ ដោយជោគជ័យ និងទទួលយកបានពីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋនៅឃុំព្រែកខ្សាច់ ឃុំភ្ញីមាស និងឃុំកោះស្ដេច ជាងមួយគ្រួសារ (១៤៧) នៅស្រុកគិរីសាគរ ទាមទារឲ្យអាជ្ញាធរចុះពិនិត្យមើលដីទំហំផ្ទះ និងដីចម្ការរបស់ពួកគាត់ឲ្យបានត្រឹមត្រូវ ហើយពិភាក្សាផ្ដល់សំណងគោលនយោបាយសារជាថ្មី ឲ្យស្របទៅនឹងទំហំដីដែលពលរដ្ឋបាត់បង់ទៅក្រុមហ៊ុនចិនយូញៀន ឌិវិឡប់មិនហ្គ្រុប (Union Development Group)។
តំណាងពលរដ្ឋឃុំកោះស្ដេចលោកស្រី សាំង ពុយ ថ្លែងថា គោលនយោបាយដោះស្រាយដីធ្លីរបស់រដ្ឋាភិបាលឲ្យពលរដ្ឋទៅចាប់ឆ្នោតយកដីឡូត៍នៅទីតាំងថ្មី កន្លងទៅនេះ គឺគ្មានតម្លាភាព និងគ្មានភាពយុត្តិធម៌ទេ ដោយសារអាជ្ញាធរមិនបានបង្ហាញឲ្យប្រជាពលរដ្ឋ យល់ដឹងច្បាស់ជាមុន អំពីគោលនយោបាយនេះ ក្រៅពីប្រើវិធានការចាប់បង្ខំពលរដ្ឋដែលមានដីជាច្រើនហិកតា ឲ្យទទួលយកសំណងដូចគ្នានឹង ពលរដ្ឋដែលមានដីតិចជាង១ហិកតា។
លោកស្រីបន្តថា ការដោះស្រាយបញ្ហាដីធ្លី ដោយអាជ្ញាធរខេត្តកោះកុងនិងក្រសួងដែនដី នៅពេលនេះ គឺនៅតែមានភាពមិនប្រក្រតី ដោយសារពលរដ្ឋខ្លះដែលមានដីធ្លីត្រឹមត្រូវ បែរជាពុំមិនមានឈ្មោះទទួលបានសំណង រីឯក្រុមពលរដ្ឋដែលធ្លាប់ទទួលសំណងពីរដ្ឋម្ដងរួចហើយ នៅតែអាចទទួលបានសំណងម្ដងទៀត។
លោកស្រីឲ្យដឹងថា អាជ្ញាធរបានចាត់គ្រួសារលោកស្រី និងម្ដាយលោកស្រីចូលក្នុងប្រភេទទី២ ដែលត្រូវទទួលបានដី២ហិកតារពីរដ្ឋ ក្រោយពីអាជ្ញាធរថា ដីធ្លីរបស់លោកស្រី៨ហិកតា និងដីម្ដាយ១៧ហិកតាទៀត ស្ថិតនៅខុសភូមិ។
តំណាងពលរដ្ឋដែលចេញតវ៉ាអស់ច្រើនឆ្នាំមកនេះ ស្នើសុំអាជ្ញាធរខេត្តកោះកុង និងក្រសួងពាក់ព័ន្ធ ពិចារណាឡើងវិញ ហើយផ្ដល់សំណងជូនពលរដ្ឋឲ្យបានសមរម្យជាងនេះ ដោយផ្អែកទៅតាមទំហំនិងសណ្ឋានដីជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងគម្រោងរបស់ក្រុមហ៊ុន៖ «ពេលគាត់រង់ចាំជាង១០ឆ្នាំ ពេលគាត់ដោះស្រាយទុកពេលវេលាឲ្យគាត់តែប៉ុន្មានថ្ងៃ ដោយគ្មានការពន្យល់ សម្របសម្រួល។ បងគិតថា គាត់ដូចជាដាក់សម្ពាធមកលើបងប្អូនប្រជាពលរដ្ឋពេក។ គាត់ចង់សំណូមពរឲ្យគាត់ជួយសម្របសម្រួលដោះស្រាយសារជាថ្មីឲ្យមានភាពយុត្តិធម៌ សមស្រប ឲ្យប្អូនប្រជាពលរដ្ឋអាចទទួលយកបាន។ ពួកគាត់មិនចង់ជំទាស់ការអភិវឌ្ឍទេ ប៉ុន្តែចង់ឲ្យបងប្អូនទៅរស់នៅកន្លែងថ្មី វាល្អជាង ឬក៏អាចប្រកបអាជីពអីបានអ៊ីចឹង»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពីអភិបាលខេត្តកោះកុងអ្នកស្រី មិថុនា ភូថង និងរដ្ឋលេខាធិការក្រសួងដែនដីលោក ទេព ធន នៅថ្ងៃទី២៦ ខែតុលា បានទេ ដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខែកោះកុងលោក ហួរ អ៊ីន ឲ្យដឹងថា អាជ្ញាធរខេត្តកោះកុង បានហៅប្រជាពលរដ្ឋដែលមិនព្រមទទួលគោលនយោបាយរដ្ឋាភិបាល ទៅពិភាក្សាគ្នា ២លើកមកហើយ ប៉ុន្តែពលរដ្ឋនៅតែបដិសេធមិនទទួលសំណងដដែលនោះ។ លោកបន្តថា បើទោះបីជាពលរដ្ឋមិនទាន់យល់ព្រមទទួលគោលនយោបាយនេះក៏ដោយ ក៏អាជ្ញាធរនិងក្រសួងដែនដី គួរតែរិះរកដំណោះស្រាយថ្មី ហើយបន្តដោះស្រាយជូនពលរដ្ឋឲ្យចប់សព្វគ្រប់។
មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ដែលតាមដានរឿងនេះរំពឹងថា អាជ្ញាធរខេត្តនិងក្រសួងដែនដី ពិនិត្យមើលសំណើរបស់ពលរដ្ឋ ដោយយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅដល់ការដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន ឌិវិឡប់មិនហ្គ្រុប (Union Development Group) ដោយជោគជ័យ និងទទួលយកបានពីប្រជាពលរដ្ឋ៖ «ការដោះស្រាយនេះតាំងពីឆ្នាំ២០១០ មកដល់ឥឡូវ វា១១ឆ្នាំហើយ។ ហើយការដោះស្រាយក៏មានរូបភាពផ្សេងៗគ្នាដែរ រវាងប្រជាពលរដ្ឋមួយក្រុមៗ។ លើកនេះ ខ្ញុំជឿជាក់ថា ដើម្បីអាជ្ញាធរបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ហើយនឹងមិនឲ្យប្រជាពលរដ្ឋនៅតែមានការរងគ្រោះពីក្រុមហ៊ុនយូញៀនតទៅមុខទៀត។ ហើយដើម្បីបង្ហាញថា អាជ្ញាធរក៏ដូចជារាជរដ្ឋាភិបាលគិតគូរទៅលើផលប្រយោជន៍របស់ប្រជាពលរដ្ឋ អាជ្ញាធរក៏ដូចជាក្រសួងដែនដី នឹងខិតខំដោះស្រាយទំនាស់នេះឲ្យបានជោគជ័យទាំងអស់គ្នា។ ការដោះស្រាយបាជោគជ័យគឺការដោះស្រាយដោយមានភាពយុត្តិធម៌ មិនជាការដោះស្រាយដោយមានការបង្ខំទេ»។
កាលពីថ្ងៃទី១៥ ខែតុលា អាជ្ញាធរខេត្តកោះកុង ចេញលិខិតជូនដំណឹងមួយដល់ប្រជាពលរដ្ឋដែលមិនទាន់ធ្វើកិច្ចសន្យាទទួលយកគោលនយោបាយពីរដ្ឋាភិបាល ឲ្យប្រញាប់មកជួបអាជ្ញាធរដើម្បីចាប់ដីឡូត៍ត្រឹមថ្ងៃទី២២ ខែតុលា ដើម្បីជៀសការបាត់បង់ផលប្រយោជន៍ទៅពេលខាងមុខ។
អាជ្ញាធរបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋខកខានមិនមកទទួលយកដំណោះស្រាយនេះ តាមពេលកំណត់ដោយអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីទេ នោះចាត់ទុកថា ពលរដ្ឋបោះបង់សិទ្ធិទទួលយកគោលនយោបាយដោះស្រាយបញ្ហាដីធ្លីពីរដ្ឋាភិបាល ហើយអាជ្ញាធរមិនទទួលខុសត្រូវរាល់ការបាត់បង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋឡើយ។
រដ្ឋាភិបាល សម្រេចបែងចែកពលរដ្ឋជាង១ពាន់៣រយនាក់ (១.៣៣៣) ចេញជាពីបីប្រភេទ។
ពលរដ្ឋប្រភេទទី១ ដែលរស់នៅក្នុងទីតាំងវិនិយោគក្រុមហ៊ុន មានចំនួន២៤៧គ្រួសារ ទទួលបានដីផ្ទះទំហំកន្លះហិកតា ដីចម្ការ ៣ហិកតា និងថវិកា ៩ពាន់ដុល្លារ(៩.០០០)ក្នុងមួយគ្រួសារ។ ចំពោះពលរដ្ឋប្រភេទទី២ ដែលទីតាំងដីពួកគាត់ ខុសភូមិនិងឃុំមានចំនួន២៥៥គ្រួសារ ទទួលបានដីចម្ការទំហំ២ហិកតា ក្នុងមួយគ្រួសារ។ រីឯពលរដ្ឋប្រភេទទី៣ ដែលស្នើសុំគោលនយោបាយបន្ថែម មានជាង៨រយគ្រួសារទៀត (៨៣១) គឺទទួលបានដីចម្ការទំហំ១ហិកតាក្នុងមួយគ្រួសារ។ ចំណែកប្រជាពលរដ្ឋស្នើសុំដីសម្បទានសង្គមកិច្ច អាជ្ញាធរខេត្តកោះកុងអះអាងថា រដ្ឋាភិបាលនឹងនឹងធ្វើការដោះស្រាយតាមក្រោយ។
គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋសរុបជាងប្រាំមួយរយគ្រួសារ (៦៤១) ដែលព្រមទទួលយកសំណងនិងដោះដូរដីទៅនៅទីតាំងថ្មី តាមគោលនយោបាយរដ្ឋាភិបាល។
ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) បានទទួលដីសម្បទានសេដ្ឋកិច្ច នៅចំកណ្ដាលឧទ្យានជាតិបទុមសាគរ ក្នុងខេត្តកោះកុង សរុបចំនួនជាង៤ម៉ឺន៥ពាន់ហិកតា (៤៥.១០០) ពីរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីឆ្នាំ២០០៨ ដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់ជិត៤ពាន់លានដុល្លារ (៣,៨ពាន់លានដុល្លារ)។
គម្រោងអភិវឌ្ឍនេះបានបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរជាង១ពាន់៣រយគ្រួសារ ត្រូវចាកចេញពីលំនៅឋានរបស់ពួកគេ។ កាលពីឆ្នាំមុន ក្រសួងរតនាគារអាមេរិកបានសម្រេចដាក់ទណ្ឌកម្មក្រុមហ៊ុននេះ ក្រោមច្បាប់សាកល ហ្គូប៊ល ម៉ានិកស្គី អ៊ែក (Global Magnitsky Act)ក្រោយពីរកឃើញថា ក្រុមហ៊ុនចិនមួយនេះមានពាក់ព័ន្ធនឹងអំពើពុករលួយ ការច្បាមយកដី និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមប្រជាពលរដ្ឋដែលមិនព្រមទទួលគោលនយោបាយដីធ្លីនេះ ស្នើសុំរដ្ឋាភិបាលបើកវេទិកាពិភាក្សាជាមួយពលរដ្ឋ និងផ្ដល់សំណងសមរម្យ ដែលអាចទទួលយកបាន។ ពលរដ្ឋប្រកាន់ជំហរថា ប្រសិនបើអាជ្ញាធរមិនស្វែងផ្ដល់ដំណោះស្រាយល្អជាងនេះទេ នោះពួកគាត់នឹងនាំគ្នាចេញតវ៉ាតាមស្ថាប័នរដ្ឋ លុះត្រាទទួលបានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។