សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​វាល​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​កណ្ដាល ស្នើ​សុំ​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី

0:00 / 0:00

ក្រុម​តំណាង​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​វាល​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​ថ្មី នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដាក់​ញត្តិ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​និង​ដំណោះស្រាយ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ។ អង្គការ​សង្គម​ស៊ីវិល​រំពឹង​ថា ក្រសួង​ដែនដី​នឹង​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ ដោយ​ធ្វើ​ការ​សម្រប​សម្រួល​ភាគី​ទាំង​ពីរ ទាក់ទង​នឹង​ការ​កំណត់​តម្លៃ​ដី​សមរម្យ​ណា​មួយ។

ក្រុម​ពលរដ្ឋ​នៅ​ភូមិ​កំពង់​តា​ឡុង ឃុំ​បឹងខ្យាង ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​ចម្រូងចម្រាស​ជាមួយ​ឧកញ៉ា ពុង ឃាវសែ នាំ​គ្នា​ស្វែង​រក​ដំណោះស្រាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា បន្ទាប់​ពី​ពួកគាត់​អស់​ជំនឿ​លើ​យន្តការ​ដោះស្រាយ​ទំនាស់​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល។

តំណាង​ពលរដ្ឋ លោកស្រី ឃឹម ម៉ាលី ថ្លែង​ថា ពលរដ្ឋ​នៅ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​ណា​មួយ​ ដែល​អាច​ឲ្យ​ពលរដ្ឋ​ម្ចាស់​ដី អាច​ទទួល​បាន​យក​បាន​នោះ​ទេ ក្នុង​រយៈ​ពេល ៤ឆ្នាំ​មក​នេះ ក្រៅ​ពី​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ កំណត់​តម្លៃ​ដី ១ម៉ែត្រការ៉ែ ៨ដុល្លារ​ដដែល​ឲ្យ​ពលរដ្ឋ ខណៈ​តម្លៃ​ដី​បច្ចុប្បន្ន​ចាប់​ពី ៨០ដុល្លារ​ទៅ ១០០ដុល្លារ​ក្នុង​ម៉ែត្រ​ការ៉េ។

Khim_Maly_ឃឹម_ម៉ាលី_ពលរដ្ឋមានជម្លោះដីធ្លីជាមួយOCIC_091221.jpg
លោកស្រី ឃឹម ម៉ាលី តំណាង​ពលរដ្ឋ ដែល​មាន​បញ្ហា​ដីធ្លី​នៅ​ឃុំបឹងខ្យាង ស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្ដាល។ រូប៖ ពលរដ្ឋផ្ដល់

លោក​ស្រី​បន្ត​ថា តម្លៃ​ដី​ដែល​ពលរដ្ឋ​ចង់​បាន​ពី​ភាគី​ក្រុមហ៊ុន គឺ ៨០ដុល្លារ​ក្នុង​ម៉ែត្រ​ការ៉េ ឬ​អាច​ចរចា​ក្នុង​តម្លៃ​សមរម្យ​ណា​មួយ ដើម្បី​ឲ្យ​ពួក​គាត់​អាច​ទៅ​រក​ទិញ​ដី និង​សង់​ផ្ទះ​សម្បែង​នៅ​ទីតាំង​ថ្មី​បាន។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​សុំ​ក្រសួង​ដែន​ដី​ពន្លឿន​ដំណោះស្រាយ​ក្នុង​រឿង​នេះ ដើម្បី​កុំ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ការ​អភិវឌ្ឍ​វាល​យន្តហោះ​ថ្មី​របស់​រដ្ឋាភិបាល៖ «តាំង​ពី​ពេល​ខ្ញុំ​រត់​គេច​ចេញ​ពី​ផ្ទះ​រហូត​មក​ដល់​ឥឡូវ​នេះ ខ្ញុំ​មិន​ដែល​ដេក​លក់​ទេ។ ខ្ញុំ​ព្រួយបារម្ភ។ លើក​មុន​ខ្ញុំ​អស់​តែ​ដី​ស្រែ​ តែ​កន្លង​មក​ មក​ដល់​ដី​ផ្ទះ​ខ្ញុំ​ទៀត។ កូន​ខ្ញុំ​តូចៗ ហើយ​ខ្ញុំ​ជំពាក់​រដ្ឋ ២ ទៅ ៣ដង​ យក​មក​ផ្គត់ផ្គង់​កូន​រៀន ដោះស្រាយ​សង​រដ្ឋ។ តែ​ឥឡូវ រយៈ​ពេល ៤ឆ្នាំ​នេះ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​ស្រែ​ទេ។ កាល​ពី​មុន​ថា អស់​ចុះ​ដីស្រែ​ ទៅ​ធ្វើ​សំណង់ ឬ​ធ្វើ​រោងចក្រ​ចុះ​ឲ្យ​នៅ​លំនៅឋាន​ ឥឡូវ​គាត់​មក​គាប​សង្កត់​លំនៅឋាន​របស់​ពួក​ខ្ញុំ​ទៀត។ អ៊ីចឹង ! ពួក​ខ្ញុំ​អត់​ដែល​មាន​ការ​សប្បាយ​ចិត្ត​ទេ។ ពិបាក​ចិត្ត។ អ៊ីចឹង ! ក៏​សូម​សំណូមពរ​ឲ្យ​សម្ដេច ហ៊ុន សែន និង​ក្រសួង​ដែនដី ជួយ​រក​យុត្តិធម៌​ឲ្យ​ប្រជាជន​ផង»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី​នៃ​ក្រសួង​ដែនដី លោក ទេព ធន បាន​ទេ នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​ត្រូវ​​លោក​ចុច​ផ្ដាច់។

ទាក់ទង​នឹង​រឿង​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា ទំនាស់​នេះ​អាច​បញ្ចប់​ទៅ​បាន ប្រសិន​បើ​ក្រសួង​មាន​ឆន្ទៈ​ព្យាយាម​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ តាម​រយៈ​យន្ត​ការ​សម្រប​សម្រួល និង​ពិភាក្សា​គ្នា​រវាង​ក្រុមហ៊ុន​ជាមួយ​ប្រជា​ពលរដ្ឋ ក្នុង​ការ​កំណត់​តម្លៃ​ដី​សមរម្យ​ណា​មួយ ដែល​ភាគី​ទាំង​ពីរ​អាច​ទទួល​យក​បាន៖ «ឥឡូវ​ហ្នឹង​ តាម​ស្ដាប់​ទៅ​មិន​មែន​តែ​ដី​ស្រែ​គាត់​ទេ សូម្បី​តែ​ដី​ភូមិ​គាត់​ហ្នឹង ក៏​មាន​ក្រុមហ៊ុន​ចុះ​វាស់វែង ហើយ​អ៊ីចឹង គាត់​ក៏​មាន​ការ​ព្រួយ​បារម្ភ​ជា​បន្ត​បន្ទាប់។ យើង​ឃើញ​ថា ប្រសិន​ជា​ក្រសួង​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​ក្រុមហ៊ុន​ឲ្យ​ឡើង​តម្លៃ​ជាង​ហ្នឹង​ទៅ ហើយ​ខាង​សហគមន៍​គាត់​សម្បទាន​ខ្លះ​អ៊ីចឹង​ទៅ អា​ហ្នឹង​អាច​ដោះស្រាយ​បាន​ហើយ ហើយ​បើ​នៅ​អ៊ីចឹង​ទេ ! ពួក​គាត់​ប្រហែល​ជា​នៅ​ស្ងប់ស្ងាត់​មួយ​រយៈ​ហ្នឹង។ ហើយ​បន្ទាប់​មក គាត់​នៅ​តែ​ធ្វើ​ការ​តវ៉ា​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ»។

ជុំវិញ​រឿង​នេះ អាជ្ញាធរ​ខេត្ត​កណ្ដាល​ធ្លាប់​អះអាង​ថា រដ្ឋាភិបាល​មិន​មាន​គោលនយោបាយ​ថ្មី​ដោះ​ស្រាយ​វិវាទ​នេះ​ទេ ក្រៅ​ពី​ជម្រើស​ដូច​ដែល​បាន​ផ្ដល់​ជូន​ពលរដ្ឋ​កន្លង​មក គឺ​ពលរដ្ឋ​អាច​លក់​ដី​ឲ្យ​ក្រុមហ៊ុន ១ម៉ែត្រ​ការ៉េ​តម្លៃ ៨ដុល្លារ ឬ​ដោះដូរ​ដី​ទៅ​តាំង​ផ្សេង។

អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​កំណត់​តម្លៃ​ដី ១ម៉ែត្រ​ការ៉េ ៨ដុល្លារ​នោះ គឺ​ផ្អែក​ទៅ​តាម​ការ​វាយ​តម្លៃ មុន​គម្រោង​វាល​យន្ត​ថ្មី​ចាប់​ផ្ដើម​សាងសង់។ លោក​ទទួល​ស្គាល់​ថា តម្លៃ​ដី​នេះ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​មិន​ព្រម​ទទួល​យក​ ហើយ​បន្ត​ការ​តវ៉ា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

អភិបាល​ខេត្ត​រូប​នេះ ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​អភិវឌ្ឍន៍​គម្រោង​នេះ​ទាំង​អស់​គ្នា​ ដើម្បី​បាន​ជា​ប្រយោជន៍​ទៅ​ថ្ងៃ​អនាគត៖ «គោលការណ៍​ដែល​ផ្ដល់​ឲ្យ​ហ្នឹង គឺ​មុន​សាង​សង់​វាល ៨ដុល្លារ ១ម៉ែត្រ​ការ៉េ ប៉ុន្តែ​មិន​ទាន់​ទទួល​យក​វា​អូស​បន្លាយ​ពេល ហើយ​ដី​ក៏​វា​ប្រែប្រួល​ខ្លះ ហើយ​ការ​ដូរ​ដី ១ហិកតារ​ទល់​នឹង ១ហិកតារ​វិញ ដែល​ខុស​ទីតាំង​ដែល​រដ្ឋ​កំពុង​ចាំបាច់​ណាស់ ការ​កសាង​វាល ដើម្បី​អភិវឌ្ឍ​សក្ដានុពល​ទូទាំង​ប្រទេស ហើយ​ក្នុង​ក៏​ដូច​ដី ១ហិកតារ​ជាង​ដែល​វា​ឆ្ងាយ​ពី​គោលដៅ​ស្រុក​របស់​គាត់​ហ្នឹង​ដែរ ហើយ​ឡើង​អី​យ៉ាង​ណា​នោះ ដូច​ជា មិន​ដែល​មាន​គោល​ការណ៍​ណា​មួយ​ថ្មី​ទេ»។

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ទំនាស់​ដីធ្លី​នៅ​តំបន់​វាល​យន្តហោះ​ថ្មី​នេះ បាន​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ ៩​នាក់ ក្រោយ​ពី​ការ​ហេតុការណ៍​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​រាប់​រយ​នាក់​ ដែល​ត្រូវ​បាន​ពង្រាយ​បិទ​ផ្លូវ​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​ចូល​ទៅ​មើល​ដី​ស្រែ​ពួកគាត់។

១០ថ្ងៃ​ក្រោយ​មក តុលាការ​ក៏​បាន​ដោះលែង​ពលរដ្ឋ​ទាំង​នោះ​វិញ នៅ​ពេល​សាច់​ញាតិ​ពួកគេ​ធ្វើ​លិខិត​សុំទោស​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ។

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​សរុប ៣៣០គ្រួសារ នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល អូស​បន្លាយ​ជាង ៣ឆ្នាំ​មក​ហើយ​ ដោយ​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង​ដែល​អាជ្ញាធរ​ផ្ដល់​ឲ្យ​ចន្លោះ​ពី ៣ដុល្លារ​ទៅ ៨ដុល្លារ ក្នុង​ដី ១ម៉ែត្រ​ការ៉េ។

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​លោក ពុង ឃាវសែ ដែល​ជា​អ្នកជំនួញ​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សិទ្ធិ​សាងសង់​វាល​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នៅ​ទី​នោះ។ តាម​គម្រោង ក្រុមហ៊ុន​នឹង​សាងសង់​រួចរាល់​នៅ ឆ្នាំ​២០២៣។ វាល​យន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ១ពាន់ ៥រយ​លាន​ដុល្លារ (១.៥០០លាន) លើ​ផ្ទៃដី ២ពាន់ ៦រយ​ហិកតារ (២.៦០០)។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ជួប​ចរចា​គ្នា​ពី​គ្រប់​ភាគី ដើម្បី​ដោះស្រាយ​វិវាទ​នេះ​ដោយ​អហិង្សា និង​ឈរ​លើ​​គោលការណ៍​ច្បាប់ ដើម្បី​ធានា​ដល់​សិទ្ធិ​ម្ចាស់​ដី និង​សំណង​សមរម្យ​ដល់​សហគមន៍ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នេះ។

មាត្រា​២២ នៃ​ច្បាប់​អស្សាមិករណ៍ ចែង​ថា ប្រាក់​សំណង​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ម្ចាស់​អចលនវត្ថុ ម្ចាស់​កម្មសិទ្ធិ ត្រូវ​គិត​បាន​តម្លៃ​ទីផ្សារ ឬ​ថ្លៃ​ជំនួស​នៅ​កាល​បរិច្ឆេទ​នៃ​ការ​ចេញ​សេចក្ដី​ប្រកាស​ស្ដី​អំពី​គម្រោង​អស្សាមិករណ៍។

បន្ថែម​លើស​នេះ មាត្រា៤៤ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ចែង​ថា កម្មសិទ្ធិ​ឯក​ជន​ស្រប​ច្បាប់ ស្ថិត​នៅ​ក្រោម​ការ​គាំ​ពារ​នៃ​ច្បាប់ ហើយ​ដែល​នឹង​ដក​ហូត​សិទ្ធិ​ពី​ជន​ណាមួយ​នោះ លុះ​ត្រាតែ​ប្រយោជន៍​សាធារណ​ត្រូវ​បាន​ធ្វើ​ក្នុង​ករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក ហើយ​ត្រូវ​ផ្ដល់​សំណង​ជា​មុន​ ដោយ​សមរម្យ និង​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។