អ្នកភូមិប្រមាណ ១០០គ្រួសារ នៅខេត្តព្រះវិហារ ព្រួយបារម្ភពីជីវភាពកាន់តែលំបាក ក្រោយពីអាជ្ញាធរ និងតំណាងក្រុមហ៊ុនចិន ហេង ហ្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) បន្តហាមអ្នកភូមិមិនឱ្យច្រូតស្រូវ ហើយគេចវេះមិនដោះស្រាយបញ្ហា។ ការលើកឡើងនេះ ធ្វើឡើយក្រោយពេល ដែលអ្នកភូមិបានមករង់ចាំជួបអាជ្ញាធរខេត្ត ដែលសន្យាថា នឹងដោះស្រាយបញ្ហាបញ្ចប់ នៅថ្ងៃទី២ ខែវិច្ឆិកា ប៉ុន្តែអាជ្ញាធរកុហកមិនមកជួបពលរដ្ឋនោះឡើយ។
ជនជាដើមភាគតិចកួយប្រមាណ ១០០គ្រួសារ មកពីភូមិបុស្ស និងភូមិប្រើសក្អក ស្រុកឆែប សោកស្ដាយ ដែលអាជ្ញាធរខេត្ត ចេះតែបន្តពន្យារពេល មិនព្រមដោះស្រាយបញ្ហាដីធ្លីបញ្ចប់ រវាងអ្នកភូមិ និងតំណាងក្រុមហ៊ុនចិន ហេង ហ្វូ (Hengfu)។
ជនជាតិដើមភាគតិចកួយ លោក ហាច មិច ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែវិច្ឆិកា ថា អ្នកភូមិជាច្រើនគ្រួសារបានមកជួបជុំគ្នានៅលើដី ដែលកំពុងមានជម្លោះជាមួយ ក្រុមហ៊ុនចិន ចាប់តាំងពីថ្ងៃទី១ ដល់ទី២ ខែវិច្ឆិកា ដើម្បីចាំជួបអាជ្ញាធរខេត្ត ប៉ុន្តែពុំទាន់បានជួបនោះទេ។ លោកថា ការណ៍ដែលពលរដ្ឋ រង់ចាំជួបនេះ ដោយតែអាជ្ញាធរសន្យា នឹងដោះស្រាយបញ្ហាដីធ្លី រវាងពលរដ្ឋ និងភាគីក្រុមហ៊ុនបញ្ចប់ ហើយអនុញ្ញាតឱ្យអ្នកភូមិប្រមូលផលស្រូវឡើងវិញ។
អ្នកភូមិរូបនេះបារម្ភថា ប្រសិនបើអាជ្ញាធរនៅតែពន្យារ ពេលមិនព្រមដោះស្រាយបញ្ហាដីធ្លី ហើយមិនអនុញ្ញាតឱ្យពួកគាត់ប្រមូលស្រូវក្នុងពេលឆាប់ៗ នេះទេ ស្រូវរបស់អ្នកភូមិជាង ២០០ហិកតារនឹងប្រឈមការខូចខាត ហើយនឹងប៉ះពាល់ដល់ជីវភាពគ្រួសារ ព្រោះថា ដំណាំស្រូវទាំងនោះ ពួកគាត់ខ្ចីលុយគេមកធ្វើ។
ទន្ទឹមគ្នានោះលោកថា អ្នកភូមិ ក៏បារម្ភខ្លាចបក្ខពួកតំណាងក្រុមហ៊ុន លោក ឈៀង គង់នៅ ទៅលួចច្រូតស្រូវយកទៅលក់ទៀតព្រោះថា កន្លងទៅបុគ្គលរូបនេះ បានលួចច្រូតស្រូវរបស់អ្នកភូមិអស់ចំនួន២ហិកតារកន្លះម្ដងរួចមកហើយ ដោយគ្មានអាជ្ញាធរណាអើពើ ឬហាមឃាត់នោះទេ។ លោកស្នើអាជ្ញាធរពាក់ព័ន្ធឱ្យជួយពន្លឿនដោះស្រាយបញ្ហានេះឱ្យឆាប់។
លោក ឈៀង គង់នៅ៖«ខ្ញុំចង់ឱ្យអាជ្ញាធរគាត់ចុះមើលប្រជាពលរដ្ឋ ដែលពួកគាត់អាស្រ័យផលលើដីនេះ ដើម្បីឱ្យគាត់ប្រមូលផល ច្រូតកាត់ឱ្យបានស្រួលកុំឱ្យពួកទាហាន និងតំណាងក្រុមហ៊ុន មកហាមឃាត់។ប្រសិនបើពួកខ្ញុំ ពុំបានស្រូវនេះ ទៅលក់ សងបំណុលធនាគារវិញទេ ពួកគាត់ខ្ញុំដឹងតែធ្លាក់ទឹកធ្លាក់ភក់អស់ហើយ។ បងប្អូនអ្នកភូមិសហគមន៍ ពួកគាត់យកលុយមក ដើម្បីបង្កើនផល តែមិនបានបង្កើនផល ហើយបាត់ស្រូវ គឺស្មើនឹងបាត់បង់ជីវិត»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអភិបាល លោក គីម រិទ្ធី និងអភិបាលស្រុកឆែបស្ដីទី លោក អ៊ុំ សុភឿន ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២ ខែវិច្ឆិកា។
ទោះជាយ៉ាងណាក្ដី លោក អ៊ុំ សុភឿន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣០ ខែតុលាថា អ្នកភូមិទាំងអស់ ដែលអាស្រ័យផលស្រូវនៅលើដីមានជម្លោះ មិនទាន់អាចច្រូតស្រូវបាននៅឡើយទេ ដរាបណាអាជ្ញាធរពាក់ព័ន្ធមិនទាន់បានដោះស្រាយបានរួចរាល់។
ទាក់ទិនរឿងនេះអនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី លើកឡើងថា ការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរនិងតំណាងក្រុមហ៊ុនមកលើពលរដ្ឋមិនឱ្យប្រមូលផលស្រូវនេះ គឺជារឿងដែលមិនត្រឹមត្រូវនោះទេ ព្រោះថា ករណីនេះនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋ។ លោកថា អាជ្ញាធរគួរតែពិចារណាដោះស្រាយបញ្ហាដីធ្លីនេះឱ្យបានត្រឹមត្រូវ និងផ្ដល់យុត្តិធម៌ទាំងសងខាង ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនេះ។
លោក យិន ម៉េងលី៖«ក្រសួងពាក់ព័ន្ធមេត្តាពិនិត្យលើរឿងនេះឡើងវិញ ហើយចុះធ្វើអន្តរាគមន៍ពាក់ព័ន្ធបញ្ហាស្រូវ។ បញ្ហាដីក៏អ៊ីចឹងដែរ ត្រូវតែពិនិត្យថា តើក្រុមហ៊ុន ដែលបានយកដីទៅហ្នឹង បានអនុវត្តតាមកិច្ចសន្យាហ្នឹងដែរអត់ ឬក៏យកដីទៅទុកចោល ឬក៏យកដីទៅជួលឱ្យពលរដ្ឋដទៃទៀត ព្រោះថា ប្រសិនបើយកដីទៅទុកចោល រដ្ឋត្រូវធ្វើការដកហូតមកវិញ ដើម្បីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រ»។
កាលពីដើមខែតុលា អភិបាលរងខេត្ត លោក យឹម បញ្ញា និងអាជ្ញាធរភូមិឃុំ រួមនិងតំណាងក្រុមហ៊ុន លោក ឈៀង គង់នៅ បានចុះជួបអ្នកភូមិ ដើម្បីដោះស្រាយបញ្ហាដីធ្លីនេះម្ដងជាពីរម្ដងហើយ ក្រោយពីអ្នកភូមិបានប្ដឹងទៅអាជ្ញាធរថា បក្ខពួកលោក ឈៀង គង់នៅ បានប្រើប្រាស់អំពើហិង្សា គំរាមកំហែង និងរារាំងអ្នកភូមិមិនឱ្យច្រូតស្រូវនៅលើដីអាស្រ័យផល ប្រសិនបើអ្នកភូមិទាំងនោះមិនព្រមកិច្ចសន្យាឈប់អាស្រ័យផលលើដីរបស់ក្រុមហ៊ុនទៀត។
ប៉ុន្តែ ដោយសារតែអ្នកភូមិទ្រាំនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់តំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋានពុំបាន ទើបនៅថ្ងៃទី២៨ តុលា ពួកគាត់ជិត ១០០គ្រួសារ ក៏ព្រមធ្វើកិច្ចសន្យា ដោយរំពឹងថា អាចប្រមូលផលស្រូវបានធម្មតា។ ក៏ប៉ុន្តែ មកដល់ពេលនេះ ពួកគាត់នៅពុំអាចប្រមូលបានស្រូវបានដដែល ដែលជាហេតុធ្វើឱ្យអ្នកភូមិព្រួយបារម្ភអំពីជីវភាពកាន់តែខ្លាំង ព្រោះខ្លាចគ្មានស្រូវលក់ ដើម្បីដោះស្រាយជីវភាពគ្រួសារ និងដោះបំណុល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។