សហគមន៍មានជម្លោះដីធ្លី ១៤គ្រួសារ នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ទទូចដល់អាជ្ញាធរខេត្តពោធិ៍សាត់ ឱ្យដោះស្រាយវិវាទ ដែលអូសបន្លាយជាង ១០ឆ្នាំមកនេះឲ្យចប់ និងអាចទទួលយកបាន។ សង្គមស៊ីវិលយល់ថា អាជ្ញាធរគួរពិនិត្យមើលសំណើពលរដ្ឋ និងផ្ដល់ដំណោះស្រាយនៅនឹងកន្លែង និងសមរម្យដល់ពួកគាត់។
ពលរដ្ឋចំនួន ១៤គ្រួសារ អះអាងថា ពួកគាត់នឹងលើកគ្នាទៅតវ៉ា នៅមុខសាលាខេត្តពោធិ៍សាត់ ក្នុងពេលឆាប់ៗ នេះ ដើម្បីស្នើសុំអាជ្ញាធរ ឱ្យផ្ដល់ដីសល់ពលរដ្ឋវិញ ឬផ្ដល់ជាដំណោះស្រាយល្អជាងពេលបច្ចុប្បន្ន។
ពលរដ្ឋម្នាក់ រស់នៅភូមិសង្គមថ្មី លោកស្រី យ៉ុង រ៉ាន់ ឲ្យដឹងថា ក្រុមហ៊ុនឯកជន ឈ្មោះ អឹមឌីអេស (MDS Import Export Co; Ltd) បានទន្ទ្រានយកដីលោកស្រី ចំនួន ៣ហិកតារ និងដីអ្នកភូមិផ្សេងទៀត សរុបអស់រាប់រយហិកតារ ចាប់តាំងពីឆ្នាំ២០១០ ដើម្បីអភិវឌ្ឍន៍ដំណាំកៅស៊ូ។
លោកស្រីបន្តថា ចាប់តាំងពីពេលនោះ ក្រុមហ៊ុននេះ បានកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា អគារ ខុនដូ (Condo) កាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេសជាដើម លើដីមានជម្លោះនោះ ហើយនៅរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនឯកជនបានប្ដូរពីដាំកៅស៊ូ ទៅជាដាំទុរេនវិញ។ លោកស្រីបញ្ជាក់ថា ពលរដ្ឋបានលើកគ្នាតវ៉ាទាមទារដំណោះស្រាយក្នុងរឿងនេះ អស់ជាង ១០ឆ្នាំមកហើយ។ ស្ត្រីវ័យ៣៥ឆ្នាំរូបនេះអះអាងថា ស្ថាប័នរដ្ឋនានានៅភ្នំពេញ បានទទួលយកញត្តិ និងសន្យាដោះស្រាយ តែមិនកើតការជាដុំកំភួនអ្វីទេ។
តំណាងពលរដ្ឋរូបនេះ បញ្ជាក់ថា ដំណោះស្រាយចុងក្រោយ គឺអាជ្ញាធរបានសម្រេចផ្ដល់ដីឲ្យពលរដ្ឋក្នុងមួយគ្រួសារកន្លះហិកតារ គឺទំហំ ៥០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ ប៉ុន្តែលោកស្រី និងពលរដ្ឋជាង ១០គ្រួសារទៀត មិនទទួលយកទេ ដោយសារដីមានទំហំតូច មិនអាចធ្វើស្រែចម្ការបាន៖ «ដីខ្ញុំមានដំណាំគ្រប់គ្រាន់ ឈូសបំផ្លាញរបស់ខ្ញុំ មិនដោះស្រាយឲ្យខ្ញុំ ហើយដោះដូរឲ្យខ្ញុំ ៥០ម៉ែត្រ គុណ ១០០ម៉ែត្រ ស្នើនឹងកន្លះហិកតារ វាអយុត្តិធម៌ណាស់ សម្រាប់ខ្ញុំរស់នៅតាំងពីសម័យធ្វើសង្គ្រាមមក។ ខ្ញុំរានដីហ្នឹងនឹងកាំបិត ទម្រាំបានដីហ្នឹងមក។ វាអយុត្តិធម៌ខ្លាំងមែនទែន។ ខ្ញុំចង់ទាមទារឲ្យបានដំណោះស្រាយសមរម្យណាមួយឲ្យប្រជាពលរដ្ឋរស់ផង។ ឈូសកម្ទេចដំណាំខ្ញុំចោលហើយ ដល់ពេលទៅដោះស្រាយ ដល់ដោះស្រាយឲ្យ ៥០ម៉ែត្រ គុណ ១០០ម៉ែត្រ វាអយុត្តិធម៌ណាស់»។
ទាក់ទងរឿងនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានទេ នៅថ្ងៃទី២៤ មករា ដោយសារលោកចុចផ្ដាច់ ក្រោយពេលប្រាប់ថា ជាអ្នកយកព័ត៌មានអាស៊ីសេរី។ អាស៊ីសេរី ក៏មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងដែនដី នគរោបនីយកម្ម និងសំណង់ លោក សេង ឡូត បានដែរ។
អ្នកមានជម្លោះដីធ្លីម្នាក់ទៀត ដែលជាអតីតយោធិនសម័យរដ្ឋកម្ពុជា លោក ប៊ី ង៉ុយ ប្រាប់ថា ខាងក្រសួងដែនដីអះអាងប្រាប់សហគមន៍ពេលឡើងទៅតវ៉ាថា ខាងក្រសួងបានប្រគល់ឲ្យខេត្ត ដោះស្រាយរឿងនេះ។ មិនខុសពីអតីតយោធិនច្រើនគ្រួសារផ្សេងទៀត លោក ប៊ី ង៉ុយ បាត់ដីធ្លីប្រមាណ៣ហិកតារ គឺជាដីដែលលោកធ្លាប់ធ្វើស្រែ និងដាំដំណាំវិលជុំ តាំងពីពេលរំសាយទាហាន ក្នុងសម័យរដ្ឋកម្ពុជាមក។
លោកឲ្យដឹងថា នៅឆ្នាំ២០១០ ក្រុមហ៊ុន បានឈូសឆាយស្រូវ និងដំណាំវិលជុំរបស់លោកចោល ហើយក្រោយតវ៉ាច្រើនឆ្នាំមក អាជ្ញាធរផ្ដល់ដំណោះស្រាយ ឲ្យដីទំហំកន្លះហិកតារមកវិញ។
លោកបញ្ជាក់ថា ពលរដ្ឋខ្លះ លែងមានលទ្ធភាពតវ៉ា ក៏ព្រមទទួលយកគោលនយោបាយសំណងកន្លះហិកតារ។ ប៉ុន្តែ លោកមិនព្រមទទួលយកទេ ដោយសុខចិត្តផ្ញើកូនតូចៗ ឲ្យស្នាក់នៅជាមួយសាច់ញាតិ ដើម្បីបានរៀនសូត្រ ហើយនាំប្រពន្ធដើរលក់នំប៉័ង និងស៊ីឈ្នួលធ្វើចម្ការឲ្យគេ រយៈពេល១០ឆ្នាំមកហើយ។
ពលរដ្ឋរូបនេះ ចង់ឲ្យអាជ្ញាធរផ្ដល់ដីដំណោះស្រាយបន្ថែម ឲ្យសាកសម ឬប្រហាក់ប្រហែល នឹងទំហំដី បាត់បង់ ទើបព្រមទទួលយក៖ «រកស៊ីលក់នំប៉័ង និយាយទៅដើរស៊ីរកគ្រប់កន្លែងទាំងអស់។ បើយើងនៅក៏មិនដឹងមានស្រែ មានចម្ការអី អត់មានកន្លែងនៅផង យើងមិនដើរស៊ីឈ្នួលគេ។ ចាំមើលគេដោះស្រាយឲ្យគេ ៥០ម៉ែត្រ គុណ ១០០ម៉ែត្រ អ្នកណាគេយក ចេះតែយកទៅ ខ្ញុំអត់ទទួលយកដល់សព្វថ្ងៃ។ ចេះតែដើរស៊ីនេះបន្តិច នោះបន្តិចទៅ។ នៅថ្មដា មិនដឹងជាធ្វើអី បើមានចម្ការ យើងចេះតែដាំដុះនេះ ដាំដុះនោះទៅ» ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត រកឃើញថា អ្នកឃុំថ្មដា ដែលបាត់បង់ដី មានចាប់ពីមួយគ្រួសារ ៣ហិកតារ ដល់ ៤០ហិកតារ។ លោកបន្តថា ដីរបស់អ្នកឃុំថ្មដាច្រើនហិកតារ ត្រូវបានអភិវឌ្ឍន៍ ជាអគារ និងកាស៊ីណូ នៅចំកណ្ដាលតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនឯកជន ក្នុងស្រុកវាលវែង។ លោក យល់ថា ការផ្ដល់ដំណោះស្រាយឲ្យដីសំណងពលរដ្ឋវិញ ក្នុងទំហំកន្លះហិកតារ ជាទំហំតូច ដែលមិនសមរម្យ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សនិងបញ្ហាដីធ្លីរូបនេះ លើកឡើងថា អាជ្ញាធរគួរផ្ដល់សំណងនៅនឹងកន្លែង គឺតាមរយៈរូបមន្ត កាត់ឆ្វៀលដី នៅសេសសល់ ពីការអភិវឌ្ឍន៍ឲ្យពលរដ្ឋវិញ។ ចំណែកពលរដ្ឋផ្សេងទៀត អាជ្ញាធរខេត្តត្រូវផ្ដល់ដីនៅទីតាំងផ្សេង ឬដំណោះ ស្រាយ ឲ្យស៊ីគ្នា នឹងតម្លៃដី បច្ចុប្បន្នរបស់ពលរដ្ឋ៖ «ដំណោះស្រាយហ្នឹងគឺអត់បានសមរម្យទៅតាមការសន្យារបស់អាជ្ញាធរ ឬក្រុមហ៊ុនដែលបានសន្យាជាមួយគាត់តាំងពីដើមមកទេ។ ហើយដីកន្លែងហ្នឹង ដោះស្រាយមិនមាលក្ខណៈជាប្រព័ន្ធទេ មានអ្នកខ្លះហ្នឹង កាលពីគោលនយោបាយស្បែកខ្លាហ្នឹង ឲ្យដីគាត់ប៉ុន្មាន ឲ្យទំហំប៉ុនហ្នឹងវិញ តែដោយឡែកមានតែមួយចំនួនឲ្យទៅជាដីសម្បទានសង្គមកិច្ច ដីកន្លះហិកតារហ្នឹង។ ក្រោយមកថាជាដីដោះដូរទៅវិញ។ អ៊ីចឹង ! ធ្វើឲ្យពួកគាត់ច្របូកច្របល់។ មិនអានទទួលយកបាន»។
រដ្ឋាភិបាលបានសម្រេចកាត់ដីជាងបួនពាន់ហិកតារ (៤.៤០២) នៅឃុំថ្មដា ស្រុកវាលវែង កាលពីខែ វិច្ឆិកា ឆ្នាំ២០១០ ប្រគល់ឲ្យក្រុមហ៊ុន (MDS Import Export Co; Ltd) របស់ឧកញ៉ា ទ្រី ភាព ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដាំដំណាំកសិឧស្សាហកម្ម ឬដំណាំកៅស៊ូ។ ពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងនេះ ភាគច្រើនស្ថិតនៅភូមិកណ្ដាល ភូមិឯកភាព និងភូមិសង្គមថ្មី។
អ្នកភូមិសង្គមថ្មី ដែលកំពុងមានជម្លោះដីធ្លីភាគច្រើន គឺជាគ្រួសារអតីតយោធិន និងកសិករ មានស្រុកកំណើត នៅទីនោះ។ ពលរដ្ឋអះអាងថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ បានប៉ះពាល់ដីពលរដ្ឋជាច្រើនគ្រួសារ ។ នៅឆ្នាំ២០១៧ ពលរដ្ឋខ្លះ នៅឃុំថ្មដា បានទាមទារអាជ្ញាធរឱ្យដោះស្រាយតាមគោលនយោបាយស្បែកខ្លា ដោយកាត់ឆ្វៀលដីជម្លោះទំហំជាង ១៧១ហិកតារ (១៧១.៦២១) ឲ្យពលរដ្ឋវិញ។ ប៉ុន្តែអាជ្ញាធរមិនផ្ដល់ដំណោះស្រាយតាមការទាមទារនោះទេ។ ប្រជាសហគមន៍ថាពួកគាត់ នឹងលើកគ្នាទៅតវ៉ាដល់មុខសាលាខេត្តពោធិ៍សាត់ នៅពេលឆាប់ៗ នេះ ដើម្បីទាមទារអាជ្ញាធរឱ្យពន្លឿនការដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។