តំណាងពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុកស្រែអំបិល ខេត្តកោះកុង អះអាងថា មន្ត្រីក្រសួងដែនដី បានកោះហៅពួកគាត់ឲ្យទៅទទួលយកពាក្យស្នើសុំជួយអន្តរាគមន៍ត្រឡប់មកវិញ ដោយសារក្រសួងនឹងមិនដោះស្រាយជូនទេ ហើយបង្វែរឲ្យទៅសុំអន្តរាគមន៍ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន ដើម្បីដាក់ពាក្យប្ដឹងទៅតុលាការវិញ។
លោកស្រី ហួន ង៉ែ ប្រាប់អាស៊ីសេរី ក្រោយចេញពីជំនួបជាមួយមន្ត្រីក្រសួងដែនដី នៅថ្ងៃទី២៦ ធ្នូថា អ្នកភូមិខកចិត្ត នឹងទង្វើរបស់មន្ត្រីក្រសួងដែនដី ក្នុងការជំរុញពលរដ្ឋ ឱ្យដកពាក្យស្នើសុំយកទៅវិញ។ លោកស្រីថា តំណាង ៦នាក់ ដែលទទួលបានការអនុញ្ញាតឲ្យចូលជួបមន្ត្រីក្រសួងដែនដី មិនព្រមចុះហត្ថលេខា ដកពាក្យស្នើសុំតាមបង្គាប់របស់ក្រសួងឡើយ ហើយពួកគេទាំង ៦នាក់ បានចេញមកប្រាប់អ្នកមានជម្លោះដីធ្លីជាង ៦០នាក់ នៅខាងក្រៅក្រសួងវិញ តាមដំណើររឿង។
លោកស្រីមានប្រសាសន៍ថា អ្នកមានជម្លោះដីធ្លី បានចាកចេញពីភ្នំពេញ ទៅខេត្តកោះកុងវិញហើយ នៅថ្ងៃដដែល ប៉ុន្តែអ្នកភូមិនឹងលើកគ្នាចំនួន ២០០នាក់ មកដាក់ញត្តិម្ដងទៀត នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ដើម្បីសុំឲ្យក្រសួងដែនដី និងស្ថានទូតសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា ជួយអន្តរាគមន៍ ទៅក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងគណបក្សកាន់អំណាច ឲ្យសងសំណងអ្នកភូមិតាមការសន្យា ជាមួយក្រុមហ៊ុនមេធាវីនៅទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស (England)។
អ្នកមានជម្លោះដីធ្លីអះអាងថា ក្រុមហ៊ុនស្ករអំពៅបានសន្យាសងលុយ ពលរដ្ឋចំនួន ២០០គ្រួសារ រស់នៅភូមិឈូក ភូមិជីខ និងភូមិត្រពាំងកណ្ដោល ឃុំជីខលើ ស្រុកស្រែអំបិល ចំនួន ២លាន (2.000.000) ដុល្លារអាមេរិក ចំពោះការខូចខាត និងការមិនទទួលបានផលលើដីមានជម្លោះ រយៈពេល ១៤ឆ្នាំមកនេះ។ អាស៊ីសេរី គ្មានប្រភពសុំការបញ្ជាក់ពីខាងភាគីក្រុមហ៊ុនកោះកុងស៊ូហ្គ័រ (Koh Kong Sugar) របស់ឧកញ៉ា លី យ៉ុងផាត នៅឡើយទេ នៅថ្ងៃទី២៦ ធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។