ពលរដ្ឋរស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៥ ជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់ ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លី ករណីអាជ្ញាធរខេត្តពោធិ៍សាត់ ធ្វើផ្លូវនិងបោះបង្គោលពុះដីឡូត៍លើដីស្រែរបស់ពួកគាត់។ ពលរដ្ឋឈរបិទផ្លូវអស់រយៈពេលជាង៣ម៉ោង ទើបរំសាយវិញ ក្រោយអាជ្ញាធរស្រុក ចុះអន្តរាគមន៍រឿងនេះ។
អ្នកស្រុកបរិបូរណ៍ប្រមាណ៤០០នាក់ ប្រមូលផ្ដុំគ្នាឈរបិទផ្លូវជាតិលេខ៥ និងលើកបដាអមដោយរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងផ្លូវចូលវត្តចំបក់រង្សី នៅថ្ងៃទី១៩ ខែកញ្ញា ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់ ពន្លឿនការដោះស្រាយនិងទទួលស្គាល់ដីស្រែពួកគាត់ ស្ថិតនៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពលរដ្ឋម្នាក់លោក លាស់ ចាន់ថា ឲ្យដឹងថា ការបិទផ្លូវរកដំណោះស្រាយរឿងនេះ ដោយសារអាជ្ញាធរខេត្តពោធិ៍សាត់ នៅបន្តសកម្មភាពធ្វើផ្លូវនិងបោះបង្គោលពុះដីឡូត៍លើដីស្រែរបស់ពួកគាត់ដែលបានស្ទូងដករួចរាល់ កាលពីពេលថ្មីៗនេះ។
លោកបន្តថា អាជ្ញាធរស្រុកបរិបូរណ៍ដែលចុះមកជួបពលរដ្ឋ ស្នើឲ្យពលរដ្ឋរំសាយការតវ៉ានេះ ហើយរើសតំណាង១០នាក់ ដើម្បីទៅជួបពិភាក្សាដោះស្រាយរឿងនេះជាមួយអភិបាលខេត្តកំពង់ឆ្នាំងនៅដើមសប្ដាហ៍ក្រោយ។ លោករំពឹងថា អាជ្ញាធរទាំងពីរខេត្តនឹងដោះស្រាយបញ្ចប់បញ្ហានេះជូនពលរដ្ឋឲ្យបានឆាប់៖ «ឆ្នាំងហ្នឹង ស្ទូងដករួចអស់ហើយ ដោយអាជ្ញាធរមួយចំនួនគាត់កកូរកកាយដីប្រជាពលរដ្ឋប៉ះពាល់ទៅលើស្រូវគាត់អត់សប្បាយចិត្ត។ ខ្ញុំគិតថាឲ្យឈ្នះទាំងអស់គ្នា ពោធិ៍សាត់ក៏ឈ្នះ កំពង់ឆ្នាំងយើងក៏ឈ្នះ ព្រោះយើងការងារតែមួយទាំងអស់គ្នា។ ដីគាត់មានប៉ុណ្ណាសុំឲ្យគាត់ប៉ុណ្ណឹងមក។ ហើយមានលិខិតបញ្ជាក់អីត្រឹមត្រូវមក ធ្វើឲ្យគាត់អៃ់ចិត្ត។ សុំតែប៉ុណ្ណឹងទេ»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពីអភិបាលស្រុកបរិបូរណ៍លោក យឹម សារិន បានទេ ដោយហៅទូរស័ព្ទចូលជាច្រើនដង តែមិនមានអ្នកទទួល។
ទោះបីជាយ៉ាងណា លោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ប្រវត្តិនៃដីជម្លោះនោះ គឺអ្នកស្រុកបរិបូរណ៍ ពិតជាធ្លាប់ធ្វើស្រែអាស្រ័យផលលើដីនោះ តាំងពីយូរមកហើយមែន។ អភិបាលស្រុករូបនេះធ្លាប់បញ្ជាក់ថា ដំណោះស្រាយបន្ទាប់ គឺខាងស្រុក បានដាក់សំណើនេះ ទៅឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ដើម្បីស្នើសុំជួយអន្តរាគមន៍រកដំណោះស្រាយ។
ទាក់ទងនឹងរឿងនេះ អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តកំពង់ឆ្នាំងលោក សំ ចាន់គា សង្កេតឃើញថា ដីនោះ មានវិវាទច្រើនឆ្នាំមកហើយ និងបានប៉ះពាល់ដល់ពលរដ្ឋជាងបីរយ (៣០០) គ្រួសារ ដែលខកខាន ចូលទៅបង្កបង្កើនផល។
លោកសោកស្ដាយចំពោះអាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានបង្ហាញឆន្ទៈដោះស្រាយវិវាទដីនេះ ច្រើនឆ្នាំមកហើយ តែដោះស្រាយមិនចេញ។ លោកសង្ស័យថា មន្ត្រីថ្នាក់មូលដ្ឋាន រាយការណ៍ភូតកុហកទៅថ្នាក់លើ ឬ មានភាពមិនប្រក្រតីអ្វីមួយទើបបណ្ដាលឲ្យ អាជ្ញាធរថ្នាក់ខេត្ត មិនអាចដោះស្រាយបាន។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា អាជ្ញាធរខេត្តទាំងពីរ គួរតែស្រុះស្រួលគ្នា បង្កើតគណៈកម្មការរួមគ្នាមួយ ដើម្បីដោះស្រាយវិវាទដីនៅតំបន់នេះ ទើបអាចដោះស្រាយបញ្ចប់បាន៖ «យើងមើលឃើញថាអាជ្ញាធរខេត្តហ្នឹង អត់បានតាមរឿងហ្នឹងទេ គឺធ្វើទៅតាមការញុះញង់របស់អាជ្ញាធរថ្នាក់ក្រោមហ្នឹង។ ការរាយការណ៍ ភូតកុហកពីថ្នាក់ក្រោមហ្នឹង បានធ្វើឲ្យរឿងហ្នឹងដោះមិនចេញ អូសបន្លាយអ៊ីចឹង»។
ដីមានជម្លោះដែលមានទំហំសរុបជាងមួយពាន់ហិកតារ (១.០០០) គឺស្ថិតភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រទល់ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ អ្នកស្រុកបរិបូរណ៍ អះអាងថា មានពលរដ្ឋជាងបីរយគ្រួសារ (៣០០) ធ្លាប់អាស្រ័យផលលើស្រែនោះ តពីឪពុកម្ដាយរបស់ពួកគាត់មកច្រើនឆ្នាំមកហើយ ក្រោយពីអាជ្ញាធរតម្រូវឲ្យពួកគាត់ដូរទីលំនៅទៅខេត្តកំពង់ឆ្នាំងវិញ។
ពលរដ្ឋអះអាងថា ដើមហេតុនៃវិវាទនេះ គឺបណ្ដាលមកពីរដ្ឋាភិបាល បានកាត់ឆ្វៀលដីស្រែរបស់ពួកគេ ឲ្យទៅក្រុមហ៊ុនចិន អភិវឌ្ឍន៍។ ក្រោយពីពលរដ្ឋចេញតវ៉ា និងដាក់ញត្តិអស់ច្រើនឆ្នាំ ទើបខាងក្រុមហ៊ុនចិនបានដកចេញទៅវិញ។ តែក្រោយមកទៀត អាជ្ញាធរខេត្តពោធិ៍សាត់ បានកាត់ដីនោះ ឲ្យទៅពលរដ្ឋ រស់នៅស្រុកក្រគរ ជាអ្នកអាស្រ័យផលវិញ។
ពលរដ្ឋខេត្តកំពង់ឆ្នាំងស្នើដល់អាជ្ញាធរទាំងពីរខេត្ត ចុះពន្លឿនដោះស្រាយវិវាទនេះជូនពលរដ្ឋឲ្យបានឆាប់ ព្រោះពួកគាត់អាចធ្វើស្រែបង្កបង្កើនផលលើដីនោះបានតែ១ដងគត់ ក្នុង១ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។