ប្រជាពលរដ្ឋប្រមាណ៦៥០នាក់ តំណាងឱ្យពលរដ្ឋមានទំនាស់ដីធ្លីជាង ៨ពាន់គ្រួសារ ក្នុងខេត្តចំនួន៦ នៅថ្ងៃទី៣១ ធ្នូនេះ បានប្រមូលផ្តុំគ្នា ដាក់ញត្តិ ស្នើសុំឱ្យក្រសួងពាក់ព័ន្ធចុះស៊ើបអង្កេតដល់កន្លែងមានជម្លោះ និងពន្លឿនដំណោះស្រាយជូនពួកគាត់ ។ សង្គមស៊ីវិល យល់ថា ដើម្បីដោះស្រាយបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស រដ្ឋាភិបាលគួរតែហ៊ានអារកាត់សាច់ស្អុយក្នុងជួររដ្ឋាភិបាលរបស់ខ្លួន ដោយអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់ ចំពោះមន្ត្រីខិលខូច អ្នកមានអំណាច ឧកញ៉ា ឬក្រុមហ៊ុនណាក៏ដោយ ដែលឃុបឃិតគ្នា រំលោភយកដីធ្លីពីពលរដ្ឋ។
ប្រជាកសិករ ២៧សហគមន៍ មកពីខេត្តព្រះសីហនុ កំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តកណ្ដាល បាននាំគ្នាមកស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងដែនដី ក្រសួងកសិកម្ម និងតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ឱ្យចុះដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ដែលត្រូវបានអ្នកមានអំណាច ឧកញ៉ា និងក្រុមហ៊ុន រំលោភយក ដោយអយុត្តិធម៌ និងមិនផ្ដល់សំណងឱ្យបានសមរម្យ។
អគ្គលេខាធិការរង នៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ម៉ឺន រតនា លើកឡើងថា ការដែលប្រជាពលរដ្ឋសម្រេចនាំគ្នា ឡើងមកតវ៉ារកដំណោះស្រាយដីធ្លីជាថ្មីនៅរាជធានីភ្នំពេញ នៅពេលនេះ គឺដោយសារតែពួកគាត់រង់ចាំដំណោះស្រាយជាង១០ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរថ្នាក់ខេត្ត នៅតែមិនអាចដោះស្រាយបាន ទោះបីជាមានលិខិតអន្តរាគមន៍ជាច្រើនលើកច្រើនសាពីស្ថាប័នជាតិកំពូលៗដូចជា រដ្ឋសភា ទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងដែនដី ក៏ដោយ។
លោក ម៉ឺន រតនា ឱ្យដឹងថា ដីធ្លីរបស់ពលរដ្ឋទាំង៦ខេត្តនេះ ភាគច្រើនត្រូវក្រុមហ៊ុនឯកជន អ្នកមានអំណាច និងឈ្មួញ ដែលឃុបឃិតគ្នាជាមួយអាជ្ញាធររំលោភយក សម្រាប់ធ្វើការអភិវឌ្ឍ ក្នុងទម្រង់ជាដីសម្បទានសេដ្ឋកិច្ច ដីសម្បទានសង្គមកិច្ច និងគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ដូចជាប្រព័ន្ធធារាសាស្ត្រ និងអាងស្ដុកទឹកជាដើម។
លោក ម៉ឺន រតនា បន្តថា ជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃទាំងនេះ បង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរស់របស់ប្រជាកសិករក្នុងការប្រើប្រាស់ដីធ្លីប្រកបរបរចិញ្ចឹមជីវិត។ លោកយល់ថា រដ្ឋាភិបាលគួរបង្កើតគណៈកម្មការថ្នាក់ជាតិមួយចុះដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពលរដ្ឋឱ្យឆាប់តែអាចធ្វើទៅបាន។
មន្ត្រីសង្គមស៊ីវិលរូបនេះ ក៏ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ដោះស្រាយឱ្យពលរដ្ឋ ដូចដែលអាជ្ញាធរគិតដូរដោះស្រាយដល់ជនជាតិវៀតណាមរស់នៅខេត្តកំពង់ឆ្នាំង ដែលទទួលបានដីសម្បទាន៤០ហិកតារ ពីរដ្ឋយ៉ាងដូច្នោះដែរ៖ «សូមឱ្យអាជ្ញាធរចុះមកដោះស្រាយបញ្ហាដីធ្លីតាមខេត្ត ជួយពន្លឿនដូចអ្វីដែលរដ្ឋាភិបាល ឬក៏ខាងក្រសួងបានដោះស្រាយឱ្យជនជាតិវៀតណាមផ្ដល់ដីឱ្យ៤០ហិកតារ ឱ្យគេមករស់នៅលើគោក។ ប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ ក៏ចង់ឃើញបែបហ្នឹងដែរ។ គាត់ចង់ឃើញថា ខ្លួនឯងជាម្ចាស់ដីហើយ ពេលតវ៉ា ត្រូវបានគេចាប់ដាក់ពន្ធនាគារទៀត។ ចំណែកឯជនជាតិវៀតណាម គាតមិនមែនជាម្ចាស់ដី គាត់រស់នៅលើទឹកដីខុសច្បាប់ហើយ ត្រូវបានយកចិត្តទុកដាក់ ហើយ ឱ្យដីទៅជនជាតិវៀតណាមរស់នៅទៀត។ អ៊ីចឹង ! គាត់ចង់ឱ្យអាជ្ញាធរដោះស្រាយដូចអ្វីដែលដោះស្រាយឱ្យជនជាតិវៀតណាមដែរ»។
ក្រៅពីនេះ លោក ម៉ឺន រតនា ឱ្យដឹងទៀតថា ក្នុងវិវាទដីធ្លីក្នុងតាមបណ្ដាខេត្តទាំងនេះ មានពលរដ្ឋជាច្រើននាក់រងបណ្ដឹងទៅតុលាការ និងពលរដ្ឋខ្លះទៀតត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយអយុត្តិធម៌ រឿងចេញមុខការពារដីធ្លី និងព្រៃសហគមន៍របស់ពួកគេ។ លោកស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យមើលឡើងវិញរាល់សំណុំរឿងដែលសមត្ថកិច្ចចាប់ពលរដ្ឋដាក់ឃុំក្នុងពន្ធនាគារ ដោយសារវិវាទដីធ្លី៖ «ខ្ញុំក៏ចង់អំពាវនាវដល់ក្រសួងយុត្តិធម៌ដែរ ដល់ឯកឧត្ដមដែលកាន់នៅក្រសួងយុត្តិធម៌ សុំពិនិត្យមើលប្រព័ន្ធតុលាការ ព្រោះយើងឃើញថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ត្រូវបានគេយកដីឈូសឆាយ ឈូសឆាយដីហើយ ចាប់ពួកគាត់មកដាក់ពន្ធនាគារទៀត។ អ្នកខ្លះចាប់ទាំងអស់មានដីកាទៀត ចាប់ហើយបញ្ជូនមកដល់ពន្ធនាគារហើយ បានមានដីកាមកតាមក្រោយ។ អ៊ីចឹង ! រឿងនេះ ជារឿងដែលមានភាពមិនប្រក្រតី ហើយបន្តគំរាមកំហែងប្រជាពលរដ្ឋដែលតវ៉ារឿងដីធ្លី»។
ការដើរដាក់ញត្តិរបស់ក្រុមពលរដ្ឋនៅតាមបណ្ដាក្រសួងនានានេះ ពុំមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខខណ្ឌ ដូចពេលមុនឡើយ ប៉ុន្តែអាជ្ញាធរបានហាមពលរដ្ឋមិនឱ្យដើរក្បួន ដោយតម្រូវឱ្យពួកគាត់ធ្វើដំណើរតាមរថយន្ត ពីកន្លែងមួយទៅកន្លែងមួយ។
ពលរដ្ឋឱ្យដឹងថា មន្ត្រីតំណាងក្រសួងដែនដី និង និងក្រសួងកសិកម្មបានចេញមកទទួលញត្តិពីពលរដ្ឋ ដោយសន្យាយ៉ាងខ្លីថា នឹងយកសំណើនោះដាក់ជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច។ ក្រោយដាក់ញត្តិរួច ប្រជាពលរដ្ឋពលរដ្ឋបានត្រឡប់ទៅផ្ទះវិញ នៅល្ងាចថ្ងៃដដែលនេះ។
អាស៊ីសេរី មិនអាចសុំបញ្ជាក់បន្ថែមរឿងនេះ ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត និងអ្នកនាំពាក្យនៃក្រសួងកសិកម្ម លោក ចាន់ ហេង បានទេ ដោយសារគ្មានអ្នកទទួលទូរស័ព្ទ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា បញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជា បន្តអូសបន្លាយដល់បច្ចុប្បន្ននេះ ភាគច្រើនជាដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្ដល់ទៅឱ្យក្រុមហ៊ុនឯកជន និងឧកញ៉ាមួយចំនួន។
លោក អំ សំអាត យល់ថា វិវាទដីធ្លីនេះ នឹងដោះស្រាយបញ្ចប់ទៅបាន លុះត្រាតែ រដ្ឋាភិបាលមានឆន្ទៈពិតប្រាកដ និងយន្តការច្បាស់លាស់៖ «ការដោះស្រាយទាល់តែមានឆន្ទៈពិតប្រាកដ។ មិនមែនការដោះស្រាយហ្នឹង ស្ថិតនៅលើលិខិតស្នាម ដែលថាចេញទៅ ឱ្យតែថាបានចេញ។អ៊ីចឹង ! កាលណាថ្នាក់ជាតិ ឬក៏រដ្ឋាភិបាលដែលចេញទៅហើយ ត្រូវតែតាមដានទៅដល់អាជ្ញាធរមូលដ្ឋាន ហ្នឹង បានដោះស្រាយហើយ ឬក៏អត់ទេ។ ឬមួយក៏បង្កើតគណៈកម្មការដោះស្រាយ ដូចនៅកោះកុង អីពីមុន យើងឃើញថា បង្កើតគណៈកម្មការដើម្បីដោះស្រាយ វាមានលទ្ធផលដែរ។ អ៊ីចឹង ! សំខាន់បំផុត ទៅលើឆន្ទៈ ហើយដោះស្រាយឱ្យប្រាកដប្រជា អ៊ីចឹងបានអាចដោះស្រាយទៅបាន»។
នេះជាលើកទី៨ហើយ ដែលពលរដ្ឋទាំង៦ខេត្ត ធ្វើដំណើរមករាជធានីភ្នំពេញ ស្វែងរកដំណោះស្រាយពីស្ថាប័នជាតិ ក្រោយពីរង់ចាំចំណាត់ការជាក់ស្ដែងពីអាជ្ញាធរអស់ពេលជាច្រើនឆ្នាំ។ កាលពីខែកក្កដា កន្លងទៅ ពួកគាត់បាននាំគ្នាឡើងមករកដំណោះស្រាយពីខុទ្ទកាល័យលោក ហ៊ុន សែន និងបណ្ដាក្រសួងពាក់ព័ន្ធដែរ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។
ដំណោះស្រាយដែលពលរដ្ឋចង់បាន គឺការគិតគូរផ្ដល់សំណងឱ្យពួកគាត់ជាទឹកប្រាក់ទៅតាមតម្លៃទីផ្សារ ចំពោះដីធ្លីដែលក្រុមហ៊ុន ឬរដ្ឋ ត្រូវការយកទៅអភិវឌ្ឍ។ ក្រុមប្រជាពលរដ្ឋទាំង ៥ខេត្ត បញ្ជាក់ថា ពួកគាត់នឹងបន្តការតវ៉ាជាថ្មីទៀត រហូតទាល់តែទទួលបានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។