មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា វេទិកាសាធារណៈរបស់អាជ្ញាធរថ្នាក់ក្រោមជាតិមិនអាចដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋបានទេ ប្រសិនបើអាជ្ញាធរនៅតែមិនយកចិត្តទុកដាក់ដោះស្រាយដូចសព្វថ្ងៃនោះ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា វេទិកាសាធារណៈផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងស្រដៀងគ្នាថា វេទិកាសាធារណៈដែលអាជ្ញាធររៀបចំកន្លងទៅភាគច្រើនគ្រាន់តែជាការធ្វើឡើងបង្គ្រប់កិច្ចដើម្បីកុំឱ្យថ្នាក់លើស្ដីបន្ទោសប៉ុណ្ណោះ ពីព្រោះបញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃនៅតែបន្តកើតមានដដែល។ ពួកគេយល់ថា បើទោះជាក្រសួងមហាផ្ទៃអនុញ្ញាតឱ្យអាជ្ញាធរតាមខេត្តចាប់ផ្ដើមធ្វើវេទិកាពិគ្រោះយល់នៅតាមមូលដ្ឋានឡើងវិញក៏ដោយ ក៏នៅតែមិនទទួលបានលទ្ធផលល្អដែរ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា កត់សំគាល់ថា បញ្ហាទំនាស់ដីធ្លីនៅតាមមូលដ្ឋានដោះស្រាយមិនចេញបណ្ដាលមកពីអាជ្ញាធរថ្នាក់ក្រោមជាតិ គ្មានឆន្ទៈពិតប្រាកដដោះស្រាយ។ លោកថា អាជ្ញាធរច្រើនតែសម្របសម្រួលលំៗជាមួយពលរដ្ឋដោយពុំហ៊ានអារកាត់ដោះស្រាយជូនពួកគាត់ឡើយ។ លោកបញ្ជាក់ថាការដោះស្រាយបែបនេះមិនបានជោគជ័យនោះទេ ផ្ទុយទៅវិញកាន់តែធ្វើឱ្យពលរដ្ឋរងទុក្ខលំបាក ដែលរវល់នាំគ្នាតវ៉ារឿងដីធ្លីដើម្បីឱ្យបានដីដាំដុះស្របច្បាប់៖ « ដូច្នេះខ្ញុំមើលឃើញថា យន្តការនៃការដោះស្រាយទេ ដែលត្រូវពង្រឹងរឿងគ្រាន់តែប្រមូលបញ្ហាយកមកដើម្បីដឹងថា មានបញ្ហាអីខ្លះហ្នឹងខ្ញុំគិតថា អាជ្ញាធរមូលដ្ឋានលោកដឹងច្បាស់ណាស់។ ពីព្រោះថា អ្នកនៅមូលដ្ឋានកន្លងមកសូម្បីតែរឿងបន្តិចបន្តួច បើថា ពាក់ព័ន្ធរឿងអ្នកប្រើប្រាស់ហ្វេសប៊ុកបញ្ចេញមតិបន្តិចបន្តួច ក៏គាត់ប្ដឹងដែរ។ ដូច្នេះទំនាស់ដីធ្លីធំៗគាត់អត់ដឹងគាត់ដឹងទាំងអស់ហ្នឹង ប៉ុន្តែយន្តការនៃដោះស្រាយទេដែលត្រូវពង្រឹងថាតើអ្នកណាអ្នកណាទទួលខុសត្រូវដោះស្រាយរឿងហ្នឹងហើយ ប្រសិនបើអ្នកដោះស្រាយហ្នឹងគាត់ឃុបឃិតនៅក្នុងរឿងហ្នឹងតើ មានយន្តការអីដាក់វិន័យដល់អ្នកដោះស្រាយមិនបានត្រឹមត្រូវហ្នឹង »។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ ណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិរៀបចំវេទិកាផ្សេងៗនៅតាមមូលដ្ឋាន ដើម្បីប្រមូលបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋយកទៅដោះស្រាយឡើងវិញ។ អាជ្ញាធរថ្នាក់ក្រោមជាតិបានផ្អាកធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋានតាំងពីខែមីនា រហូតមក ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩។ រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បញ្ជាក់នៅក្នុងសេចក្ដីប្រកាសចុះថ្ងៃទី១៥ មិថុនា ថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានធូរស្រាលអាចរៀបចំវេទិកាសាធារណៈឡើងវិញបាន ប៉ុន្តែអនុញ្ញាតឱ្យអ្នកចូលរួមមានមិនលើសពី៥០នាក់នោះទេ និងត្រូវរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្កកុំឱ្យឆ្លងជំងឺកូវីដ-១៩។
កាលពីពេលថ្មីៗនេះអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានធ្វើវេទិកាសាធារណៈជាមួយពលរដ្ឋប្រមាណ៥០នាក់។ នៅក្នុងវេទិកានោះលោក ម៉ៅ ធនិន បានសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធ តុលាការជូនដល់អ្នកចូលរួមបានស្ទើរគ្រប់ករណី។ អ្នកលេងហ្វេសប៊ុកខ្លះបានកោតសរសើរចំពោះការដោះស្រាយរបស់អភិបាលខេត្តរូបនេះ និងបានចែករំលែកវីដេអូដោះស្រាយទំនាស់នេះពីមួយទៅមួយទៀតផង។
ទោះជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្ស លោក នី សុខា ថ្លែងថា ការដោះស្រាយនេះជាទំនាស់ដីធ្លីតូចតាចដូចជាជម្លោះរឿងព្រំដី និងទំនាស់រវាងពលរដ្ឋ និងពលរដ្ឋនៅផ្ទះក្បែរគ្នាជាដើម។ ចំណែក ទំនាស់ដីធ្លីធំៗរវាងពលរដ្ឋជាមួយអ្នកមានលុយ មានអំណាច និងជាមួយក្រុមហ៊ុនផ្សេងទៀត លោកសង្កេតឃើញថា អាជ្ញាធរពុំបានយកមកដោះស្រាយនោះទេ៖ « ប៉ុន្តែបើសិនជាយើងពិនិត្យទៅលើនីតិវិធីខ្ញុំគិតថា ការដោះស្រាយបែបហ្នឹងមិនមែនការដោះស្រាយដែលស្របទៅហ្នឹងនីតិវិធីតាមផ្លូវតុលាការទេពីព្រោះការដោះស្រាយជម្លោះយើងមិនអាចមកអង្គុយដោះស្រាយមួយភ្លែតបានដប់ម្ភៃរឿងអីចឹងទេ ត្រូវមានឆ្លងកាត់ការប្រមូលព័ត៌មានគ្រប់គ្រាន់ពីព្រោះត្រូវការមានភាពយុត្តិធម៌ដែរ។ប៉ុន្តែខ្ញុំមិនជំទាស់ទេ ក្នុងការធ្វើវេទិកាដោះស្រាយឱ្យប្រជាពលរដ្ឋ ប៉ុន្តែយើងក៏គិតពីយុត្តិធម៌តាមផ្លូវច្បាប់ដែរ »។
លោកបន្តថា បញ្ហាទំនាស់ដីធ្លីធំៗ មានជាច្រើនករណីដូចជាទំនាស់ដីធ្លីរវាងពលរដ្ឋភូមិឡពាង ជាមួយក្រុមហ៊ុនខេឌីស៊ី (KDC) របស់អ្នកស្រី ជា ខេង ប្រពន្ធលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅខេត្តកំពង់ឆ្នាំងទំនាស់រវាងពលរដ្ឋជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក ឧកញ៉ា លីយ៉ុងផាត់ នៅខេត្តកោះកុង ទំនាស់ដីរវាងពលរដ្ឋនិងពលរដ្ឋនៅឃុំបឹងប្រាំខេត្តបាត់ដំបងដែលមានអាជ្ញាធរនៅពីក្រោយខ្នង និងទំនាស់ដីរបស់ពលរដ្ឋជាង២០០គ្រួសារនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងជម្លោះដីធ្លីជាច្រើនករណីទៀតមិនទាន់ដោះស្រាយនៅឡើយ។
ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា មានប្រសាសន៍ កាលពីចុងឆ្នាំ២០១៩ ថា ក្រសួងដែនដីបានដោះស្រាយវិវាទដីធ្លីជូនគ្រប់ភាគីពាក់ព័ន្ធឲ្យបានលឿនជាងមុនដើម្បីធានាឲ្យពលរដ្ឋបានកាន់កាប់ដីធ្លីរបស់ខ្លួនដោយស្របច្បាប់។ របាយការណ៍ក្រសួងដែនដីនៅឆ្នាំ២០១៩បង្ហាញថា ក្រសួងមួយនេះទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋមានវិវាទដីធ្លីជិត ២ពាន់ករណី នៅទាំងប្រទេសក្នុងនោះប្រមាណ ១.៧០០ ករណីបានដោះស្រាយរួចរាល់។
ចំណែក ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន វិញប្រាប់អាស៊ីសេរីថា អាជ្ញាធរដោះស្រាយបញ្ហាផ្សេងៗរួមទាំងទំនាស់ដីធ្លីផងបានប្រមាណ ៧០ភាគរយក្នុងចំណោមបញ្ហាដែលកើតមានបច្ចុប្បន្នគិតត្រឹមថ្ងៃទី១៨ មិថុនា។ លោកបញ្ជាក់ទៀតថា បញ្ហាទាំងនេះភាគច្រើនដោះស្រាយបានជោគជ័យតាមរយៈវេទិកាសាធារណៈដែលវេទិកានេះមានប្រយោជន៍ខ្លាំងដល់ពលរដ្ឋនៅតាមមូលដ្ឋានដោយពុំមែនគ្មានប្រយោជន៍ដូចការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនោះទេ៖ « ការតវ៉ាខ្ញុំយល់ឃើញថា អ្នកហ្នឹងប្រឌិតច្រើនជាងជាក់ស្ដែងរឿងចម្ការអំពៅដោះស្រាយប៉ុន្មានដងហើយ នៅតែអ្នកហ្នឹងបំបែកក្បាលដី មានម៉ែឪនិងកូនថែមទៀត។ រឿងហ្នឹងគេខាំមាត់គេអត់ធ្មត់ណាស់ជាមួយពួកហ្នឹង បើតាមធម្មតាហ្នឹងគេចាប់ពួកហ្នឹងដាក់គុកទៅទៀត មិនមែនគ្រាន់តែថាសម្របសម្រួលទេ អាស្រ័យលើគោលការណ៍រំដោះជាតិ រំដោះប្រជាពលរដ្ឋនិងរំដោះជីវភាពផងដែរបានជាគេសង្គ្រោះ »។
ទោះជាយ៉ាងណាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង យល់ថា របាយការណ៍នេះហាក់មិនបានឆ្លុះបញ្ចាំការពិតនោះទេ ពីព្រោះប្រជាពលរដ្ឋស្ទើរគ្រប់ខេត្តនៅតែបន្តឡើងទៅតវ៉ានៅរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យរដ្ឋាភិបាលជួយដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់៖ « ខ្ញុំថាទំនាស់ដីធ្លីដែលដោះស្រាយមិនទាន់ចប់ ទី១ ការធ្វើប័ណ្ណកម្មសិទ្ធិយឺតហើយ ទី២មានពាក់ព័ន្ធបញ្ហាពុករលួយរឿងអីខ្លះពីមន្ត្រីមួយចំនួនឆ្លៀតឱកាសហ្នឹងខ្លះបន្លំធ្វើបន្លំធ្វើអីទៅ។ម្យ៉ាងទៀតយន្តការនៃការដោះស្រាយខ្ញុំឃើញកើតឡើងច្រើនប៉ុន្តែហាក់ដូចជាអត់សូវដើរជាទូទៅយើងបញ្ហាកើតឡើងធំៗនៅតែមិនងាយបានដោះស្រាយបញ្ចប់នោះទេ »។
ទាក់ទិនរឿងទំនាស់ដីធ្លីនេះ តំណាងសហគមន៍ដីធ្លីម្នាក់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលចេញពីពន្ធនាគារបានជិត១ឆ្នាំអ្នកស្រី ឡុង សុគន្ធី ថ្លែងថា អ្នកស្រីជាជនរងគ្រោះម្នាក់ដែលជាប់ពន្ធនាគារដោយសាររឿងជម្លោះដីធ្លីជាមួយអ្នកមានលុយ និងមានអំណាចនៅក្នុងមូលដ្ឋាន។អ្នកស្រីបញ្ជាក់ថា ការជាប់ពន្ធនាគារនេះ ដោយសាររូបគាត់ខំតស៊ូការពារដីផ្ទាល់ខ្លួនមិនព្រមចាកចេញពីដីទំនាស់ ហើយសព្វថ្ងៃអ្នកស្រី និងពលរដ្ឋមួយចំនួនទៀតនៅតែបន្តចូលខ្លួនបំភ្លឺនៅតុលាការខេត្តបន្ទាយមានជ័យដដែល៕