លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងអភិបាលស្រុកគាស់ក្រឡ ស្របពេលដែលអង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនឧកញ៉ាម្នាក់ ទៅសាកសួរពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោក ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងអភិបាលស្រុកគាស់ក្រឡ លោក ម៉ៅ សុចាន់ ឱ្យទៅបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ។ នៅថ្ងៃដដែលនេះ អង្គភាពប្រឆាំងអំពើពុករលួយក៏បាននាំខ្លួន ឧកញ៉ាម្នាក់ទៅសាកសួរពាក់ព័ន្ធនឹងករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងដែរ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ប្រាប់សារព័ត៌មានក្នុងស្រុក នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ខណៈឧកញ៉ា សង ថន មានដីប្រមាណ ៥ពាន់ហិកតារ ដែលស្ទើរតែ ១/៤ នៃផ្ទៃដីទាំងមូលនៃស្រុកគាស់ក្រឡ។ ប៉ុន្តែព័ត៌មានលម្អិតពុំទាន់ឃើញអង្គភាពនេះ បង្ហាញថា យ៉ាងណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។