ឈ្មួញ​មានអំណាច​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​​បិទទ្វារ​របង​វត្ត​មិន​ឲ្យ​ពលរដ្ឋ​ចូល​វត្ត​ធ្វើបុណ្យ

0:00 / 0:00

ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​សហគមន៍​អូរដំរី ខេត្ត​ព្រះសីហនុ ដែល​ជា​កន្លែង​មាន​បញ្ហា​ដីធ្លី កំពុង​ជួប​បញ្ហា​ក្នុង​ការ​រស់នៅ។ ចំណែក​ឯ​ព្រះសង្ឃ​ជួប​បញ្ហា​ខ្វះខាត​ចង្ហាន់ ព្រោះ​ឈ្មួញ​ដីធ្លី​មាន​អំណាច​ម្នាក់​បាន​បិទទ្វារ​របង​ចេញចូល​លើ​ដី​មាន​ជម្លោះ​ដែល​មិន​អាច​ឲ្យ​ពលរដ្ឋ និង​ពុទ្ធ​បរិស័ទ​ចូល​ធ្វើ​បុណ្យ​នៅ​ក្នុង​វត្ត​ដែល​ស្ថិត​ក្នុង​ដី​មាន​ជម្លោះ​នោះ។ អភិបាលខេត្ត​ព្រះសីហនុ​អះអាង​ថា លោក​នឹង​ដោះស្រាយ​បញ្ហា​នេះ។

ពលរដ្ឋ និង​ព្រះសង្ឃ​នៅ​សហគមន៍​អូរដំរី​ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បើក​ច្រក​ចេញពី​សហគមន៍​នេះ ព្រោះ​ឈ្មួញ​មានអំណាច​ឈ្មោះ​អ្នកស្រី ហ៊ឹម សុវណ្ណារី មាន​ងារ​ជា​ជំទាវ និង​បក្សពួក​បាន​បិទ​ច្រក​ចេញចូល​សហគមន៍​ជាង ១០​ថ្ងៃ​មក​ហើយ។ ឈ្មួញ​រូប​នេះ​បាន​យក​លួស​មក​ព័ទ្ធជុំវិញ​ផ្លូវ​ចូល ចំណែក​ខ្លោងទ្វារ​ផ្លូវ​ខាងមុខ​ត្រូវ​បាន​គេ​យក​សោរ​ចាក់​បិទ​ទ្វារ​របង រីឯ​ផ្លូវ​ចូល​ខាងក្រោយ​គេ​បាន​យក​គ្រឿងចក្រ​កាយ​ផ្ដាច់​ផ្លូវ​មិន​ឲ្យ​ឡាន​ម៉ូតូ​បើកបរ​បាន។

ប្រជា​សហគមន៍​អូរដំរី​ម្នាក់​លោក ហឹម ចាន់ ដែល​មាន​ផ្ទះ​ជិត​វត្ត​អូរដំរី​និយាយ​ថា ផ្លូវ​នេះ​ជា​ផ្លូវ សាធារណៈ ដូច្នេះ​ទោះ​តំបន់​នេះ​មាន​វិវាទ​ដីធ្លី​យ៉ាងណាក៏ដោយ​ក៏​មិន​ត្រូវ​បិទ​ផ្លូវ​នេះ​ដែរ។ ពលរដ្ឋ​រូប​នេះ​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ឲ្យ​មានការ​បើកផ្លូវ​នេះ​ឡើងវិញ។ «»

ពលរដ្ឋ​ម្នាក់ទៀត​លោកស្រី ឈាវ ចាន់ធី ឲ្យ​ដឹង​ថា គ្រួសារ​លោកស្រី​បាន​មក​រស់នៅ​ទីនេះ​តាំងពី​អំឡុង​ឆ្នាំ​១៩៩២។ លោកស្រី​បន្ត​ថា ចាប់​តាំង​ពី​ក្រុម​អ្នកស្រី ហ៊ឹម សុវណ្ណារី មក​បិទ​ផ្លូវ​នៅ​សហគមន៍​គេ​មិន​អនុញ្ញាត​ឲ្យ​ចូល​ដី​ផ្ទះ​របស់​ខ្លួន​នោះ​ទេ។ «»

សហគមន៍​អូរដំរី​ស្ថិតនៅ​ក្នុង​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ប្រជា​ពល​រដ្ឋ​រស់នៅ​ចំនួន ១៤៩​គ្រួសារ​ក្នុង​ផ្ទៃដី​ចំនួន​១៣៥​ហិកតារ។ សហគមន៍​មាន​ទី​អារាម​មួយ​ជាទី​សក្ការៈបូជា និង​សម្រាប់​ពលរដ្ឋ​ទៅ​ធ្វើ​បុណ្យទាន។ ពលរដ្ឋ​ចូល​មក​រស់នៅ​ទីនេះ​តាំងពី​ឆ្នាំ​១៩៩២ អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​នៅ​ទីនេះ​ក៏បាន​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​ប្រើប្រាស់​ជូន​ដល់​ពលរដ្ឋ​ដែរ ប៉ុន្តែ​ពលរដ្ឋ​ក្រីក្រ​នៅ​សហគមន៍​គ្មាន​លទ្ធភាព​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ ឬ​ប្លង់​រឹង​នោះ​ទេ។

ពលរដ្ឋ និង​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៧ ក្រុម​អ្នកស្រី ហ៊ឹម សុវណ្ណារី យក​កង​កម្លាំងប្រដាប់​អាវុធ និង​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដំណាំ និង​ផ្ទះ​របស់​ពលរដ្ឋ​ម្ដង​រួចហើយ ដោយ​ពួកគេ​សំអាង​ថា គេ​មាន​ប័ណ្ណ​កម្មសិទ្ធិ។ ក្រុម​នេះ​ថែមទាំង​រំលោភ​យក​ដី​វត្ត​ថែម​ទៀត​ផង។

ជម្លោះដីធ្លី​នេះ​ក៏បាន​អូស​បន្លាយ​ដល់​សព្វថ្ងៃ​នេះ។ កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នកស្រី ហ៊ឹម សុវណ្ណារី បាន​យក​បន្លា​លួស​បិទ​ផ្លូវ​ចេញចូល​សហគមន៍​អូរដំរី។ ក្រៅពី​ហាម​មិន​ឲ្យ​ពលរដ្ឋ​ចេញចូល​ដី​ផ្ទះ​របស់​ខ្លួន ក្រុម​ឈ្មួញ​មិន​អនុញ្ញាត​ឲ្យ​ពុទ្ធ​បរិស័ទ​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ដែរ។

ព្រះចៅអធិការ​វត្ត​អូរដំរី ព្រះតេជព្រះគុណ ម៉ាន ភក្ត្រី មាន​ថេរដីកា​ថា ក្រុម​ឈ្មួញ​ក្រៅពី​បិទ​របង​មិន​ឲ្យ​មាន​ការ​ចេញ ពួកគេ​ក៏​មាន​ការ​ឃ្លាំមើល​អ្នក​ចេញ​ចូល​វត្ត​ដែរ។ ព្រះតេជព្រះគុណ​បន្ត​ថា សកម្មភាព​បែបនេះ កំពុង​ធ្វើ​ឲ្យ​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត មាន​ការ​ព្រួយបារម្ភ​និង​ភ័យខ្លាច។ «»

តុលាការ​ខេត្ត​ព្រះសីហនុ​ក៏​ធ្លាប់​ចុះ​មក​ស្រាវជ្រាវ​ដល់​សហគមន៍​អូរ​ដំរី​ម្ដង​ដែរ ប៉ុន្តែ​តុលាការ​មិនទាន់​បង្ហាញ​ពី​ដំណោះស្រាយ​នៅឡើយ​ទេ។ ក្រុម​ពលរដ្ឋ​ស្នើ​ទៅ​អាជ្ញាធរ ឲ្យ​មាន​វិធានការ​ជាបន្ទាន់​ជៀសវាង​កើតឡើង​នូវ​ករណី​ហិង្សា​ណាមួយ​រវាង​ពលរដ្ឋ និង​ក្រុម​ឈ្មួញ​ដី​អ្នកស្រី ហ៊ឹម សុវណ្ណារី ខណៈ​សំណុំរឿង​ស្ថិត​ក្នុង​ដៃ​តុលាការ។

អាស៊ីសេរី​មិនទាន់​អាច​មាន​មធ្យោបាយ​សុំ​ការ​បំភ្លឺ​ពី​អ្នកស្រី ហ៊ឹម សុវណ្ណារី ឲ្យ​បកស្រាយ​ពី​ការ ចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ​ថ្ងៃ​ទី​៧ មិថុនា។

ចំណែក​អភិបាលខេត្ត​ព្រះសីហនុ លោក យន់ មីន ឲ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​៧ មិថុនា ថា លោក​បាន​ដឹង​បាន​ពី​ករណី​ជម្លោះដីធ្លី​នៅ​សហគមន៍​អូរ​ដំរី​នេះ​ហើយ។ លោក​អភិបាលខេត្ត​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​បញ្ជា​កងកម្លាំង​ចុះទៅ​រុះរើ​របង​នោះ​ចេញ អាជ្ញាធរ​ខេត្ត​ត្រៀម​ដោះស្រាយ​ជម្លោះ​នេះ ហើយ​នៅ​ពេល​នេះ​គឺ​រង់ចាំ​ការសម្រេច​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ការ​សម្រេច​របស់​តុលាការ។ «»

អ្នក​សម្របសម្រួល​នៃ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ លោក ញិល ភាព ដែល​តាមដាន​ដំណើរ​រឿង​នេះ​ស្វាគមន៍​ចំណាត់ការ​របស់​អភិបាលខេត្ត​ព្រះសីហនុ​នៅ​ពេល​នេះ។ ប៉ុន្តែ​សង្គម​ស៊ីវិល​រូប​នេះ​យល់ថា ការ​បិទផ្លូវ​សាធារណៈ​របស់​អ្នកស្រី ហ៊ឹម សុវណ្ណារី គឺជា​ការប្រព្រឹត្ត​ល្មើសច្បាប់ ដូច្នេះ​លោក​ស្នើ​ទៅ​លោក​អភិបាលខេត្ត​ត្រូវ​មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​ឈ្មួញ​ដីធ្លី​នេះ។ «»

វិបត្តិ​ដីធ្លី​ខេត្ត​ព្រះសីហនុ​កំពុង​ផ្ទុះឡើង​សព្វថ្ងៃ​នេះ ខណៈ​ខេត្ត​ពាណិជ្ជកម្ម និង​ទេសចរណ៍​មួយ នេះ​កំពុង​ទទួល​បាន​ការ​វិនិយោគ​ពី​ជនជាតិ​ចិន។ ករណី​ជម្លោះដីធ្លី​នៅ​សហគមន៍​អូរខ្សាច់ នៅ​ក្បែរ​សហគមន៍​អូរដំរី​នេះ​ដែរ ត្រូវ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ លោក ហេង ប៊ុនទី បាន​បញ្ជា​កម្លាំង​ចុះ​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ចំនួន​បួន​នាក់ ដោយ​ពេលនេះ​ពួកគេ ទាំងនោះ​មិនទាន់​ដោះលែង​វិញ​នៅឡើយ​ទេ ហើយ​ក្រុម​ពលរដ្ឋ​កំពុង​រក​បណ្ដឹង​ពី​តុលាការ។

ពលរដ្ឋ និង​សង្គម​ស៊ីវិល​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត និង​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ម្ចាស់​ដី​ពិត​ប្រាកដ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ ឈ្មួយ​រកស៊ី​ដីធ្លី​បាន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​បំពាន​ពលរដ្ឋ និង​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។