ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ ១០០នាក់នាំគ្នាតវ៉ាមុខសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទាមទារឱ្យអាជ្ញាធរដោះលែងតំណាងពលរដ្ឋ ២នាក់ ឱ្យមានសេរីភាពវិញ បន្ទាប់ពីបានចាប់ខ្លួនដោយគ្មានមូលហេតុ និងមិនបង្ហាញដីកាពីតុលាការ។ សង្គមស៊ីវិលចាត់ទុកការចាប់ខ្លួននេះ ថា ជាការគំរាមកំហែង បំបាក់ស្មារតីពលរដ្ឋផ្សេងទៀត មិនឱ្យចេញតវ៉ារឿងដីធ្លីតទៅទៀត។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើននាក់ ឈរតវ៉ាមុខសាលាស្រុកតំបែរ លោក ម៉ុន ស៊ីថូ ឱ្យដឹងថា សមត្ថកិច្ចចម្រុះមាន កងរាជអាវុធហត្ថ នគរបាលមូលដ្ឋាន និងប៉ូលិសចរាចរណ៍ ស្ទាក់ចាប់លោក សែម សាន នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង កាលពីថ្ងៃទី១៧ តុលា បន្ទាប់ពីលោកវិលត្រឡប់មកពីចូលរួមសិក្ខាសាលាចិញ្ចឹមមាន់ និងផលិតទឹកសុទ្ធ នៅខេត្តកំពង់ឆ្នាំង។
លោកបន្តថា នៅពេលចាប់ខ្លួនលោក សែម សាន សមត្ថកិច្ចមិនប្រាប់ពីមូលហេតុ ឬបង្ហាញដីកាចាប់ខ្លួនពីតុលាការឱ្យពលរដ្ឋឃើញនោះទេ ។ ចំណែកតំណាងពលរដ្ឋម្នាក់ទៀត លោក ផុន ឈឿន រស់នៅភូមិបុស្បស្នោ ឃុំត្រពាំងព្រីង ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយគ្មានមូលហេតុដែរ កាលពី១៦ តុលា។
លោក ម៉ុន ស៊ីថូ ស្នើសុំអាជ្ញាធរដោះលែងតំណាងពួកគេ ឱ្យមានសេរីភាពវិញ ព្រោះអ្នកទាំងពីរមិនបានប្រព្រឹត្តអ្វីខុសច្បាប់នោះទេ៖ «ដល់ពេលប្រជាពលរដ្ឋឡើងមកឆោឡោ គេថាមានទោសព្រហ្មទណ្ឌ។ ទោសនេះ ដល់ខ្ញុំសុំមើលដីកាព្រហ្មទណ្ឌនេះ គឺចោទពីរករណី។ ទី១ គេថាយើងទៅរឹបអូសយកម៉ាស៊ីនត្រង់ស៊ីន័រគេ ដែលកាប់បំផ្លាញព្រៃ ទី២ មានសមត្ថកិច្ចចូលទៅក្នុងដីហ្នឹង ហើយមានយកកាំភ្លើងទៅលាក់ រួចបែរចោទប្រជាពលរដ្ឋថាយកកាំភ្លើងទៅលាក់នៅទីហ្នឹង។ ចង់ឱ្យអភិបាលស្រុករងរកមើលគណនេយ្យឱ្យបានច្បាស់លាស់ថា ចោទប្រកាន់គាត់ពីរឿងអី។ ប្រជាពលរដ្ឋគាត់មកហ្នឹង គាត់ចង់ឱ្យដោះលែងដោយគ្មានលក្ខខណ្ឌទេ ព្រោះតំណាងអត់មានអីខុសផង។ គាត់មកហ្នឹង មកទាមទារតំណាងទៅវិញទេ»។
គិតមកដល់ល្ងាចថ្ងៃទី១៨ តុលា ពលរដ្ឋឱ្យដឹងថា លោក សែម សាន និងលោក ផុន ឈឿន ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារមួយកន្លែង ស្ថិតនៅក្នុងឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះពីអភិបាលស្រុកតំបែរ លោក សុខ សារិទ្ធ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក វ៉ា សារិទ្ធ បាននៅឡើយទេ នៅថ្ងៃទី១៨ តុលា ដោយសារលោកទាំងពីរថាជាប់រវល់ប្រជុំ។
អគ្គលេខាធិការរង នៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ម៉ឺន រតនា ឱ្យដឹងថា លោក សែម សាន និងលោក ផុន ឈឿន តែងតែសកម្មក្នុងការចុះទៅឃាត់អ្នកលួចកាប់ឈើនៅក្នុងព្រៃសហគមន៍ និងដកហូតយកម៉ាស៊ីនអារឈើពីអ្នកទាំងនោះ។ លោកបន្តថា ចំពោះភាគីក្រុមហ៊ុនចិនវិញ ក៏ព្យាយាមអូសទាញតំណាងពលរដ្ឋទាំងពីរនាក់ ជាច្រើនសា ឱ្យព្រមទទួលយកប្រាក់រាប់ម៉ឺនដុល្លារ និងដីធ្លីមួយចំនួន ជាថ្នូរនឹងការឈប់ចេញតវ៉ា ប៉ុន្តែពួកគាត់បដិសេធ។
លោក ម៉ឺន រតនា ចាត់ទុកការចាប់ខ្លួនតំណាងពលរដ្ឋ ២នាក់ នៅពេលនេះថា ជាគំរាមកំហែង បំបាក់ស្មារតីដល់ប្រជាពលរដ្ឋផ្សេងទៀត កុំឱ្យចេញតវ៉ាទាមទារដីព្រៃសហគមន៍ពីក្រុមហ៊ុនមកវិញ៖ «និយាយរួមទៅចាប់អ្នកតំណាងទាំងពីរនាក់ហ្នឹង វាគឺជារឿងគំរាមកំហែងមួយនៅក្នុងសហគមន៍ដីធ្លីនៅក្នុងឃុំត្រពាំងព្រីង ពីព្រោះសហគមន៍ទាំងអស់សុទ្ធតែជាសហគមន៍ព្រៃឈើ ដោយមានការទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប៉ុន្តែអ្វីដែលជាក់ស្ដែងគឺអាជ្ញាធរបានយកដីសហគមន៍ហ្នឹងទៅលក់ ហើយនៅពេលប្រជាពលរដ្ឋសើរើឡើងវិញ គឺគាត់ខ្លាច ឮដល់ថ្នាក់លើ។ ដើម្បីទប់ស្កាត់រឿងហ្នឹងកុំឮដល់ថ្នាក់លើ គាត់គំរាមកំហែងពលរដ្ឋម្ដងហើយម្ដងទៀតរហូតដល់ថ្ងៃចាប់ខ្លួន លោក សែម សាន និងលោក ផុន ឈឿន»។
កាលពីពេលកន្លងមក លោក សែម សាន និងលោក ផុន ឈឿន បានចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាកោះហៅរបស់តុលាការ ទាក់ទិននិងការចោទប្រកាន់អ្នកទាំងពីរ រឿងប្រើហិង្សា និងលាក់ទុកអាវុធ។ តំណាងពលរដ្ឋទាំងពីរ រងបណ្ដឹងជាបន្តបន្ទាប់ពីខាងអាជ្ញាធរ និងក្រុមហ៊ុនចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ថា ញុះញង់ឱ្យប្រជាពលរដ្ឋចេញតវ៉ារកដំណោះស្រាយរឿងដីធ្លី នៅតំបន់នោះ ក្រោយពីពួកគេនាំពលរដ្ឋទៅឃាត់សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងព្រៃសហគមន៍។
ដីព្រៃសហគមន៍នៅស្រុកតំបែរ មានចំនួន ១៤សហគមន៍ និងមានទំហំជាង ៥ពាន់ហិកតារ ស្ថិតនៅក្នុងឃុំមួយចំនួន ដូចជា ឃុំត្រពាំងព្រីង ដែលមានដីព្រៃសហគមន៍ច្រើនជាងគេ ឃុំគោកស្រុក និងឃុំសេដា។
ព្រៃសហគមន៍ទាំងនោះ ត្រូវបានជនល្មើសកាប់រានអស់ទាំងស្រុង ដើម្បីធ្វើជាសម្បត្តិផ្ទាល់ខ្លួនភាគច្រើននៅចន្លោះឆ្នាំ២០០៨ និង ២០០៩។ ដោយឡែក ព្រៃសហគមន៍ត្រពាំងព្រីង ត្រូវបានជនល្មើសឈូសឆាយអស់ទាំងស្រុង កាលពីឆ្នាំ២០១៣។ បច្ចុប្បន្ន ដីព្រៃសហគមន៍ភាគច្រើន ត្រូវបានអ្នកមានប្រាក់ និងមានអំណាចគ្រប់គ្រង ហើយពួកគេដាំកៅស៊ូ ស្វាយចន្ទី និងដំឡូងជាដើម។ ចំណែកពលរដ្ឋមូលដ្ឋានមួយចំនួន ក៏បានកាន់កាប់ និងអាស្រ័យផលលើដីសហគមន៍ផងដែរ ប៉ុន្តែពួកគាត់ខ្លះអះអាងថា ជាការអាស្រ័យផលបណ្ដោះអាសន្នប៉ុណ្ណោះ នៅពេលណារដ្ឋត្រូវការដកហូតបញ្ចូលជាដីសហគមន៍ដូចដើម ពួកគាត់នឹងប្រគល់ជូនរដ្ឋវិញ។
កាលពីឆ្នាំ២០១៥ ប្រជាសហគមន៍ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានដាក់ពាក្យប្ដឹងបុគ្គលមួយចំនួន អំពីការកាប់រាន និងឈូសឆាយដីព្រៃសហគមន៍អស់រាប់ពាន់ហិកតារ ទៅសាលាដំបូងខេត្តកំពង់ចាម ព្រោះពេលនោះ ខេត្តត្បូងឃ្មុំ នៅមិនទាន់មានស្ថាប័នតុលាការនៅឡើយ។ បុគ្គលដែលសហគមន៍ ប្ដឹងនោះ ដូចជាលោក ជី វិន ដែលមានងារជាឯកឧត្ដម លោក ឆាយ ជ្រាយ មានងារជាឧកញ៉ា។ លោក ផេង ប៉េងគី បច្ចុប្បន្នជាអធិការរងស្រុកតំបែរ លោក លី ភាព ជាមេបញ្ជាការសឹករងស្រុកតំបែរ និងលោក ឃុត ភ័ណ្ឌ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង ប្រកាន់ជំហរថា ពួកគេនឹងបន្តការតវ៉ាតទៅទៀត លុះត្រាតែ អាជ្ញាធរ និងតុលាការដោះលែងតំណាងពួកគេ ដោយគ្មានលក្ខខណ្ឌ ឱ្យមានសេរីភាពជួបក្រុមគ្រួសារវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។