អ្នកភូមិឡពាងប្រមាណ ៤០នាក់ នាំគ្នាប្រារព្ធខួប ១៣ឆ្នាំ ដែលក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង ត្រូវជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ប្រើគ្រឿងចក្រ កងសន្តិសុខ និងកម្លាំងសមត្ថកិច្ច រំលោភយកដីស្រែចម្ការពួកគេ ដោយគ្មានផ្ដល់សំណងសមរម្យ។
តំណាងសហគមន៍ឡពាង លោកស្រី អ៊ុំ សុភី ឲ្យដឹងនៅថ្ងៃទី៩ ខែមករាថា អ្នកភូមិតែងធ្វើពិធីរំលឹកខួបនៃការបាត់បង់ដីធ្លីនេះជារៀងរាល់ឆ្នាំ នៅសាលាបុណ្យទួលក្រសាំង តាមបែបព្រះពុទ្ធសាសនា និងការដុតរូបទីងមោង ដាក់បណ្ដាសាដល់បុគ្គលទាំងឡាយ ដែលឃុបឃិតគ្នា លួចប្លន់ដីពលរដ្ឋឲ្យទៅក្រុមហ៊ុន។
លោកស្រី អ៊ុំ សុភី ថា នេះរឿងគួរឲ្យឈឺចាប់បំផុតសម្រាប់ពលរដ្ឋក្រីក្រ នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលត្រូវបាត់បង់ដីធ្លីហើយ បែរជារងបណ្ដឹងទៅតុលាការបន្ថែមទៀត។
ជម្លោះដីធ្លីរវាងក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង ជាមួយពលរដ្ឋនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ដែលផ្ទុះឡើងកាលពីខែ៨ មករា ឆ្នាំ២០០៨ នៅតែបន្តអូសបន្លាយរហូតដល់ពេលបច្ចុប្បន្ននេះ ដោយគ្មានដំណោះស្រាយណាមួយសម្រាប់ពលរដ្ឋឡើយ។
អ្នកភូមិថា ភាគីក្រុមហ៊ុន បានប្រើគ្រប់វិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា គឺប្រើទាំងទិដ្ឋភាពច្បាប់ ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ និងពេលខ្លះមានប្រើអំពើហិង្សាផងក៏មាន។ អ្នកភូមិឲ្យដឹងដែរថា កាលពីឆ្នាំ២០១៣ រដ្ឋាភិបាលបានផ្ដល់ដីសម្បទាននៅតំបន់មានជម្លោះនេះ ទៅឲ្យក្រុមហ៊ុនចិនថែមទៀត ខណៈពលរដ្ឋនៃឃុំតាជេស នៅមិនទាន់បានដោះស្រាយនៅឡើយ។
សហគមន៍ឡពាងដែលមាន ៥២គ្រួសារ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីឲ្យពួកគាត់ នូវសំណងដែលអាចទទួលយកបាន គឺទាមទារឲ្យភាគីក្រុមហ៊ុនទទួលស្គាល់ដីធ្លីរបស់គាត់។ ប្រសិនបើ ក្រុមហ៊ុនចង់បានដីពលរដ្ឋយកទៅអភិវឌ្ឍន៍ ត្រូវទិញពីពលរដ្ឋទៅតាមតម្លៃទីផ្សារ។ ក្រៅពីនេះ អ្នកឡពាង ក៏ស្នើដល់សាលាដំបូងរាជធានីភ្នំពេញ ឱ្យជួយពន្លឿននីតិវិធី បើកសវនាការក្នុងសំណុំរឿងរដ្ឋប្បវេណីជាមួយអ្នកស្រី ជា ខេង ប្រធានក្រុមហ៊ុន ខេ.ឌី.ស៊ី ឲ្យបានឆាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ពលរដ្ឋក្រីក្រ ដែលបានបាត់បង់ដីធ្លី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។