តុលាការ​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​បណ្ដឹង​របស់​អ្នក​ឡ​ពាង ​រឿង​សុំ​មោឃភាព​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ​ខេ.ឌី.ស៊ី (KDC)​

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បដិសេធ​ចោល​បណ្ដឹង​របស់​ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ឆ្នាំង ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អ្នក​ស្រី ជា ខេង ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី សុំ​មោឃភាព​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី (KDC) កាល​ពី​ឆ្នាំ២០១៤ ។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៥នាក់ ដែល​ចូល​ស្ដាប់​ ការ​ប្រកាស​សាល​ក្រម​នេះ លោក ផេង រុំ ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១៣ កក្កដា​ថា ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ លោក សម ប៊ុនពៅ អាន​ដំណើរ​បន្តិច​បន្តួច​ ហើយ​ក៏​សម្រេច​ទម្លាក់​ចោល​មិន​ចាត់​ការ​លើ​បណ្ដឹង​របស់​អ្នកភូមិ​ ដោយ​គ្មាន​ប្រាប់​មូល​ហេតុ​ណា​មួយ​ឡើយ។

លោក​បន្ត​ថា ចៅក្រម ភាគច្រើន​ផ្អែក​តាម​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន ដោយ​មិន​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ។ លោក​ចាត់​ទុក​សាលក្រម​នេះ​ថា ជា​រឿង​ដែល​មិន​អាច​ទទួល​បាន​ ព្រោះ​ពួកគាត់​ជា​ពលរដ្ឋ​ មិន ដែល​បាន​ទទួល​ប្រាក់​ពី​ក្រុមហ៊ុន ខេ.ឌី.ស៊ី ម្ដង​ណា​ឡើយ ចាប់​តាំង​មាន​វិវាទ​ដីធ្លី​ជាង ១០ឆ្នាំ​មក​នេះ៖ «

ក្រោយ​ពេល​ចៅក្រម​ប្រកាស​សាលក្រម​ចប់ លោក ផេង រុំ និង​តំណាង​ពលរដ្ឋ ៤នាក់​ទៀត ស្នើ​សុំ​សាលក្រម​នោះ យក​មក​អាន​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ត្រូវ​ក្រឡាបញ្ជី​ បដិសេធ ដោយ​លើក​ហេតុ​ផល​ថា ត្រូវ​យក​ទៅ​កែ​តម្រូវ​ជា​ថ្មី ១សប្ដាហ៍​ទៀត ទើប​អាច​ផ្ដល់​ឲ្យ​បាន។

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ​ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា​ ការសម្រេច​រឿង​ក្ដី​ណាមួយ​នោះ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ប៉ុន្តែ​ករណី​ច្រានចោល​ពាក្យ​បណ្ដឹង​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី តុលាការ​គួរ​ផ្ដល់​សំអាង​ហេតុ​ច្បាស់​លាស់ ​ដែល​អាច​ទទួល​យក​បាន។

លោក​សោកស្ដាយ​ដែល​ចៅក្រម ​ទាត់​ចោល​បណ្ដឹង​ពលរដ្ឋ ​ដោយ​មិន​ចុះ​ស៊ើប​អង្កេត​ ឲ្យ​បាន​ច្បាស់​លាស់​ជាមុន។ លោក យល់​ថា ត្បិត​មាន​ដំណើរ​ការ​នីតិវិធី​នៅ​តុលាការ​យ៉ាង​នេះ​ក្ដី ក៏​ដំណោះ​ស្រាយ​រវាង​ពលរដ្ឋ ​និង​ខាង​ក្រុមហ៊ុន គួរ​តែ​ពន្លឿន​ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ៖ «

កិច្ច​ព្រមព្រៀង​ឬ​សំណង​គោល​នយោបាយ ដែល​ចុះផ្សាយ​ក្នុង​ទំព័រ​កាសែត​កោះសន្តិភាព កាល​ពី​ថ្ងៃ​ទី១៨ ខែ​កញ្ញា ឆ្នាំ២០១៤ សរសេរ​ថា ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) បាន​ផ្ដល់​ថវិកា​ឲ្យ​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ រាជ សីម៉ា ៧ពាន់​ដុល្លារ​ សម្រាប់​សំណង​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង​និង​ផល​ដំណាំ ហើយ​ថវិកា ១ម៉ឺន​ដុល្លារ​ផ្សេង​ទៀត ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​សកម្មភាព​ចេញ​ដើរ​តវ៉ា​រឿង​ដីធ្លី ប្រឆាំង​នឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ ស៊ែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល។ ប៉ុន្តែ​ខាង​ប្រជាពលរដ្ឋ​ថា ពួក​គាត់​មិន​ដែល​ទទួល​បាន​ទឹក​ប្រាក់​ដូច​ការ​ចុះ​ផ្សាយ​នោះ​ម្ដង​ណា​ឡើយ។

ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១៣ឆ្នាំ​ហើយ។ ពលរដ្ឋ​ថា ភាគី​ក្រុមហ៊ុន បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​ប្រើ​ទាំង​ទិដ្ឋភាព​ច្បាប់ ការ​សម្រប​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពេលខ្លះ​មាន​ប្រើ​អំពើ​ហិង្សា​ផង​ក៏​មាន។

អ្នក​ឡ​ពាង​បញ្ជាក់​ថា ពួកគាត់​នឹង​ដាក់​បណ្ដឹង​ទាស់​នឹង​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ស្នើសុំ​ពិនិត្យ​រឿង​នេះ​ឡើងវិញ ហើយ​ផ្ដល់​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ដែល​បាន​បាត់​បង់​ដី​ស្រែ​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។