សហគមន៍​ឡ​ពាង​ស្នើ​សុំ​សាលា​ខេត្ត​កំពង់​ឆ្នាំង​ ផ្ដល់​ឯកសារ​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ខេឌីស៊ី ដើម្បី​ដាក់​ជូន​តុលាការ​ក្រុងភ្នំពេញ

0:00 / 0:00

អ្នក​ឡ​ពាង​ប្រមាណ​៣០​នាក់​ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​វ័យ​ចំណាស់​ នាំ​គ្នា​ទៅ​ដាក់​ញត្តិ​ នៅ​សាលា​ខេត្ត​កំពង់​ឆ្នាំង និង​មន្ទីរ​សុរិយោ​ដី​ខេត្ត​ ស្នើ​សុំ​ផ្ដល់​ឯកសារ​ពី​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ហ៊ុន​កាល​ពី​ឆ្នាំ​២០១៤ ដាក់​ជូន​តុលាការ​ក្រុង​ភ្នំពេញ និង​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ឲ្យ​ពួកគាត់។

តំណាង​សហគមន៍​ឡពាង លោក ស្ងួន ញឿន ឲ្យ​ដឹង​ថា ប្រសិន​បើ​ពួកគាត់​រក​មិន​ឃើញ​ឯកសារ​នោះ​ទេ ​ចៅ​ក្រម​នៃ​តុលាការ​ភ្នំពេញ នឹង​មិន​ចាត់​ការ​លើ​សំណុំ​រឿង​រដ្ឋប្បវេណី​ ដែល​សុំ​មោឃភាព​កិច្ច​ព្រមព្រៀង​ កាល​ពី​ឆ្នាំ​២០១៤​នោះ។

លោក ស្ងួន ញឿន សង្ឃឹមថា ​អភិបាល​ខេត្ត​កំពង់​ឆ្នាំង លោក ឈួរ ច័ន្ទ​ឌឿន​នឹង​ផ្ដល់​សំណៅ​ឯកសារ​ទាំង​នោះ ដល់​ពលរដ្ឋ​នៅ​ឃុំ​តាជេស ដែល​មាន​ជម្លោះ​ដីធ្លី ជា​មួយ​អ្នក​ស្រី ជា ខេង ប្រធាន​ក្រុមហ៊ុន ខេ.ឌី.ស៊ី អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ៖ «ខ្ញុំ​ដាក់​ក្នុង​ហ្នឹង គឺ​មាន​ចំណុច​សំខាន់​ៗ​ដែល​យើង​ចង់​បាន សុំ​យក​កិច្ច​ព្រមព្រៀង​ដើម្បី​បង្ហាញ​តុលាការ ដោយ​ជួយ​រក​កិច្ច​ព្រមព្រៀង​ នៅ​ថ្ងៃ​ទី​៤ ខែ​៤ ឆ្នាំ២០១៤ ហ្នឹង។ ហើយ​ទី​២ស្នើ​សុំ​ឲ្យ​ខេត្ត​ស្វែង​រក​លុយ​ចំនួន​៧ម៉ឺន​ដុល្លារ ដែល​នៅ​ក្នុង​របាយការណ៍​ដែល​ខេត្ត​សរសេរ​ហ្នឹង ថា​លុយ​ ៧​ម៉ឺន​ដុល្លារ​បាន​ឲ្យ​ប្រជា​ពលរដ្ឋ​ថ្លៃ​ផ្ទះ ១១​ខ្នង​ផ្ទះ​ហ្នឹង។ ថា​តើ​លុយ​ហ្នឹង​ ឲ្យ​ទៅ​អ្នក​ណា ឈ្មោះ​ណា។ ទាំងអស់​នេះ គឺ​ជា​គោល​បំណង​របស់​យើង» ។

គិត​មកដល់​ពេល ​មាន​អ្នក​ភូមិ​ឡ​ពាង​១៣​នាក់​ហើយ ដែល​តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​ ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ជា​បន្ត​បន្ទាប់​ ចាប់​តាំង​ពី​ចុង​ខែ​មិនា ក្នុង​សំណុំ​រឿង​ប្ដឹង​មោឃភាព​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០១៤ និង​រឿង​សុំ​សិទ្ធិ​គ្រប់​គ្រង​ដី​។ ក្រៅ​ពី​នេះ ​តុលាការ​ក្រុងភ្នំពេញ ​ក៏​បង្គាប់​ឲ្យ​អ្នក​ភូមិ​ឡ​ពាង​ជាង៥០​គ្រួសារ បង់​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ​ចូល​តុលាការ ក្នុង​មួយ​គ្រួសារ ​៤០​ម៉ឺន​រៀល ក្នុង​រឿង​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី​ជាង​១៣​ឆ្នាំ​មក​នេះ។ អ្នក​ឡពាង​ឲ្យដឹង​ថា ពួកគាត់​បាន​ដើរ​រក​មេធាវី​តាម​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​មក​ហើយ​ តែ​មាន​ការ​អង្គការ​ណាមួយ​ អាច​ជួយ​ផ្ដល់​មេធាវី​ដល់​ពួកគាត់​ ក្នុង​រឿង​ក្ដី​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។