សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅតំណាងពលរដ្ឋ ១០នាក់នៃសហគមន៍ឡពាងដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ឱ្យចូលខ្លួនបំភ្លឺ ដើម្បីចូលរួមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល លើបណ្ដឹងរបស់ពួកគេដែលប្ដឹងសុំមោឃភាពកិច្ចព្រមព្រៀង កាលពីឆ្នាំ២០១៤ ជាមួយក្រុមហ៊ុនរបស់អ្នកស្រី ជា ខេង ដែលជាភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។
លោកចៅក្រម សំ ប៊ុនពៅ បង្គាប់ឱ្យពលរដ្ឋ១០នាក់តំណាងឱ្យជាង៥០គ្រួសារ រស់នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវចូលខ្លួនបំភ្លឺ នៅរសៀលថ្ងៃទី៣០ ខែមីនា ដែលជាការកោះហៅលើកទី៣ ក្នុងនាមជាសហដើមចោទ។
តំណាងពលរដ្ឋម្នាក់ក្នុងចំណោម១០នាក់ លោកស្រី អ៊ុំ សុភី ប្រាប់អាស៊ីសេរីនៅថ្ងៃទី១២ មីនា ថា ការកោះហៅពួកគាត់ច្រើនលើកច្រើនសាមកនេះ តុលាការហាក់ចង់អូសបន្លាយសំណុំរឿងពួកគាត់ ដោយមិនព្រមបើកសវនាការជំនុំជម្រះក្ដីនោះទេ។
លោកស្រីយល់ថា តុលាការហាក់មិនមានឆន្ទៈដោះស្រាយបណ្ដឹងឱ្យពួកគាត់ ដែលជាពលរដ្ឋក្រីក្រ និងមិនចេះអក្សរនោះឡើយ។ តំណាងពលរដ្ឋនេះ ស្នើឱ្យតុលាការក្រុងភ្នំពេញប្រើសិទ្ធិអំណាចរបស់ខ្លួន បង្គាប់ឱ្យភាគីក្រុមហ៊ុនបង្ហាញកិច្ចព្រមព្រៀងនោះ ព្រោះថា មានតែក្រុមហ៊ុនរបស់អ្នកស្រី ជា ខេង ទេ ដែលមានឯកសារពិតប្រាកដទាំងអស់នោះ។
ជម្លោះដីធ្លីរវាងក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង ជាមួយអ្នកភូមិឡពាង បានអូសបន្លាយអស់រយៈពេលជាង ១៣ឆ្នាំមកហើយ។ ពលរដ្ឋថា ភាគីក្រុមហ៊ុន បានប្រើគ្រប់វិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា គឺប្រើទាំងទិដ្ឋភាពច្បាប់ ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ និងពេលខ្លះក៏មានប្រើអំពើហិង្សាផងដែរ។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៩ តំណាងសហគមន៍ឡពាង បានដាក់ភស្តុតាងជូនតុលាការក្រុងភ្នំពេញក្រោយពីពួកគាត់រកបានពីកាសែតកោះសន្តិភាព ចុះផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤។ ប៉ុន្តែ ក្រឡាបញ្ជី ប្រាប់អ្នកឡពាងថា ឯកសារដែលដាក់ជូនតុលាការ គឺពុំត្រឹមត្រូវតាមការចង់បានរបស់ចៅក្រមទេ។
កិច្ចព្រមព្រៀងឬសំណងគោលនយោបាយ ដែលចុះផ្សាយក្នុងកាសែតក្នុងស្រុក សរសេរថា ក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) បានផ្ដល់ថវិកាឱ្យតំណាងពលរដ្ឋម្នាក់ឈ្មោះ រាជ សីម៉ា ៧ពាន់ដុល្លារ សម្រាប់សំណងការឈូសឆាយផ្ទះសម្បែងនិងផលដំណាំ ហើយថវិកា១ម៉ឺនដុល្លារផ្សេងទៀត ជាថ្នូរនឹងការបញ្ឈប់សកម្មភាពចេញដើរតវ៉ារឿងដីធ្លី ប្រឆាំងនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ប៉ុន្តែខាងប្រជាពលរដ្ឋ ថាពួកគាត់មិនដែលទទួលបានទឹកប្រាក់ដូចការចុះផ្សាយនោះទេ។
សហគមន៍ឡពាង ស្នើសុំចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ពន្លឿននីតិវិធីបើកសវនាការកាត់សេចក្ដីលើបណ្ដឹងពួកគាត់ដោយយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។