តំណាងជនជាតិដើមភាគតិចព្នង ១១នាក់ក្នុងចំណោមពលរដ្ឋជាង ៥០០គ្រួសាររស់នៅឃុំប៊ូស្រា និងឃុំដាក់ ខេត្តមណ្ឌលគិរី ប្រកាសជំហរថា នឹងផ្តិតមេដៃជាថ្មីទៀត ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិ ដកហូតដីទំហំ ៣ពាន់ហិកតារ ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមេហ្គាហ្វើស (Mega First Corporation Berhad)។ អ្នកភូមិថា អាជ្ញាធរខេត្ត មិនបានយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់រួម របស់ពលរដ្ឋនោះទេ។
តំណាងជនជាតិដើមភាគតិចព្នង (ពូនង) មកពីឃុំចំនួន ២ ក្នុងស្រុកពេជ្រាដា និងស្រុកអូររាំងបង្ហាញអារម្មណ៍មិនសប្បាយចិត្ត នៅគ្រាដែលអាជ្ញាធរខេត្តមណ្ឌលគិរី មិនអើពើដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃរបស់ពួកគេ ផ្ទុយទៅវិញបែរជាបណ្ដោយឱ្យក្រុមហ៊ុនមេហ្គាហ្វើសបន្តឈូសឆាយតំបន់ដីកំពុងមានជម្លោះមិនទាន់ដោះស្រាយរួចរាល់។
កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ ក្រុមជនជាតិដើមភាគតិច ៥០នាក់ តំណាងឱ្យជនជាតិដើមភាគតិចជាង ៥០០គ្រួសារ បានផ្តិតមេដៃ សុំកិច្ចអន្តរាគមន៍ ទៅអាជ្ញាធរខេត្ត ដើម្បីទាមទារដីទំហំ ៣ពាន់ហិកតារ ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមេហ្គាហ្វើស។ ខ្លឹមសារពាក្យបណ្ដឹងនោះ បានចោទក្រុមហ៊ុននេះថា ធ្វើឱ្យប៉ះពាល់ព្រៃជំនឿ ផ្នូរកប់សព តំបន់ភូមិចាស់ ប្រភពទឹកអូរធម្មជាតិ បាត់បង់ព្រៃស្រោងជាទីជម្រកសត្វព្រៃ និងអនុផលព្រៃឈើជាដើម។
តំណាងជនជាតិដើមភាគតិចរស់នៅភូមិពូត្រែង ឃុំដាក់ដាំ លោក ទឺយ ច្រែន ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៩ ធ្នូ ថា អាជ្ញាធរខត្តនេះ មិនយកចិត្តទុកដាក់ ដោះស្រាយញត្តិរបស់អ្នកភូមិនោះទេ ហើយក្រុមហ៊ុននៅតែបន្តឈូសឆាយបំពានព្រៃកប់សព ព្រៃតំណម និងព្រៃជំនឿរបស់ជនជាតិដើមភាគតិចអស់ជាបន្តបន្ទាប់។ លោកប្រកាសជំហរថា អ្នកភូមិនឹងមូលមតិគ្នា ប្តឹងទៅអាជ្ញាធរថ្នាក់ជាតិ ដើម្បីស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់៖ «ដីដែលសហគមន៍ត្រូវការ អាស្រ័យផលហ្នឹង ហើយនិងដីចម្ការវិលជុំដី កប់សពដូចតា អ៊ីចឹងភូមិចាស់ទាំងអស់ ៣ពាន់ហិកតារ។ អ៊ីចឹងខាងក្រុមហ៊ុនអត់ទាន់ឆ្លើយតប របស់សហគមន៍។ សហគមន៍គ្រោងតវ៉ាដល់ថ្នាក់ជាតិដែរ»។
សេចក្ដីរាយការណ៍ពីសហគមន៍ជនជាតិដើមភាគតិចបង្ហើបថា អ្នកភូមិរាប់រយគ្រួសារ បានផ្ដើមតវ៉ាតាំងពីឆ្នាំ២០១៥ ក្រោយពីក្រុមហ៊ុនអនុវត្តខុសពីគោលការណ៍វិនិយោគ ដោយឈូសឆាយបំពានតំបន់ព្រៃសក្ការ ដីព្រៃជម្រកសត្វកម្ររស់នៅ ប៉ះពាល់ទឹកអូរផ្លាយ និងអូរពុល ដែលជាប្រភពទឹកយ៉ាងសំខាន់ដែលអ្នកភូមិរស់នៅចំនួន ៣ស្រុក អភិរក្ស និងអាស្រ័យផល។ ទន្ទឹមនឹងនេះ សហគមន៍ថា ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធមិនបានពិគ្រោះយោបល់ស្ដីពីផលប៉ះពាល់ជាមួយក្រុមជនជាតិដើមភាគតិច និងមិនបានផ្សព្វផ្សាយពីគម្រោងវិនិយោគឱ្យទូលំទូលាយនោះទេ។
អាស៊ីសេរីមិនទាន់អាចទាក់ទង តំណាងក្រុមហ៊ុនមេហ្គាហ្វើស ដើម្បីសុំការបំភ្លឺករណីនេះ បាននៅឡើយទេ នៅថ្ងៃទី១៩ ខែធ្នូ។
ចំណែកអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា និងអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ក៏មិនលើកទូរសព្ទដែរ នៅថ្ងៃដដែលនេះ។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមេហ្គា ហ្វើស (Mega First Corporation Berhad) របស់ប្រទេសម៉ាឡេស៊ី ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលជាង ៩ពាន់ហិកតារ នៅស្រុកអូររាំង តាំងពីឆ្នាំ២០១២។ តំណាងក្រុមហ៊ុនធ្លាប់អះអាងថា ខ្លួនបានកាត់ឆ្វៀលផលប៉ះពាល់ទំហំ ៣ពាន់ហិកតារ ហើយបច្ចុប្បន្នក្រុមហ៊ុននៅសល់តែដីទំហំជាង ៦ពាន់ហិកតារប៉ុណ្ណោះ។ ក្រុមជនជាតិដើមភាគតិចអះអាងថា ក្រោយពីរដ្ឋាភិបាលផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនបានឈូសឆាយព្រៃមានសក្កានុពលបង្កើតសហគមន៍ទេសចរណ៍ និងព្រៃដែលមានរុក្ខជាតិកម្រ មានតម្លៃលើទីផ្សារជួយទ្រទ្រង់សេដ្ឋកិច្ចសហគមន៍។
តំណាងសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា អះអាងថា អាជ្ញាធរខេត្តគ្មានសុឆន្ទៈដោះស្រាយជម្លោះដីធ្លីនេះ ត្រឹមត្រូវតាមច្បាប់នោះទេ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុននៅតែមានឱកាសឈូសឆាយពង្រីកផ្ទៃដីធ្វើកសិកម្ម។ លោកថា ក្រុមហ៊ុនបានប្រព្រឹត្តកំហុសជាច្រើនរួមមាន បំពានគោលការណ៍វិនិយោគ មិនកាត់ឆ្វៀលផលប៉ះពាល់ស្របតាមបទបញ្ជារបស់រដ្ឋាភិបាល ជាពិសេសឈូសឆាយព្រៃកប់សព ព្រៃតំណម និងព្រៃសក្ការប្រពៃណីរបស់ជនជាតិដើមភាគតិច៖ «ប្រហែលដើមឆ្នាំ ២០២០ យើងនិងគ្រោងរៀបចំពាក្យបណ្ដឹងដាក់ជូនសម្ដេច ( ហ៊ុន សែន ) តាមរយៈ ឧត្ដមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ យើងបានគ្រោងទុករួចហើយ។ យើងនឹងដាក់បន្ទុកទៅលើ អាជ្ញាធរខេត្តដោយសារគាត់មិនអើពើ ដោះស្រាយបញ្ហារបស់ពលរដ្ឋ។ មិនត្រឹមមិនយកចិត្តទុកដាក់ដោះស្រាយទេ មិនដោះស្រាយតែម្ដងនិយាយឱ្យត្រង់គាត់មិនឈឺក្បាល។ ពីណាដកៗទៅ ពីណានៅៗទៅ គាត់ប្រើពាក់ហ្នឹងមួយម៉ាត់ តាមខ្ញុំយល់គឺអ៊ីចឹង បានជាគ្មានដំណោះស្រាយ»។
លោក គ្រើង តុលា បន្ថែមថា ក្រុមហ៊ុននេះបានរំលោភបំពានសិទ្ធិជនជាតិដើមភាគតិចធ្ងន់ធ្ងរ និងបានបំផ្លាញទីកន្លែងអាស្រ័យផលរបស់ជនជាតិដើមភាគតិចរាប់ពាន់គ្រួសារ។ លោកថា ចាប់តាំងពីមានវត្តមានក្រុមហ៊ុននេះ ជនជាតិដើមភាគតិចជួបការលំបាកផ្នែកជីវភាពកាន់តែក្រីក្រ បាត់បង់ធនធានធម្មជាតិ និងបាត់បង់ប្រភពទឹកអូរធម្មជាតិរកត្រីសាច់ជាដើម៖ «រំលោភព្រៃកប់សពហ្នឹង ទី២ ព្រៃតំណមរបស់គាត់ហ្នឹង។ ពាក់ព័ន្ធរុក្ខជាតិកម្រដែលមិនមានលើលោកហ្នឹងគឺ គេហៅថា ស្លឹក ហ្វែប ហ្នឹងគឺមានតែតំបន់មេហ្គា ហ្វើស ហ្នឹង តែមួយទេ។ ក្រៅពីតំបន់ហ្នឹង គឺអត់មានទេ បើបាត់រុក្ខជាតិប្រភេទហ្នឹងខ្ញុំគិតថា វាផុតពូជបាត់ហើយ លែងមានហើយ អារុក្ខជាតិហ្នឹង។ ខ្ញុំចង់ឱ្យ ឯកឧត្ដម សាយ សំអាល់ ចុះទៅមើលអារុក្ខជាតិហ្នឹង វាប្រភេទរបៀបម៉េច បានគាត់ទាមទារខ្លាំងម្ល៉េះ។ ចង់ឱ្យគាត់ទៅជាមួយខ្ញុំហ្មង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ដែលចុះអង្កេតករណីនេះ អះអាងថា អាជ្ញាធរខេត្តមណ្ឌលគិរី ហាក់គ្មានជំហរច្បាស់លាស់ ដោះស្រាយជម្លោះដីធ្លីនេះ ជូនជនជាតិដើមភាគតិចឱ្យដាច់ស្រឡះនៅឡើយទេ ធ្វើឱ្យជនជាតិដើមភាគតិចជួបការលំបាកផ្នែកជីវភាព និងបាត់បង់ទីកន្លែងអាស្រ័យផលបែបប្រពៃណី។ លោកអំពាវនាវឱ្យអាជ្ញាធរថ្នាក់ជាតិ ត្រូវកែលម្អឡើងវិញ ពីសមត្ថភាពដោះស្រាយបញ្ហាប្រឈមនានា របស់អាជ្ញាធរថ្នាក់ក្រោមជាតិ ស្របពេលដែលក្រុមជនជាតិដើមភាគតិចតែងតែរអ៊ូរទាំថា អាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្ដឹងប្រជាពលរដ្ឋនោះទេ៖ «មិនដោះស្រាយជូននេះហៅថា បណ្ដែតបណ្ដោយឱ្យពលរដ្ឋអស់ជំនឿ និងទំនុកចិត្តលើអាជ្ញាធរ។ អ៊ីចឹងមានន័យថា ថ្នាក់ជាតិត្រូវតែពិនិត្យមើល ការងារថ្នាក់ក្រោមជាតិឡើងវិញ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ត និងជំនឿជឿជាក់ទៅលើអាជ្ញាធរថ្នាក់ក្រោមជាតិថា គាត់បានបំពេញកាតព្វកិច្ចជូនពលរដ្ឋដែលគាត់រងគ្រោះ ឬស្នើសុំអ្វីមួយ ដើម្បីឱ្យមានតម្លាភាពជូនពលរដ្ឋ»។
ទោះជាយ៉ាងណា តំណាងសហគមន៍ជនជាតិដើមភាគតិច លោក គ្រើង តុលា អំពាវនាវជាថ្មីទៀត ស្នើឱ្យអាជ្ញាធរជាតិ កាត់ឆ្វៀលដីពីក្រុមហ៊ុន មេហ្គា ហ្វើស ៣ពាន់ហិកតារ ដើម្បីសង្គ្រោះទឹកអូរធម្មជាតិ និងស្ដារព្រៃឈើឡើងវិញ។ ពួកគេសង្កេតឃើញថា តំបន់ដែលអាជ្ញាធរ អនុញ្ញាតផ្ដល់ដីសម្បទាន គឺជាព្រៃស្រោង លាតសន្ធឹងជាប់ដែនជម្រកសត្វព្រៃភ្នំណាំលៀរ រហូតដល់ប្រទេសវៀតណាម ពុំគួរជាកម្មវត្ថុសម្រាប់ផ្ដល់ដីសម្បទានសេដ្ឋកិច្ចឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។