សហរដ្ឋអាមេរិករំពឹងថា ខ្លួននឹងមិនអាចធ្វើប្រតិបត្តិការបានពេញលេញជាមួយកម្ពុជា ក្នុងទំនាក់ទំនងលើវិស័យយោធា ប្រសិនបើរបបលោក ហ៊ុន សែន មិនស្ដារស្ថានការណ៍ធ្លាក់ចុះដុនដាបរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនោះ។ សហរដ្ឋអាមេរិកបានកាត់បន្ថយជំនួយយោធាដែលធ្លាប់ផ្ដល់ឱ្យកម្ពុជា បន្ទាប់ពីរបបក្រុងភ្នំពេញបានផ្អាកសមយុទ្ធយោធាជាមួយអាមេរិក ហើយងាកទៅចាប់ដៃជាមួយប្រទេសចិនវិញលើវិស័យយោធា។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិបែរជាអះអាងថា សមយុទ្ធយោធាជាមួយកងទ័ពសហរដ្ឋអាមេរិកអាចនឹងរៀបចំធ្វើឡើងជាថ្មីវិញ ក្នុងពេលវេលាសមស្របណាមួយនៅថ្ងៃមុខ។
សហរដ្ឋអាមេរិកបញ្ជាក់ជំហរថា អាមេរិកនឹងមិនធ្វើកិច្ចសហប្រតិបត្តិការពេញលេញលើវិស័យយោធាជាមួយកម្ពុជាឡើយ ដរាបណារបបក្រុងភ្នំពេញមិនព្រមស្ដារប្រជាធិបតេយ្យ និងធ្វើឱ្យលំហនយោបាយមានភាពប្រសើរឡើងវិញប្រកបដោយចិរភាពទេនោះ។ អាមេរិកបង្ហាញជំហរយ៉ាងច្បាស់ ដោយនៅតែទាមទារឱ្យរបបក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយលើលោក កឹម សុខា ព្រមទាំងអនុញ្ញាតឱ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយបើកដំណើរការវិញដោយឯករាជ្យ។
អ្នកនាំពាក្យស្ថានទូតអាមេរិក អ្នកស្រី អេមីលី ហ្ស៊ីប៊ឺគ (Emily Zeeberg) ប្រាប់អាស៊ីសេរីតាមប្រព័ន្ធអ៊ីមែល (E-mail) ថា សហរដ្ឋអាមេរិកលើកស្ទួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងទូលាយ ហើយដែលប្រជាជាតិនីមួយៗ មានភាពរឹងមាំ វិបុលភាព និងអធិបតេយ្យភាព។ អ្នកស្រីបញ្ជាក់ថា ទំនាក់ទំនងល្អលើវិស័យយោធារវាងអាមេរិក និងកម្ពុជា គឺគាំទ្រដល់គោលដៅនេះឯង។
ទោះជាយ៉ាងណា អ្នកស្រីបញ្ជាក់ថា សហរដ្ឋអាមេរិកបានកាត់បន្ថយកម្មវិធីជំនួយផ្នែកយោធាមួយចំនួនដល់កម្ពុជា ដោយសាររដ្ឋាភិបាលកម្ពុជាបានដឹកនាំប្រទេសប្រាសចាកពីប្រជាធិបតេយ្យ និងការផ្អាកសមយុទ្ធយោធាជាមួយអាមេរិកពីសំណាក់របបលោក ហ៊ុន សែន។ អ្នកស្រីបញ្ជាក់ថា ជំនួយលើវិស័យយោធាដែលអាមេរិកបន្តផ្ដល់ឱ្យកម្ពុជានាពេលបច្ចុប្បន្ននេះ គឺផ្ដោតលើការកសាងជំនាញវិជ្ជាជីវៈ និងការហ្វឹកហ្វឺនទាក់ទងនឹងការគោរពសិទ្ធិមនុស្ស ក្នុងនោះមានមន្ត្រីយោធាកម្ពុជាមួយចំនួនកំពុងសិក្សានៅសាលាយោធាអាមេរិក។
អ្នកស្រីបញ្ជាក់បន្ថែមថា យោធាអាមេរិកបន្តធ្វើការងារលើគម្រោងជំនួយផ្នែកមនុស្សធម៌នៅកម្ពុជា មានជាអាទិ៍ ការកសាងសាលារៀន និងមន្ទីរពេទ្យ ហើយទាហានអាមេរិកជួយបង្ហាត់បង្រៀនទាហានកម្ពុជាសម្រាប់ការងារគ្រោះថ្នាក់ និងចាំបាច់ ជាអ្នកថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការជាមួយកងទ័ពអាមេរិក ផ្ដល់ផលប្រយោជន៍ច្រើនដល់កម្ពុជាលើការពង្រឹងសមត្ថភាពមន្ត្រីយោធា ការប្រឆាំងអំពើភេរវកម្ម និងការងារយុទ្ធសាស្ត្រផ្សេងទៀត។ លោកបញ្ជាក់ថា កម្ពុជាមិនដែលបដិសេធនឹងការផ្ដល់ជំនួយ និងកិច្ចសហប្រតិបត្តិការយោធាជាមួយអាមេរិកម្តងណាឡើយ។ លោកបញ្ជាក់ថា ការផ្អាកសមយុទ្ធយោធាជាមួយអាមេរិកនាពេលកន្លងមកនោះ គឺដោយសារតែកងទ័ពកម្ពុជារវល់នឹងរឿងប្រឆាំងគ្រឿងញៀន និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោត៖ «ដូចជាបញ្ហាសមយុទ្ធកន្លងមកហ្នឹង យើងបានផ្អាកដោយសារមានបញ្ហាដូចជា គ្រឿងញៀន បញ្ហាបោះឆ្នោត ដូច្នេះយើងសុំផ្អាកមួយរយៈទេ ប៉ុន្តែផ្នែកដទៃទៀតយើងនៅតែសហការគ្នាដដែលទេ។ ហើយជាមួយអនុព័ន្ធយោធាអាមេរិក គឺយើងនៅតែសហការគ្នារហូត ធ្វើការជាមួយគ្នា ធ្វើការជាមួយក្រសួងការពារជាតិរហូតហ្នឹង អត់មានអីអាក់ខានទេ។ ជាជំហររបស់យើង គឺយើងស្វាគមន៍ និងសហប្រតិបត្តិការជានិច្ច អត់មានការបដិសេធចំពោះកិច្ចសហប្រតិបត្តិការទេ»។
របបលោក ហ៊ុន សែន បានផ្អាកសមយុទ្ធយោធា “ឆ្មាំ អង្គរ” ដែលធ្លាប់បានធ្វើជាមួយកងទ័ពអាមេរិកប្រមាណ ១០ឆ្នាំនោះ កាលពីដើមឆ្នាំ២០១៧ កន្លងទៅ ក្រោមហេតុផលគ្មានពេលវេលាគ្រប់គ្រាន់។ ក៏ប៉ុន្តែរបបនេះ បានបែរទៅធ្វើសមយុទ្ធយោធា “នាគមាស” ជាមួយប្រទេសចិនវិញ ហើយសមយុទ្ធនេះបានបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត ពន្យល់ថា ការបន្តធ្វើសមយុទ្ធយោធាជាមួយកងទ័ពចិន គឺដោយសារតែចិនបានធានារ៉ាប់រងទាំងស្រុងលើការចំណាយ និងគ្រឿងអាវុធយុទ្ធភណ្ឌទាំងឡាយសម្រាប់ការធ្វើសមយុទ្ធ។ លោកបញ្ជាក់ថា ប្រសិនបើភាគីអាមេរិកធានារ៉ាប់រងដូចគ្នានេះ ក្រសួងការពារជាតិនឹងពិចារណាលើការធ្វើសមយុទ្ធជាមួយអាមេរិកឡើងវិញ៖ «កន្លងមកខាងភាគីចិន លោកធានាទាំងអស់ក្នុងការចំណាយ អ៊ីចឹងយើងក៏ទទួលខាងភាគីចិនមុនទៅ។ ដោយឡែក សហរដ្ឋអាមេរិកយើងពិចារណាលម្អិតជាក់ស្ដែងទៀតលើកម្មវិធី និងពេលវេលាទៀត។ បើមានពេលវេលាសមរម្យណាមួយ យើងនឹងបន្តថែមទៀត យើងអត់មានបដិសេធទាំងស្រុងថា យើងឈប់ធ្វើរហូតនោះទេ អាស្រ័យលើធនធាន និងការធានាទេ»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្គមយល់ថា មូលហេតុសំខាន់ដែលរបបនេះផ្អាកសមយុទ្ធយោធាជាមួយអាមេរិក គឺដើម្បីតម្រូវចិត្តក្រុងប៉េកាំងច្រើនជាង ពីព្រោះរបបក្រុងភ្នំពេញបានជ្រើសរើសយកចិនជាខ្នងបង្អែកស្ទើរគ្រប់វិស័យ។ ទឡ្ហីករណ៍ដែលគេអាចមើលឃើញច្បាស់នោះ គឺរបបលោក ហ៊ុន សែន បានបែរខ្នងដាក់ប្រទេសលោកខាងលិច ហើយបានងាកទៅទទួលជំនួយជាថវិការាប់រយលានដុល្លារពីប្រទេសចិនកុម្មុយនិស្ត។ ក្រៅពីនេះ របបនេះបានស្នើទៅភាគីចិនឱ្យបន្តផ្ដល់ជំនួយបន្ថែមទៀតដល់កងទ័ពកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បំពាក់គ្រឿងបរិក្ខារទ័ព ពង្រឹងសមត្ថភាព និងចំណេះដឹងខាងភាសាចិនដល់យោធាកម្ពុជា ពីព្រោះភាគីកម្ពុជានៅជួបប្រទះការខ្វះខាតនៅឡើយ។ វិទ្យាស្ថានកងទ័ពជើងគោកនៅថ្លុកតាសេក ខេត្តកំពង់ស្ពឺ គឺជាតឹកតាងច្បាស់ដែលបង្ហាញពីឥទ្ធិពលយោធារបស់ចិននៅកម្ពុជា ដ្បិតសាលាយោធាមួយនេះត្រូវបានទំនុកបម្រុងដោយកងទ័ពរំដោះប្រជាជនចិន។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែងថា កម្ពុជាត្រូវការជាចាំបាច់នូវជំនួយបរទេសដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន ក៏ប៉ុន្តែជំនួយទាំងនោះត្រូវតែមានតុល្យភាពគ្នារវាងជំនួយប្រទេសចិន និងក្រុមប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។ លោកបន្តថា ការពឹងពាក់លើជំនួយយោធាពីប្រទេសចិនខ្លាំងពេក មិនមែនជាបច្ច័យល្អសម្រាប់កម្ពុជាឡើយ ស្របពេលអាមេរិកកំពុងអនុវត្តយុទ្ធសាស្ត្រ "ឥណ្ឌូ-ប៉ាស៊ីហ្វិក" ដើម្បីទប់ទល់នឹងគម្រោង "គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ" របស់ចិន។ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរអំពីការបង្កើតសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកឡើងវិញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពល្អក់កករនៃទំនាក់ទំនងការទូត និងយោធាជាមួយនឹងសហរដ្ឋអាមេរិក៖ «ចិន បើយើងគិតទៅ គឺមានសមានចិត្តច្រើនក្នុងការផ្តល់ជំនួយមកកម្ពុជាទាំងវិស័យស៊ីវិល និងយោធា។ វាជាកិច្ចការល្អដែលកម្ពុជាត្រូវការ ក៏ប៉ុន្តែកម្ពុជាក៏គួរប្រកាន់ឥរិយាបថប្រយ័ត្នប្រយែងនៅក្នុងការទទួលជំនួយដែរ។ បានន័យថា ត្រូវថ្លឹងថ្លែង ឬក៏រកតុល្យភាពក្នុងការទទួលជំនួយឱ្យបានសមប្រកបជាមួយនឹងលោកខាងលិចដែរ ដូចជាអាមេរិក និងសហភាពអឺរ៉ុប ជាដើម ពីព្រោះកម្ពុជានៅពឹងផ្អែកលើទីផ្សារទាំងអស់នេះ ហើយកម្ពុជាត្រូវការជំហរមួយអព្យាក្រឹត្យ ទើបកម្ពុជាយើងមានផលប្រយោជន៍ច្រើន»។
ទំនាក់ទំនងជិតស្និទ្ធខ្លាំងពេករវាងរបបលោក ហ៊ុន សែន និងក្រុងប៉េកាំង បានបង្កើតជាកង្វល់ដល់សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ទាក់ទងនឹងបញ្ហាសន្តិសុខតំបន់។ អាមេរិកបានបន្តចោទសួររបបនេះម្ដងហើយម្ដងទៀតពីរឿងលទ្ធភាពនៃការកកើតមូលដ្ឋានទ័ពចិននៅខេត្តកោះកុង។ ក្រៅពីនេះ អាមេរិកក៏បានចោទសួររបបក្រុងភ្នំពេញអំពីរឿងដែលក្រសួងការពារជាតិកម្ពុជា បដិសេធជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ ផងដែរ ដោយសារអាមេរិកបារម្ភថា កម្ពុជាមានផែនការអនុញ្ញាតឱ្យកងទ័ពចិនឈរជើងនៅទីតាំងនោះ។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានប្រកែកថា កម្ពុជាមិនដែលបដិសេធជំនួយយោធាអាមេរិក ក្នុងការជួយជួសជុលមូលដ្ឋានកងទ័ពជើងទឹករាមនេះទេ ហើយក៏រឹតតែគ្មានគម្រោងអនុញ្ញាតឱ្យកងទ័ពចិនឈរជើងលើទឹកដីខ្មែរដែរ ពីព្រោះជាការរំលោភបំពានរដ្ឋធម្មនុញ្ញ។
ក្រុមអ្នកសង្កេតការណ៍ជំរុញឱ្យរបបក្រុងភ្នំពេញបង្ហាញតម្លាភាពរឿងនេះ ដោយអនុញ្ញាតឱ្យអ្នកជំនាញជាតិ និងអន្តរជាតិ បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង ដើម្បីលុបបំបាត់មន្ទិលសង្ស័យទាំងនេះ។ ក្រុមអ្នកសង្កេតការណ៍បញ្ជាក់ថា ដោយសារកម្ពុជាមានទំនោរខ្លាំងពេកទៅរកប្រទេសចិន ទើបអាមេរិកមិនអាចនៅស្ងៀមបាន ឱ្យតែមានបញ្ហាទាក់ទងនឹងវិស័យយោធា។ ពួកគេស្នើឱ្យរដ្ឋាភិបាលកម្ពុជាសម្រួលទំនាក់ទំនងលើវិស័យយោធាជាមួយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចឡើងវិញ ដើម្បីបញ្ចៀសនូវវិបត្តិទាំងឡាយនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។