ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​មណ្ឌលគិរី​ប្រើ​ហិង្សា​ចាប់​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន

0:00 / 0:00

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ព្នង​នៅ​ភូមិ​ចក់ចារ ឈាន​ដល់​អំពើ​ហិង្សា​ហើយ។ ប្រជាពលរដ្ឋ​ជាង ៧០​នាក់​បាន​​បង្ខំ​រឹប​អូស​គ្រឿងចក្រ​ក្រុមហ៊ុន ប៊ិញ ភឿក១ (Binh Phouek) ទុកជា​ចំណាប់​ខ្មាំង​ខណៈ​ក្រុមហ៊ុន​នៅតែ​​បន្ត​ឈូស​ឆាយ​ព្រៃ។

មិន​មាន​នរណា​ក​ម្នាក់​រង​របួស ឬ​គ្រោះថ្នាក់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ​អ្នក​តវ៉ា​នៅ​ភូមិ​ចក់ចារ និង​សមត្ថកិច្ច​ប៉ូលិស​ប្រដាប់​អាវុធ​មាន​គ្នា ៤​នាក់ ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ប៊ិញ ភឿក ១ នៅ​ថ្ងៃ​ទី​១ ខែ​មករា។

​អ្នក​តវ៉ា​ឲ្យ​ដឹង​ថា គ្រឿងចក្រ​ឈូស​ដី​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង ត្រូវ​បាន​អ្នក​ភូមិ​រឹប​អូស​ជា​ចំណាប់​ខ្មាំង បើ​ទោះ​បី​ក្រុម​ប៉ូលិស​ព្យាយាម​តបត​ជាមួយ​អ្នក​តវ៉ា​ការពារ​មិន​ឲ្យ​អ្នក​ភូមិ​ដណ្ដើម​គ្រឿងចក្រ​យ៉ាង​ណា​ក្តី។

​អ្នក​តវ៉ា​មួយ​រូប​ឈ្មោះ ប្រប់ ជីប រៀបរាប់​ថា អ្នក​ភូមិ​អស់​ការ​អត់​ធ្មត់​ដោយសារ​តែ​ក្រុមហ៊ុន​នៅ​តែ​បញ្ជា​​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​យក​ដី​ដែល​ពលរដ្ឋ​តវ៉ា។ លោក​កត់​សំគាល់​ថា សមត្ថកិច្ច​ប៉ូលិស​ស្រុក​​បាន​ព្យាយាម​តបត​ជាមួយ​ពលរដ្ឋ ប៉ុន្តែ​មិន​មាន​ការ​ប៉ះទង្គិច​គ្នា​អ្វី​ធំដុំ​ឡើយ៖ «ពួក​ខ្ញុំ​ឃាត់​គ្រឿងចក្រ​រួច​ហើយ​បាន​សមត្ថកិច្ច​មក​ដល់។ សមត្ថកិច្ច​ទាត់​ប្រជាពលរដ្ឋ ប៉ុន្តែ​ប្រជាពលរដ្ឋ​គេច​ទាន់»

​សេចក្ដី​រាយការណ៍​របស់​អ្នក​តវ៉ា​ឲ្យ​ដឹង​ថា រហូត​មក​ទល់នឹង​ម៉ោង ១២​ថ្ងៃត្រង់ កង​កម្លាំង​រាជ​អាវុធហត្ថ​​ខេត្ត​ចំនួន ៤​នាក់ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវសីមា លោក សាក់ សារាក់ បាន​ចុះទៅ​សម្របសម្រួល​ឲ្យ​ក្រុម​អ្នក​តវ៉ា​ប្រគល់​គ្រឿងចក្រ​ឲ្យ​ក្រុមហ៊ុន​វិញ ប៉ុន្តែ​អ្នក​តវ៉ា​បាន​យល់​​ព្រម​ប្រគល់​រថយន្ត ចំណែក​គ្រឿងចក្រ​ពួក​អ្នក​តវ៉ា​មិន​ប្រគល់​វិញ​ទេ។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក​១ សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​រឹប​អូស​គ្រឿងចក្រ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​មករា។

ក្រសួង​កសិកម្ម​កាល​ពី​ឆ្នាំ​២០១០ បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៥​ពាន់​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន ​ប៊ិញ ភឿក ១ នៅ​ស្រុក​កែវសីមា សម្រាប់​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម។ បន្ទាប់​មក​ក្រុមហ៊ុន​​បាន​ឈូស​ឆាយ​បង្ក​ផល​ប៉ះពាល់​ដីស្រែ​ចម្ការ​វិល​ជុំ​អ្នក​ភូមិ​ជាង ៣០០​ហិកតារ​ទើប​អ្នក​ភូមិ​ងើប​តវ៉ា។

​ទាក់ទិន​ការ​ប្រើ​អំពើ​ហិង្សា​នេះ អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ សំដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​ពលរដ្ឋ​ ដែល​លោក​អះអាង​ថា ជា​អំពើ​ខុស​ច្បាប់។ លោក​ថ្លែង​ថា សមត្ថកិច្ច​អស់​លទ្ធភាព​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ហើយ ដូច្នេះ​ករណី​នេះ​អាស្រ័យ​លើ​ភាគី​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​ណា៖ «មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​គិត​អ៊ីចឹង​ទេ យើង​សម្របសម្រួល​អស់​លទ្ធភាព​ហើយ មាន​តែ​តុលាការ​ទេ​ដែល​ជា​អ្នក​កាត់។ បាន​ផ្តល់​ជា​គោលការណ៍​ហើយ​ដោះស្រាយ​ទំនាស់​ជាមួយ​ពលរដ្ឋ​ហើយ។ មួយ​ចំនួន​តូច​ទេ​ដែល​គាត់​មិន​យល់​ព្រម»

​របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ជម្លោះ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន ប៊ិញ ភឿក ១ អាជ្ញាធរ​ខេត្ត​និង​ស្រុក​បាន​ព្យាយាម​ដោះស្រាយ ៣​លើក​ក្នុង​នៅ​ខែ​ធ្នូ និង​១​លើក​នៅ​ដើម​ខែ​មករា នេះ ក៏ប៉ុន្តែ​មិន​បាន​លទ្ធផល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា ដំណោះស្រាយ​របស់​អាជ្ញាធរ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ ជាពិសេស​ជនជាតិ​ដើម​ភាគតិច​ព្នង​ដែល​រងគ្រោះ​បាត់បង់​ដីធ្លី។ លោក​អំពាវនាវ​ឲ្យ​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ឲ្យ​អនុវត្ត​ការ​ណែនាំ​រូបមន្ត​ស្បែក​ខ្លា​របស់​រាជរដ្ឋាភិបាល ពោល​គឺ​កាត់​ចេញ​ដី​មាន​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​វិញ៖ «អ្វី​ដែល​គេ​ដោះស្រាយ​ឲ្យ​ហ្នឹង គឺ​គេ​ប្រគល់​ឲ្យ​គាត់ ៣៧៥​ហិកតារ ប៉ុន្តែ​សុទ្ធតែ​ដី​ក្រួស​ដី​ព្រិច»

រហូត​មក​ទល់​នឹង​រសៀល​ម៉ោង ៤​ថ្ងៃ​ដដែល ក្រុម​អ្នក​តវ៉ា​អះអាង​ថា នឹង​ប្រគល់​គ្រឿងចក្រ​ឲ្យ​ក្រុមហ៊ុន​​វិញ ប្រសិន​ក្រុមហ៊ុន​សន្យា​ថា បញ្ឈប់​ការ​ឈូស​ឆាយ​ដី។ អ្នក​តវ៉ា​សម្រេច​ដេក​យាម​គ្រឿងចក្រ​នៅ​​កន្លែង​តវ៉ា​រួម​ជាមួយ​សមត្ថកិច្ច​ប៉ូលិស​រហូត​មាន​ដំណោះស្រាយ​សមស្រប។

ព័ត៌មាន​ចុង​ក្រោយ​នៅ​ម៉ោង ៥​និង​៣០​នាទី រសៀល​ថ្ងៃ​ដដែល​នេះ ឲ្យ​ដឹង​ថា ពលរដ្ឋ ៤០​នាក់ ប្រមូល​ផ្តុំ​គ្នា​ដេក​ចាំ​គ្រឿងចក្រ​ដែល​រឹប​អូស​ក្នុង​នោះ មាន​ប៉ូលិស​មូលដ្ឋាន​ពីរ​នាក់​នៅ​ការពារ​នៅ​តំបន់​នោះ​ដែរ។ ចំណែក​ក្រុមហ៊ុន និង​អាជ្ញាធរ​មិន​ឃើញ​ចុះ​មក​ដោះស្រាយ​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។