អាជ្ញាធរ​ប្ដឹង​បក​ទៅ​ក្រុម​ជន​ជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ៤រូប​ដែល​ប្ដឹង​អាជ្ញាធរ​រឿង​លក់​ដី​ព្រៃ ៥រយហិកតារ

0:00 / 0:00

អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី​បាន​ប្ដឹង​បក​ពលរដ្ឋ​ជនជាតិ​ភាគ​តិច​វិញ​ ករណី​ពលរដ្ឋ​ប្ដឹង​មេភូមិ​ពូ​ត្រែង​ និង​មេឃុំ​ដាក់ដាំ​ពាក់ព័ន្ធ​ករណី​ ឃុបឃិត​លក់​ដី​ព្រៃ​សហគមន៍​ជាង​ ៥រយ​ហិកតារ។ ថ្មីៗ នេះ​ នគរបាល​នៃ​ស្នងការ​ខេត្ត​មណ្ឌលគិរី បាន​ចេញ​លិខិត​កោះហៅ​តំណាង​សហគមន៍ ៤រូប មក​បំភ្លឺ​ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ពី​មេភូមិ។

ក្រុម​ជនជាតិ​ដើម​ភាគតិច​ ៤នាក់​ តំណាង​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាង​ ១រយ​គ្រួសារ (១០៦) រស់នៅ​ភូមិ​ពូ​ត្រែង​ ឃុំ​ដាក់ដាំ​ ស្រុក​អូរ​រាំង​អះអាង​ថា ពួក​គេ​នឹង​ចូល​ខ្លួន​បំភ្លឺ​នៅ​ស្នងការ​នគរបាល​ខេត្ត នៅ​ថ្ងៃ​ទី៦ មិថុនា។ ពួក​គេ​ប្ដេជ្ញា​ថា​ នឹង​បន្ត​ទាមទារ​ដី​ដែល​មេភូមិ​ពូ​ត្រែង​ លោក ប្លង់ សេង​ និង​មេឃុំ​ដាក់ដាំ​ លោក​ ចាស់​ ណា​ ឃុបឃិត​លក់​ដែល​មាន​ទំហំ ៥រយ (៥០៣) ហិកតារ​មក​វិញ បំណង​រក្សា​ដី​នោះ​ ប្រើប្រាស់​សមូហភាព​របស់​សហគមន៍។

ជនជាតិ​ដើម​ភាគតិច​ម្នាក់​ដែល​ស្នងការ​នគរបាល​ខេត្ត​នេះ​កោះ​ហៅ លោក ទឺយ ច្រេន ចាត់​ទុក​លិខិត​កោះ​ហៅ​នេះ​ជា​សារ​គំរាម​ចង់​ឲ្យ​សហគមន៍​ឈប់​ប្ដឹង​ទាមទារ​ដី ដែល​អាជ្ញាធរ​ឃុបឃិត​លក់។ លោក​ថា ពួក​គេ​មិន​ភ័យ​ខ្លាច​ការ​កោះ​ហៅ​នេះ​ទេ ព្រោះ​ក្រុម​សហគមន៍​មិន​បាន​ប្រព្រឹត្ត​កំហុស។លោក​រំឭក​ថា កន្លង​ទៅ​ពលរដ្ឋ​ជាង ១រយ​គ្រួសារ​បាន​ផ្ដិត​មេដៃ​ប្ដឹង​មេភូមិ​ និង​មេឃុំ​ពាក់ព័ន្ធ​ករណី​ ឃុបឃិត​លក់​ដី​ព្រៃ​សហគមន៍​ជាង ៥រយ​ហិកតារ (៥០៣) ឲ្យ​ឈ្មួញ​ទៅ​អាជ្ញាធរ​ខេត្ត​ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ មកទល់​ពេលនេះ​ មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ៖ «គ្មាន​ភ័យ​ព្រួយ​ទេ​ព្រោះ​អត់​មាន​កំហុស​អី​ផង បញ្ហា​ដាក់​ពាក្យ​បណ្ដឹង​មុន ទាមទារ​ប្រយោជន៍​សមូហភាព​រួម ដល់​ឥឡូវ​ពួក​គាត់​ប្ដឹង​បក ពួក​ខ្ញុំ​អត់​មាន​កំហុស​អី? ពួក​ខ្ញុំ​ប្ដឹង​ពួក​គាត់​មិន អត់​ទាន់​ឃើញ​ចំណាត់​ការ​ដោះ​ស្រាយ ពី​ថ្នាក់​ខេត្ត មន្ទីរ​ដែន​ដី និង​ខាង​រដ្ឋបាល​ព្រៃ​ឈើ​អត់​ទាន​ទេ»

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង (ពូនង)ម្នាក់ទៀត​ លោក រាច ម៉ែ ដែល​ត្រូវ​បាន​នគរបាល​កោះ​ហៅ​ដែរ​នោះ​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៥ មិថុនា​ថា ទំហំដី​ព្រៃ​ជាង ៥រយ​ហិកតារ ដែល​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​ចេញ​លិខិត​លក់​ឲ្យ​ឈ្មួញ ជា​តំបន់​ដែល​អ្នក​ភូមិ​រក​អនុផល​ព្រៃ​ឈើ​ ឃ្វាល​គោ​ក្របី និង​ព្រៃ​ជំនឿ​ ហេតុនេះ​ពួក​គេ​សុខ​ចិត្ត​ស្លាប់​ទាមទារ​ដី​ទាំង​នោះ​ជា​សម្បត្តិ​សមូហភាព​វិញ៖ «គេ​ប្ដឹង​អ៊ីចឹង ពួក​ខ្ញុំ​ថា អត់​ភ័យ​អត់​ខ្លាច​ទេ ធម្មតា​កុំ​ឲ្យ​តែ​យើង​ធ្វើ​ខុស។ ដី​ហ្នឹង​ជា​ដី​របស់​រដ្ឋ ដី​សហគមន៍​យើង​ប្រុង​ថា​ឲ្យ​ពលរដ្ឋ​គាំទ្រ​ឲ្យ​ច្រើន ទុក​ដី​ព្រៃ​ឲ្យ​ល្អ»

កាលពី​ថ្ងៃ​ទី៣ មិថុនា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី លោក ស៊ុម សោភ័ណ្ឌ បាន​កោះ​ហៅ​តំណាង​ក្រុម​ជនជាតិ​ដើម​ភាគ​តិច ៤នាក់​មក​បំភ្លឺ​ នៅ​ថ្ងៃ​ទី៦ មិថុនា ក្រោយ​ពី​ទទួល​ពាក្យ​បណ្ដឹង​ពី​មេ​ភូមិ​ពូ​ត្រែង​ លោក ប្លង់ សេង។ លិខិត​កោះហៅ​នោះ​ មិន​បាន​សរសេរ​ពី​កម្មវត្ថុ បទ​ល្មើស​អ្វី​នោះ​ទេ?

អាស៊ី​សេរី​បាន​ទាក់ទង​ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​ខេត្ត​មណ្ឌលគិរី​ លោក ស៊ុម សោភ័ណ្ឌ ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ តែ​លោក​មិន​លើក​ទូរស័ព្ទ​ នៅ​ថ្ងៃ​ទី៥ មិថុនា​។

ចំណែក​ដើម​បណ្ដឹង​ ដែល​មាន​តួនាទី​ជា​មេភូមិ​ពូ​ត្រែង លោក ប្លង់ សេង​ មិន​លើក​ទូរស័ព្ទ។ តែ​ទោះ​យ៉ាង​ណា មេឃុំ​ដាក់ដាំ លោក ចាស់ ណា ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​ មក​សម្របសម្រួល​គ្នា​ដោះ​ស្រាយ​បញ្ហា​នេះ ជា​ច្រើន​សារ​មក​ហើយ ក៏​ប៉ុន្តែ​តំណាង​សហគមន៍​បាន​បដិសេធ។ លោក​បដិសេធ​មិន​បញ្ជាក់​លម្អិត​ពី​ខ្លឹមសារ​នៃ​ការ​សម្រប​សម្រួល​នោះ​បែប​ណា​នោះ​ទេ។ លើស​ពី​នេះ​ លោក​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​មិនបាន​ដាក់ពាក្យ​ប្ដឹង​ តំណាង​ពលរដ្ឋ​ ៤រូប​នោះ​ទៅ​ស្នងការ​ខេត្ត​ទេ៖ «សម្រប​សម្រួល​នេះ​កុំ​ឲ្យ​មាន​បញ្ហា ដល់​ពេល​អ៊ីចឹង ពួក​គាត់​ខ្ញុំ​ហៅ​ដល់​ពីរ​លើក​ហើយ សម្រប​សម្រួល​ដល់​ទៅ​គាត់​ដាក់​ពាក្យ​ប្ដឹង​វិញ។ ខ្ញុំ​អត់​យល់?»

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី យល់​ថា មេភូមិ​ប្ដឹង​ តំណាង​សហគមន៍ គឺ​ជា​រូបភាព​គំរាមកំហែង​ក្នុង​ន័យ​ឲ្យ​ពួកគេ​ឈប់​តវ៉ា​ទាមទារ​ដី​ទាំងនោះ​មកវិញ​។ លោក​ថា​ វិធានការ​របស់​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​បែបនេះ​ ជា​សញ្ញា​បង្ហាញ​ពី​ភាព​អយុត្តិធម៌​របស់​សហគមន៍​ ដែល​ខំ​ទាមទារ​ដីធ្លី និង​ការពារ​ធនធាន​ធម្មជាតិ​ទុកជា​សម្បត្តិ​រួម៖ «ការ​កោះ​ហៅ​នេះ រូបភាព​នៃ​ការ​គំរាមកំហែង ដើម្បី​ឲ្យ​សហគមន៍​ដែល​គាត់ ខិតខំ​តវ៉ា​ហ្នឹង​បាក់​ស្បាត​ផង​ដែរ។ ខ្ញុំ​សង្កេត​ឃើញ​ថា រឿង​នេះ​ផ្ដើម​ចេញ​ដីធ្លី មាន​ន័យ​ថា ពលរដ្ឋ​តតាំង​គ្នា ដើម្បី​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គាត់​បាន​ដាក់​លិខិត​ទៅ​ហើយ តែ​ចំណាត់​ការ​ហាក់​ដូច​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ»

សហគមន៍​ភូមិ​ពូត្រែង​បន្ថែម​ថា អ្នកភូមិ​រក​ឃើញ​ឯកសារ​មួយ​ចំនួន​ ដែល​មាន​ហត្ថលេខា​មេ​ភូមិ​ពូត្រែង​ លោក ប្លង់ សេង និង​មេឃុំ​ដាក់ដាំ លោក ចាស់ ណា ដែល​បញ្ជាក់​ពី​ទំហំ​ផ្ទៃ​ដី​ចំនួន ៥០៣ ហិកតារ​ ទៅ​ឲ្យ​ឈ្មោះ ចឆ ស្វង់ និង​ឈ្មោះ ឆ្វល ច្រិះ។ ក្រោយពី​អាជ្ញាធរ​មូលដ្ឋាន​លក់​ដី​ព្រៃ​សហគមន៍​ មាន​គ្រឿងចក្រ​មួយ​គ្រឿង​កាយ​ក្រ​វ៉ាត់​ព្រំ​ដី។ លើស​ពី​នេះ​ រូបភាព​នៃ​ការ​រំលោភ​ដី​ព្រៃ​ទាំង​នេះ អាជ្ញាធរ​មូលដ្ឋាន បាន​យក ៦៨នាក់ ជា​ខែល ដោយ​អះអាង​ថា ដី​ព្រៃ​ដែល​ពួក​គេ​រំលោភ​យក ជា​ប្រភេទ​ដី​ចម្ការ​របស់​អ្នក​ស្រុក​ ត្រួត​ស៊ីគ្នា​លើ​ដី ព្រៃ​សហគមន៍​ច្បារ​តាប់​ កេះ​កាប់​ចុង​លុង​(ឈ្មោះ​ជនជាតិ​ព្នង) មាន​ទំហំ ២ពាន់​ហិកតារ (២.០០០) ដែល​បាន​ស្នើសុំ​ចុះ​បញ្ជី​សមូហភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។