ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​ស្នើ​តំណាង​រាស្ត្រ​អាណត្តិ​ថ្មី​ដោះស្រាយ​បញ្ហា​ដីធ្លី

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​មាន​វ័យ​ចំណាស់​រស់នៅ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី សុទ្ធ​តែ​បាន​អះអាង​ថា ពួក​គាត់​បាន​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​នេះ​មិន​ដែល​អាក់​ខាន​សោះ​ឡើយ។ ប៉ុន្តែ ពួក​គាត់​មិន​ធ្លាប់​បាន​ស្គាល់​មុខ​តំណាង​រាស្ត្រ​ដែល​គាត់​ខំ​បោះឆ្នោត​ឲ្យ​ទេ ហើយ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​នោះ​ក៏​មិន​ធ្លាប់​បាន​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ពលរដ្ឋ​ជនជាតិ​ដើម​ទាំង​នោះ​ឡើយ។

0:00 / 0:00

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​សហគមន៍​ប៊ូស្រា ខេត្ត​មណ្ឌលគិរី អន្ទះសា​ចង់​ឃើញ​មុខ​បេក្ខជន​តំណាង​រាស្ត្រ​ពី​គ្រប់​គណបក្ស ដែល​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង ដើម្បី​ចង់​សួរ​ឲ្យ​បាន​ដឹង​ថា បើ​តំណាង​រាស្ត្រ​ទាំង​នោះ​ឈ្នះ​ឆ្នោត តើ​នឹង​ជួយ​ការពារ​ព្រៃ​ឈើ សត្វ​ព្រៃ និង​ធនធាន​ធម្មជាតិ​ឬ​ទេ?

អង្គុយ​ក្នុង​រោង​ជំនុំ​សហគមន៍ ពាក់​អាវ​យឺត​ពណ៌​ស​ដៃ​ខ្លី ស្លាក​សញ្ញា​ទេវតា​បាច​ផ្កា ទំនង​ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ផង​នោះ បុរស​ជនជាតិ​ដើម​ព្នង​វ័យ ៧០​ប្លាយ​ឆ្នាំ លោក យ៉ង ស្រេវ ឲ្យ​ដឹង​ថា លោក​ធ្លាប់​បោះឆ្នោត​ឲ្យ​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ​មិន​ដែល​ដូរ​ចិត្ត​ទេ។

លោក​បន្ត​ថា ពលរដ្ឋ​សហគមន៍​ប៊ូស្រា ធ្លាប់​ជួប​បញ្ហា​ជា​ច្រើន​ដង​ច្រើន​សារ ដូចជា ការ​ប្រទាញប្រទង់​រវាង​ក្រុមហ៊ុន​ដាំ​កៅស៊ូ​វៀតណាម ការ​ចាប់​ឃាត់​គ្រឿងចក្រ​របស់​ឈ្មួញ​ទិញ​ដី​ដែល​ឈូស​ឆាយ​ព្រៃ​តំណម​សហគមន៍ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​បែរ​ជា​ត្រូវ​ក្រុមហ៊ុន​ប្ដឹង​ឡើង​បំភ្លឺ​ទៅ​តុលាការ​ទៅ​វិញ ហើយ​មិន​មាន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ណា​ម្នាក់​ចេញ​មុខ​ជួយ​ប្រជាពលរដ្ឋ​សោះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ថា តំណាង​រាស្ត្រ​គេ​ធ្វើ​អី​ខ្លះ​ទេ តែ​តំណាង​រាស្ត្រ​ដែល​អ្នក​ភូមិ​ធ្លាប់​បោះឆ្នោត​ឲ្យ​មុនៗ មិន​បាន​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ឡើយ។

លោក​បន្ត​ថា មក​ដល់​ពេល​នេះ អ្នក​ភូមិ​ប៊ូស្រា មិន​ទាំង​បាន​ដឹង​ផង​ថា​នរណា​ជា​តំណាង​របស់​ពួក​គាត់ ដែល​អង្គុយ​កៅអី​ក្នុង​សភា​នោះ។

ទន្ទឹម​នឹង​នេះ បុរស​ជនជាតិ​ដើម​ព្នង ម្នាក់​ទៀត​ជា​អតីត​គ្រូពេទ្យ​ស្រុក​ពេជ្រាដា លោក ស្រឹម ម៉ាលី មាន​ប្រសាសន៍​ថា លោក​ក៏​មិន​បាន​ដឹង​ថា អ្នក​ណា​មួយ​ជា​អ្នក​តំណាង​រាស្ត្រ​អាណត្តិ​មុន​ដែរ គ្រាន់​តែ​ដឹង​ថា អាណត្តិ​មុនៗ​គណបក្ស​ប្រជាជន ជាប់​ឆ្នោត។ លោក​បន្ត​ថា ពលរដ្ឋ​ជនជាតិ​ដើម​ព្នង ទាំងអស់ នៅ​តែ​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ពី​អ្នក​មាន​លុយ​មាន​អំណាច តែ​ក៏​មិន​ដឹង​ថា​ទៅ​រក​អន្តរាគមន៍​ពី​តំណាង​រាស្ត្រ​មណ្ឌលគិរី ហ្នឹង នៅ​កន្លែង​ណា​ដែរ។ លោក​បញ្ជាក់​ថា លោក​ចង់​ឲ្យ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​អាណត្តិ​ថ្មី​នេះ ដោះស្រាយ​ការ​លំបាក​របស់​ពលរដ្ឋ​កុំ​ឲ្យ​ធ្វើ​ដូច​តំណាង​រាស្ត្រ​មុនៗ​ទៀត។

នៅ​ខេត្ត​មណ្ឌលគិរី កាល​ពី​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី១ បេក្ខជន​ដែល​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ គឺ​លោក បើយ គឺត ជា​ជនជាតិ​ដើម​ព្នង។ នៅ​អាណត្តិ​ទី២ ទី៣ និង​អាណត្តិ​ទី៤ ជនជាតិ​ដើម​ព្នង ម្នាក់​ទៀត គឺ​លោក រ័ត្ន សារ៉ែម ជា​អ្នក​តំណាង​រាស្ត្រ។ បន្ទាប់​ពី​លោក រ័ត្ន សារ៉ែម ទទួល​អនិច្ចកម្ម​នៅ​អាណត្តិ​ទី៤ នោះ អ្នកស្រី បេង រ៉ែង ក៏​ឡើង​ជំនួស​កៅអី​សភា​នេះ​វិញ។ នៅ​អាណត្តិ​ទី៥ នេះ ជនជាតិ​ដើម​ភាគ​តិច​ព្នង ម្នាក់​ទៀត ដែល​ធ្លាប់​កាន់​ការ​ជា​ចៅហ្វាយ​ខេត្ត​អស់​ជា​ច្រើន​ឆ្នាំ​នោះ គឺ​លោក ចាន់ យឿង នឹង​ឡើង​មក​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​កៅអី​សភា​ក្នុង​គណបក្ស​កាន់​អំណាច​នៅ​លេខ​រៀង​ទី១។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ចាន់ យឿង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ និង​ប្ដេជ្ញា​ចិត្ត​ក្នុង​នាម​ជា​បេក្ខជន​ប្រកួត​ប្រជែង​បាន​ទេ នៅ​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១៣។

ទោះ​យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​ចេញ​អនុក្រឹត្យ​មួយ​ដែល​និយាយ​ពី​សិទ្ធិ​សមូហភាព​របស់​ជនជាតិ​ដើម​ភាគ​តិច ធ្លាប់​អនុម័ត​ច្បាប់​ស្ដីពី​ព្រៃ​ឈើ ច្បាប់​ស្ដីពី​ការ​ការពារ​បរិស្ថាន​ជាដើម។

នៅ​ក្នុង​គោលការណ៍​គ្រឹះ​របស់​គណបក្ស​កាន់​អំណាច​ចំណុច​ទី៦ ចែង​ថា គណបក្ស​នេះ​នឹង​លើក​កម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​គ្រប់​ផ្នែក​នៅ​គ្រប់​ថ្នាក់​ជូន​ប្រជាជន និង​គ្រប់​មជ្ឈដ្ឋាន ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ទាំង​គុណភាព ប្រសិទ្ធភាព និង​វិសាលភាព ជា​សេវា​សាធារណៈ​ដែល​នៅ​កៀក​ជាមួយ​ប្រជាជន និង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត រាំង​ស្កាត់ និង​មាន​វិធាន​ការ​ម៉ឺងម៉ាត់​តាម​ច្បាប់ ចំពោះ​មន្ត្រី​ណា​ដែល​បាន​ប្រព្រឹត្ត​ប៉ះពាល់​ដល់​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ប្រជាជន បង្កើន​វប្បធម៌ និង​ផ្នត់​គំនិត​គោរព និង​ថែរក្សា​ទ្រព្យ​សម្បត្តិ​សាធារណៈ។

ទាក់ទង​នឹង​បញ្ហា​នេះ បេក្ខជន​តំណាង​រាស្ត្រ​ខេត្ត​មណ្ឌលគិរី ដែល​ជា​ជនជាតិ​ភាគ​តិច​គួយ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ឈឹម សាមុត មាន​ប្រសាសន៍​ថា បើ​សិន​ជា​គណបក្ស​ប្រឆាំង​ជាប់​ឆ្នោត​នៅ​ខេត្ត​មណ្ឌលគិរី លោក​នឹង​ខិតខំ​បម្រើ​ពលរដ្ឋ​នៅ​ខេត្ត​នេះ មិន​ឲ្យ​ដូច​តំណាង​រាស្ត្រ​អាណត្តិ​មុនៗ​ឡើយ។ លោក​បន្ត​ថា លោក​នឹង​ពិនិត្យ​មើល​ផល​លំបាក​របស់​រាស្ត្រ ជា​ពិសេស​ជនជាតិ​ដើម​ភាគ​តិច​ដែល​ជា​ជន​ងាយ​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន ហើយ​នឹង​ចូលរួម​ទាមទារ​ឲ្យ​ជនជាតិ​ដើម​ទាំង​នោះ​ទទួល​បាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។ លោក​បញ្ជាក់​ថា បញ្ហា​សំខាន់​របស់​ជនជាតិ​ដើម​ភាគ​តិច គឺ​ជួប​នឹង​វិបត្តិ​ដីធ្លី និង​ការ​ហិនហោច​នៃ​ធនធាន​ធម្មជាតិ។

នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នេះ មាន​សង្គម​ស៊ីវិល​ជា​ច្រើន​ដែល​បាន​រៀបចំ​កិច្ច​ពិភាក្សា​រវាង​តំណាង​រាស្ត្រ និង​ម្ចាស់​ឆ្នោត​នៅ​ខេត្ត​នានា ដែល​មាន​កៅអី​សភា​ច្រើន និង​នៅ​ភ្នំពេញ។ សិក្ខាសាលា ឬ​ជំនួប​ទាំង​នោះ ភាគ​ច្រើន​ធ្វើ​នៅ​សណ្ឋាគារ​ទំនើបៗ និង​ចំពោះ​មុខ​និស្សិត​សាកលវិទ្យាល័យ ឬ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាដើម។ ប៉ុន្តែ ពលរដ្ឋ​បញ្ជាក់​ថា តាំង​ពី​ឆ្នាំ​១៩៩៣ មក​មិន​ធ្លាប់​មាន​សង្គម​ស៊ីវិល​ណា​មួយ​រៀប​ចំ​កិច្ច​ពិភាក្សា​រវាង​តំណាង​រាស្ត្រ និង​ម្ចាស់​ឆ្នោត​នៅ​សហគមន៍​ប៊ូស្រា ដែល​មាន​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ជាង ១​ពាន់​គ្រួសារ​នោះ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ បញ្ជាក់​ថា ពួក​គាត់​ពិត​ជា​ត្រូវ​ការ​ដឹង​នូវ​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ កុំ​ឲ្យ​មាន​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ត​ទៅ​ទៀត ព្រោះ​ពួក​គាត់​ក៏​មាន​សិទ្ធិ​បោះឆ្នោត​បាន​មួយ​សន្លឹក​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។

នៅ​ខេត្ត​មណ្ឌលគិរី មាន​គណបក្ស​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ចំនួន​៦ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ ប៉ុន្តែ ពលរដ្ឋ​នៅ​សហគមន៍​ប៊ូស្រា ភាគ​ច្រើន​មិន​ដឹង​ថា មាន​គណបក្ស​ណា​ឈរ​ឈ្មោះ​ខ្លះ​នោះ​ទេ។ នៅ​អាណត្តិ​បន្ទាប់ តើ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​អាច​បន្ត​បណ្ដោយ​ឲ្យ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ មិន​បាន​ដឹង​ពី​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​ទៀត ឬ​យ៉ាង​ណា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។