ពលរដ្ឋខ្មែរក្រោមជាង ១០នាក់រងបួសធ្ងន់ និងស្រាលក្នុងករណីជម្លោះដីធ្លីមួយ នៅខេត្តក្រមួនសរ ដោយអាជ្ញាធរវៀតណាមបណ្ដេញចេញពីដីធ្លី។ ពេលផ្ទុះហិង្សានោះអាជ្ញាធរវៀតណាមប្រមាណ១០០នាក់បានប្រើដំបងឆក់កាំភ្លើង ផ្សែងពុលបាញ់លើពលរដ្ឋខ្មែរក្រោមប្រមាណ ៥០នាក់ ដែលកំពុងបង្កបង្កើនផលលើដីរបស់ពួកគេរាប់សិបឆ្នាំមកហើយ។ សមាគមខ្មែរក្រោមថា ពួកគេកំពុងតាមដានដំណើររឿងនេះនិងព្យាយាមរកយុត្តិធម៌ជូនពលរដ្ឋខ្មែរក្រោម។
ពលរដ្ឋខ្មែរក្រោម លោក សឺន ចាំង ឲ្យអាស៊ីសេរីដឹងថ្ងៃទី៧ ខែឧសភាថា ក្នុងចំណោមអ្នករបួសធ្ងន់មានពលរដ្ឋម្នាក់បាក់ដៃ បែកក្បាល បែកមុខ បែកមាត់ និងរលាកខ្លួនក្នុងពេលប៉ះទង្គិចនឹងសមត្ថកិច្ចវៀតណាម។ ក្នុងចំណោមពលរដ្ឋរងរបួសជាងជាង ១០នាក់ ក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះនិងស្ត្រីចាស់ជរាផងដែរ។
លោកបន្តថា ពេលនេះតំណាងពលរដ្ឋខ្មែរក្រោមដែលរងការបណ្ដេញចេញនាំគ្នាទៅតវ៉ានៅសាលាខេត្តក្រមួនសរ ប៉ុន្តែមន្ត្រីសាលាខេត្តនេះ មិនដោះស្រាយឲ្យទេ ដោយលើកហេតុផលថា ពួកលោកគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ។ លោកបន្តថា មន្ត្រីសាលាខេត្តជំរុញឲ្យពលរដ្ឋទៅរកដំណោះស្រាយពីអាជ្ញាធរមូលដ្ឋានវិញ៖ «បាក់ឆ្អឹងដៃមួយធ្ងន់ហើយបែកក្បាលបែកមុខបែកមាត់ហីត្រូវជាតិគីមីរលាក់រលាក់អីណឹងបង ឥឡូវខំមកដល់ខេត្តគេអត់ទទួលយើងគេយើងអត់មានភស្តុតាង»។
កាលពីថ្ងៃទី៥ ខែឧសភា អាជ្ញាធរវៀតណាម រួមមាន ប៉ូលិស ទាហានដែលប្រដាប់ដោយអាវុធនិងអាជ្ញាធរមូលដ្ឋានជាច្រើននាក់បានចុះទៅហាមឃាត់ និងរឹបអូសយកដីជាង ១០០ហិកតារ ដែលស្ថិតក្នុងភូមិប៉ប្រក់ ឃុំប៉ប្រក់ ស្រុកកៀងលឿង ខេត្តក្រមួនស ដែលវៀតណាមបានប្ដូរឈ្មោះមកជាកៀងយ៉ាងវិញ។ ប៉ុន្តែពលរដ្ឋខ្មែរក្រោម ជំទាស់រហូតផ្ទុះជាអំពើហិង្សា។
ពលរដ្ឋខ្មែរក្រោមឲ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះតាំងពីអំឡុងឆ្នាំ១៩៧៣ មកម៉្លេះ ហើយកាលពីឆ្នាំ២០១៨ អាជ្ញាធរវៀតណាមក៏ធ្លាប់មកបណ្ដេញពលរដ្ឋខ្មែរក្រោមចេញម្ដងដែរ ប៉ុន្តែមិនបានសម្រេចដោយអ្នកភូមិនាំគ្នាប្រឆាំងតវ៉ា។ ការស្រាវជ្រាវរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក ឲ្យដឹងថា ពលរដ្ឋខ្មែរក្រោម ដែលរស់នៅទឹកដីកម្ពុជាក្រោម ចំនួន ២១ខេត្ត មានជាង ៨លាននាក់។ ប៉ុន្តែ កាលពីឆ្នាំ២០១៥ ប្រទេសវៀតណាមបង្ហាញរបាយការណ៍ថា ពលរដ្ឋខ្មែរក្រោមមានត្រឹមមួយលាន ២សែននាក់។
អាស៊ីសេរីបានផ្ញើសារ អេលិកត្រូនិច ទៅស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញដែរ ដើម្បីសាកសួរករណីនេះ នៅថ្ងៃទី៧ ខែឧសភា ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
អគ្គលេខាធិការសមាគមខ្មែរក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន និយាយថា អាជ្ញាធរវៀតណាមមិនគួរប្រើអំពើហិង្សាមកដោះស្រាយបញ្ហាដីធ្លីបែបនេះទេ។ លោកស្នើឲ្យមានការដោះស្រាយបញ្ហានេះដោយសន្តិវិធី។ ទោះយ៉ាងណាលោកសង្កេតឃើញទៀតថា កន្លងមកពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំងព្រះត្រពាំងមាត់ជ្រូកមានការរំលោភដីធ្លី ពីក្រុមឈ្មួញនិងអាជ្ញាធរវៀតណាម ប៉ុន្តែពលរដ្ឋកម្រទទួលបានយុត្តិធម៌ណាស់ ប៉ុន្តែផ្ទុយទៅវិញពលរដ្ឋខ្មែរក្រោមបែរជាត្រូវរងការចោទប្រកាន់ឬត្រូវជាប់ពន្ធនាគារថែមទៀតផង៖ «សង្ឃឹមថារដ្ឋាភិបាលវៀតណាមដោះស្រាយឲ្យមានភាពស្មើគ្នាដោយយុត្តិធម៌ដើម្បីឲ្យពួកគាត់ទទួលអាស្រ័យផលនៅលើដីកសិកម្មប្រមាណ ១០០ហិកតារណឹង»។
លោក សឺន ជុំជួន ឲ្យដឹងថា សមាគមខ្មែរក្រោមនៅរង់ចាំមើលលទ្ធផលនៃការដោះស្រាយបន្តទៀត។ លោកថាបើការដោះស្រាយនេះមិនផ្ដល់យុត្តិធម៌ដល់ពលរដ្ឋខ្មែរក្រោមទេលោកនឹងស្វែងរកអន្តរាគមន៍ទៅ ស្ថានទូតប្រទេសនានាដែលពាក់ព័ន្ធនឹងប្រទេសវៀតណាម និងអង្គការសិទ្ធិមនុស្សអន្តរជាតិ ដើម្បីដាក់សម្ពាធវៀតណាមឲ្យដោះស្រាយជម្លោះដីធ្លីពលរដ្ឋខ្មែរក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។