ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១០០នាក់ប្រមូលស្នាមដៃប្ដឹងទៅអាជ្ញាធរក្រុងនេះ ឱ្យជួយទប់ស្កាត់ក្រុមហ៊ុនឯកជនមួយ ឱ្យឈប់លុបស្រុះសាធារណៈ ព្រោះបណ្ដាលឱ្យទឹកលិចផ្ទះរបស់ពលរដ្ឋជាច្រើនខ្នង។ប៉ុន្តែតំណាងក្រុមហ៊ុនអានកូអះអាងថា រឿងនេះពុំមានពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់ខ្លួនឡើយ។
ប្រជាពលរដ្ឋម្នាក់នៅរស់ភូមិកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត លោក តុត សុខ ថ្លែងនៅថ្ងៃទី៩ឧសភាថា អាជ្ញាធរមិនទាន់ចាត់វិធានការទៅលើក្រុមហ៊ុនក្រឡុកស៊ីម៉ង់មួយចាក់ដីលុបស្រះទឹកសាធារណនោះនៅឡើយទេ។ លោកបញ្ជាក់ថា ផ្ទះរបស់ពួកលោកប្រមាណ២០គ្រួសាររស់នៅក្នុងទឹក និងដីភក់ ដោយសារតែក្រុមហ៊ុននេះចាក់ដីលុបស្រះដីខ្ពស់ជាងផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យទឹកចូលផ្ទះ៖ «នៅពេលខាងមុខនេះគឺកាន់តែលិចខ្លាំងថានឹងអាចលិចផ្លូវរទេះភ្លើងទៀតក៏ថាបានដែរ។ខ្ញុំយល់ឃើញថាមិនល្អសម្រាប់ប្រជាពលរដ្ឋទេ ធ្វើអីចឹងប្រជាពលរដ្ឋមិនអាចទទួលយកបានទេ។មិនទទួលយកបានហ្នឹងដោយសារចាក់ដីខ្ពស់ជាងលំនៅឋានប្រជាពលរដ្ឋ ហើយវាស្នើហ្នឹងផ្លូវរថភ្លើង ហើយម្ខាងនោះទួលម្ខាងផ្លូវរថភ្លើងប្រជាពលរដ្ឋនៅក្នុងប្រឡាយអីចឹងដូចជាមិនអាចទទួលយកបានទេ » ។
លោកបញ្ជាក់ថា ពួកលោកប្រមូលស្នាមមេដៃពលរដ្ឋរស់នៅតំបន់នោះបានជាង ១០០នាក់ ហើយត្រៀមដាក់ទៅសាលាក្រុងប៉ោយប៉ែតនៅថ្ងៃអង្គារទី១២ ឧសភាខាងមុខ ដើម្បីឱ្យអាជ្ញាធរចាត់វិធានការលើក្រុមហ៊ុននេះ។
ឆ្លើយតបនឹងការចោទប្រកាន់នេះតំណាងក្រុមហ៊ុន អាន កូ ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះ និងសំឡេងថា ក្រុមហ៊ុនដែលចាក់ដីលិចផ្ទះអ្នកភូមិនោះ ជាក្រុមហ៊ុនក្រឡុកស៊ីម៉ង់ភី.ភី.ភី (P.P.P)របស់លោក គីម ឡេដារ៉ួ ដែលជាប្អូនថ្លៃរបស់លោកឧកញ៉ាកុក អាន ដោយពុំមែនជារបស់ក្រុមហ៊ុនអានកូននោះឡើយ។ លោកថា កាលពីមុនម្ចាស់ក្រុមហ៊ុនមួយនេះ ធ្វើការជាមួយក្រុមហ៊ុនអានកូ របស់លោក ឧកញ៉ា កុក អាន ក៏ប៉ុន្តែក្រោយមកបានលាឈប់ ហើយទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួនវិញ ទើបធ្វើឱ្យពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានយល់ច្រឡំថាជារបស់ក្រុមហ៊ុន អាន កូ។
ចំណែកលោក គីម ឡេដារ៉ូ ប្រាប់អាស៊ីសេរីថា ទីតាំងដែលមានបញ្ហានោះជាក្រុមហ៊ុនរបស់លោកប្រាកដមែន ក៏ប៉ុន្តែលោកសុំមិនឆ្លើយតបរឿងការចាក់ដីលិចផ្ទះរបស់អ្នកភូមិនោះទេ៖ «ចាំមើលខ្ញុំសួរកូនខ្ញុំវាចាក់ដីធ្វើអី តែខ្ញុំគិតថាគ្រាន់តែចាក់ដីឱ្យតែស្អាតប៉ុណ្ណឹងទេអត់ធ្វើអីផង។ខ្ញុំដូចអត់ទាន់ឃើញវាចាក់ដីណា កំពុងតែឱ្យគេទៅឆែកមើលតើ រឿងហ្នឹងខ្ញុំអត់ទាន់ច្បាស់ទេបង អីចឹងអត់ទាន់ហ៊ានឆ្លើយទេ » ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋ ឆេង ប៊ុនហាក់អះអាងថា នៅរសៀលថ្ងៃទី៩ឧសភា មានសន្តិសុខ៣នាក់ដែលមានពាក់កាតសំគាល់ខ្លួនធ្វើការឱ្យក្រុមហ៊ុន អានកូបានចូលទៅដល់ទីតាំងដីទំនាស់និងថតផ្ទះរបស់ពលរដ្ឋទៀតផង។
អាស៊ីសេរីមិនទាចទាក់ទងអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល និងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៩ឧសភា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែចៅសង្កាត់ផ្សារកណ្ដាល លោក ស្រ៊ឹល អិន ប្រាប់អាស៊ីសេរីថា លោកបានបញ្ជាឱ្យក្រុមហ៊ុនផ្អាកការចាក់ដីនោះហើយ៖ «ភ្លើងក៏ អាន កូ ទឹកក៏ អាន កូ ចាក់ដីក៏ អាន កូ ចាក់ដីត្រង់ណារឿងត្រង់ហ្នឹង ព្រោះក្រុមហ៊ុនហ្នឹងយ៉ាប់ណាស់។ ខ្ញុំបានកោះហៅម្ដងហើយក្រុមហ៊ុនអត់ចូលខ្លួនដោះស្រាយទេ » ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ដែលបានចុះទៅដល់កន្លែងកើតហេតុមានប្រសាសន៍ថា ការអភិវឌ្ឍន៍បែបនេះធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ គឺជារឿងមិនល្អឡើយ។ លោកថា អាជ្ញាធរគួរតែចាត់វិធានការជាតាមការស្នើសុំរបស់ពលរដ្ឋ ដោយរក្សាទុកស្រះឱ្យនៅសភាពដើមវិញ ដើម្បីពលរដ្ឋយកទឹកប្រើប្រាស់។ រហូតមកទល់ពេលនេះក្រុមហ៊ុនក្រឡុកស៊ីម៉ង់ បានផ្អាកចាក់ដីនិងដកគ្រឿងចក្រចេញពីស្រះសាធារណៈនោះអស់ហើយ បន្ទាប់ពីអ្នកភូមិបានប្រតិកម្មលើរឿងនេះ ក៏ប៉ុន្តែ ក្រុមហ៊ុនមិនកាយដីចេញពីស្រះតាមការទាមទាររបស់ពលរដ្ឋនៅឡើយទេ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។