ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ទាមទារ​ឱ្យ​អាជ្ញាធរ​ចុះបញ្ជី​ដី​សមូហភាព​ដែល​បាន​សន្យា​មុន​បោះឆ្នោត

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​ព្នង​ជិត ២​រយ​នាក់ រស់នៅ​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃទី៨ វិច្ឆិកា បាន​លើកគ្នា​តវ៉ា​ជា​ថ្មី​ទៀត នៅ​ទីស្នាក់ការ​សហគមន៍ ដើម្បី​ទាមទារ​ឱ្យ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​នេះ អនុវត្ត​តាម​ការសន្យា​មុន​ពេល​បោះឆ្នោត​ថា នឹង​ចុះ​បញ្ជី​ដី​សមូហភាព​ជូន​សហគមន៍។

ជនជាតិ​ដើម​ភាគតិច​ទាំងនោះ រស់នៅ​ភូមិ​មេ​មុំ ឃុំ​រយ៉ ស្រុក​កោះញែក បាន​ស្រែកយំ ស្តាយស្រណោះ​ដី​ព្រៃ​ស្រោង ដែល​ជា​កេរដំណែល​វប្បធម៌ និង​ជា​ប្រភព​សេដ្ឋកិច្ច​របស់​ពួកគាត់ កំពុង​ប្រឈម​ការ​បាត់បង់​ជា​បន្តបន្ទាប់។

ប្រជា​សហគមន៍​ទាំងនោះ ខឹង​សម្បា​ចំពោះ​ទង្វើ​របស់​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​មណ្ឌលគិរី លោក យុន សារោម ថា ភូតភរ​ពួកគាត់ ដែល​ទន្ទឹងរង់ចាំ អាជ្ញាធរ​ទទួលស្គាល់​ជនជាតិ​ដើម​ភាគតិច​ព្នង ជា​ស្វ័យ​អត្តសញ្ញាណ ដើម្បី​បំពេញ​លក្ខខណ្ឌ​បង្កើត​សហគមន៍។

តំណាង​សហគមន៍ លោកស្រី ឡាយ សៀន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៨ វិច្ឆិកា ថា អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក បាន​ឯកភាព​សំណើ​របស់​សហគមន៍​រួចហើយ ក្នុង​ការ​បំពេញ​លក្ខន្តិក​សហគមន៍ ក៏ប៉ុន្តែ​នៅ​ទើរ​ត្រឹម​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ជាង ៣ ឆ្នាំ​មក​ហើយ គ្មាន​ដំណោះស្រាយ​នៅឡើយ។

លោកស្រី​ព្រមាន​ថា អ្នកភូមិ​នឹង​លើកគ្នា​តវ៉ា​នៅ​សាលាខេត្ត​មណ្ឌលគិរី ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​សាមី ដក​ដំណែង​ប្រធាន​មន្ទីរ​រូប​នេះ ប្រសិន​អាជ្ញាធរ​មិន​ដោះស្រាយ​បញ្ហា​នេះ។

លោកស្រី ឡាយ សៀន៖ «អ៊ីចឹង​អត់​ធ្វើ​ការ​ឱ្យ​ពលរដ្ឋ​ដដែល ទុក​គាត់​ធ្វើ​អី​ប្តូរ​គាត់ ហើយ​ទុក​អ្នក​ដែល​បម្រើ​ពលរដ្ឋ​មកវិញ​។ អត់​ដែរ​ឃើញ​គាត់​ជួយ​ពលរដ្ឋ​ផង ការពារ​តែ​ក្រុម​សហគមន៍​របស់​យើង»។

ចាប់តាំងពី​ពាក់​កណ្តាល​ឆ្នាំ ២០២៣ មក​ទល់​ពេល​នេះ អ្នកភូមិ​មេ​មុំ ជិត ២​រយ​នាក់ បាន​លើកគ្នា​តវ៉ា​ច្រើនសា ដើម្បី​ការពារ​សហគមន៍​ដី​សមូហភាព​មេ​មុំ ដែល​ទទួលរង​ការ​កាប់​រាន ការ​ធ្វើ​ប្លង់​រឹង​មិន​ប្រក្រតី និង​ការ​កាប់​ឈើ​មានតម្លៃ​ជាដើម។

ប្រជា​សហគមន៍​បាន​ថត​វីដេអូ ផ្ញើ​សារ​ទៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដើម្បី​បង្ហាញ​ពី​ទុក្ខ​កង្វល់​រួម​របស់​ពួកគាត់។

លោកស្រី ឡាយ សៀន៖ «យាយ​គាត់​និយាយ​មិញ គាត់​ថា គាត់​សក់ស្កូវ​អស់ហើយ ហេតុ​អី​ក៏​កុហក​គាត់។ គាត់​និយាយ​ហើយ​គាត់​យំ​ទៀត ហេតុ​អី​ក៏​កុហក​គាត់។ សូម​សម្តេច យកចិត្តទុកដាក់ យើង​ទាំងអស់គ្នា​។ យើង​ខំតស៊ូ​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​។ យើង​ទុកចិត្ត​ឱ្យ​ក្រសួង សូម​ក្រសួង​ផ្តល់​ទំនុកចិត្ត​ឱ្យ​ពួក​យើង​ផង»។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​មណ្ឌលគិរី លោក យន់ សោ​រោម បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៨ វិច្ឆិកា ដោយ​ទូរ​សព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

ចំណែក​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន ក៏​មិនអាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក៏ប៉ុន្តែ​ប្រជា​សហគមន៍​បន្ថែម​ថា លោក យន់ សារោម តែងតែ​គេចវេះ ដោយ​លើក​ហេតុផល​មិន​សម​ទំនង ពេល​សហគមន៍​សួរនាំ និង​ដាក់​ឯកសារ​ច្បាប់​ជូន​មន្ត្រី​ជំនាញ។

បន្ថែម​ពី​នេះ​ទៀត ប្រធាន​មន្ទីរ​រូប​នេះ បាន​ចេញ​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់​រឹង ក្នុង​ព្រៃ​សហគមន៍​ជាង ១​ពាន់​ហិកតារ និង​ដី​ព្រៃ​ជាច្រើន​តំបន់​ទៀត ក៏ប៉ុន្តែ​បែរជា​តឹងតែង ជាមួយ​សហគមន៍​មិន​ឱ្យ​ចុះបញ្ជី​ដី​សមូហភាព​ទៅវិញ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ប៊ី វ៉ាន់នី ស្នើ​ឱ្យ​ក្រសួង​ដែនដី ពិនិត្យ​ពី​ប្រសិទ្ធភាព​ការងារ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រូប​នេះ​ឡើងវិញ ដែល​ខ្វះ​ភាព​ស្មោះត្រង់ បម្រើ​ពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ។

លោក ប៊ី វ៉ាន់នី៖ «មន្ត្រី​គួរ​មានការ​បម្រើ​ពលរដ្ឋ​ឱ្យ​បាន​ល្អ គោរព​សិទ្ធិ​ពលរដ្ឋ ដោះស្រាយ​ពលរដ្ឋ​ឱ្យ​ល្អ​ប្រសើរ មិន​ត្រូវ​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ និង​ការបម្រើ​ពលរដ្ឋ​តាម​របប​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នោះ​ទេ។ ត្រូវតែ​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះ​ត្រង់ ជាមួយ​ពលរដ្ឋ និង​រដ្ឋាភិបាល»។

កាលពី​ខែ​កក្កដា កន្លង​ទៅ អ្នកភូមិ​ជាង ២០០ នាក់ បាន​លើកគ្នា​តវ៉ា​ករណី​អាជ្ញាធរ បាន​ប្រកាស ផ្តល់​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់​រឹង ប៉ះចំ​ព្រៃ​សហគមន៍​ទំហំ​ជាង ១​ពាន់​ហិកតារ (១.០២២) ក្នុង​តំបន់​ព្រៃស្រោង និង​ពាក់កណ្តាល​ស្រោង ដែល​អ្នកភូមិ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី។

អ្នកភូមិ​ថា ដី​ព្រៃ​ស្រោង​ជាង ១​ពាន់​ហិកតារ ដែល​អាជ្ញាធរ​ចេញ​ប្លង់​រឹង ឱ្យ​ក្រុម​ឈ្មួញ គឺជា​កន្លែង ដី​កប់​សព ព្រៃ​អារក្ស ដី​ព្រៃ​បម្រុង​ទុក និង​ដី​អាស្រ័យ​ផល​របស់​ពួកគាត់ លើ​ផ្ទៃដី​សហគមន៍​សរុប ជាង ៧ ពាន់​ហិកតារ (៧.០០០)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។