ពលរដ្ឋ​ជាង ២រយ​នាក់​នៅ​ខេត្តកំពង់ស្ពឺ​តវ៉ា​រឿង​ម្ចាស់​គម្រោង​ដី​ឡូត៍​មិន​គោរព​កិច្ចសន្យា

ពលរដ្ឋ​ជាង ២០០នាក់ នៅ​ថ្ងៃ​ទី១៩ ធ្នូ ​លើក​គ្នា តវ៉ា​ទាមទារ​ឱ្យ​ម្ចាស់​គម្រោង​លក់​ដី​ឡូត៍​មួយ​កន្លែង ឋិត​ក្នុង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ អនុវត្ត​កិច្ច​សន្យា​ទិញ/លក់​អចលន​ទ្រព្យ​ ដែល​ពួកគាត់​ភាគច្រើន បាន​បង់លុយ​រួច​ហើយ តែ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​នៅ​ឡើយ​ទេ។

ពលរដ្ឋ​ដែល​លើក​គ្នា​តវ៉ា​ទាំង​នោះ រស់​នៅ​រាជធានី​ភ្នំពេញ កំពង់ស្ពឺ ខេត្តពោធិ៍សាត់​ និង​ខេត្ត​មួយ​ចំនួន​ទៀត​បាន​ធ្វើ​ដំណើរ​ដល់​ការិយាល័យ​ដី​ឡូត៍​មួយ​កន្លែង ឈ្មោះ បាត់​ដឹង​ចម្រើន​ទ្រព្យ ឋិត​ក្នុង​ភូមិ​ត្រពាំង​ប្រិយ៍ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ បំណង​ទាមទារ​ឱ្យ​ម្ចាស់​គម្រោង​នេះ​ទទួលខុសត្រូវ​តាម​កិច្ច​សន្យា​ទិញ​លក់​ដី។

ជនជាតិ​ដើម​ភាគ​តិចព័រ​រស់​នៅ​ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់ គឺ លោកស្រី សៀន សុខនី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា គ្រួសារ​លោកស្រី បាន​ទិញ​ដី​ឡូត៍ ២ប្លង់ ទំហំ​សរុប ក្បាល ១០ម៉ែត្រ ​បណ្ដោយ ២០ម៉ែត្រ មានតម្លៃ ជិត ១ម៉ឺន ៥ពាន់​ដុល្លារ (១៤.៧៩៨) កាល​ពី​ឆ្នាំ២០២០ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ ​ម្ចាស់​គម្រោង​បែរ​មិន​ទាន់​ផ្ទេរ​កម្មសិទ្ធិ និង​ប្រគល់​ដី​ឱ្យ​លោកស្រី​កាន់កាប់​នៅ​ឡើយ​ទេ។

លោកស្រី​ថា ម្ចាស់​គម្រោង លោក ហួ ហួត បាន​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក មិន​ទទួល​ខុសត្រូវ​រឿង​នេះ៖ « អត់​សប្បាយចិត្ត​ទេ​ពេល​យើង​ទិញ​ដី​ហើយ​ នៅ​ពេល​មាន​បញ្ហា​ធ្វើ​ឱ្យ​យើង​ខាត​ពេល​វេលា រក​ស៊ី​ធ្វើការ មក​ចំណាយ​ពេល​ដោះស្រាយ​បញ្ហា។ ដោះ​ម្ដង​ជា​ពីរ​ដង មិន​ដឹង​ទៅ​មុខ​ទៅ​ក្រោយ យើង​នៅ​មាន​អារម្មណ៍​មួយ អត់​សប្បាយ​ចិត្ត​ហ្មង​ និយាយ​ទៅ។

ពលរដ្ឋ​រាប់​រយ​គ្រួសារ ដែល​ទិញ​ដី​ឡូត៍​គម្រោង​មួយ​នេះ មាន​តម្លៃ​ចន្លោះ ជិត ១ម៉ឺន​ដុល្លារ រហូត ដល់​ជាង ១ម៉ឺន​ដុល្លារ (១០.០០០) ក្នុង​មួយ​ឡូត៍ ទៅតាម​ទំហំ​ដី និង​ទីតាំង ហើយ​មក​ទល់​ពេល​នេះ ពួកគាត់​កំពុង​ភិតភ័យ​ ព្រោះ​ម្ចាស់​គម្រោង​មិន​ទាន់​ស្ថាបនា ផ្លូវ បណ្ដាញ​អគ្គិសនី ទឹក និង​ប្រព័ន្ធ​លូ​រួចរាល់ ដូច​ការ​សន្យា​នៅ​ឡើយ​ទេ។

លោកស្រី សៀន សុខនី បន្ថែម​ថា គ្រួសារ​លោកស្រី​សន្សំ​ប្រាក់​ជា​ច្រើន​ឆ្នាំ ទម្រាំ​សម្រេច​ចិត្ត ទិញ​ដី​ឡូត៍​មួយ​កន្លែង​នេះ ដោយ​ត្រូវ​ចាយវាយ​ត្បិតត្បៀត និង​កាត់​បន្ថយ​ចំណាយ ក្នុង​គ្រួសារ។ លោកស្រី សៀន សុខនី៖ «យើង​ប្រឹង​សន្សំ​មក លុយ​មិនមែន​ងាយ​រក​ទេ ទម្រាំ​បាន ១០០ ២០០ រហូត​ដល់​ម៉ឺន​ដុល្លារ មាន​អារម្មណ៍​ថា ខ្លួនឯង​ខាតបង់។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច ទាក់ទង​សុំ​ការ​អធិប្បាយ​រឿង​នេះ ពី​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៩ ធ្នូ ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

រីឯ​ម្ចាស់​គម្រោង​ដី​ឡូត៍ លោក ហួ ហួត ក៏​មិន​ទាន់​អាច សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក៏ប៉ុន្តែ លោក ហួ ហួត បាន​ថ្លែង​ប្រាប់​ក្រុម​ពលរដ្ឋ ក្នុង​ពេល​តវ៉ា​ថា លោក​កំពុង​ព្យាយាម​ដោះ​ស្រាយ​រឿង​នេះ ហើយ​លោក​សំណូមពរ​ឱ្យ​ពលរដ្ឋ​អត់ធ្មត់​បន្តិច។ លោក​ថា ដើម្បី​ដោះ​ស្រាយ​រឿង​នេះ​ លោក​ត្រូវ​លោះ​ប្លង់​ពី​ធនាគារ​ជា​មុន​សិន រួច​នឹង​បំបែក​ក្បាល​ដី​តាម​ក្រោយ​ ដោយ​ត្រូវ​ប្រើ​ពេល​យូរ​បន្តិច។

ជុំវិញ​រឿង​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស នៃ​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត យល់​ថា ការ​ទាមទារ​របស់​ពលរដ្ឋ ពាក់ព័ន្ធ​នឹង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច តាម​កិច្ច​សន្យា ពលរដ្ឋ​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​បាន ដើម្បី​ឱ្យ​តុលាការ​ជំរុញ​ឱ្យ​ម្ចាស់​គម្រោង ទទួលខុសត្រូវ។

លោក វណ្ណ សុផាត៖ «មើល​តាម​ធាតុ​ផ្សំ មិនមែន​ជា​ការ​ឆបោក​ និង​រំលោភ​សេចក្ដី​ទុក​ចិត្ត​ទេ អា​ហ្នឹង​ជា​ការ​មិន​អនុវត្ត​កាតព្វកិច្ច តាម​កិច្ច​សន្យា​ តែ​ពលរដ្ឋ​អាច​ដាក់​ពាក្យ​បណ្ដឹង ទៅ​តុលាការ រដ្ឋប្បវេណី​បាន ដើម្បី​ឱ្យ​តុលាការ​ពិនិត្យ​មើល​នីតិវិធី​ ការ​អនុវត្ត​កាតព្វកិច្ច​កិច្ច​សន្យា។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា ករណី​ម្ចាស់​គម្រោង​លក់​ដី​ឡូត៍ និង​ផ្ទះ​ល្វែង ដែល​អតិថិជន បាន​បង់​ប្រាក់​រួចរាល់​ហើយ ក៏ប៉ុន្តែ​មិន​ទទួល​ទទួល​បាន​ដី និង​ផ្ទះ កំពុង​កើត​មាន​ច្រើន នៅ​រាជធានី​ភ្នំ និង ខេត្ត​មួយ​ចំនួន​ដូចជា​ខេត្ត​សៀមរាប។

កន្លង​ទៅ សមត្ថកិច្ច​ខេត្តកំពត​បាន​ចាប់ខ្លួន​ឧកញ៉ា ជា សារ៉ន ប្រធាន​ក្រុមហ៊ុន​ជា សារ៉ន និង​បក្ខពួក​មួយ​ចំនួន​ទៀត ករណី​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្ចី​លុយ​ពី​ធនាគារ ទិញ​ដី​របស់​ខ្លួន ដើម្បី​ទទួល​បាន​ការ​ប្រាក់ ឬ​ប្រាក់​ចំណេញ ក៏ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​មិន​បាន​ប្រគល់​ប្រាក់​ឱ្យ​ពលរដ្ឋ​ទៀង​ទាត់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។