ជនជាតិដើមភាគតិចព្នងជាង ៣រយគ្រួសាររស់នៅខេត្តមណ្ឌលគិរី បានលើកគ្នាតវ៉ា ៥ថ្ងៃជាប់គ្នា ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយ ករណីមន្ត្រីសុរិយោដី ធ្វើប្លង់រឹងស្ងាត់ៗរំលោភយកដីស្រែចម្ការ និងដីផ្ទះសម្បែងរបស់ពួកគាត់។
ជនជាតិដើមភាគតិចព្នងទាំងនោះ រស់នៅភូមិពូឡេះ និងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង កំពុងអន្ទះសាក្នុងចិត្ត បារម្ភខ្លាចក្រែងបាត់បង់ ដីផ្ទះសម្បែង ដីកេរឪពុកម្ដាយ ដីស្រែចម្ការ និងដីព្រៃអាស្រ័យផល បែបប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចតាំងពីបុរាណកាលមក។
ពលរដ្ឋទាំងនោះភ្ញាក់ផ្អើលពេលប្រទះឃើញ សេចក្តីប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ឬប្លង់រឹង រំលោភបំពាន ស្រែចម្ការ និងដីព្រៃអាស្រ័យផលទំហំជាង ២ ពាន់ហិកតារ ក្នុងនោះប៉ះចំដីព្រៃសហគមន៍ភូមិឡាំម៉េះ ក្នុងឃុំប៊ូស្រា ទំហំជាង ១០០ហិកតារបន្ថែមទៀត។
ប្រជាសហគមន៍រកឃើញថា ដីធ្លីដែលមន្ត្រីជំនាញធ្វើប្លង់រឹង ភាគច្រើន មានឈ្មោះ ធាង ទ្រី និងបក្ខពួក រស់នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត។
ជនជាតិដើមភាគតិចព្នង លោក វន្នី ប្លូច ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ កញ្ញាថា ដីចម្ការរបស់គ្រួសារលោក ទំហំ ៥ហិកតារ នៅចំណុចអូរពុល ក្នុងភូមិពូឡេះ បែរជាមានប្លង់កម្មសិទ្ធិដីធ្លី ឈ្មោះ លោក ធាង ទ្រី ទៅវិញ។ លោកថា ដីស្រែចម្ការ របស់ពលរដ្ឋស្ទើរតែមួយឃុំដាក់ដាំ សុទ្ធតែមានប្លង់រឹង ជាកម្មសិទ្ធិ របស់លោក ធាង ទ្រី និងបក្ខពួក។
លោក វន្នី ប្លូច៖ «ដីចម្ការកៅស៊ូខ្ញុំ ៣ហិកតារអស់រលីង ដីបងថ្លៃខ្ញុំ ដីចម្ការកៅស៊ូ ទុរេន ៣ ទៅ ៤ ហិកតារអស់រលីង។ កូនចៅ ធាង ទ្រី ហ្នឹងច្រើនណាស់មិនមែនតែខ្ញុំម្នាក់ទេ គ្រប់តែគ្នាហ្នឹង»។
ចាប់តាំងពីថ្ងៃទី២២ កញ្ញា មកទល់ពេលនេះ ជនជាតិដើមភាគតិចរាប់រយនាក់ បានលើកគ្នាតវ៉ា នៅសាលាឃុំដាក់ដាំ ដើម្បីស្នើឱ្យអាជ្ញាធរផ្តល់ដំណោះស្រាយ និងបំភ្លឺរឿងនេះឱ្យច្បាស់លាស់។ អ្នកភូមិថា មកទល់ពេលនេះ អាជ្ញាធរខេត្តនៅមិនទាន់ដោះស្រាយការទាមទាររបស់ពួកគាត់នៅឡើយទេ។

ជនជាតិដើមភាគតិចព្នងម្នាក់ទៀត លោក លីវ ទាន ថ្លែងថា គ្រួសារលោកមានដីចម្ការ ៣៥ហិកតារ មានដើមឈើធំៗ ដែលពួកលោកបានអាស្រ័យផលជាច្រើនឆ្នាំមកហើយ ក៏ត្រូវអ្នកមានអំណាចលួចធ្វើប្លង់រឹង រំលោភយកដោយស្ងាត់ៗដែរ។ លោកថា ដីស្រែចម្ការទាំងនោះ គឺជាអាយុជីវិត សាច់ញាតិបងប្អូនរបស់ពួកលោក ចំនួន ១៤គ្រួសារ ប្រសិនបើបាត់បង់ ពួកគាត់នឹងគ្មានដីដាំដុះទៀតទេ។
លោក លីវ ទាន៖ «មានតែអ៊ីចឹង បើបាត់បង់ដី អត់បាយ អត់ទឹក យើងមានការងារ ស៊ីប្រាក់ខែរដ្ឋណា មានតែការងារធ្វើស្រែចម្ការ ដាំដំឡូង ចេក និងស្វាយ មានតែប៉ុណ្ណឹង អត់មានអីទេបងអើយ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បាននៅឡើយទេ នៅថ្ងៃទី២៧ កញ្ញា។ ចំណែក លោក ធាង ទ្រី ដែលពលរដ្ឋចោទថា លួចធ្វើប្លង់កម្មសិទ្ធិ រំលោភយកដីពួកគាត់ វិទ្យុអាស៊ីសេរីក៏មិនទាន់អាចសុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
ពាក់ព័ន្ធរឿងនេះ មេឃុំដាក់ដាំ លោក ចាស់ ណា និយាយថា អាជ្ញាធរឃុំបានណែនាំឱ្យពលរដ្ឋត្រូវបំពេញបែបបទឱ្យបានត្រឹមត្រូវ ដើម្បីប្តឹងទាស់ ករណីនេះ ទៅកាន់មន្ត្រីភូមិបាល ប្រសិនបើមិនសុខចិត្តចំពោះការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ។ លោកបដិសេធមិនបំភ្លឺលម្អិតរឿងនេះ ដោយលោកបញ្ជាក់យ៉ាងខ្លីថា ហួសពីសមត្ថភាពអាជ្ញាធរឃុំ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក ប៊ី វ៉ាន់នី សង្កេតឃើញថា ពលរដ្ឋអាស្រ័យផល លើដីជាក់ស្តែង បែរជាគ្មានឈ្មោះទទួលបានប័ណ្ណកម្មសិទ្ធិ ក៏ប៉ុន្តែអ្នកមានអំណាចរស់នៅរាជធានីភ្នំពេញ បែរជាមានប្លង់រឹងទៅវិញ។ លោកចាត់ទុក ការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ មានភាពមិនប្រក្រតីច្រើនហើយប្រធានមន្ទីរសុរិយោដីខេត្ត ត្រូវទទួលខុសត្រូវរឿងនេះ។
លោក ប៊ី វ៉ាន់នី៖ «ប៉ះពាល់ដល់ដីរបស់ពួកគាត់ បានគាត់តវ៉ា អ៊ីចឹងពេលគាត់តវ៉ា ធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្ត លើមន្ត្រី និងមន្ត្រីពាក់ព័ន្ធ។ ស្នើឱ្យអភិបាលខេត្តចុះពិនិត្យ និងវាស់វែងសាថ្មី ដោយត្រូវបង្ហាញការពិតប្រាប់ពលរដ្ឋ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា រដ្ឋាភិបាលគួរតែអនុវត្តច្បាប់ចំពោះមន្ត្រីខិលខូចណា ដែលគប់គិតធ្វើប្លង់រឹង មិនប្រក្រតី ដើម្បីការពារសុវត្ថិភាពដីធ្លីជូនពលរដ្ឋ។
លោកបន្ថែមថា ការឃុបឃិតគ្នាធ្វើប្លង់រឹងជាន់ចំដីពលរដ្ឋ ដីព្រៃសហគមន៍ ព្រៃស្រោង និងព្រៃអភិរក្សរបស់រដ្ឋ នៅតែកើតមានច្រើនក្នុងខេត្តមណ្ឌលគិរី ដែលអាជ្ញាធរមិនទាន់មានវិធានការដោះស្រាយឱ្យច្បាស់លាស់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។