ទំនាស់ដីធ្លី រវាងជនជាតិ ដើមភាគតិចកួយ ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច របស់ចិន ដើម្បីដាំ អំពៅ នៅខេត្តព្រះវិហារ បានអូសបន្លាយតាំងតែពីអំឡុងឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ នៅតែមិន ទាន់មានដំណោះស្រាយសមរម្យទេ។
ក្រុមប្រជាពលរដ្ឋ ដែលខ្វះដីធ្លីធ្វើកសិកម្ម នៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនចិននោះ នៅ តែបន្តទាមទារ ឱ្យអាជ្ញាធរខេត្តព្រះវិហារ ប្រគល់ដីមកឱ្យពួកគេវិញ ដើម្បីបានជាទីវាលចិញ្ចឹម សត្វនិងធ្វើ ស្រែចំការចិញ្ចឹមជីវិត។
សហគមន៍ជនជាតិដើមភាគតិចកួយនិងប្រជាពលរដ្ឋចំនួនជាង៤៧០គ្រួសារ រស់នៅស្រុកជ័យសែន ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន ជាយូរមកហើយ នៅតែទទូចឱ្យអាជ្ញាធរខេត្តនេះ ចុះបញ្ជីដីធ្លីជារួម និងធ្វើប័ណ្ណកម្មសិទ្ធិឯកជន ដល់ពួកគេ ដើម្បីឱ្យពួកគេ មានសិទ្ធិចូលទៅយកដីខ្លះ ក្នុងតំបន់ទំនាស់ទាំងនោះ មកប្រើប្រាស់ឡើងវិញ។
ការទាមទារ របស់សហគមន៍ប្រជាពលរដ្ឋនិងជនជាតិដើមភាគតិចកួយនេះ ធ្វើឡើងនៅពេលដែលគេដឹងថា ក្រុមហ៊ុនចិន ដែលធ្លាប់តែពង្រីកផ្ទៃដីសម្បទានសេដ្ឋកិច្ច ដើម្បីដាំអំពៅទាំងនោះ បានផ្អាកសកម្មភាព រយៈពេល២-៣ឆ្នាំមកហើយ មិនដឹងពីមូលហេតុ រហូតដល់ដីខ្លះត្រូវពួកឈ្មួញយកទៅជួលឱ្យប្រជាពលរដ្ឋធ្វើស្រែចំការក៏មាន។
តំណាងសហគមន៍ប្រជាពលរដ្ឋ នៅស្រុកជ័យ សែន អ្នកស្រី ហួត ម៉ាលី មានប្រសាសន៍ថាប្រជាពលរដ្ឋចំនួនប្រមាណ៦០គ្រួសារ រស់នៅក្នុងឃុំ៣ គឺឃុំបុស្សពុទ្រា ឃុំស្អាង និងឃុំតស៊ូ បានរងការប៉ះពាល់ដីធ្លី ដែលជាសម្បត្តិសហគមន៍ទំហំប្រមាណ១០ហិកតារ ជាមួយក្រុមហ៊ុនចិនឈ្មោះ ហេងណុង (Heng Nung) តាំងតែពីឆ្នាំ២០១៣មក។ ការប៉ះពាល់ដីធ្លីរបស់សហគមន៍នេះ បានធ្វើឱ្យប្រជាពលរដ្ឋ បាត់បង់ដីវាលស្មៅសម្រាប់ចិញ្ចឹមសត្វគោ ក្របីទាំងស្រុង។
អ្នកស្រី ហួត ម៉ាលី មានប្រសាសន៍ទៀតថា ជាច្រើនឆ្នាំមកហើយ ប្រជាពលរដ្ឋនិងសហគមន៍តែងតែដាក់ពាក្យបណ្ដឹងទាមទារ ទៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ទៅអាជ្ញាធរខេត្តព្រះវិហារនិងអាជ្ញាធរស្រុកជ័យសែន ក៏ប៉ុន្តែនៅតែគ្មានដំណោះស្រាយសមរម្យទេ។
អ្នកស្រី ហួត ម៉ាលី៖ «ក្រុមហ៊ុនចិននោះ មានបញ្ហាដីរួម សម្រាប់អ្នកភូមិឃ្វាលគោ។ កាលចាប់ផ្ដើមឈូសដំបូង ខាងអាជ្ញាធរបានទុកដីឱ្យប្រហែល២០០ហិកតារ ដែលបូកសរុបទាំងដីប្លង់រឹង របស់ប្រជាពលរដ្ឋដែរ ប៉ុន្តែដល់ពេលដកដីរបស់ប្រជាពលរដ្ឋចេញអស់ ក៏បានទាំងដីស្រែនិងដីឃ្វាលគោអស់រលីង»។
បញ្ហាដូចគ្នានេះដែរ តំណាងសហគមន៍ឃុំ សង្កែ២ ស្រុកឆែប លោក ជុំ សុភឿត មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោកមានប្រជាពលរដ្ឋចំនួន៤៨គ្រួសារ បានរងការ ប៉ះ ពាល់ ដោយសារទំនាស់ដីធ្លីទំហំ១១០ហិកតារ ជាមួយក្រុមហ៊ុនចិនឈ្មោះ ហេង ហ្វូ (Heng Fu)តាំងពីឆ្នាំ២០១២មក។ បច្ចុប្បន្ននេះបើទោះបីជាក្រុមហ៊ុនចិន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល បានផ្អាកដំណើរហើយក៏ដោយ ក៏ប្រជាពលរដ្ឋនៅឃុំសង្កែ២ មិនអាចចូលទៅកាប់គាស់ដីដើម្បីធ្វើស្រែចំការ ឡើងវិញនៅទីនោះបានទេ។
លោក ជុំ សុភឿត មានប្រសាសន៍ថា ដោយសារតែប្រជាពលរដ្ឋខ្លះ នៅក្នុងឃុំរបស់លោក អត់មានដីធ្វើកសិកម្មសម្រាប់គ្រួសារ ហើយការរង់ចាំអាជ្ញាធរដោះស្រាយ មិនមានលទ្ធផល គឺក្រុមប្រជាពលរដ្ឋខ្លះ ក៏បង្ខំចិត្តចូលទៅធ្វើស្រែចំការ នៅលើដីទំនាស់នោះឡើងវិញ។
លោក សុភឿត មានប្រសាសន៍បន្ថែមថា នៅពេលដែលប្រជាពលរដ្ឋខ្លះ ចូលទៅធ្វើស្រែចំការ លើដីរបស់ខ្លួនដែលមានទំនាស់ឡើងវិញនោះ ស្រាប់តែមានឈ្មួញខ្លះ បានចេញមុខមករារាំង ឬក៏មកតម្រូវឱ្យអ្នកភូមិបង់លុយជាថ្លៃជួលដីទៅវិញ។
លោក ជុំ សុភឿត៖ «ក្រុមហ៊ុនស្ករអំពៅហេងហ្វ៊ូ គឹឈប់ធ្វើហើយ តែដីទីនោះ មានឈ្មួញគេមកកាន់កាប់ហើយគេយកមកជួលឱ្យប្រជាពលរដ្ឋធ្វើស្រែ ចំការតម្លៃពី៣០-៤០ម៉ឺនរៀលក្នុង១ហិកតារ។ ប្រជាកសិករបានព្យាយាមចូលទៅកាន់កាប់ដីនោះវិញ តែគាត់មិនទទួលបានប័ណ្ណកម្មសិទ្ធិពីអាជ្ញាធរទេ ហើយពេលខ្លះពួកក្រុមហ៊ុនបានទៅគំរាមអ្នកចូលទៅធ្វើស្រែចំការទីនោះទៀតផង»។
ជាមួយគ្នានេះដែរ តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ លោក សិទ្ធិ សាវន មានប្រសាសន៍ថា នៅក្នុងសហគមន៍របស់លោក ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៣ភូមិគឺភូមិប្រមេរ ភូមិស្រែព្រៀង និងភូមិបុស្សធំ ចំនួន៣៦៧គ្រួសារ បានប៉ះពាល់ដីសហគមន៍ និងដីកម្មសិទ្ធិប្រជាពលរដ្ឋទំហំជាង ៨០០០ហិកតារជាមួយក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង (Lan Feng)។
លោក សិទ្ធិ សាវន មានប្រសាសន៍ទៀតថា កន្លងមកសហគមន៍ធ្លាប់ទាមទារឱ្យអាជ្ញាធរចុះបញ្ជីដីធ្លីជាសមូហភាពសម្រាប់ពួកគេ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន មិនត្រឹមតែអាជ្ញាធរមិនបានដោះស្រាយប៉ុណ្ណោះទេ បែរជាមានអ្នកមានលុយនិងមានអំណាចខ្លះ មកធ្វើជាប័ណ្ណកម្មសិទ្ធិ ជាន់លើដីដែលសហគមន៍កំពុងទាមទារនោះថែមទៀតផង។
លោក សិទ្ធិ សាវន៖ «ព្រួយបារម្ភនិងការបាត់បង់ ដោយសារតែមិនទាន់មានការចុះបញ្ជីដីធ្លី។ប្រជាពលរដ្ឋខំលើកគ្នាទៅដល់សាលាស្រុក សាលាខេត្ត បានត្រឹមតែគេថាពួកយើងមិនមានប្លង់មិនមានអីជាសំអាង ដូច្នេះអាជ្ញាធរស្រុកខេត្ត គេបង្ខំឱ្យប្រគល់ដីទៅឱ្យអ្នកដែលមានប្លង់កម្មសិទ្ធិត្រឹមត្រូវទៅ»។
ក្រុមសហគមន៍ទំនាស់ដីធ្លី នៅក្នុងស្រុកទាំងបីរបស់ខេត្តព្រះវិហារ បានឱ្យដឹងប្រហាក់ប្រហែលគ្នាថា ចាប់តាំងតែពីមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់ចិន ជាច្រើនឆ្នាំមកនេះ ពួកគេធ្លាប់បានតវ៉ានិងប្ដឹងទាមទារ ឱ្យអាជ្ញាធររដ្ឋាភិបាលជួយដោះស្រាយជាច្រើនលើកច្រើនសា ក៏ប៉ុន្តែអាជ្ញាធរ បែរជាគំរាមកំហែង តាមរយៈពាក្យសំដី និងតាមរយៈតុលាការជំនួសឱ្យការដោះស្រាយទៅវិញ។
ចាប់តាំងពីអំឡុងឆ្នាំ២០១២មក មានក្រុមហ៊ុនចិនចំនួន៥ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាទំហំប្រមាណ៤ម៉ឺនហិកតារ នៅខេត្តព្រះវិហារ ដើម្បីដាំដើមអាកាស្យា និងដាំអំពៅ។
ក្រុមហ៊ុនចិនទាំងនោះ មានឈ្មោះដូចជា ឡាន ហ្វេង (Lan Feng) រួយ ហ្វេង (RuyFeng) ហេងហ្វូ (Heng Fu) និង ហេងណុង (Heng Nung) ជាដើម។
មន្ត្រីសម្របសម្រួលកម្មវិធីសហគមន៍ជាន់ខ្ពស់ របស់សមាគមការពារសិទ្ធិមនុស្ស ADHOC លោក ប៉ែន ប៊ុណ្ណា មានប្រសាសន៍ថា បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីខ្មែររួចរាល់ គឺលោកនឹងទៅធ្វើការងារផ្នែកសិទ្ធិមនុស្សប្រចាំនៅខេត្តព្រះវិហារ ហើយលោកនឹងចុះស្រាវជ្រាវករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋចំនួន៣ស្រុក ជាមួយក្រុមហ៊ុនចិននេះឡើងវិញ។
លោក ប៉ែន ប៊ុណ្ណា មានប្រសាសន៍ទៀតថា កន្លងមក រឿងទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនេះ គឺអាជ្ញាធរខ្លះ មិនមានឆន្ទៈស្រាយជូនប្រជាពលរដ្ឋទេ ដោយកន្លែងខ្លះ អាជ្ញាធរអាចនឹងធ្វើរបាយការណ៍កុហកភូតភរ ទៅប្រមុខរដ្ឋាភិបាល ដែលជាថ្នាក់លើរបស់ខ្លួន ហើយបែរជានាំគ្នា កាត់ដីពីក្រុមហ៊ុនធ្វើជាប័ណ្ណកម្មសិទ្ធិ សម្រាប់ផ្ទាល់ខ្លួន និងបក្សពួកជាដើម។
លោក ប៉ែន ប៊ុណ្ណា៖ «រដ្ឋាភិបាល មុនផ្ដល់ដីសម្បទានទៅឱ្យក្រុមហ៊ុន គឺតែសិក្សាឱ្យបានច្បាស់លាស់ និងត្រូវតែកាត់ចេញចំពោះដី របស់ប្រជាពលរដ្ឋដែលកំពុងតែអាស្រ័យផល។បើទោះបីជាដីដែលពលរដ្ឋកំពុងធ្វើនោះ មិនទាន់មានកម្មសិទ្ធិមែន ក៏ប៉ុន្តែដីនោះ គឺប្រជាពលរដ្ឋបានអាស្រ័យផលរួចហើយ ។ ផ្ទុយទៅវិញអាជ្ញាធរដែលដោះស្រាយបញ្ហាទំនាស់ដីធ្លី មិនដែលយកគោលការណ៍នេះមកប្រើទេ»។
ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនចិន ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចនៅខេត្តព្រះវិហារ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ដោយសារតែទំនាស់ដីធ្លីប៉ុណ្ណោះទេ ។ ក្រុមហ៊ុនចិនទាំងនោះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះធម្មជាតិ ដោយសារតែការឈូសឆាយដីព្រៃឈើ ព្រមទាំងពេលខ្លះ ក៏ធ្លាប់បង្ហូរសារធាតុពុលទៅតាមទឹកអូរ និងស្ទឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងមច្ឆាជាតិ ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។