ក្រុមជនជាតិដើមភាគតិចព្នង (ពូនង) រស់នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចោទមេឃុំចុងផ្លាស់ថា បង្ខំឱ្យពួកគេផ្តិតមេដៃលក់ដីព្រៃ ទំហំ ៣៨ហិកតារ ទៅឱ្យក្រុមហ៊ុនចិនធ្វើអាជីវកម្មរ៉ែមាស ដែលពួកគេមិនស្គាល់ឈ្មោះ ក៏ប៉ុន្តែពលរដ្ឋបានបដិសេធ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើនេះ ជាករណីខុសច្បាប់។
ក្រុមជនជាតិដើមភាគតិចរស់នៅភូមិពូទង់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ឱ្យដឹងនៅថ្ងៃទី៩ មករាថា មេឃុំចុងផ្លាស់ លោក លីម លឹមគុណ បានបញ្ជាមេភូមិ ឱ្យកោះអញ្ជើញពលរដ្ឋជាច្រើននាក់ ផ្តិតមេដៃគាំទ្រ ការលក់ដីព្រៃ ៣៨ហិកតារទៅឱ្យក្រុមហ៊ុនចិន ដើម្បីធ្វើអាជីវកម្មរ៉ែមាស កាលពីថ្ងៃទី៧ មករា។ អ្នកភូមិថា ពួកគេភាគច្រើនបានបដិសេធមិនហ៊ានផ្តិតមេដៃនោះទេ ព្រោះខ្លាចក្រែង ប៉ះពាល់អាយុជីវិតមនុស្ស និងសត្វ ដោយសារអាជីវកម្មរ៉ែមាស នៅតំបន់ពួកគេរស់នៅ។
ប្រធានសហគមន៍ភូមិពូទង់ លោក ដេត នី ប្រាប់អាស៊ីសេរីថា មហិច្ឆតារបស់មេឃុំចុងផ្លាស់ អាចនឹងយកស្នាមមេដៃរបស់អ្នកភូមិរាប់រយនាក់ជាខែល ដើម្បីលក់ដីព្រៃ ៣៨ហិកតារ ឋិតនៅចំណុចព្រៃមាស និងអូរក្លរ ទៅឱ្យក្រុមហ៊ុនចិន ធ្វើអាជីវកម្មរ៉ែមាស។ លោកថា កន្លងទៅអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុននៅតំបន់នោះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទឹកអូរធម្មជាតិ ដែលធ្វើឱ្យគោក្របី មាន់ទា របស់អ្នកភូមិងាប់អស់ជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យពួកគេភ័យខ្លាច៖ «គេប្រុងថា ឱ្យពលរដ្ឋមួយភូមិៗផ្ដិត តែខាងពលរដ្ឋគាត់ថា អត់ហ៊ានផ្តិតទេ អត់ហ៊ានសម្រេចថា ផ្តិតទេ។ ប្រជាពលរដ្ឋអត់ដឹងថា គេលក់ដីព្រៃទេ ហើយបើថា រ៉ែហ្នឹងគីមីហ្នឹង ប៉ះពាល់មនុស្ស ប៉ះពាល់ទាំងសត្វ ពលរដ្ឋអត់ហ៊ានផ្តិតមេដៃទេ»។
ពលរដ្ឋម្នាក់ទៀត លោក សាំង សារី ថ្លែងថា ដីព្រៃចំនួន ៣៨ហិកតារ ដែលអាជ្ញាធរចង់លក់ឱ្យក្រុមហ៊ុនចិន ជាតំបន់សម្បូរដោយរ៉ែមាស ហើយក្រុមហ៊ុនចិន ដែលអ្នកភូមិមិនស្គាល់ឈ្មោះ ចង់ធ្វើអាជីវកម្មរ៉ែមាសនៅទីនោះ។ លោកថា ថ្មីៗនេះ អាជ្ញាធរបានកាប់រំលំដើមច្បោះជ័ររបស់អ្នកភូមិអស់រាប់រយដើម ដើម្បីធ្វើផ្លូវតម្រង់ទៅក្រុមហ៊ុនរ៉ែមាស ដោយមិនបានផ្ដល់សំណងជូនពួកគាត់ត្រឹមត្រូវឡើយ។ លោកបន្ថែមថា អ្នកភូមិភាគច្រើន បង្ហាញអារម្មណ៍ខ្លាចរអា នឹងអាជីវកម្មរ៉ែមាស ព្រោះវានឹងធ្វើឱ្យពុល គោក្របី មាន់ទា របស់ពួកគេ ងាប់អស់រាប់រយក្បាលដោយ គ្មានការទទួលខុសត្រូវ៖ «វាប៉ះពាល់ពលរដ្ឋខ្លាំងណាស់ ប៉ះពាល់ពលរដ្ឋខ្លាំងមែនទែន។ ព្រួយបារម្ភខ្លាំងហ្មង មិនថា តែខ្ញុំទេពលរដ្ឋទូទៅ នៅកន្លែងភូមិចុងផ្លាស់ហ្នឹង ពិបាកចិត្តហើយ បារម្ភខ្លាំងមែនទែន ព្រោះវាប៉ះពាល់ ដល់គោក្របី មិនត្រឹមគោក្របីទេប៉ះពាល់ដល់មនុស្សទៀត។ ទាំងសត្វព្រៃអស់អាលីងអត់មានទេ»។
អាស៊ីសេរីបានព្យាយាមទាក់ទងមេឃុំចុងផ្លាស់ លោក លីម លឹមគុណ តែនៅពេលទូរស័ព្ទហៅចូល អ្នកទទួលទូរស័ព្ទប្រាប់ថា ច្រឡំលេខ៖ «ខ្ញុំអត់ដឹងដែរ ច្រឡំលេខហើយ»។
អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុខ សេរ៉ា មានប្រសាសន៍ថា រដ្ឋបាលខេត្តនៅមិនទាន់ទទួលព័ត៌មាននេះនៅឡើយទេ។ តែទោះយ៉ាងណាលោកថា រដ្ឋបាលខេត្ត នឹងស៊ើបអង្កេតរឿងនេះ ក្រោយពីបានទទួលដំណឹងនេះ។ លោកពន្យល់ថា មេឃុំ និងពលរដ្ឋគ្មានសិទ្ធិផ្តិតមេដៃ លក់ដីព្រៃសាធារណៈនោះទេ៖ «អត់បានទទួលទេ។ ចាំមើលរដ្ឋបាលខេត្តនឹងស្រាវជ្រាវរកមើល»។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ចាត់ទុកការបង្ខំឱ្យពលរដ្ឋផ្តិតមេដៃលក់ដីព្រៃពីសំណាក់ អាជ្ញាធរឃុំជាទង្វើខុសច្បាប់ ហើយពលរដ្ឋក៏គ្មានសិទ្ធិផ្តិតមេដៃលក់ដីព្រៃសាធារណៈរបស់រដ្ឋដែរ។ លោកបន្ថែមថា ដីព្រៃសាធារណៈរបស់រដ្ឋ មិនអាចមានបុគ្គលណាមួយ មានសិទ្ធិលក់ដូរ និងចាត់ចែងបានទេ លុះត្រាណាតែរដ្ឋាភិបាលធ្វើអនុប្បយោគដីទាំងនោះ ជាដីឯកជនរបស់រដ្ឋ និងដីសម្បទានសង្គមកិច្ចជាមុនសិន៖ «ប្រសិនជាមានការបង្ខំ ដ៏ដូចជាពុំមានការឯកភាពអ្វីមួយពីពលរដ្ឋទេ អាហ្នឹងជាអំពើខុសច្បាប់។ ដូចខ្ញុំបញ្ជាក់អ៊ីចឹង ទោះបីពលរដ្ឋមានការផ្តិតមេដៃ គឺពុំមានសិទ្ធិលក់ដូរដីព្រៃទេ មានតែដីឯកជនទេ ដែលអាចមានសិទ្ធិបាន»។
ក្រុមជនជាតិដើមភាគតិចព្នងបារម្ភថា នឹងរងទុក្ខវេទនា ជារៀងរាល់ឆ្នាំ ដោយសារតែផលប៉ះពាល់ ពីក្រុមហ៊ុនរ៉ែមាសទាំងនោះ។ ពួកគេមិនអាចទទួលទាន ទឹកអូរធម្មជាតិបាន ហើយសារធាតុពុលទាំងនោះ បានសម្លាប់គោក្របីងាប់អស់រាប់រយក្បាល និងបាត់បង់ត្រីសាច់ជាដើម។ អ្នកភូមិថា ជីវិតរស់នៅរបស់ពួកគាត់ក្នុងតំបន់នោះ ឋិតក្នុងសភាពភ័យខ្លាច និងមិនហ៊ានស្រែកតវ៉ា ប្រឆាំងក្រុមហ៊ុននោះទេ ដោយខ្លាចក្រែងអាជ្ញាធរធ្វើទុក្ខបុកម្នេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។