ពលរដ្ឋ​មណ្ឌលគិរី​ជាង ២០០​គ្រួសារ ស្នើ​អាជ្ញាធរ​ដក​ហូត​ដី​ព្រៃ​ដែល​អ្នក​មានអំណាច​រំលោភ​យក

ជនជាតិដើម​ភាគតិច​ព្នង​ជាង​២​រយគ្រួសារ រស់នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី កំពុង​កើតទុក្ខ​មិន​ខុស​ចិត្ត ករណី​អ្នក​មាន​ឥទ្ធិពល បាន​យក​ពលរដ្ឋ​ជា​ខែល ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ជំនាញ​ធ្វើ​ប្លង់​រឹង​ដោយ​ស្ងាត់ៗ ប៉ះចំ​ដី​ព្រៃ​សហគមន៍​ទំហំ ១២​ហិកតារ ដែល​អ្នកភូមិ​អាស្រ័យ​ផល​ចិញ្ចឹមជីវិត។ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​បដិសេធ​ចំពោះ​ការ​លើកឡើង​បែប​នេះ​របស់​ក្រុម​ពលរដ្ឋ។

ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង​២​រយ​គ្រួសារ រស់នៅ​ភូមិ​អញ្ជ័រ ឃុំ​សុខសាន្ត ស្រុក​កោះញែក ប្រកាស​ជំហរ​ថា ពួកគេ​នឹង​ប្តូរ​ជីវិត​ការពារ​ដី​ព្រៃ​សហគមន៍​ភូមិ​អញ្ជ័រ​ឱ្យ​គង់វង្ស ដើម្បី​រក្សា​បាន​នូវ​ទីកន្លែង​អាស្រ័យ​ផល​បែប​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​។ ពលរដ្ឋ​អះអាង​ថា មាន​ឧកញ៉ា​ម្នាក់ ដែល​ពួកគេ​មិន​ស្គាល់​ឈ្មោះ បាន​យក​ពលរដ្ឋ​មូលដ្ឋាន​ជា​ខែល ធ្វើ​ប្លង់​រឹង ឬ​ប្លង់​កម្មសិទ្ធិ​ដីធ្លី រំលោភ​ដី​ព្រៃ​សហគមន៍​ទំហំ ១២​ហិកតារ។

​តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​អញ្ជ័រ លោក រោជ ចក់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២ ធ្នូ​ថា ព្រៃ​សហគមន៍​នេះ ជា​អាយុជីវិត​អ្នកភូមិ ដែល​ពួកគេ​អាស្រ័យ​ផល​តាំង​ពី​ដើម​មក និង​បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី ប្រើប្រាស់​សមូហភាព​នៅ​ឆ្នាំ ២០២០​នេះ ក៏ប៉ុន្តែ​លោក​ថា ព្រៃ​អភិរក្ស​មួយ​នេះ កំពុង​ប្រឈម​ការ​រំលោភបំពាន ដោយ​អ្នក​មានអំណាច​។ លោក​ថា អ្នកភូមិ​នឹង​មិន​នៅ​ស្ងៀម​ឡើយ ដរាបណា​អាជ្ញាធរ​មិន​ស៊ើបអង្កេត ពី​ភាព​មិន​ប្រក្រតី ពាក់ព័ន្ធ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់​រឹង មិន​ត្រឹមត្រូវ ក្នុង​ដី​ព្រៃ​សហគមន៍៖ «មេឃុំ​គាត់​ថា ៨​ប្លង់ ប៉ុន្តែ​តាមមើលទៅ ១២​ហិកតារ​ដី​ហ្នឹង​។ ពលរដ្ឋ​ទាមទារ​ឱ្យ​ដោះស្រាយ​ប្រគល់​ដី​ហ្នឹង ឱ្យ​ពលរដ្ឋ​វិញ ពលរដ្ឋ​ហ្នឹង​គឺ​អាស្រ័យ​ផល លើ​ដី​ហ្នឹង​តែម្ដង»។

កាលពី​ថ្ងៃ​ទី២៨ វិច្ឆិកា ជនជាតិ​ដើម​ភាគតិច​ប្រមាណ ១​រយ​នាក់ (១០០) បាន​លើកគ្នា​ទៅ​ឃាត់​គ្រឿងចក្រ​ពីរ​គ្រឿង​ដែល កំពុង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​អស់ ២​ហិកតារ ក្នុង​ចំណោម​ដី​១២ ហិកតារ​។ អ្នកភូមិ​ឱ្យ​ដឹង​ថា ក្នុង​ពេល​ហាមឃាត់​នោះ ភាគី​ម្ខាង​ទៀត​បាន​អះអាង​ថា ពួកគេ​មាន​ប្លង់​កម្មសិទ្ធិ ៨​ប្លង់ ដោយ​ប្លង់​ខ្លះ​ចុះហត្ថលេខា​ដោយ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ និង​មាន​ប្លង់​ខ្លះ​ទៀត ចុះហត្ថលេខា​ដោយ​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​លោក ឈឹម កាន។

ការ​លើកឡើង​នេះ ក្រោយពី​ឧកញ៉ា​ម្នាក់ ដែល​ពួកគេ​មិន​ស្គាល់​ឈ្មោះ បាន​យក​ពលរដ្ឋ​មូលដ្ឋាន​ជា​ខែល ធ្វើ​ប្លង់​រឹង ឬ​ប្លង់​កម្មសិទ្ធិ​ដីធ្លី រំលោភ​ដី​ព្រៃ​សហគមន៍​ទំហំ ១២​ហិកតារ។

ឆ្លើយតប​រឿង​នេះ មេឃុំ​សុខសាន្ដ​លោក ឆាន ជិន ប្រាប់​អាស៊ីសេរី​ថា ភាគី​ដែល​ឈូស​ឆាយដី​នោះ មាន​ឈ្មោះ ចក់ និង ធួន ជា​ពលរដ្ឋ​នៅ​មូលដ្ឋាន ដោយ​ពួកគេ​បាន​ចូល​ទៅ​កាន់កាប់​លើ​ដី​មាន​ជម្លោះ​នោះ ជាច្រើន​ឆ្នាំ​មក​ហើយ​។ លោក​ថា ដី​នៅ​តំបន់​នោះ ពុំ​មែន​ជា​ដី​ព្រៃ​នោះ​ទេ តែ​គឺជា​ដី​កម្មសិទ្ធិ​របស់​ពលរដ្ឋ ដែល​ទៅ​អាស្រ័យ​ផល​៖ «ដី​ហ្នឹង​មិនមែន​ជា​ដី​អភិរក្ស​ទេ ជា​ដី​របស់​គាត់​ធ្វើ​យូរ​ឆ្នាំ​ហើយ តាំងពី​ជំនាន់​ខ្មែរក្រហម​ជម្លៀស​មក​គាត់​នៅ គាត់​ធ្វើ​នៅ​អូររំជ័រ​ហ្នឹង គាត់​ធ្វើ​នៅ​ឆ្នាំ ២០០១ ដល់​២០០៥ បាន​ល្បី​ចោរ​អាករ គាត់​ឡើង​ទៅ​ភូមិ​អស់​ទៅ រហូតដល់​ហ្នឹង​ទៅ​លែង​បាន​ទៅ​ធ្វើ​វិញ​អ៊ីចឹង»។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី បុរស​ឈ្មោះ ចក់ និង​ឈ្មោះ ធួន បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ។

រីឯ​អភិបាលស្រុក​កោះ​ញែក លោក ឌឹម នី មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះទៅ​ស៊ើបអង្កេត​រួចហើយ ដោយ​រក​ឃើញ​ថា ដី​ដែល​ឈូស​ឆាយ និង​មាន​ប្លង់​រឹង​នោះ មិន​ឋិត​ក្នុង​បរិវេណ​ដី​ព្រៃ​សហគមន៍ ដែល​ជនជាតិ​ដើម​ភាគតិច​អាស្រ័យ​ផល​នោះ​ទេ​។ លោក​បញ្ជាក់​ថា អ្នកកាន់កាប់​ដី​នៅ​តំបន់​នោះ ជា​ពលរដ្ឋ​ក្នុង​ភូមិ ពុំ​ជាប់​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ណា​ម្នាក់​ទេ។ លោក​បដិសេធ​មិន​បញ្ជាក់​លម្អិត​ថា តើ​ដី​ដែល​មាន​ជម្លោះ​នោះ មាន​អ្នកគ្រប់គ្រង​ប៉ុន្មាន​ម្ចាស់​នោះ​ទេ​?៖ «ឱ្យ​ស្រាវជ្រាវ​ឯកសារ​ដែល​កាន់​ប្លង់​កម្មសិទ្ធិ​ហ្នឹង ប្លង់​ហ្នឹង​យើង​ស្រាវជ្រាវ អ្នក​នៅ​ភូមិ​ហ្នឹង​ទាំងអស់​ដែល​កាន់កាប់ ហើយ​ដល់​អ៊ីចឹង​ទៅ យើង​ទៅ​សិក្សា​មើល ដី​របស់​គាត់​ពិតប្រាកដ ពុំ​មែន​ជា​ដី​ព្រៃ​ទេ»។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ផ្ដល់​មតិ​ថា ពលរដ្ឋ​មាន​សិទ្ធិ​ទាមទារ​ដី​ព្រៃ​របស់​រដ្ឋ ដែល​ពួកគាត់​អាស្រ័យ​ផល​បែប​ប្រពៃណី ហើយ​អាជ្ញាធរ​រដ្ឋ​ត្រូវតែ​ដោះស្រាយ​រឿង​នេះ​ឱ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌​។ លោក​ថា ការ​ធ្វើ​ប្លង់​រឹង​ប៉ះចំ​ដី​សហគមន៍ អាជ្ញាធរ​គួរតែ​ស៊ើបអង្កេត​ករណី​នេះ​ឱ្យ​ច្បាស់លាស់​៖ «ប្រសិនបើ​ករណី​ធ្វើ​ប្លង់​នេះ ប៉ះចំ​ដី​ព្រៃ និង​ព្រៃ​សហគមន៍​គួរតែ​ធ្វើការ​ដកហូត ឬក៏​ចាត់វិធានការ​ណាមួយ ដើម្បី​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ យល់​ឃើញ​ថា ការ​ធ្វើ​ប្លង់ ឬ​ដំណើរការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ហ្នឹង​វា​ស្រប​ទៅ​ហ្នឹង អ្វី​ដែល​គោល​នយោបាយ​របស់​រដ្ឋ ដែល​បាន​ចែង»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា អាជ្ញាធរ​ត្រូវតែ​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី​ខិលខូច​ណា ដែល​ឃុបឃិត​ធ្វើ​ប្លង់​រឹង មិន​ប្រក្រតី ប៉ះចំ​ដី​សហគមន៍​បំពាន​ច្បាប់​។ លោក​សង្កេត​ឃើញ​ថា ការ​ធ្វើ​ប្លង់​រឹង ឬ​ប្លង់​កម្មសិទ្ធិ​ជាន់​ចំ​ដី​ព្រៃ​សហគមន៍ ព្រៃស្រោង និង​ព្រៃ​អភិរក្ស​របស់​រដ្ឋ នៅតែ​កើតមាន​ច្រើន​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​អាជ្ញាធរ​ពាក់ព័ន្ធ និង​តុលាការ នៅ​មិនទាន់​ដោះស្រាយ​ឱ្យ​សមស្រប ដើម្បី​ការពារ​ទ្រព្យ​របស់​រដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។