គណបក្សកម្លាំងជាតិស្នើរដ្ឋាភិបាលទូទាត់សំណងដល់ពលរដ្ឋនៅតំបន់ព្រលានយន្តហោះថ្មី

0:00 / 0:00

គណបក្ស​កម្លាំង​ជាតិ ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុនអូ.ស៊ី.អាយ.ស៊ី(OCIC) របស់​លោក ពុង ឃាវសែទូទាត់​ប្រាក់​សំណង​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្តហោះ​ថ្មី ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ឱ្យ​បាន​ឆាប់។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​អាស្រ័យ​ផល​លើ​ដីស្រែ ពួកគាត់​ប្រឈម​នឹង​ជីវភាព​កាន់​តែ​លំបាក ខណៈ​ពលរដ្ឋ​ភាគច្រើន​នៅ​តែ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី ដោយ​មិន​អាច​ទទួល​បាន​សំណង​សមរម្យ។

គណបក្ស​កម្លាំង​ជាតិ​ចាត់​ទុក​ការ​ពន្យារ​ពេល​មិន​ផ្ដល់​ប្រាក់​សំណង​ដីធ្លី​ឱ្យ​បាន​សមរម្យ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុអាស៊ីសេរី​ថា បើ​ទោះបីជា​ការ​សាងសង់​ព្រលាន​យន្តហោះ​ថ្មី នឹង​អាច​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ​ក្ដី តែ​រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​សំណង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​សមរម្យ និង​ឆាប់​រហ័ស។ លោក​បន្ត​ថា ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវភាព​ប្រជាពលរដ្ឋ រដ្ឋាភិបាល ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​ទូទាត់​ប្រាក់​សំណង​ដល់​ប្រជាពលរដ្ឋមុន​នឹង​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍។

លោក រ៉ុង ឈុន៖«សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​នាយករដ្ឋមន្ត្រី​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ត្រូវ​ផ្ដល់​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់ ជៀសវាង​ទុក​អូស​បន្លាយ​ពេលវេលា ធ្វើ​ឱ្យ​ពួកគាត់​ខាត​បង់ ហើយ​ដីធ្លី​គាត់​មិន​បាន​អាស្រ័យ​ផល។អ៊ីចឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ជីវភាព​របស់​គាត់»។

លោក រ៉ុង​ ឈុន លើក​ឡើង​ដូច្នេះ​នៅ​ពេល​គណៈ​ប្រតិភូ​គណបក្ស​កម្លាំង​ជាតិ​ជិត១០នាក់ ចុះ​ទៅ​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ពី​ការ​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី ប្រមាណ១០០នាក់ មក​ពី​ឃុំ​ចំនួន៣ រួម​មាន​ឃុំអំពៅព្រៃ ឃុំព្រែកស្លែង និងឃុំបឹងខ្យាង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្ត​កណ្ដាល នៅថ្ងៃទី២៣ ខែមិថុនា។

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់ អូ.ស៊ី.អាយ.ស៊ី(OCIC) របស់ លោក ពុង ឃាវសែ ​ជា​អ្នក​ជំនួញ​ស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សិទ្ធិ​សាង​សង់​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នេះ។ ទោះជាយ៉ាងណា គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស​នេះ បាន​បង្កប់​នូវ​ទឹកភ្នែក​របស់​កសិករ​ជា​ច្រើន​គ្រួសារ ដោយសារ​ការ​កាត់​ដី តាមអនុក្រឹត្យថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ២០២០ របស់​រដ្ឋាភិបាល ទំហំ​ប្រមាណ​បី​ពាន់​ហិកតារ​នោះ (២.៦០០)នោះ ជាន់​លើ​ដី​ស្រែ​របស់​ពលរដ្ឋ។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី ២៣ មិថុនា។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី លោក កែម ព្រឿង ដែលមានអាយុជិត៨០ឆ្នាំ (៧៧) រស់​នៅ​ភូមិ​តាថុក ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ប្រាប់​វិទ្យុអាស៊ីសេរី​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ដាក់​ញត្តិ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ ជួយ​រក​ដំណោះស្រាយ ព្រោះ​កន្លង​មក​ប្រជាពលរដ្ឋ​បាន​ស្វែង​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ តែ​មិន​ទទួល​បាន​អន្តរាគមន៍​នោះ​ឡើយ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​មិន​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នោះ​ទេ ហើយ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ គឺ​ដើម្បី​ទទួល​បាន​ប្រាក់​សំណង​សមរម្យ ដើម្បី​ដោះស្រាយ​បំណុល និង​ទិញ​ដី​ស្រែ​បង្កបង្កើន​ផល​ឡើង​វិញ​តែ​ប៉ុណ្ណោះ។

លោកកែមព្រឿង៖ «ដូចថា​យើង​ឡើង​ទៅ​តវ៉ា​អ៊ីចឹង​មាន​អាជ្ញាធរ ដូច​ថា​ប៉ូលិស​អី​ណ្ណឹង​តាម​ដាន​យើង ឃាត់ឃាំង​មក​នេះ​អី​អ៊ីចឹង អត់​ដែល​ជួយ​ប្រជាជន​ទេ មាន​តែ​ជួយ​ខាង​ក្រុមហ៊ុន​ឯណោះ​ទេ វាយ​ដំ​អី​អ៊ីចឹង ឈូស​ឆាយ​ខ្ទេចខ្ទី​ស្រូវ​គ្នា​អ៊ីចឹង យើង​ទៅ​តវ៉ា​គេ​ប្រើ​កម្លាំង​បាយ​មក ដេញ​វាយ​ដេញ​ចាប់​យក​ដាក់​គុក​ដាក់​ច្រវាក់​អី​អ៊ីចឹង​ទៅ»។

ប្រជាពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​យក​ប្រាក់​សំណង​អះអាង​ថា ពួកគាត់​មិន​អាច​ទទួល​យក​ប្រាក់​សំណង​ដែល​ផ្ដល់​តម្លៃ​ដី ១ម៉ែត្រ​ការ៉េ ត្រឹម​តែ​៨ដុល្លារ​នោះ​ឡើយ ខណៈ​តម្លៃ​ដី​នៅ​លើ​ទីផ្សារ​មុន​ក្រុមហ៊ុន​ចូល​អភិវឌ្ឍ​មាន​តម្លៃ​ប្រមាណ​៨០ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ តំណាង​ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​តែ​អន្តរាគមន៍ ផ្ដល់​ប្រាក់​សំណង​ដល់​ប្រជាពលរដ្ឋ​យ៉ាង​តិច​បំផុត​ត្រឹម​តម្លៃ​៥០ភាគរយ នៃ​តម្លៃ​ទី​ផ្សារ ឬស្មើ នឹង ៤០ដុល្លារអាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ទើប​ក្រុម​ប្រជាពលរដ្ឋ​ទទួល​យក​ប្រាក់​សំណង និង​បញ្ឈប់​ការ​តវ៉ា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។