ពល​រដ្ឋ​ខេត្ត​កោះកុង​​ជិត​​១​ពាន់​គ្រួសារ​​ស្នើ​សុំ​​អាជ្ញាធរ​​ពន្លឿន​​ដំណោះស្រាយ​​​ក្នុ​ង​​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា លី យ៉ុងផាត់

0:00 / 0:00

​ក្រុម​ប្រជា​ពលរដ្ឋ​ជាង​ ៨០០​គ្រួសារ ​ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំ​រ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់ ស្នើ​សុំ​អភិបាល​ស្រុក​បុទុមសាគរ​ថ្មី ជួយ​ពន្លឿន​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពួកគាត់។ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​ដោះស្រាយ​រឿង​នេះដោយ​អះអាង​ថា ខាង​ថ្នាក់​ខេត្ត​និង​ក្រសួង​ដែនដី ​បាន​ដោះស្រាយបញ្ហា​នេះ​រួច​រាល់​អស់​ហើយ។

ក្រុម​តំណាង​ប្រជា​ពលរដ្ឋ​លើក​ឡើង​ថា​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​អាជ្ញាធរ​​ស្រុក​និង​ខេត្ត ​លើក​ពេល​មិន​ព្រម​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ជូន​ពលរដ្ឋ​ឡើយ​។

តំណាង​ពលរដ្ឋលោក ឈឹម សាផាន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១២ ខែតុលា​ថា​ ការ​អូស​បន្លាយ​ពេល​វេលា​មិន​ព្រម​ដោះស្រាយ​បញ្ហា​នេះ​ពី​សំណាក់​អាជ្ញាធរ គឺ​បង្ក​ឲ្យ​មាន​ផល​វិបាក​ជា​ច្រើន​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ។ លោក​បន្ត​ថា ពលរដ្ឋ​ភាគ​ច្រើន​ គឺ​ជំពាក់​បំណុល​ធនាគារ គ្មាន​លទ្ធ​ភាព​សង​វិញ​​ ដោយ​សារ​ពួក​គាត់​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ដូច​មុន។ ពលរដ្ឋ​ខ្លះ​ទៀត​ត្រូវ​ធ្វើ​ចំណាកស្រុក​ទៅ​រក​ប្រាក់​នៅ​ប្រទេស​ថៃ ហើយ​ក្មេង​ៗ​ភាគ​ច្រើន​ ត្រូវ​បាត់​បង់​ការសិក្សា ដោយ​សារ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ រំលោភ​យក​ដី​ស្រែ​ពលរដ្ឋ​ អស់​រយៈ​ពេល​ជាង​ ១៥​ឆ្នាំ ​មក​នេះ​។

លោក​បញ្ជាក់​ថា​ ដំណោះស្រាយ​ដែល​ពលរដ្ឋ​ចង់​បាន​នៅ​ពេល​នេះ គឺ​ស្នើ​សុំ​អាជ្ញាធរ​កាត់​ឆ្វៀល​ដីធ្លី​ពី​ក្រុមហ៊ុន​ប្រគល់​ឲ្យ​ពលរដ្ឋ​វិញ ​ក្នុង​មួយ​គ្រួសារ​ ទទួល​បាន​ដី​២​ហិកតារ រួម​នឹង​ប្រាក់​សំណង ​៥​ពាន់​ដុល្លារ​៖ «​ប្រជា​ពលរដ្ឋ​ទាំង​៣​ស្រុក​ហ្នឹង ទី​១​ គាត់​ចង់​បាន​គាត់​មក​វិញ​ ព្រោះ​កន្លង​មក​យក​គាត់​អស់ អត់​បាន​បង្កបង្កើន​ផល ហើយ​ជំពាក់​បំណុល​ធនាគារ​។ ហើយ​កូន​អត់​បាន​សិក្សា​ខ្ពង់ខ្ពស់។ ណាមួយ​រក​លុយ​មក​សង​ធនាគារ។ អ៊ីចឹង​ ! គាត់​ចង់​ទាមទារ​យក​ដី​មក​វិញ ហើយ​នឹង​សំណង​ខូច​ខាត​​​ដែល​​បំផ្លាញ​ដំណាំ​របស់​គាត់ តែ​ប៉ុណ្ណឹង​នៅ​លើ​ដី​ហ្នឹង»

ក្រុម​តំណាង​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ដាក់​ញត្តិ​ស្នើ​សុំ​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​នេះ​ នៅ​សាលា​ស្រុក​បុទុមសាគរ កាល​ពី​ថ្ងៃ​ទី​១១ ខែតុលា និង​សុំ​ជួប​​អភិបាល​ស្រុក​ថ្មី ពិភាក្សា​​រឿង​នេះ ប៉ុន្តែ​ពួក​គាត់​បែរ​ជួប​ត្រឹម​មន្ត្រី​រដ្ឋបាល​សាលា​ស្រុក ដែល​ចេញ​ទទួល​ញត្តិ និង​បោះត្រា​ចូល​លើ​ញត្តិ​ទៅ​វិញ​។

​ពលរដ្ឋបញ្ជាក់​ថា ប្រសិន​បើ​ខាង​អាជ្ញាធរ​មិន​ឆ្លើយតប​នឹង​សំណើ​រឿង​នេះ ក្នុង​រយៈពេល​ ១​សប្ដាហ៍​នេះ​ទេ នោះ​ពួកគាត់​នឹង​ប្រមូល​ផ្ដុំ​គ្នា​ទៅ​តវ៉ា​នៅ​ពី​សាលាស្រុក​ និង​​បន្ត​ទៅ​សាលា​ខេត្ត​នៅ​ដើម​សប្ដាហ៍​ក្រោយ​។

ឆ្លើយ​តប​រឿង​នេះ អភិបាល​ស្រុក​បុទុមសាគរ​ ដែល​ទើប​ចូល​កាន់​តំណែង​ថ្មីលោក ហាក់ ឡេង មាន​ប្រសាសន៍​ថា វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​ស្ករ​អំពៅ​ ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ជាង ​៨​រយ​​គ្រួសារ​នេះ គឺ​ជា​រឿង​ចាស់ ដោយ​ខាង​ថ្នាក់​ខេត្ត​កោះកុង និង​ក្រសួង​ដែនដី​បាន​ដោះស្រាយ​បញ្ចប់​រឿង​នេះ​រួច​ហើយ។

លោក​បញ្ជាក់​ថា លោក​ពុំ​មាន​សិទ្ធិ​សម្រេច​រឿង​នេះ​ លើស​ពី​ការ​សម្រេច​របស់​ថ្នាក់​ខេត្ត​និង​ថ្នាក់​ក្រសួង​​នោះ​ទេ៖ «រឿង​ហ្នឹង​ ! ឃើញ​គាត់​ចុះ​ទៅ​តវ៉ា​នៅ​ក្រសួង​ ក្រសួង​​បាន​បំភ្លឺ​អស់​ហើយ។ ចង់​និយាយ​ថា​ ក្រសួង​បំភ្លឺ ខ្ញុំ​ថ្នាក់​ក្រោមធ្វើ​ម៉េច​អាច​ទៅ​រំលង​ថ្នាក់​ជាតិ​បាន​។ ការ​បំភ្លឺ​គាត់​មាន​អស់​ហើយ​តើ»

ចំណែក​អភិបាល​ខេត្ត​កោះកុង​ អ្នកស្រី មិថុនា ភូថង ធ្លាប់​បាន​វិទ្យុ​អាស៊ី​សេរី ​កាល​ពី​កន្លង​ទៅ​ថា រដ្ឋបាល​សាលា​ខេត្ត​កោះកុង បាន​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ ដោយ​គោរព​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ក្រសួង​ដែនដី​​៖ «ចំពោះ​ករណី​នេះ រដ្ឋបាល​ខេត្ត​ក៏​បាន​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់​ជាតិ​ហើយ។ ហើយ​ក៏​មាន​ការ​សម្រេច​ហើយ​អស់​ដែរ។ សូម​បងប្អូន​គោរព​ទៅ​តាម​ការ​សម្រេច​របស់​រដ្ឋាភិបាល ព្រោះ​យើង​បាន​ស្រាវជ្រាវ​ទៅ​លើ​ករណី​ជាក់ស្ដែង​អស់​ហើយ​ដែរ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ​ពីរដ្ឋលេខាធិការ​ក្រសួង​ដែនដីលោក ទេព ធន ដើម្បីសុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​​នេះ​បាន​​ទេ​ នៅថ្ងៃទី១២ ខែតុលា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

​ជុំវិញរឿង​នេះ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុងលោក ហ៊ួរ អ៊ីន ឲ្យ​ដឹង​ថា​ ការ​តវ៉ា​របស់​ក្រុម​ពលរដ្ឋ​ជាង​៨​រយ​គ្រួសារ​នេះ កើត​ឡើង​នៅ​ឆ្នាំ​២០១៨ គឺ​ក្រោយ​ពួកគាត់​ឃើញ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​ស្រុក​អំបិល ដែល​ចេញ​តវ៉ា​តាំង​ពី​​ឆ្នាំ២០០៦​ ដល់​ឆ្នាំ​២០១៧ មក ​ទទួល​បាន​ដំណោះស្រាយ​ពី​អាជ្ញាធរ រួម​មាន​ដី​ស្រែ​ចាប់​ពី​២​ហិកតារ​ទៅ​ដល់​ ៣​ហិកតារ និង​ថវិកា​ ៣​ពាន់​ដុល្លារ​ ក្នុង​មួយ​គ្រួសារ​។

លោក​បន្ត​ថា នេះ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត ​ដែល​មិន​ទាន់​ទទួល​បាន​សំណង​ពី​ក្រុមហ៊ុន​ នៅ​តែ​បន្ត​ការ​ទាមទារ​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត​និង​ក្រសួង​ដែនដី។

មន្ត្រី​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ​យល់​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត​និង​ក្រសួង​ដែនដី គួរ​ពិនិត្យ​មើល​សំណើ​របស់​ប្រជា​ពលរដ្ឋ​ឡើង​វិញ ហើយ​បន្ត​ដោះស្រាយ​រឿង​នេះ​ ដោយ​​មិន​លម្អៀង​ និង​ផ្ដល់​សំណង​សមរម្យ​​ជូន​ពួក​គាត់ ដើម្បី​បញ្ចប់​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​៖ «តាម​ការ​តាមដាន​របស់​ខ្ញុំ​កន្លង​មក​ហ្នឹង ក្រុមគ្រួសារ​​ជាង​​ ៨​រយ​គ្រួសារ​ បាន​ជួប​ក្រសួង​ដែនដី និង​អាជ្ញាធរ​ខេត្ត​ជា​ច្រើន​លើក​ច្រើន​សារ​ ហើយ​ក៏​មាន​ការ​សន្យា​ផ្សេង​ៗ​ ជាមួយ​ប្រជា​ពលរដ្ឋ​។ អ៊ីចឹង ! អាជ្ញាធរ​គួរ​តែ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​ច្បាស់លាស់​ទៅ​ថា​ ប្រជាពលរដ្ឋ​ហ្នឹង​ ពិត​ជា​ជនរងគ្រោះ​ ដែល​បាន​បាត់​បង់​ដី​ស្រែ ​និង​ដី​ចម្ការ​មែន​ឬ​ក៏​អត់ ?​ បើ​សិន​ជា​គាត់​បាត់បង់​មែន ​គួរ​តែ​មាន​ដំណោះស្រាយ​ណាមួយ​ជូន​ពួកគាត់ ដូច​បង​ប្អូន​នៅ​ស្រែ​អំបិល​ផង​ដែរ»

ពលរដ្ឋ​ឲ្យ​ដឹង​ថា ពួកគាត់​បាន​កាន់​កាប់​និង​ចូល​អាស្រ័យ​ផល​លើ​ដី​ធ្លី​នោះ តាំង​ពី​ឆ្នាំ​១៩៧៩ ហើយ​អ្នក​ខ្លះ​ទៀត​បាន​កាន់​កាប់​ដី​នៅ​ឆ្នាំ​២០០០ មាន​ធ្វើ​ស្រែ​ចម្ការ និង​​ដាំ​ដំណាំ​ផ្សេង​ៗ ដើម្បី​ចិញ្ចឹម​ជីវិត ដោយ​មិន​មាន​អាជ្ញាធរ​ណា​ទៅ​ហាម​ឃាត់​ឡើយ។

ពលរដ្ឋ​បញ្ជាក់​ថា លុះ​ដល់​ខែ​កក្កដា ឆ្នាំ​២០០៦​ ស្រាប់​តែ​មាន​ក្រុមហ៊ុន កោះកុង ស៊ូហ្គើ (Koh Kong Sugar) និង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន (Koh Kong Plantation)​ របស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​នៃ​បក្ស​កាន់​អំណាច បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​រំលោភយក​ដី​ធ្លី​ពួកគាត់​សរុប​​ ១.៧២៧​ហិកតារ ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ ស្រុក​ស្រែ​អំបិល និង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង​ ហើយ​បង្ខំ​ឱ្យ​ពលរដ្ឋ​ទទួល​យក​សំណង​បន្តិច​បន្តួច​។

ក្រុម​ប្រជា​ពលរដ្ឋ​ ប្រកាន់​ជំហរ​ថា បើ​អាជ្ញាធរ​ពុំ​មាន​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​ទេ ពួកគាត់​នឹង​នាំ​គ្នា​ទៅ​រស់​នៅ​លើ​ដី​ដែល​ក្រុមហ៊ុន​កាន់​កាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។